សហគមន៍​​ខ្មែរ​​ក្រោម​​ទាមទារ​​ឲ្យសមត្ថកិច្ច​បង្ហាញ​​ទីតាំង​​និង​​ដោះលែង​​អន្ទិត​ ប៉ាង សុដា

0:00 / 0:00

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ បន្ត​ទាមទារ​ឲ្យ​សមត្ថកិច្ច​បង្ហាញ​​ទីតាំង​​និង​ដោះ​លែងអន្ទិត​ ប៉ាង​ សុដា​ ក្រោយ​ពេល​សមត្ថកិច្ច​ខេត្ត​កំពង់ចាម ​ចាប់​ឃុំ​ខ្លួន​និង​​ផ្សឹក​​តាំង​ពី​ថ្ងៃ​ទី​២ ​ខែកញ្ញា។ ​សំណើ​នេះ​ធ្វើ​ឡើង​ដោយ​សារតែ​អន្ទិត​ ប៉ាង​ សុដា បានចេញខ្លួន​មក​​អះអាង​​តាម​ប្រព័ន្ធ​ឃោសនា​របស់​លោក ​ហ៊ុន ​សែន​ថា ​លោកបាន​ប្រព្រឹត្តកំហុស ហើយ​សុខចិត្ត​សឹក។ ទោះបីជាយ៉ាងណា​ សហគមន៍​​ខ្មែរ​​កម្ពុជា​​ក្រោម​​ចាត់​​ទុក​ថា ​​ការសារភាពនេះ ​ជា​ការរៀបចំ​​ និង​ធ្វើឡើង​ដោយ​បង្ខំ​។

អង្គការ​សមាគម​ខ្មែរកម្ពុជាក្រោម​​នៅក្នុងនិងក្រៅប្រទេស​ សំដែង​មន្ទិល​សង្ស័យ​ចំពោះ​ការ​ចេញមុខ​មក​សារភាព​ពីកំហុស​និងសុខ​ចិត្ត​សឹក​របស់​អតីត​​​ព្រះ​​​​ចៅ​​​អធិការ​​​វត្ត វង្ស​​គត​​​បុរី​​​សេរី​​ភ្នំពេញ​​លោក​ ប៉ាង​ សុដា​ ក្រោយបាន​បាត់​ខ្លួន​និង​ដំណឹង​អស់​រយៈ​ពេល​ ៥ ថ្ងៃ​​កន្លង​មក។​ នាយក​​ប្រតិបត្តិ​​សហគមន៍​​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់​ សេដ្ឋា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរីថា​ ការ​សារភាព​របស់លោក​ ប៉ាង​ សុដា តាម​បណ្តាញ​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន​ បានបង្កើតនូវ​ចម្ងល់ជាច្រើន ជុំវិញ​ការ​ឃាត់​ខ្លួនរបស់​លោក ប៉ាង​ សុដា ដោយសារ​តែ​កន្លង​មក​សមត្ថកិច្ច​ធ្លាប់អះអាង​ថា​ អន្ទិត ប៉ាង​ សុដា បាន​ល្មើស​បំរាម​វិធានការ​ទប់​ស្កាត់​ជំងឺ Covid-19 ប៉ុន្តែលោក ប៉ាង​ សុដា បានសារភាព​ថា លោកមាន​កំហុសរឿង​មាន​ទំនាក់​ទំនងនឹង​មនុស្ស​ស្រី​ម្នាក់​ទៅ​វិញ៖ « យើង​មិន​ដឹង​ថា​ តើ​វា​មាន​អាថ៌​កំបាំង​នៅ​ពី​ក្រោយ​ខ្នងកា​រចាប់បង្ខំក៏អ្វី​​ មួយ ​យើងមិន​ទាន់​ដឹងដែរ ​។ ​ បើ​ថា​រឿង​ពីល្មើស​ពី​វិន័យ ពេលគេចាប់​ខ្លួន​គេ​ធ្វើភ្លាម​ហើយ គេ​មិន​ទុក​មក​ដល់​ថ្ងៃ​នេះ​ ទុក​ឲ្យ​ចេញ​សារភាព​តាម​វីដេអូ​ទេ ខ្ញុំនៅ​តែ​ឆ្ងល់​មាន​អ្វីនៅ​ពី​ក្រោយ​ខ្នង ឬ​ការ​បង្ខិត​បង្ខំអី?»។

