យុវជនខ្មែរកម្ពុជាក្រោមអះអាងថា អាជ្ញាធរវៀតណាមបន្ត ធ្វើទុក្ខបុកម្នេញលោក តាមរយៈការបន្តទាមទារប្រាក់ពិន័យជាច្រើនរយដុល្លារ ដោយសារតែការប្រើប្រាស់បណ្ដាញសង្គម ដើម្បីបញ្ចេញមតិ និងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម។ ការអះអាងនេះ ធ្វើឡើងស្របពេលដែលអង្គការសិទ្ធិមនុស្សអន្តរជាតិ ក៏រកឃើញថា រដ្ឋាភិបាលវៀតណាម កំពុងបន្តចាប់ខ្លួនអ្នកទោសមនសិការហើយស្ទើរពាក់កណ្តាលនៃអ្នកទោសមនសិការនេះ ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន ដោយសារតែពួកគេប្រើប្រាស់បណ្ដាញសង្គមដើម្បីសំដែងមតិ។
យុវជនខ្មែរកម្ពុជាក្រោម លោក តោ ហ្វាងចឿង ប្រាប់អាស៊ីសេរីកាលពីថ្ងៃអង្គារ ទី១៩ មករាថា អាជ្ញាធរវៀតណាម បានបន្តបង្ខំឱ្យលោកសងប្រាក់ពិន័យ បីរយដុល្លារ បើទោះបីជាលោកបានអង្វរសុំពន្យារពេលបង់ប្រាក់ពិន័យ ដោយសារតែលោកកំពុងជួបប្រទះបញ្ហាជីវភាព បណ្ដាលមកពីការរាតត្បាតជំងឺ កូវីដ Covid-19ក៏ដោយ។
កាលពីខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរវៀតណាមបានផាកយុវជននេះ ដោយចោទប្រកាន់ករណីប្រើប្រាស់បណ្ដាញសង្គម ចែកចាយព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ស្ដីពីការបាត់បង់ទឹកដីខ្មែរក្រោម ក្នុងខួបបាត់បង់ទឹកដីលើកទី ៧១ឆ្នាំ។ ក្រោយការចែកចាយព័ត៌មាននេះភ្លាម អាជ្ញាធរបានផ្ញើលិខិតកោះហៅ យុវជន តោ ហ្វាងចឿង ទៅជួបដោយបញ្ចុះបញ្ចូលលោក ឱ្យធ្វើជាភ្នាក់ងារសម្ងាត់វៀតណាមដើម្បីតាមដានខ្មែរក្រោមណា ដែលហ៊ានរិះគន់អាជ្ញាធរវៀតណាម ប៉ុន្តែលោកបានបដិសេធទើបអាជ្ញាធរវៀតណាមសម្រេចផាកពិន័យ។
យុវជន តោ ហ្វាងចឿង ថា ទោះបីលោកបានសុំពន្យារពេលសងប្រាក់ពិន័យ ប៉ុន្តែលោកនៅតែរក្សាជំហរថា លោកមិនបានប្រព្រឹត្តល្មើសច្បាប់វៀតណាមឡើយ ពីព្រោះលោកគ្រាន់តែសំដែងមតិតែប៉ុណ្ណោះ៖ «ករណីដែលរដ្ឋាភិបាលយួនដែលបានរំលឹកខ្ញុំពីរបីលើកឱ្យទៅបង់លុយហ្នឹងដល់ពេលនេះ ខ្ញុំសូមផ្តាំទៅរដ្ឋាភិបាលវៀតណាមថា ខ្ញុំមិនព្រមឱ្យផាកទេ ពីព្រោះករណីខ្ញុំហ្នឹងមានអ្វីខុសទាំងអស់»។
យុវជន តោ ហ្វាងចឿង មិនមែនត្រូវអាជ្ញាធរពិន័យមួយករណីនោះទេ។ កាលពីដើមខែកញ្ញានេះ វៀតណាមក៏បានពិន័យលោក ប្រាំរយដុល្លារ ដោយចោទប្រកាន់លោកថា លោកបើកលក់ហ្គាស សម្រាប់ចម្អិនអាហារដោយគ្មានការអនុញ្ញាត។ លោក តោ ហ្វាងចឿង អះអាងថា ការផាកពិន័យនេះ ជាលេសសងសឹកនឹងលោករបស់អាជ្ញាធរវៀតណាម ពីព្រោះលោកមានច្បាប់អនុញ្ញាតឱ្យលក់ដូរត្រឹមត្រូវ។
អាជ្ញាធរវៀតណាមមិនត្រឹមផាកតែ យុវជន តោ ហ្វាងចឿងម្នាក់ប៉ុណ្ណោះទេ។ វៀតណាម ក៏បានផាកយុវជនខ្មែរក្រោមម្នាក់ទៀត ឈ្មោះ ថាច់ កឿង ចំនួន បីរយដុល្លារ ដោយសារតែលោកប្រើប្រាស់បណ្ដាញសង្គម ដើម្បីសំដែងមតិ ប៉ុន្តែអាជ្ញាធរវៀតណាមចាត់ទុកទង្វើទាំងនោះជាការ ល្មើសច្បាប់សន្តិសុខអ៊ីនធឺណិតវៀតណាមទៅវិញ។ ទោះបីជាយ៉ាងណា អាជ្ញាធរវៀតណាមមិនតាមផាក លោក ថាច់ កឿង ជាបន្តបន្ទប់ទៀតឡើយ។ យុវជន តោ ហ្វាងចឿងថា មូលហេតុដែលអាជ្ញាធរវៀតណាមបន្តតាមផាកលោកនោះ ដោយសារតែលោក មិនព្រមផ្អាកបញ្ចេញមតិរឿងទឹកដីខ្មែរក្រោម និងសិទ្ធិជនជាតិដើម៖ «ឯការបញ្ចេញមតិតាមបណ្ដាញសង្គម ហ្វេសប៉ុក (Facebook) ហ្នឹង ប្អូននៅតែបញ្ចេញមតិ។ នៅតែបង្ហោះជាធម្មតាប្អូនមិនខ្លាចទេ»។
