អ្នកច្បាប់ និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ស្នើឲ្យតុលាការកែទម្រង់នីតិវិធី ក្នុងការពន្យារពេលដោះលែងអ្នកជាប់ឃុំ ព្រោះការអនុវត្តតាមទម្លាប់សព្វថ្ងៃនេះ គឺធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរបស់អ្នកជាប់ឃុំ។
ច្បាប់ជាតិ និងអន្តរជាតិ កំណត់អំពីសិទ្ធិសេរីភាពរបស់ជនគ្រប់រូប។ មាត្រា ៣២ នៃ រដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា ៩(១) នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ( ICCPR) ចែងថា ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងសន្តិសុខផ្ទាល់ខ្លួន។ គ្មានជនណាម្នាក់ត្រូវចាប់ខ្លួន ឬឃុំខ្លួនតាមទំនើងចិត្តនោះឡើយ។
ទោះជាមានការធានាដោយច្បាប់កំពូលយ៉ាងនេះក្តី ក៏អ្នកច្បាប់ និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ថា ការអនុវត្តជាក់ស្ដែង នៅមានឆកល្វែង និងបំពានគោលការណ៍ច្បាប់ទាំងនេះ ជារឿយៗ។ ជាពិសេស ការរំលោភសិទ្ធិរបស់អ្នកជាប់ឃុំ នៅពេលដែលជននោះ ត្រូវតុលាការប្រកាសសាលក្រមឲ្យរួចទោស ឬផុតកំណត់ទោស និងត្រូវដោះលែងពីពន្ធនាគារទៅហើយ ប៉ុន្តែមន្ត្រីពន្ធនាគារមិនព្រមដោះលែងពួកគាត់ភ្លាមៗ ដោយត្រូវរង់ចាំដីកាបន្ថែមមួយទៀតពីខាងព្រះរាជអាជ្ញា ទើបខាងពន្ធនាគារព្រមដោះលែងអ្នកជាប់ឃុំនោះ។
ប្រធានក្រុមអ្នកច្បាប់អមរិន្ទ លោកមេធាវី សុក សំអឿន រម្លឹកអំពីប្រព័ន្ធពន្ធនាគារមួយ ដែលអនុវត្តត្រឹមត្រូវតាមគោលការណ៍ច្បាប់ យុត្តិធម៌ និងសិទ្ធិមនុស្ស ប៉ុន្តែត្រូវបានគេបំភ្លេច។ នោះគឺប្រព័ន្ធពន្ធនាគារ នៅជំរំភៀសខ្លួន ជំរំសាយធូ ក្នុងទឹកដីប្រទេសថៃ នៅចន្លោះឆ្នាំ ១៩៩១ ដល់ឆ្នាំ១៩៩៣ ដែលរូបលោក ត្រូវបានអង្គការសហប្រជាជាតិ ចាត់តាំងជាប្រធានពន្ធនាគារនោះ។
លោកថា កាលណាតុលាការកាត់ទោសជនជាប់ចោទហើយ គេបញ្ជូនជននោះមកពន្ធនាគារ ដោយភ្ជាប់មកជាមួយនូវសាលក្រមរបស់តុលាការ។ ជាធម្មតានៅក្នុងសាលក្រមរបស់តុលាការ បានកំណត់ទោសថា តើជននោះនឹងត្រូវដាក់ឃុំរយៈពេលប៉ុន្មាន ជាប់ទោសពីថ្ងៃណា ហើយត្រូវដោះលែងវិញនៅថ្ងៃណា។ ដូចនេះ ពន្ធនាគារ មិនចាំបាច់ត្រូវរង់ចាំដីកាបង្គាប់ឲ្យដោះលែងអ្វីទៀតនោះទេ គឺកាលបើដល់កំណត់ថ្ងៃ ដែលត្រូវដោះលែង ដែលមានកំណត់នៅក្នុងសាលក្រមរបស់តុលាការហើយ គឺពន្ធនាគារ ត្រូវដោះលែងជនជាប់ឃុំនោះភ្លាម។