លោក ថាច់ សេដ្ឋា បាន​ស្នើឲ្យ​អាជ្ញាធរត្រូវ​ដោះលែងលោក ប៉ាង​ សុដា ឲ្យមាន​សេរីភាព​ឡើង​វិញ ​ដើម្បី​អង្គការ​សមាគមខ្មែរ​ក្រោម​អាចស្វែង​រកការពិត​នៅ​ពី​ក្រោយ​ការ​ចាប់​ខ្លួន​នេះ​ ដោយ​សារ​តែ​មក​ទល់​ពេល​នេះអង្គការ​សមាគម​ខ្មែរ​ក្រោម​មិនទាន់ដឹង​ទីតាំងរបស់លោក ប៉ាង​ សុដា នៅ​ឡើយ​ទេ៖ « ខ្ញុំ​គិត​ថា មិន​គ្រប់គ្រាន់​ទេ ​គ្រាន់​តែការ​ថ្លែង​តាម វីដេអូ យើង​មិន​យកជា​ការបាន​ទេ ។ ​ បើ​យើង​និយា​យ​គ្រាន់​តែ​ភាគី​ម្ខាង​តែ​ប៉ុណ្ណោះ យើង​ចង់​ស្តាប់​ចង់​លឺ​ពីការ​បក​ស្រាយ​របស់​អាជ្ញាធរ »​។​​

លោក ប៉ាង សុដា ត្រូវ​បាន​មន្រ្តី​សង្ឃ​ខេត្ត​កំពង់​ចាម ​២ អង្គ​ចាប់​ផ្សឹក បន្ទាប់មក​សមត្ថ​កិច្ច​ក្រសួង​មហាផ្ទៃ​បាន​បញ្ជូន​ព្រះកាយ​មក​ភ្នំពេញ​ កាល​ពី​ថ្ងៃទី២ ខែកញ្ញា ដោយ​ធ្វើ​ឡើង​យ៉ាង​តក់​ក្រហល់។ អាជ្ញាធរ​អះ​អាង​ថា ​ការ​ផ្សឹក​នោះ​អនុវត្ត​តាម​ដីការ​បស់​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដែល​ចេញ​ដីកាចាប់​ខ្លួន​ដើម្បី​យក​ទៅ​សាក​សួរ​ជុំវិញ​បទ​ចោទ​ប្រកាន់​ល្មើស​វិធាន​ការ​ទប់​ស្កាត់ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​-១៩។ ទោះបីជាយ៉ាងណា ​កាលពីថ្ងៃទី៧​ ខែកញ្ញា មិ្សលមិញ​ប្រព័ន្ធឃោសនា​​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​ឈ្មោះ​(FreshNews) បានបង្ហាញ​វីដេអូ សារភាពរបស់លោក ប៉ាង សុដា​ ជាលើក​ដំបូងដោយក្រោយពេល​ចាប់​ខ្លួន។ ក្នុងវីដេអូនោះ លោក ប៉ាង សុដា ពាក់​ម៉ាស់ខ្មៅ​និង​ពាក់វ៉ែនតា​ខ្មៅហើយ​និយាយ​ថា លោកបាន ​ប្រព្រឹត្ត​អសីលធម៌​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា។

ការសារ​ភាពនេះហាក់មិន​ស្រប​ទៅ​នឹង​ការ​អះអាង​របស់​មន្រ្តីសង្ឃជាន់ខ្ពស់ កាលពី​ថ្ងៃទី៦ ខែកញ្ញា ដែល​ថា លោក ប៉ាង សុដា គ្មាន​កំហុសហើយ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យបួស​ជា​សង្ឃ​វិញ​ហើយ។​ ប្រធាន​លេខា​ធិការ​ដ្ឋាន​គណៈ​សង្ឃ​នាយកព្រះអង្គ ឃឹម សន មាន​ថេរ​ដីកាប្រាប់អាស៊ីសេរី កាលពីថ្ងៃចន្ទ ទី៦ ខែកញ្ញាថា លោក​ ប៉ាង សុដា បាន​ស្នើ​សុំ​បួស​វិញ​ហើយ​ព្រះអង្គ​ក៏​ព្រម​ឲ្យ​បួស​វិញ ឱ្យ​ស្រប​តាម​ធម្ម​វិន័យ​ព្រះ​ពុទ្ធ​សាសនា។ ប៉ុន្តែ ព្រះអង្គ ឃឹម សន កាលពីថ្ងៃអង្គារ ទី៧​ ខែកញ្ញា មិ្សលមិញបែរជា​ថា លោក ប៉ាង ​សុដា សឹក​ដោយ​ខ្លួន​ឯង​វិញ៖ « ចង់​និយាយ​ថា គាត់បួស​ដោយ​ខ្លួន​ឯង គាត់​ដោះស្បង់​ចីវ​ក៏​ដោយ​ខ្លួន។ ពី​ថ្ងៃហៅ​មក​អាត្មា​សួរ​ថា ហេតុអ្វី​មាន​បញ្ហា​អីថា​ មិន​ចង់​នៅ​ទ្រទ្រង់​ភេទ​ជា​អ្នក​បួស​ព្រោះ​មាន​បញ្ហា​ខ្លួន​ឯង​ខ្លះៗ»។

