ក្រុមយុវជនខ្មែរថាវរៈអះអាងថា អាជ្ញាធរកំពុងប្រឌិតរឿងលើសមាជិកពួកគេចំនួន ២នាក់ គឺលោក ហ៊ុន វណ្ណៈ និងលោក ស្វាយ សំណាង ទាក់ទងនឹងករណីរំលោភ។
សមាជិកយុវជនខ្មែរថាវរៈ លោក ស្វាយ សំណាង ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរជាច្រើននាក់បានចុះទៅទីតាំងបន្ទប់ជួលរបស់លោកនៅក្នុងខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី១២ វិច្ឆិកា ដើម្បីតាមរករូបលោក។ លោកឱ្យដឹងថា អាជ្ញាធរបានប្រាប់ទៅអ្នកជួលបន្ទប់ក្បែរលោកថា លោក និងលោក ហ៊ុន វណ្ណៈ មានជាប់ពាក់ព័ន្ធនឹងបទល្មើសរំលោភ។
យុវជន ស្វាយ សំណាង បញ្ជាក់ថា លោកកំពុងស្នាក់នៅកន្លែងមានសុវត្ថិភាព ដោយមិនហ៊ានត្រឡប់ទៅបន្ទប់ជួលនោះវិញទេ។ លោកចាត់ទុកទង្វើរបស់ក្រុមអាជ្ញាធរនេះ ថា ជាការគំរាមកំហែង និងជាការប្រឌិតរឿងដ៏ស្មោកគ្រោក។
លោក ស្វាយ សំណាង៖ «ចំពោះរឿងនេះ ខ្ញុំសូមបដិសេធទាំងស្រុង ពីព្រោះខ្ញុំមិនដែលមានប្រវត្តិទំនាក់ទំនងជាមួយមនុស្សស្រីរហូតដល់ជ្រុលជ្រួស ឬរំលោភអ្វីនោះទេ គ្មានប្រវត្តិសោះ។ រឿងនេះ ខ្ញុំគិតថា ជារឿងចោទប្រកាន់ដែលគ្មានភស្តុតាងច្បាស់លាស់ របៀបថា មកគំរាមកំហែងយើងចំពោះកិច្ចការងារសង្គម»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ដើម្បីសាកសួររឿងនេះបានទេ កាលពីយប់ថ្ងៃទី១២ វិច្ឆិកា។
ក្រុមយុវជនខ្មែរថាវរៈឱ្យដឹងថា ពួកគេនឹងរាយការណ៍អំពីករណីគំរាមកំហែងនេះទៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅថ្ងៃទី ១៣ វិច្ឆិកានេះ។
ក្រុមយុវជនខ្មែរថាវរៈបានធ្វើយុទ្ធនាការបង្អត់អាហារចាប់តាំងពីថ្ងៃទី៧ វិច្ឆិកា ដើម្បីទាមទារឱ្យអាជ្ញាធរដោះលែងមេធាវីអន្តរជាតិ និងជាសកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី ដែលកំពុងជាប់ឃុំក្នុងសំណុំរឿងនយោបាយ។ យុវជនខ្មែរថាវរៈឱ្យដឹងថា យុទ្ធនាការបង្អត់អាហារនៅថ្ងៃទី១៣ វិច្ឆិកា ដែលជាថ្ងៃចុងក្រោយ ពួកគេនឹងធ្វើនៅផ្ទះវិញ ដោយមិនប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។