យុវជនខ្មែរកម្ពុជាក្រោមបានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា នៅលើទឹកកំណើតទោះបីអាជ្ញាធរវៀតណាមនៅខេត្តព្រះត្រពាំង គំរាមកំហែង និងរឹបអូសសម្ភារៈដែលយុវជនត្រៀមប្រើប្រាស់ក្នុងទិវានោះក៏ដោយ។ យុវជនខ្មែរក្រោម ធ្វើទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនានេះ ដើម្បីចង់បង្ហាញសហគមន៍អន្តរជាតិថា នាទីខ្មែរក្រោមចង់បានសិទ្ធិស្មើភាពនឹងស្ត្រីវៀតណាម និងសិទ្ធិជាជនជាតិដើមកំណើត។
នេះជាលើកទី១ ហើយ ដែលយុវជនខ្មែរកម្ពុជាក្រោម ជម្នះឧបសគ្គ ការសំឡុតបំភ័យ និងការគំរាមកំហែងពីសំណាក់អាជ្ញាធរវៀតណាម ដើម្បីអាចប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា។ នាទីខ្មែរក្រោមនៅខេត្តចំនួន៣ រួមមាន ទីក្រុងព្រៃនគរ ខេត្តវាលប្រើស និងខេត្តឃ្លាំង បានប្រមូលផ្តុំគ្នានាំគ្នាពាក់អាវ ដាក់អក្សរថា ខ្មែរក្រោមអបអរទិវានារីអន្តរជាតិ។ យុវនារីខ្មែរក្រោមខ្លះក៏បាន ច្រៀងចម្រៀងក្នុងន័យអបអរទិវានាទីអន្តរជាតិនេះដែរ។
យុវជនខ្មែរកម្ពុជាក្រោម តោ ហ្វាងចឿង ជាអ្នកផ្ដួចផ្ដើមគំនិតប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ប្រាប់អាស៊ីសេរីថា លោកផ្ដើមគំនិតធ្វើទិវានេះ ព្រោះលោកចង់ឲ្យស្ត្រីខ្មែរកម្ពុជាក្រោមទទួលបានសិទ្ធិស្ត្រីពេញលេញស្មើភាពនឹងស្ត្រីវៀតណាម ការអប់រំត្រឹមត្រូវ និងសិទ្ធិជាជនជាតិដើមកំណើត៖ «យើងឃើញថា រដ្ឋាភិបាលវៀតណាមរាល់ឆ្នាំគេមិនឲ្យនាទីខ្មែរក្រោមប្រារព្ធទិវាសិទ្ធិនាទីទេ។ ឆ្នាំណាក៏ដូចឆ្នាំណាដែរ ដូច្នោះទើបឆ្នាំនេះប្អូនផ្ដួចផ្ដើមបោះពុម្ពអាវយឺត ដើម្បីឲ្យនាទីខ្មែរក្រោមដឹងថា ថ្ងៃទី៨ មីនា ជាថ្ងៃសិទ្ធិនាទីអន្តរជាតិ»។
ការប្តេជ្ញារបស់យុវជនខ្មែរក្រោម ធ្វើទិវាសិទ្ធិនារីអន្តរជាតិ៨ មីនានេះ ដោយសារតែអាជ្ញាធរវៀតណាមនៅខេត្តព្រះត្រពាំងបានរឹបអូសអាវដែលយុវជនខ្មែរក្រោមត្រៀម ដើម្បីពាក់ក្នុងទិវានោះ។ អាជ្ញាធរវៀតណាម កាលពីថ្ងៃទី៤ មីនា បានរឹបអូសអាវយឺតជាង ១០ ពីរោងពុម្ពខ្មែរក្រោមនៅខេត្តព្រះត្រពាំង។ ម្ចាស់រោងពុម្ពលោក ថាច់ សាង ប្រាប់អាស៊ីសេរីថា ប៉ូលិសវៀតណាម បានរឹបអូសយកអាវយឹត ដែលលោកបានបោះពុម្ពឲ្យអតិថិជន ដែលមានតម្លៃប្រមាណ មួយរយដុល្លារ ដោយមិនបញ្ជក់ពីមូលហេតុត្រឹមត្រូវ។ លោកថា ទង្វើរបស់អាជ្ញាធរវៀតណាម ជារឿងអយុត្តិធម៌៖ «សង្ឃឹមថា បងខាងអង្គការ ឬមួយក៏ខាងក្រសួងណាមួយ ដើម្បីជួយរកយុត្តិធម៌ត្រង់ចំណុចនេះ ព្រោះថា ខ្ញុំជាអ្នករកស៊ី។ ហេតុអ្វីបានជានគរបាលជាន់ឈ្លីខ្ញុំ»។
លោក ថាច់ សាង បន្តទៀតថា ក្រោយប៉ូលិសវៀតណាមរឹបអូស អាវយឺតហើយ ពួកគេក៏បានយកលិខិតកោះហៅលោកទៅជួបអាជ្ញាធរនៅសាលាស្រុកបន្ថែមទៀតដោយគ្មានបញ្ចប់ពីមូលហេតុច្បាស់លាស់។ លោកចាត់ទុកថា ការកោះហៅនេះ ជាការគំរាមកំហែងទៅលើពលរដ្ឋខ្មែរក្រោម ដែលប្រកបរបរស្របច្បាប់៖ «ការរឹបអូសហ្នឹងក៏ជះឥទ្ធិពលដល់ការប្រកបរបរខ្ញុំ ចិញ្ចឹមជីវភាពខ្ញុំរាល់ថ្ងៃដែរ។ ទីមួយ មួយចំនួនគេយល់ មួយចំនួនខ្លះទៀតគេមិនយល់។ គេថា ជាប់ពាក់ព័ន្ធនឹងនយោបាយ។"
ពាក់ព័ន្ធនឹងការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨នាទីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យដឹងថា ស្ត្រីខ្មែរក្រោមរាប់លាននាក់ ដែលកំពុងរស់នៅលើទឹកដីកំណើត មិនបានប្រារព្ធទិវានេះ ដូចស្ត្រីនៅជុំវិញពិភពលោកទេ។ ជាងនេះទៅទៀតពួកគេ កំពុងរស់នៅដោយគ្មានសិទ្ធិសេរីភាព គ្មានយុត្តិធម៌ និងរងការរើសអើងពូជសាសន៍។
ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាថា អាជ្ញាធរបានរឹតត្បិតសិទ្ធិសេរីរបស់ស្ត្រីខ្មែរក្រោម មិនឲ្យមានសេរីភាពបញ្ចេញមតិផ្នែកនយោបាយ វប្បធម៌ និងប្រវត្តិសាស្ត្រ៖ «ស្ត្រីខ្មែរក្រោមយើងប្រើប្រាស់បណ្ដាញសង្គមយើងនិយាយស្ដីទៅតាម សិទ្ធិសេរីភាពរបស់យើងហ្នឹង គឺរដ្ឋាភិបាលវៀតណាមហ្នឹង គេហាមឃាត់ហើយ។ ឬក៏យើងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ វប្បធម៌ នឹងទំនៀមទម្លាប់ហ្នឹងគេហាមឃាត់ហើយ»។
ភិក្ខុ ស៊ឺង យ៉ឹងរតនា ស្នើសុំអាជ្ញាធរវៀតណាមថា ត្រូវបើកឲ្យស្ត្រីខ្មែរក្រោមទទួលបានសិទ្ធិសេរីភាពពេញលេញជាជនជាតិដើមកំណើត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។