សមាគមខ្មែរក្រោមត្រៀមផ្តល់មេធាវីដើម្បីជួយការពារក្ដីដល់អតីតព្រះចៅអធិការវត្ត វង្សគតបុរីសេរីភ្នំពេញ ខេត្តកំពង់ចាម ព្រះតេជគុណ ប៉ាង សុដា ក្នុងករណីមានការចោទប្រកាន់តាមផ្លូវតុលាការ។ ការឃុំខ្លួន អតីតព្រះចៅអធិការវត្ត វង្សគតបុរីសេរីភ្នំពេញបានបង្កើតនូវមន្ទិលសង្ស័យជាច្រើនពីចេតនារបស់អាជ្ញាធរដោយសារតែអាជ្ញាធរនៅមិនទាន់បង្ហាញជាសាធារណៈពីបទចោទប្រកាន់ប្រឆាំងលោក ប៉ាង សុដា នៅឡើយទេ។
សមាគមខ្មែរក្រោមនៅតែបន្តតាមដានករណីអាជ្ញាធរចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោមនិងទាមទារឲ្យលាតត្រដាងករណីនេះឲ្យសាធារណជនបានដឹងលឺ។ ការទាមទារនេះដោយសារតែអាជ្ញាធរនៅមិនទាន់បង្ហាញព័ត៌មាននិងទីកន្លែងឃុំខ្លួនលោក ប៉ាង សុដា ក្រោយលោកបានបាត់ដំណឹងខ្លួនជិតមួយសប្ដាហ៍រួចមកហើយ។
នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោមលោក ថាច់ សេដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី៨ ខែកញ្ញា ថា ក្រុមការងារសមាគមខ្មែរក្រោមបានតាមដាននិងស្វែងរកដំណឹងព្រះសង្ឃខ្មែរក្រោមដែលត្រូវបានអាជ្ញាធរចាប់ផ្សឹកនោះ ប៉ុន្តែមិនទទួ លបានដំណឹងអ្វីទាំងអស់គិតមកដល់ពេលនេះ។ លោក ថាច់ សេដ្ឋា បន្តថា ការសារភាពរបស់លោក ប៉ាង សុដា តាមបណ្តាញប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន បានបង្កើតនូវចម្ងល់និងអាចជាបង្ខិតបង្ខំឲ្យសារភាព៖ «បើគេបញ្ជូនទៅតុលាការយើងមានមេធាវីមានអីដែរហ្នឹង តើត្រឹមត្រូវតាមច្បាប់តាមធម៌វិន័យអីដែរ ដូច្នេះទង្វើទាំងអស់ហ្នឹងយើងធ្វើតាមច្បាប់តាមធម៌វិន័យគ្មានអីត្រូវលាក់បាំងមានអីត្រូវភ័យខ្លាចទេ ត្រូវតែលាតត្រដាងទាំងអស់គ្នា»។
អតីតសង្ឃខ្មែរក្រោម ប៉ាង សុដា ត្រូវបានមន្ត្រីសង្ឃខេត្តកំពង់ចាម ២ អង្គចាប់ផ្សឹកបន្ទាប់មកសមត្ថកិច្ចក្រសួងមហាផ្ទៃបានបញ្ជូនព្រះកាយមកភ្នំពេញ កាលពីថ្ងៃទី២ ខែកញ្ញា យ៉ាងតក់ក្រហល់។ អាជ្ញាធរអះអាងថា ការផ្សឹកនោះអនុវត្តតាមដីការបស់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ដែលចេញដីកាចាប់ខ្លួនដើម្បីយកទៅសាកសួរជុំវិញបទចោទប្រកាន់ល្មើសវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ អង្គការសង្គមស៊ីវិល មួយចំនួនបានរិះគន់ការចាប់ព្រះកាយព្រះសង្ឃខ្មែរក្រោម ក្រោយមកទើបប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន កាលពីថ្ងៃទី៧ ខែកញ្ញា បានបង្ហាញវីដេអូសារភាពរបស់លោក ប៉ាង សុដា ថាលោកបានប្រព្រឹត្តអសីលធម៌ប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ ទោះបីយ៉ាងណា មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា លោក ប៉ាង សុដា បានសារភាពទាំងបង្ខំ ហើយលោកមិនបានប្រព្រឹត្តកំហុសនោះទេ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញរឿងនេះបាននៅឡើយទេ។ ចំណែកអ្នកនំាពាក្យប៉ូលិសក្រុងភ្នំពេញលោក សាន សុខសីហា និយាយថា លោកមិនដឹងករណីនេះទេ លោកជំរុញឲ្យសាកសួរសមត្ថកិច្ចខេត្តកំពង់ចាមវិញ។ វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីស្នងការនគរបាលខេត្តកំពង់ចាមលោក ឯម កុសល បាននៅឡើយដែរ។
ពាក់ព័ន្ធនឹងរឿងនេះ ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកព្រះអង្គ ឃឹម សន មានថេរដីកាថា មុនដំបូងលោក ប៉ាង សុដា បានប្រកាន់ជំហរមិនសឹកទេ ប៉ុន្តែក្រោយមកទូរស័ព្ទប្រាប់ព្រះតេជគុណថា ខ្លួនមិនបួសទៀតទេ ព្រោះបានប្រព្រឹត្តកំហុសធ្វើឲ្យប៉ះពាល់សាសនា៖ «ទូរស័ព្ទមកថា ខ្ញុំករុណាសូមអភ័យទោសដែលគ្រោងស្បង់ចីពរ ឥឡូវខ្ញុំករុណាសម្រេចលាចាកសិក្ខាបទ»។
ទោះបីយ៉ាងណា ព្រះអង្គ ឃឹម សន ធ្លាប់ប្រាប់ថា លោក ប៉ាង សុដា បានបួសឡើងវិញហើយ ក្រោយសមត្ថកិច្ចរកមិនឃើញកំហុស ប៉ុន្តែក្រោយមកទៀតបែរជាប្តូរព័ត៌មានថា លោក ប៉ាង សុដា បានសម្រេចចិត្តសឹក និងបួសឡើងវិញដោយចិត្តឯង។
អតីតសង្ឃ លោក ប៉ាង សុដា ប្រសូតកាលពីឆ្នាំ១៩៦៨ នៅស្រុកតាវិច ខេត្តឃ្លាំង កម្ពុជាក្រោម។ កាលនៅជាសង្ឃព្រះអង្គបានទទួលតួនាទីជាព្រះចៅអធិការវត្ត វង្សគតបូរីសេរីភ្នំពេញថ្មី នៅស្រុកចំការលើ ខេត្តកំពង់ចាមតាំងពីឆ្នាំ១៩៩៥មកទល់សព្វថ្ងៃ។ ក្រៅជាចៅអធិការវត្ត ព្រះអង្គជាទីប្រឹក្សានិងធម្មទូតសម្តេចព្រះសង្ឃរាជ នន្ទ ង៉ែត ទៀតផង។ ក្រៅពីការងារសាសនាព្រះអង្គក៏សកម្មនឹងការងារសង្គមដោយឧបត្ថម្ភថវិកា ស្បៀងអាហារ និងសម្ភារៈដល់ពលរដ្ឋក្រីក្រជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។