លោកបន្ថែមថា ប្រសិនបើដល់ពេលកំណត់ដោះលែងអ្នកជាប់ឃុំទៅហើយ ពន្ធនាគារមិនទាន់រៀបបែបបទដោះលែងនៅឡើយទេនោះ ក៏ពន្ធនាគារត្រូវដោះលែងជននោះសិនដែរ ដោយកំណត់ឲ្យទណ្ឌិតមកយកឯកសារដោះលែងវិញជាក្រោយបាន។
ប៉ុន្តែលោកថា ពន្ធនាគារកម្ពុជាសព្វថ្ងៃ គឺមិនដូច្នោះទេ គឺត្រូវរង់ចាំសាលដីកាបង្គាប់ឲ្យដោះលែងសិន ហើយទម្រាំរត់កិច្ចការរដ្ឋបាលហើយ អ្នកទោសត្រូវនៅជាប់ឃុំមួយរយៈទៀតសិន។ លោកបន្តថា គ្មានច្បាប់ណាយោង និងតម្រូវឲ្យមន្ត្រីពន្ធនាគារបន្តឃុំខ្លួនមនុស្សលើសពីអ្វីដែលមានចែងនៅក្នុងសាលក្រមនោះឡើយ ប៉ុន្តែការអនុវត្ត ទោះជាបំពានសិទ្ធិអ្នកជាប់ឃុំ ក៏ឃើញនៅតែកើតមាន៖ « ពីព្រោះពន្ធនាគារគាត់មិនមែនឃុំដោយសារសាលក្រមទេ គាត់ឃុំដោយសារដីកាឃុំខ្លួន វាត្រូវរង់ចាំដីកាដោះលែង។ នោះគឺមកពីប្រព័ន្ធរដ្ឋបាលយើងទេ។ ក្នុងនីតិវិធីច្បាប់យើង គាត់និយាយថាដោះលែងជាបន្ទាន់លុះត្រាតែ អយ្យការព្រមដោះលែងដែរ ដូច្នេះវាទៅជាអំណាចតុលាការ អត់មានអំណាចអ្វីទៅវិញ ចាំអំណាចធំទៅលើអយ្យការទៅវិញ។ ដូច្នេះវាផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ដែលថា អំណាចតុលាការជាអំណាចឯករាជ្យ ដែលយើងត្រូវគោរព »។
ដូចគ្នានេះដែរ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស និយាយថា ទម្លាប់អនុវត្តក្នុងការបន្តឃុំខ្លួនអ្នកជាប់ឃុំលើសកាលកំណត់បែបនេះ គឺជាការរំលោភសិទ្ធិអ្នកជាប់ឃុំយ៉ាងដំណំ។ អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការជាប់ពន្ធនាគារ ទៅតាមអំណាចសាលក្រមតុលាការ គឺជាការបាត់បង់សេរីភាពគ្រប់បែបយ៉ាងរបស់អ្នកជាប់ឃុំទៅហើយ មិនគួរណាឡើយ ពេលដែលពួកគាត់ត្រូវដល់ថ្ងៃចេញពីពន្ធនាគារ បែរជាត្រូវបន្តជាប់ឃុំតទៅទៀតនោះទេ៖ «យើងដឹងហើយថានៅពន្ធនាគារ វាមិនមែនជាកន្លែងមួយ ដែលពួកគេចង់នៅទេ។ អ៊ីចឹងនៅពេលដែលការបំពេញការអនុវត្តទោសរបស់ពួកគេរួច គប្បីស្ថាប័នពាក់ព័ន្ធហ្នឹងធ្វើយ៉ាងណាសម្របសម្រួលឲ្យពួកគេ បានមានសេរីភាពទៅតាមកាលកំណត់ ហើយមិនគួរណាមានការបន្តឃុំខ្លួនឲ្យខុសនីតិវិធីច្បាប់បែបហ្នឹងទេ »។
