សហព័ន្ធខ្មែរកម្ពុជាក្រោមអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យជួយឃ្លាំមើលសវនាការតុលាការវៀតណាម ដែលគ្រោងនឹងកាត់ទោសព្រះសង្ឃ ៥អង្គ និងសកម្មជនខ្មែរក្រោម ៤នាក់ នៅសប្ដាហ៍ក្រោយ ដើម្បីធានាថា តុលាការវៀតណាមផ្ដល់យុត្តិធម៌ដល់ខ្មែរក្រោម ដែលត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន ដោយសារតែការទាមទារសិទ្ធិស្វ័យសម្រេច។
តុលាការវៀតណាមខេត្តលង់ហោ ដែលវៀតណាមហៅថា ខេត្តវិញឡុង (Vinh Long) នឹងបើកសវនាការកាត់ទោសព្រះសង្ឃខ្មែរក្រោម ៥អង្គ និងសកម្មជនសិទ្ធិមនុស្ស ៤នាក់ នៅថ្ងៃទី២៦ និងទី២៧ ខែវិច្ឆិកា ក្រោយចាប់ខ្លួនដាក់ពន្ធនាគារអស់ជាច្រើនខែមកហើយ។ ព្រះសង្ឃ និងសកម្មជនខ្មែរក្រោមឋិតក្នុងចំណោមមនុស្ស ១៣នាក់ ដែលត្រូវអាជ្ញាធរវៀតណាមបានបង្ក្រាបជាប្រព័ន្ធ ស្របពេលព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមងើបឡើងទាមទារសិទ្ធិស្វ័យសម្រេច។
ក្នុងចំណោមព្រះសង្ឃទាំង ៥អង្គនោះ រួមមាន ព្រះចៅអធិការវត្តទ្រនំសេក ព្រះភិក្ខុ ថាច់ ចន្ទតារា និងព្រះភិក្ខុ យឿង ខាយ ដែលជាធ្លាប់ជាសកម្មជន បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសិទ្ធិជនជាតិដើមដល់ពលរដ្ឋខ្មែរក្រោមមុនបួស។ អាជ្ញាធរវៀតណាមខេត្តលង់ហោ កាលពីថ្ងៃទី២៦ និងថ្ងៃទី២៨ ខែមីនា បានចាប់ផ្សឹកព្រះសង្ឃទាំង ៥អង្គ និងចាប់មនុស្សបីនាក់ផ្សេងទៀត អំពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» និងអំពីបទ «ការចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនមនុស្សដោយខុសច្បាប់» នៃក្រមព្រហ្មទណ្ឌវៀតណាម។ ទោះជាយ៉ាងណាក្ដី អង្គការសិទ្ធិមនុស្សខ្មែរក្រោមចាត់ទុកការចោទប្រកាន់របស់តុលាការវៀតណាមថា ជាការធ្វើទុក្ខបុកម្នេញសាសនា និងសិទ្ធិមនុស្ស។
កាលពីខែឧសភាកន្លងទៅ តុលាការវៀតណាមបានកាត់ទោសសកម្មជនសិទ្ធមនុស្សខ្មែរកម្ពុជាក្រោមពីរនាក់ គឺលោក ថាច់ កឿង ឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ និងលោក តោ ហ្វាងចឿង ៣ឆ្នាំ ៦ខែរួចទៅហើយ។
ជុំវិញរឿងនេះ ប្រធានគណៈកម្មការព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា ស្នើដល់សហគមន៍អន្តរជាតិ ដែលមានស្ថានទូតនៅវៀតណាម ធ្វើអន្តរាគមន៍ទៅវៀតណាម ដើម្បីឲ្យវៀតណាមដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមទាំងអស់ ពីព្រោះសហព័ន្ធអះអាងថា ពួកគេមិនបានប្រព្រឹត្តកំហុសដូចការលើកឡើងរបស់វៀតណាមនោះទេ។
ស្របពេលតុលាការវៀតណាមគាត់កាត់ទោសព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនេះ អង្គការសិទ្ធិមនុស្សខ្មែរក្រោមក៏បានសំណូមពរឲ្យរដ្ឋាភិបាលកម្ពុជាអន្តរាគមន៍ទៅប្រធានសភាវៀតណាមលោក ជិន ថាញ់មិន (Tran Thanh Man) ដែលមកទស្សនកិច្ចនៅកម្ពុជា សប្ដាហ៍នេះកុំឲ្យរំលោភសិទ្ធិ និងសាសនាខ្មែរក្រោម និងកុំរើសអើងនឹងខ្មែរក្រោម។
ក្នុងជំនួបរវាងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងលោក ជិន ថាញ់មិន លោក ហ៊ុន សែន បានអរគុណវៀតណាម ដែលអនុញ្ញាតឲ្យភរិយាលោក គឺអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន បានដង្ហែកឋិនទៅវត្តស្វាយសៀមថ្មី នៅខេត្តព្រះត្រពាំង ទោះបីវៀតណាមរឹតត្បិតសេរីភាពពលរដ្ឋខ្មែរមិនឲ្យជួបនឹងពលរដ្ឋក្រោមដោយសេរីក្ដី។ លោក ហ៊ុន សែន ក៏ស្នើឱ្យអាជ្ញាធរវៀតណាមយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់ខ្មែរក្រោម។ ទោះជាយ៉ាងណាក្ដី លោក ហ៊ុន សែន មិនបានស្នើវៀតណាមឱ្យដោះលែងព្រះសង្ឃ ៥អង្គ និងសកម្មជនសិទ្ធិមនុស្ស ៨នាក់នោះទេ។
ព្រះភិក្ខុ សឺង យ៉ឹងរតនា រំពឹងថា រដ្ឋាភិបាលកម្ពុជា នឹងលើកយកបញ្ហារបស់ពលរដ្ឋខ្មែរក្រោមទៅជជែកជាមួយប្រធានសភាវៀតណាម។
បច្ចុប្បន្នសហព័ន្ធ និងមូលនិធិសិទ្ធិមនុស្ស (Human Rights Foundation) បានដាក់ញាតិទៅក្រុមការងារអង្គការសហប្រជាជាតិស្ដីពីការឃុំខ្លួនដោយបំពាន (The United Nations Working Group on Arbitrary Detention) ជំនួសឲ្យសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមពីរនាក់ ដែលតុលាការវៀតណាមបានកាត់ឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ ដោយសារតែពួកគេទាមទារសិទ្ធិជនជាតិដើម។ អង្គការទាំងពីរនេះមានភស្តុតាងបង្ហាញថា អាជ្ញាធរវៀតណាមបានបន្តឃុំខ្លួនជនជាតិដើមខ្មែរក្រោមតាមទំនើងចិត្ត និងស្នើឲ្យវៀតណាមដោះលែងសកម្មជនទាំងពីរជាបន្ទាន់។ វៀតណាមមិនទាន់បានឆ្លើយតបនឹងញាតិរបស់អង្គការទាំងពីរនេះនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។