តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមនៅអឺរ៉ុប និងអង្គការសិទ្ធិមនុស្សនៅកម្ពុជាបានចូលរួមធ្វើសេចក្ដីថ្លែងការណ៍ដាក់ដោយឡែកពីគ្នា ដើម្បីឲ្យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម លើកស្ទួយសិទ្ធិស្ត្រី សិទ្ធិមនុស្ស និងសិទ្ធិសាសនាខ្មែរកម្ពុជាក្រោម ដែលជាជនជាតិដើម។ តំណាងអង្គការខ្មែរក្រោមលើកឡើងថា ខ្មែរក្រោមរកឃើញថា វៀតណាមបន្តរំលោភសិទ្ធិជនជាតិដើម ដែលជាម្ចាស់ស្រុក។
តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមនៅអឺរ៉ុប បានប្រាប់គណៈកម្មាធិការ ស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងស្ត្រីភេទ នៃអង្គការសហប្រជាជាតិកាលពីសប្ដាហ៍មុនថា ស្ត្រីខ្មែរកម្ពុជាក្រោមរស់នៅតំបន់ដីសណ្ដទន្លេមេគង្គកំពុងទទួលរងការរើសអើងស្ត្រីភេទ ឋានៈជាជនជាតិដើម និងបញ្ហាសេដ្ឋកិច្ច។
អ្នកស្រី គឹម ពុទ្ធធានី យុវតីសកម្មម្នាក់របស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងជាទូតសុច្ឆន្ទៈយុវជនរបស់ អង្គការការពារសិទ្ធិមនុស្សពិភពលោក (Global Human Rights Defense) កាលពីថ្ងៃទី១៩ កុម្ភៈបានលើកឡើងនូវឧទាហរណ៍ជាក់ស្ដែង ប្រាប់តំណាងអង្គការសហប្រជាជាតិជុំវិញករណីពលរដ្ឋខ្មែរក្រោម ដែលហ៊ានងើបឡើងទាមទារសិទ្ធិ ប៉ុន្តែត្រូវបានតុលាការវៀតណាមផ្ដន្ទាទោសទាំងអយុត្តិធម៌។ តុលាការវៀតណាមខេត្តឃ្លាំង បានកាត់ទោស លោកស្រី ឌិញ ធីវិន ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំដោយសារតែលោកស្រីបានប្រើប្រាស់សិទ្ធិទាមទារដីធ្លី ចំណែកឯលោក យ័ញ មិញក្វាង ឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ដោយសារតែលោកទាមទារសិទ្ធិជនជាតិដើម និងដាក់ទង់ជាតិខ្មែរកម្ពុជាក្រោមនៅក្នុងផ្ទះ។ អ្នកស្រី គឹម ពុទ្ធធានី ចង់ឃើញឲ្យមានសមភាពយេនឌ័រ ការអប់រំ និងសិទ្ធិសាសនារវាងស្ត្រីខ្មែរក្រោមនិងវៀតណាមស្មើភាពគ្នា ហើយប្រព័ន្ធយុត្តិធម៌វៀតណាមត្រូវផ្ដល់យុត្តិធម៌ដល់ពលរដ្ឋខ្មែរក្រោម។
អ្នកស្រី គឹម ពុទ្ធធានី៖ «ខ្ញុំនិយាយឲ្យជួយមើលរឿងនៅស្រុកយួនផង ពីព្រោះអីនៅស្រុកយួននិយាយអ្វីត្រូវតែជឿព្រោះអីរដ្ឋយួនថា គេថែយើងល្អ និងថានារីយើងមានសិទ្ធិ ច្រើន ប៉ុន្តែតាមពិតអត់មានសិទ្ធិសោះហ្មង»។
គណៈកម្មាធិការស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងស្ត្រីភេទ នៃអង្គការសហប្រជាជាតិ ជាស្ថាប័នដែលមានអ្នកជំនាញឯករាជ្យត្រួតពិនិត្យការអនុវត្តសន្ធិសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងស្ត្រី។ សន្ធិសញ្ញានេះ ជាឧបករណ៍ជួយស្ត្រីជុំវិញពិភពលោកឲ្យមានការផ្លាស់ប្ដូរការរស់នៅជាប្រចាំថ្ងៃជាវិជ្ជមាន។ អ្នកស្រី គឹម ពុទ្ធធានី លើកឡើងថា វៀតណាមដែលបានអនុម័តទទួលអនុវត្តសន្ធិសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងស្ត្រីភេទមិនទាន់បានអនុវត្តសន្ធិសញ្ញានេះឲ្យមានប្រសិទ្ធភាពនៅឡើយទេ ដែលក្នុងរួមមានការប្រឆាំងនឹងអំពើហិង្សា ភាពក្រីក្រ និងសិទ្ធិទទួលបានកម្មសិទ្ធិជាដើម។ ស្រដៀងគ្នានេះ តំណាងអង្គការសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមចំនួន៧អង្គការ ក៏បានចូលរួមកិច្ចប្រជុំប្រាប់អ្នកជំនាញអង្គការសហប្រជាជាតិក្នុងកិច្ចប្រជុំ បឋម មុនកិច្ចប្រជុំត្រួតពិនិត្យជាសកលតាមកាលកំណត់ ឬ យូ.