សហគមន៍ដីធ្លីនៅខេត្តកោះកុង ៦៥០នាក់ បានលើកបដា ស្នើឱ្យអាជ្ញាធររដ្ឋាភិបាល ដោះស្រាយវិបត្តិដីធ្លី និងបញ្ឈប់ការរើសអើងស្ត្រីមានជម្លោះដីធ្លី។ សំណើនេះ ត្រូវបានពួកគេសរសេរលើបដា ដើរហែក្បូនតាមផ្លូវសាធារណៈ នៅព្រឹកថ្ងៃទី៥ មីនា ជាថ្ងៃដែលពួកគេប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៩ ធ្វើឡើងនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
ពលរដ្ឋមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុន លី យ៉ុងផាត់ និងឧកញ៉ា ហេងហ៊ុយ រាប់រយនាក់ នៅខេត្តកោះកុង បានដើរដង្ហែក្បូន និងកាន់បដា ស្នើឱ្យបញ្ឈប់ការរើសអើង គំរាមកំហែង និងឃ្លាំមើល ពួកគេពីសំណាក់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងក្រុមហ៊ុនឯកជន។ ស្ត្រីមួយចំនួនកាន់ឧបករណ៍បំពងសំឡេង ស្រែកទាមទារ ឱ្យបញ្ឈប់ការប្រើអំណាចតុលាការគំរាមកំហែង ពលរដ្ឋក្រីក្រ និងស្នើឱ្យរដ្ឋាភិបាលដោះស្រាយជម្លោះដីធ្លី និងពន្លឿនការផ្ដល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋចំនួន ៧៦៦គ្រួសារ។
ពលរដ្ឋមានជម្លោះដីធ្លី លោកស្រី អិប តឹង ថ្លែងថា ការរំលោភដីធ្លី ពីសំណាក់ក្រុមហ៊ុន និងអ្នកមានអំណាច គឺជាមូលហេតុនាំឱ្យមានការរំលោភសិទ្ធិនារី ប៉ះពាល់ជីវភាព អយុត្តិធម៌សង្គម ជាពិសេស មានស្ត្រីជាច្រើននាក់ រងទុក្ខខ្លោចផ្សា នៅគ្រាដែលពួកគេតវ៉ាទាមទារ រកយុត្តិធម៌នៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចគំរាមកំហែង និងប្រើអំពើហិង្សាទៅលើពួកគេជាស្ត្រីទន់ខ្សោយ។ លោកស្រីថា អាជ្ញាធរ និងសមត្ថកិច្ចមិនបានគោរពសិទ្ធិស្ត្រីពេញលេញ ស្របតាមរដ្ឋធម្មនុញ្ញនោះទេ ផ្ទុយទៅវិញ សមត្ថកិច្ច និងអាជ្ញាធរ តែងតែលាបពណ៌ពួកគេ និងគំរាមតាមប្រព័ន្ធតុលាការ ដែលជាឧបសគ្គរាំងស្ទះដល់ការអភិវឌ្ឍគ្រួសារ និងការផ្ដល់សេវាសាធារណៈ៖ «អត់មានគោរពសិទ្ធិដូចមានចែងក្នុងរដ្ឋធម្មនុញ្ញទេបង គឺរំលោភសិទ្ធិនារី។ ខ្ញុំឃើញជាក់ស្ដែងពេលដែលពួកខ្ញុំទៅតវ៉ា ប៉ុស្តិ៍សមត្ថកិច្ចខាងក្រសួងដែនដី គាត់បានមកសែងពួកខ្ញុំចេញពីមុខក្រសួង ហើយគាត់វៃសន្លប់ ២ ទៅ ៣ម៉ោង ដូចខ្ញុំផ្ទាល់ គឺបានគេទាត់ធាក់ ជាំដៃជាំជើង។ ទិវាសិទ្ធិនារីនេះ ដើម្បីចង់រំឭកថា ឱ្យពួកគាត់ចូលរួមគោរពទាំងអស់គ្នា មិនឱ្យគាត់រំលោភទេ » ។