របាយការណ៍អង្គការលើកលែងទោសអន្តរជាតិ (Amnesty Internatinonal) ផ្សាយកាលពីខែធ្នូកន្លងទៅឱ្យដឹងថា អាជ្ញាធរវៀតណាមកំពុងចាប់ផ្តើមបង្ក្រាប លើការប្រើប្រាស់បណ្ដាញសង្គម ដូចជា ហ្វេសប៊ុក (Facebook) និង យូធូប (Youtube)។ បច្ចុប្បន្នអ្នកទោសមនសិការវៀតណាមចំនួន ១៧០នាក់ កំពុងជាប់ពន្ធនាគារនៅវៀតណាម។ នេះជាចំនួនច្រើនបំផុត ដែលកត់ត្រាដោយអង្គការសិទ្ធិមនុស្ស ហើយភាគច្រើននៃអ្នកជាប់ពន្ធនាគារដោយសារតែ សកម្មភាពអហិង្សាតាមបណ្ដាញសង្គម។
ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញ យុវជនខ្មែរក្រោមនេះ ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាថា វៀតណាមនៅតែបន្តចិញ្ចឹមចិត្តធ្វើបាបពលរដ្ឋខ្មែរក្រោម ដោយមិនឱ្យប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយពីការពិតនៃប្រវត្តិសាស្ត្រខ្មែរក្រោម៖ «អាជ្ញាធរវៀតណាមហ្នឹងគឺចេញលិខិត កោះហៅយុវជន និងពលរដ្ឋខ្មែរក្រោម ផាកពិន័យជាថវិកាក្តី ហើយចោទប្រកាន់យុវជនខ្មែរក្រោមថា ប្រើបណ្ដាញសង្គមហ្វេសប៊ុកផ្សព្វផ្សាយ រឿងរ៉ាវទឹកដីកម្ពុជាជារឿងខុសច្បាប់ឬក៏ចាប់ពលរដ្ឋខ្មែរក្រោម មានបញ្ហាដីធ្លីកន្លងមក វាជាយុទ្ធសាស្ត្រអាជ្ញាធរវៀតណាមដើម្បីបង្ក្រាប បំបិទសិទ្ធិសេរីភាព និងបំបាក់ស្មារតីចំពោះពលរដ្ឋខ្មែរក្រោម និងយុវជន»។
ក្រៅពីបញ្ហាសំដែងមតិនៅតាមបណ្តាញសង្គមខ្មែរក្រោម ក៏ជួបបញ្ហាផ្សេងទៀតដែរ។ របាយការណ៍ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍រកឃើញថា វប្បធម៌ខុសគ្នារវាងខ្មែរក្រោម និងវៀតណាម បង្កឱ្យមានសម្ពាធទៅលើខ្មែរក្រោម ដើម្បីរក្សាអត្តសញ្ញាណជាខ្មែរ ហើយពេលខ្លះខ្មែរក្រោមត្រូវបានគេបង្ខំឱ្យសម្របសម្រួលទៅតាមវប្បធម៌វៀតណាម។ វៀតណាមក៏បានប្រើប្រាស់អំពើហិង្សាបង្ក្រាបទៅលើពលរដ្ឋខ្មែរក្រោម ដែលហ៊ានតវ៉ាបញ្ហាការរំលោភបំពានដីធ្លី និងទាមទារសិទ្ធិសេរីភាព។ របាយការណ៍ដដែលបន្តថា វៀតណាមក៏ជ្រៀតជ្រែកចូលកិច្ចការ សាសនារបស់ពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោម ហើយព្រះសង្ឃខ្មែរក្រោម ក៏រងការចោទប្រកាន់ផ្សេងៗ និងប្រឈម ការឃុំឃាំងក្នុងវត្តជាដើម។ កាលពីពេលថ្មីៗនេះ តុលាការវៀតណាម កាត់ទោស កសិករខ្មែរក្រោម ៤នាក់ ឱ្យជាប់ពន្ធនាគារ ពី ៦ខែ ទៅ ២ឆ្នាំកន្លះថែមទៀត។ វៀតណាមចោទកសិករខ្មែរក្រោមទាំងនោះថា ប្រឆាំងអាជ្ញាធរសាធារណៈ ពេលសមត្ថកិច្ចវៀតណាមចុះទៅរំលោភយកដីពួកគេ។ បច្ចុប្បន្នពលរដ្ឋខ្មែរក្រោមទាំងនោះ កំពុងស្វែងរកមេធាវី ដើម្បីប្ដឹងឧទ្ធរណ៍។
ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ស្នើឱ្យរដ្ឋាភិបាលវៀតណាមទម្លាក់ការចោទប្រកាន់ទាំងឡាយ ប្រឆាំងនឹងពលរដ្ឋខ្មែរក្រោមហើយត្រូវងាកទៅរកគោរពការប្តេជ្ញាចិត្តរបស់ខ្លួននៅចំពោះមុខសហគមន៍អន្តរជាតិ ក្នុងការគោរពសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម ដោយសារតែវៀតណាមបានចុះហត្ថលេខាលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។