ភី.អ (UPR = Universal Periodic Review) កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦កុម្ភៈ នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland)។
នៅក្នុងកិច្ចប្រជុំ លោកបណ្ឌិត សឺន ជុំជួន ជាអគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានឡើងធ្វើបទបង្ហាញ និងដាក់របាយការណ៍ ស្ដីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជាក្រោម ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីត្រួតពិនិត្យជាសកលតាមកាលកំណត់(UPR) ជុំទី៤ សម្រាប់ប្រទេសវៀតណាម ដែលនឹងត្រូវឡើងឆ្លើយនៅចំពោះមុខអង្គការសហប្រជាជាតិ នៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។ របាយការណ៍សង្ខេបកម្រាស់ ៣ទំព័រ ដែលលោកបណ្ឌិត សឺន ជុំជួន ដាក់ឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងប្រតិភូសហគមន៍អឺរ៉ុប ត្រួតពិនិត្យតាមកាលកំណត់ជាសកល បានលើកឡើងពីចំណុចសំខាន់ៗ ទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សខ្មែរក្រោម រួមមាន សិទ្ធិសេរីភាពផ្នែកសាសនា ជំនឿ និងវប្បធម៌ សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ជាដើម។
លោកបណ្ឌិត សឺន ជុំជួន៖ «យើងមានសង្ឃឹមអ្វីដែលយើងបានលើកឡើងមិនមែនមានតែយើងទេនៅមានសង្គមស៊ីវិលផ្សេងទៀត ដែលធ្វើការងារ តស៊ូមតិហ្នឹងក៏ជំរុញឲ្យវៀតណាមគោរពសិទ្ធិមនុស្ស។ យើងសង្ឃឹមថា អនុសាសន៍ហ្នឹងនឹងមានការផ្លាស់ប្ដូរ»។
លោកបណ្ឌិត សឺន ជុំជួន មានសង្ឃឹមថា អនុសាសន៍របស់តំណាងអង្គការសហប្រជាជាតិនិងសហគមន៍អឺរ៉ុប នឹងជំរុញឲ្យវៀតណាមគោរពសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម។ បច្ចុប្បន្នវៀតណាម ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(UN Human Rights Council) ចាប់តាំងពីឆ្នាំ២០២២ សម្រាប់រយៈពេល៣ឆ្នាំ។ ចាប់តាំងពីប្រទេសកុម្មុយនិស្តមួយនេះ បានក្លាយជាសមាជិក(UN Human Rights Council)មក ប្រទេសនេះ បានបន្តរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរជាងមុន។ របាយការណ៍សិទ្ធិមនុស្សអន្តរជាតិរបស់អង្គការ (Human Rights Watch) រកឃើញថា វៀតណាមបន្តរំលោភសិទ្ធិស៊ីវិលនិងនយោបាយរបស់ពលរដ្ឋ។ រដ្ឋាភិបាលផ្ដាច់ការ ឯកបក្សនេះ បានរឹតត្បិតសេរីភាពបញ្ចេញមតិ ការប្រមូលផ្ដុំដោយសន្តិវិធី សមាគម និងសាសនា យ៉ាងធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។