អាស៊ីសេរី​មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​លោក អ៊ី រិន ដើម្បី​សុំ​ការ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​នៅឡើយទេ។

ពាក់ព័ន្ធនឹងការសារភាពនេះ នាយក​អន្តរ​សាសនា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​និង​ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​ក្រោម​អាម៉េរិកាំង​ខាង​ជើង ព្រះភិក្ខុ ធីធី​ធម្មោ មាន​ថេរដីកា​ថាការសារភាព​របស់​លោក ប៉ាង សុដា ជាការ​រៀបចំ​ទុក​មុននិង​ដោយ​បង្ខំ។ ព្រះអង្គបន្តថា ប្រសិន​បើ​អាជ្ញាធរ​មាន​ភស្តុតាង​ត្រូវ​បាន​បង្ហាញ​ចេញ​ជា​សាធារណៈ​ដើម្បីបំបាត់​មន្ទិល​សង្ស័យ៖ «ទូរស័ព្ទមក​ហើយ​គាបសង្កត់​គាត់​សារភាព ហើយ​បង្ខំគាត់​ឲ្យ​និយាយ​តែ​ម្តង ។ទីពីរ​គាត់​ឋិត​នៅ​ការឃុំគ្រង​របស់​អាជ្ញាធរ អាជ្ញាធរ​បង្ខំ​ឲ្យ​គាត់​និយាយ​អ្វីដែលគាត់​មិន​ចង់​និយាយ»។​​

លោក​គ្រូ ប៉ាង សុដា ប្រសូត​កាល​ពី ឆ្នាំ១៩៦៨ នៅ​ស្រុក​តាវិច ខេត្តឃ្លាំង។ ព្រះ​អង្គ​បានទទួល​តួនាទី​ជា​ព្រះ​ចៅ​អធិការ​វត្ត វង្ស​គត​បូរីសេរី​ភ្នំពេញ​ថ្មី នៅ​ស្រុក​ចំការ​លើ​ខេត្ត​កំពង់​ចាម​តាំង​ពីឆ្នាំ១៩៩៥ ​មក​ទល់​សព្វថ្ងៃ។ ក្រៅ​ជា​ចៅ​អធិការ​វត្ត​ ព្រះ​អង្គជា​ទីប្រឹក្សា​និង​ធម្ម​ទូត​សម្តេច​ព្រះសង្ឃ​រាជ នន្ទ ង៉ែត ​ទៀត​ផង។

អតីត​​​ព្រះ​​​​ចៅ​​​អធិការ​​​វត្ត វង្ស​​គត​​​បុរី​​​សេរី​​ភ្នំពេញលោក ប៉ាង សុដា តែង​តែ​ជួយ​សកម្ម​ភាព​សង្គម ដូច​ជា ​ឧបត្ថម្ភ​ថវិកា ស្បៀង​អាហារ និង​សម្ភារៈ ដល់​ពលរដ្ឋ​ក្រីក្រ និង​រង​គ្រោះ​ដោយ​សារ​ជំងឺ​កូវីដ-១៩។ លើស​ពី​នេះ​ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​តាម​រយៈ​ធ្វើ​ការ​ងារ​ជា​មួយ​នឹង​អង្គ​ការសមាគម​ខ្មែរ​ក្រោមនិង​កម្ម​វិធី​មនុស្ស​ធម៌​នានា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។