ពលរដ្ឋម្នាក់ទៀត លោកស្រី ដេត ហួ ថ្លែងថា មូលហេតុដែលពួកគេប្រារព្ធទិវានេះ ដើម្បីទាញអារម្មណ៍អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ឱ្យផ្ដល់តម្លៃលើការសម្រេចចិត្តរបស់ស្ត្រី និងលុបបំបាត់ទម្រង់រើសអើងស្ត្រីមានជម្លោះដីធ្លីគ្រប់រូបភាព។ លោកស្រីថា អាជ្ញាធរ និងសមត្ថកិច្ច មិនផ្ដល់តម្លៃលើស្ត្រីមានជម្លោះដីធ្លីនោះទេ នៅពេលដែលពួកតវ៉ាទាមទាររកយុត្តិធម៌ម្ដងៗ ត្រូវបានសមត្ថកិច្ចគំរាមកំហែង និងប្រើអំពើហិង្សាជាដើម៖ «សូមកុំឱ្យមានការរើសអើងពីអាជ្ញាធរ ពេលពលរដ្ឋ និងស្ត្រីឡើងទៅតវ៉ាម្ដងៗ មានតែអាជ្ញាធរវាយដំ រុញច្រានពួកគាត់ឱ្យសន្លប់។ អ៊ីចឹងខ្ញុំគិតថា គោលបំណងពួកយើងនេះ ចង់ឱ្យរាជរដ្ឋាភិបាលដោះស្រាយឱ្យពួកយើងបានឆាប់ កុំឱ្យមានការរើសអើងទៅលើសិទ្ធិនារីអ៊ីចឹងបង » ។
អាស៊ីសេរីបានព្យាយាមទាក់ទង អភិបាលរងស្រុក ស្រែអំបិល ដែលចុះឃ្លាំមើលការប្រារព្ធទិវានេះ គឺអ្នកស្រី ទួត ទីម៉ា ដើម្បីសុំការអធិប្បាយបញ្ហានេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី៥ មីនា។ ចំណែកអ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងកិច្ចការនារី អ្នកស្រី ម៉ាន ចិន្ថា មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក នី សុខា ចាត់ទុកទិវានេះ ផ្សារភ្ជាប់ការទាមទារឱ្យ អាជ្ញាធរពន្លឿនការដោះស្រាយវិបត្តិដីធ្លី គឺជាការប្រើប្រាស់សិទ្ធិសេរីភាពជួបជុំ ការសម្ដែងមតិ និងការតវ៉ាដោយសន្តិភាពស្របតាមគោលការណ៍រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។ លោកថា ការទាមទារ និងក្តីកង្វល់ទាំងឡាយរបស់ពួកគេ អាជ្ញាធរពាក់ព័ន្ធគួរតែពិនិត្យ និងចាត់វិធានការដោះស្រាយជាបន្ទាន់៖ «អាជ្ញាធរគួរតែពិនិត្យលើការចាត់វិធានការឱ្យបានទាល់ពេលវេលា ចំពោះបញ្ហាដីធ្លីរបស់ពួកគាត់។ មានបញ្ហា ហើយត្រូវបានអូសបន្លាយក្នុងការដោះស្រាយកន្លងមក ហើយចៀសវាងក្នុងការ ចោទប្រកាន់ថា ក្រុមគាត់ត្រូវបានចោទប្រកាន់ ឬក៏លាបពណ៌ផ្សេងៗ ខ្ញុំគិតថា ការចោទប្រកាន់ និងការលាបពណ៌ផ្សេងៗ លើពួកគាត់ មិនមែនជាដំណោះស្រាយល្អទេ » ។
សហគមន៍ដីធ្លីនៅខេត្តកោះកុង បន្ថែមថា ការប្រារព្ធទិវានេះ គ្មានការរារាំង និងគំរាមកំហែងពីសំណាក់សមត្ថកិច្ច និងអាជ្ញាធរខេត្តកោះកុងនោះទេ។ ក៏ប៉ុន្តែមាននគរបាល មន្ត្រីអាវុធហត្ថ និងអាជ្ញាធរស្រុកសរុបជាង ១០នាក់ បានពង្រាយកម្លាំងឃ្លាំមើល និងការពារសុវត្ថិភាពរបស់ពួកគេទៀតផង។
សហគមន៍ដីធ្លីខេត្តកោះកុង អំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់ខេត្ត/ក្រុងបង្កើនការយកចិត្តទុកដាក់បញ្ហារបស់ស្ត្រី និង ការពារសុវត្ថិភាពសិទ្ធិស្ត្រីតាមរយៈយន្តការប្រព័ន្ធយុត្តិធម៌ និងភូមិ/ឃុំមានសុវត្ថិភាពជាដើម។ ពួកគេក៏ទទូចឱ្យរដ្ឋាភិបាល ជាពិសេសក្រសួងកិច្ចការនារី ដែលមានតួនាទីលើកស្ទួយសិទ្ធិស្ត្រីនោះ គប្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យបានប្រសើរឡើងផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។