ទោះជាអ្នកច្បាប់ និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនិយាយថា ការឃុំខ្លួនលើសនីតិវិធីនេះ ជាការខុសនីតិវិធីច្បាប់ក៏ដោយ ក៏មន្ត្រីពន្ធនាគារ នៅតែការពារទម្លាប់នៃការអនុវត្តបែបនេះ។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា ថា ការបន្តឃុំខ្លួនជនជាប់ឃុំបន្ត វាប្រសើរជាងដោះលែងដោយថ្លោះធ្លោយ។ លោកអះអាងថា នេះជានីតិវិធីច្បាប់ ដែលមន្ត្រីពន្ធនាគារត្រូវតែអនុវត្តតាមជាដាច់ខាត ពោលគឺបើគ្រាន់តែមានសាលក្រមមួយមុខ ដែលថា ជនជាប់ឃុំណាម្នាក់ត្រូវបានដោះលែង គឺមិនគ្រប់គ្រាន់តែ ទាល់តែមានឯកសារចុងក្រោយមួយទៀត គឺដីកាបង្គាប់ឲ្យដោះលែងជនជាប់ឃុំ ទើបខាងពន្ធនាគារហ៊ានដោះលែងអ្នកជាប់ឃុំនោះ៖ ក្ដីកង្វល់ធំបំផុត គឺបាត់ឧក្រិដ្ឋជនពីការគ្រប់គ្រងពីក្នុងដៃ។ អ៊ីចឹងឯកសារជាផ្លូវការ គឺជាឯកសារដែលត្រូវតែពិនិត្យដិតដល់បំផុត ហើយបញ្ជាក់ថាមនុស្សហ្នឹងពិតជាត្រូវបានបង្គាប់ឲ្យដោះលែងមែន។ តួនាទីជាមន្ត្រីសន្តិសុខ បើយើងចេះតែនឹកឃើញធ្វើ អាហ្នឹងខ្ញុំគិតថា យើងប្រថុយខ្លួនឯងច្រើន។ ចុះបើមានការអ្វី ថ្លោះធ្លោយទណ្ឌិតម្នាក់ ឬឧក្រិដ្ឋជនម្នាក់រួចផុតពីដៃរបស់យើងទៅ អ្នកណាអ្នកទទួលខុសត្រូវ ?»។
មន្រ្តីពន្ធនាគារដដែល សំដៅការទទួលខុសត្រូវនេះ ទៅលើការដោះលែងជនជាប់ឃុំ ដោយគ្មានដីកាបង្គាប់ឲ្យដោះលែងពីព្រះរាជអាជ្ញា ដែលឯកសារនេះ ជួនកាលត្រូវការពេលច្រើនថ្ងៃ ទម្រាំរៀបចំរួច។ ប៉ុន្តែបើតាមលោកមេធាវី សុក សំអឿន មន្ត្រីពន្ធនាគារអាចដោះលែងជនជាប់ឃុំបានទៅតាមសាលក្រមតុលាការ មិនចាំបាច់រង់ចាំដីកាដោះលែងបន្ថែមទៀត ពីព្រះរាជអាជ្ញានោះទេ ព្រោះសាលក្រមនោះ មានវិសាលភាពអនុវត្តគ្រប់គ្រាន់ទៅហើយ។
លោក សុក សំអឿន ថា នេះជាបញ្ហា ដែលត្រូវការកែទម្រង់ ដោយមន្ត្រីពន្ធនាគារត្រូវអនុវត្តតាមសាលក្រមតុលាការវិញ កុំអនុវត្តតាមដីកាដោះលែងរបស់ព្រះរាជអាជ្ញា។ ដើម្បីកែទម្រង់ការអនុវត្តនេះ ឲ្យមានប្រសិទ្ធភាព លោកថា តុលាការគួរតែរកវិធីយ៉ាងណា បញ្ជូនសាលក្រមនោះទៅខាងពន្ធនាគារនោះ ជាការស្រេច ព្រោះសាលក្រមមានបញ្ជាក់ច្បាស់លាស់អំពីពេលវេលាដែលត្រូវឃុំខ្លួន និងត្រូវដោះលែងនៅពេលណាជាក់លាក់រួចហើយ៖ «ដូច្នេះ ពន្ធនាគារត្រូវអនុវត្តតាមសាលក្រម ផុតសាលក្រមគាត់ដោះលែង។ គាត់មានវិធីរបស់គាត់ ដោះលែងតាមសម្រួល ធ្វើម៉េចដល់ថ្ងៃដែលផុតកំណត់ ជននោះ«ត្រូវតែដោះលែង»។
