ព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលត្រូវជនជាតិវៀតណាមព្រួតគ្នាវាយប្រហារ ឲ្យរង របួសធ្ងន់កាលពី ពេលថ្មីៗនេះ កំពុងរៀបចំឯកសារសុំកិច្ចអន្តរាគមន៍ពីអង្គការ សិទ្ធិមនុស្ស ដើម្បីប្តឹងជនសង្ស័យតាមរយៈស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា។
ព្រះអង្គ សឺន ទី គ្រោងជួបនឹងមន្ត្រីអង្គការសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម ដើម្បីពិភាក្សាដាក់ពាក្យបណ្តឹងទៅស្ថានទូតវៀតណាម ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យដែលព្រួតគ្នាវាយប្រហារព្រះអង្គ។ជនសង្ស័យជាជនជាតិវៀតណាមប្រមាណ ១០នាក់ បានវាយព្រះអង្គ សឺន ទី ឲ្យមានរបួសធ្ងន់ រហូតដល់ផុងលលាដ៍ព្រះកេស និងមានស្នាមជាំជុំវិញខ្លួន និងដៃ កាលពីថ្ងៃទី១២ កក្កដា។ អំពើហិង្សាកើតឡើង ពេលព្រះអង្គនិមន្តទៅលេងឪពុកម្ដាយ និងបងប្អូន នៅខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោម។ ព្រះអង្គ សឺន ទី សង្ស័យថា អាជ្ញាធរវៀតណាម ជាអ្នករៀបចំគំរោងបង្ករបួសស្នាម លើព្រះអង្គដើម្បីសងសឹកនឹងព្រះអង្គ ដែលហ៊ានផ្សព្វផ្សាយព័ត៌មានរិះគន់វៀតណាមតាមបណ្ដាញសង្គម។ ព្រះអង្គ សឺន ទី មានថេរដីកាប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៤ កក្កដាថា ព្រះអង្គមិនបានដាក់ពាក្យបណ្តឹងនៅខេត្តឃ្លាំង ក្រោយការវាយប្រហារ ដោយសារតែព្រះអង្គ ព្រួយបារម្ភពីសុវត្ថិភាព ដូច្នោះព្រះអង្គ រង់ចាំពេលនិមន្តដល់កម្ពុជាវិញ៖ «កំពុងទាក់ទងសមាគមខ្មែរក្រោមនៅស្រុកខ្មែរហ្នឹង។ កំពុងស្វែងរកថា ធ្វើម្តេចឲ្យអាជ្ញាធរវៀតណាមស្វែងរកខុសត្រូវ ពីព្រោះកន្លែងកើតហេតុនៅប្រទេសវៀតណាម។ នៅពេលនោះ ( ពេលកើតហេតុ ) អាត្មាមិនហ៊ានដាក់ពាក្យប្តឹងដើម្បីសុវត្ថិភាពអាត្មា»។
អាជ្ញាធរវៀតណាមនៅខេត្ត ឃ្លាំងមិនទាន់បង្ហាញលទ្ធផលនៃការស៊ើបអង្កេត ការវាយប្រហារលើព្រះសង្ឃខ្មែរកម្ពុជាក្រោមនៅឡើយទេ រហូតមកដល់ថ្ងៃទី២៥ កក្កដា ប៉ុន្តែអះអាងថា ករណីហិង្សានេះ អាចជារឿងគំនុំផ្ទាល់ខ្លួន។ ព្រះអង្គ សឺន ទី បដិសេធការលើកឡើងរបស់អាជ្ញាធរវៀតណាមថា មិនមែនជាការពិត។
នេះមិនមែនជាលើកទីមួយ ដែលអាជ្ញាធរវៀតណាមធ្វើទុក្ខបុកម្នេញ ព្រះអង្គ សឺន ទី ទេ។ កាលពីដើមឆ្នាំ២០២០ អាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង ក៏បានដកហូតលិខិតឆ្លងដែនខ្មែរ របស់ព្រះអង្គ ក្រោយពេលព្រះអង្គ បានទៅលេងស្រុកកំណើតបានមួយសប្ដាហ៍។ អាជ្ញាធរវៀតណាម បានចោទព្រះអង្គថា បានចែករំលែកសារតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ស្ដីពីបញ្ហារំលោភ សិទ្ធិពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីកំណើតរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។ វៀតណាមបានចាត់ទុកការផ្សព្វផ្សាយនេះជាទង្វើខុសច្បាប់ និងព្រមានឲ្យព្រះអង្គបង់ប្រាក់ពិន័យជាង១ពាន់ ប្រាំរយដុល្លារ។ ទោះបីយ៉ាងណា វៀតណាមសុខចិត្តប្រគល់លិខិតឆ្លងដែនឲ្យព្រះអង្គសឺន ទី វិញក្រោយមានកិច្ចអន្តរាគមន៍ពីក្រសួងការបរទេសកម្ពុជា។ ពាក់ព័ន្ធនឹងគំរោងប្តឹងជនសង្ស័យទៅអាជ្ញាធរវៀតណាមនេះ អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន កំពុងរង់ចាំពិនិត្យឯកសារពីព្រះអង្គ សឺន ទី ដើម្បីសិក្សាផ្លូវច្បាប់សម្រាប់ការរៀបចំបណ្តឹង។
លោក សឺន ជុំជួន ក៏ថ្កោលទោសជនសង្ស័យជាជនជាតិវៀតណាម ដែលប្រើប្រាស់អំពើហិង្សា លើព្រះសង្ឃខ្មែរក្រោម៖ «ទោះបីយ៉ាងណាក៏ដោយ វាប្រព្រឹត្តឡើងដោយអំពើហិង្សាហើយ។ បើយើងនិយាយរឿងសិទ្ធិមនុស្ស ជាការបំពានលើវិស័យសិទ្ធិមនុស្សហើយ។ ក្នុងនាមជាសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍យើងសូមថ្កោលទោសចំពោះអាជ្ញាធរវៀតណាម ដែលបានប្រព្រឹត្តរួមសហការគ្នា ប្រព្រឹត្តទៅលើព្រះអង្គបែបហិង្សានេះ គឺវាទង្វើមួយវាផ្ទុយទៅហ្នឹងគោលការណ៍ច្បាប់ និងគោលការណ៍សិទ្ធិមនុស្ស ហ្នឹងយើងសូមថ្កោលទោសចំពោះរឿងនេះ»។
ស្របពេលដែលព្រះអង្គ សឺន ទី កំពុងរៀបចំពាក្យបណ្តឹងប្តឹងជនសង្ស័យ វៀតណាមនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានធ្វើសេចក្តីរាយការណ៍ផ្ញើទៅអង្គការសិទ្ធិមនុស្ស និងក្រសួងការបរទេសអាមេរិក បង្ហាញអំពីទង្វើរបស់វៀតណាម ដែលប្រើប្រាស់ហិង្សាលើព្រះសង្ឃខ្មែរក្រោម។ ប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាប្រាប់វិទ្យុអាស៊ីសេរីថា សហព័ន្ធកំពុងស្វែងរកកិច្ចអន្តរាគមន៍ពីសហរដ្ឋអាមេរិក និងប្រទេសម្ចាស់ជំនួយរបស់វៀតណាម ដើម្បីជំរុញឲ្យវៀតណាម ឈប់ធ្វើទុក្ខបុកម្នេញលើខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត ឬក៏ធ្វើដំណើរទៅលេងស្រុក៖ «វាជាគំនុំសងសឹក ធ្វើទុក្ខបុកម្នេញចំពោះពលរដ្ឋខ្មែរក្រោម ហើយករណីដែលស្ទាក់វាយព្រះអង្គ សឺន ទី ជាអំពើអយុត្តិធម៌ និងប្រើអំពើហិង្សាទោះបីអាជ្ញាធរវៀតណាមមិនបានធ្វើផ្ទាល់ដៃក្តី ប៉ុន្តែបានប្រើប្រាស់ក្រុមបក្សពួករបស់ខ្លួនដើម្បីធ្វើបាបព្រះសង្ឃនេះជាអំពើព្រៃផ្សៃ ដូច្នោះអាជ្ញាធរវៀតណាម
ហ្នឹងត្រូវតែមានការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន និងរកយុត្តិធម៌ជូនចំពោះ ព្រះសង្ឃ សឺន ទី»។
ពាក់ព័ន្ធនឹងគំរោងដាក់បណ្តឹងនៅស្ថានទូតវៀតណាមប្រចាំកម្ពុជានេះដែរ ព្រះអង្គ សឺន ទី មានថេរដីកាថា ព្រះសង្ឃក៏គ្រោងនិមន្តទៅទឹកដីកម្ពុជាក្រោម ដើម្បីដាក់ពាក្យបណ្តឹងដោយផ្ទាល់ដែរ។ ព្រះអង្គបន្តថា ប្រសិនបើព្រះអង្គមិននិមន្តទៅទឹកដីកំណើតដើម្បីដាក់ពាក្យបណ្តឹងទេនោះ ពលរដ្ឋនិងព្រះសង្ឃខ្មែរក្រោម នឹងខ្លាចការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាម ហើយមិនហ៊ានទៅលេងស្រុកកំណើតជាបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។