ដូចគ្នានេះដែរ លោក ស៊ឹង សែនករុណា យល់ថា មកដល់សម័យនេះទៅហើយ មន្រ្តីពាក់ព័ន្ធទាំងអស់ មិនគួរណាបន្តធ្វើឲ្យប៉ះពាល់សិទ្ធិអ្នកជាប់ឃុំបន្តទៀតទេ។ លោកថា មានវិធីច្រើន ដែលអាចកែទម្រង់ការអនុវត្តខុសឆ្គងនេះបាន។ វិធីមួយ គឺការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងការចងក្រង ប្រមូល និងចែកចាយទិន្នន័យតុលាការ ទៅភាគីពាក់ព័ន្ធ ដោយមិនត្រូវរង់ចាំយូរ ដូចសម័យផ្ញើសារតាមសត្វព្រាបនោះទេ ឲ្យតែមន្រ្តីពាក់ព័ន្ធពិតជាយកចិត្តទុកដាក់ និងមានឆន្ទៈគោរពសិទ្ធិជនជាប់ឃុំពិតប្រាកដ៖ «មានបច្ចេកវិទ្យាសំបូរបែបណាស់ យើងអាចចងទិន្នន័យឲ្យបានច្បាស់លាស់។ នៅពេលដែលទិន្នន័យនោះ ប្រាំពីរថ្ងៃមុនពួកគាត់ចេញ យើងត្រូវឲ្យវាលោតយើងឃើញ យើងរៀបចំឯកសារឲ្យប្រទាក់ក្រឡាគ្នាទៅ ដើម្បីឲ្យពួកគេបានចេញឲ្យចំថ្ងៃដែលត្រូវបានដោះលែង។ បើធ្វើដូច្នេះបាន ខ្ញុំគិតថា គ្មានបញ្ហាទេ »។
អាស៊ីសេរីមិនអាចសុំការបំភ្លឺពីមន្ត្រីនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ជុំវិញសំណើរបស់អ្នកច្បាប់ និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ដែលចង់ឃើញឲ្យមានការកែទម្រង់នីតិវិធីដោះលែងអ្នកជាប់ឃុំឲ្យបានតាមកាលកំណត់នៃសាលក្រមនេះទេ រហូតមកដល់ពេលនេះ។
បន្ថែមលើសំណូមពរឲ្យកែទម្រង់នីតិវិធីដោះលែងអ្នកជាប់ឃុំភ្លាមៗ តាមកាលកំណត់របស់សាលក្រមនេះ អ្នកច្បាប់ និងមន្រ្តីឃ្លាំមើលសិទ្ធិមនុស្ស ក៏មើលឃើញអំពីភាពឆកល្វែង ក្នុងការអនុវត្តច្បាប់ស្តីពីសំណងជំងឺចិត្ត ដល់ជនជាប់ឃុំ ដែលត្រូវតុលាការឃុំខ្លួនលើសនីតិវិធីនោះដែរ។ ពួកគាត់ស្នើស្ថាប័នពាក់ព័ន្ធ គិតគូរកែទម្រង់ផ្នែកនេះ ឲ្យស្របតាមមាត្រា ៩(៥) នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាទទួលស្គាល់ជាច្បាប់ជាតិហើយនោះ ចែងថា ជនណាម្នាក់ ដែលរងគ្រោះដោយសារការចាប់ ឬឃុំខ្លួនមិនត្រឹមត្រូវតាមច្បាប់ ត្រូវមានសិទ្ធិទទួលបានសំណងជំងឺចិត្ត។
ពួកគាត់បញ្ជាក់ថា ការកែទម្រង់លើផ្នែកទាំងនេះ អាចជួយមួយផ្នែក ក្នុងការកាត់បន្ថយការរំលោភសិទ្ធិមនុស្ស និងស្ដារប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ និងនីតិរដ្ឋនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។