អង្គការសង្គមស៊ីវិល សមាគម សហជីព បានរួមគ្នាប្រារព្ធទិវាអន្តរជាតិ៨មីនា ខួបលើកទី១១១ ក្រោមប្រធានបទ «សកម្មភាពថ្ងៃនេះដើម្បីនិរន្តរភាពសមភាពយេនឌ័រ»។ ក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងពីបញ្ហារបស់ស្ត្រីដែលខ្វះចន្លោះនៃការអនុវត្តសិទ្ធិរបស់ស្ត្រី។ ចំណែកលោកនាយករដ្ឋមន្ត្រីក៏បានចេញសារលិខិតដោយអះអាងថា រដ្ឋាភិបាលមានផែនការជាក់លាក់ក្នុងការលើកកម្ពស់សិទ្ធិស្ត្រី និងជំរុញឲ្យមានការចូលរួមទាំងអស់ដើម្បីផ្ដល់ឱកាសដល់ស្ត្រី។
អង្គការសង្គមស៊ីវិល សមាគម សហជីព១៧ស្ថាប័នដែលរួមគ្នាប្រារព្ធទិវានារីអន្តរជាតិ៨មីនា មានគោលបំណងសំខាន់ពីរ គឺចូលរួមអបរអរសាទរទិវាផង និងផ្ញើសារទៅសាធារណមតិជាតិ អន្តរជាតិ ហើយទាមទារទៅរដ្ឋាភិបាលដោះស្រាយទុក្ខកង្វល់ ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម និងភាពអយុត្តិធម៌សម្រាប់ស្ត្រី រួមទាំងប្រជាពលរដ្ឋទាំងអស់គ្នា។ ពិធីនេះមានអ្នកចូលរួមជាង៤០០នាក់ធ្វើក្នុងទីតាំងរោងចក្រមួយកន្លែងនៅរាជធានីភ្នំពេញ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ( IDEA) លោក វន់ ពៅ ដែលចូលរួមពិធីនេះ ឲ្យវិទ្យុអាស៊ីសេរីដឹងថា អាជ្ញាធរមិនបានផ្ដល់ការគាំទ្រផ្នែកសង្គមដល់ស្ត្រី នៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធពិសេសអ្នកលក់ដូរតាមដងផ្លូវប្រមាណ២លាននាក់ ក្នុងនោះមានស្ត្រី៧៥%។ លោកបន្តថា បញ្ហាមួយទៀត គឺការរំលោភបំពានសិទ្ធិស្ត្រីក្នុងវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើល៖ « រដ្ឋមិនទាន់យកចិត្តទុកអំពីកិច្ចគាំពារសង្គម មិនទាន់បង្កលក្ខណៈងាយស្រួលឲ្យគាត់ ( ស្ត្រីលក់ដូរតាមចិញ្ចើមផ្លូវ ) លក់ដូរសមរម្យដូចប្រទេស គេជិតខាងដូចថៃដូចអី គេបង្កលក្ខណៈប៉ុន្តែប្រទេសយើងមិនទាន់មានធ្វើរបៀបនេះនៅឡើយសូមឲ្យរដ្ឋយើងគិតគូរចំណុចហ្នឹងដែរ ហើយជាពិសេស ក្នុងស្ថានភាពកូវីដ១៩សុំឲ្យគិតអំពីការឧបត្ថម្ភធុន ឬក៏ឧបត្ថម្ភស្ត្រីធ្វើការក្រៅប្រព័ន្ធ » ។
ទិវានារីអន្តរជាតិ៨មីនានេះ រដ្ឋាភិបាលក៏បានប្រារព្ធ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារក្នុងលិខិតថា រដ្ឋាភិបាលរបស់លោកបានដាក់ចេញផែនការ និងគោលនយោបាយជាតិ លើកកម្ពស់សមភាពយេនឌ័រ និងតួនាទីរបស់ស្ត្រីរួមទាំងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ ជាដើម។
ក្នុងថ្ងៃអបអរទិវានារីអន្តរជាតិ៨មីនាដដែលនេះ ក្រុមអង្គការសង្គមស៊ីវិល ប្រារព្ធចប់នៅពេលព្រឹក ហើយនៅពេលរសៀលពួកគេនាំគ្នាទៅមុខពន្ធនាគារព្រៃស(ម២)ផ្នែកស្ត្រី ដើម្បីបង្ហោះប៉េងប៉ោង និងស្រែកទាមទារឲ្យមានការដោះលែងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ទាំង១១នាក់ដែលកំពុងជាប់ឃុំ។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ឲ្យដឹងថា ក្នុងចំណោមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលត្រូវក្រុមហ៊ុនបំពានសិទ្ធិ ក្នុងពេលកំពុងជាប់ពន្ធនាគារ ក្នុងនោះជាង៨០ភាគរយជាស្ត្រី។ អ្នកស្រីឲ្យដឹងថា សារពេលនេះ គឺដើម្បីទាមទារឲ្យមានការដោះលែងថ្នាក់ដឹកនាំសហជីព បន្ទាប់មកទើបជាការជជែកចរចាដោះស្រាយវិវាទការងារ៖ « ជំរុញឲ្យថៅកែណាហ្គាមានជជែកថ្នាក់ដឹកនាំសហជីពក្រោយពីមានការដោះលែង ទាល់តែមានការដោះលែងថ្នាក់ដឹកនាំសហជីពពួកគេទើបពួកគេមានការចរចា ព្រោះថ្នាក់ដឹកនាំរបស់គេជាប់ពន្ធនាគារដោយសារតែការពារសមាជិករបស់ខ្លួនស្មោះត្រង់ជាមួយសមាជិករបស់ខ្លួន» ។
ជុំវិញវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានកោះប្រជុំរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ គ្រោងប្រជុំដើម្បីរកដំណោះស្រាយ នៅថ្ងៃទី៩ ខែមីនា។
ចំណែក អង្គការលីកាដូវិញ បានចេញវីឌីអូដែលមានចំណងជើងថា «យើងត្រូវតែរឹងមាំ និងក្លាហាន»៖ កូដករជាស្ត្រីលើកឡើងប្រឆាំងនឹងការរំលោភបំពាន។ អង្គការលីកាដូលើកឡើងទៀតថា សកម្មជនសហជីពជាស្ត្រី បានប្រឈមនឹងការធ្វើទុក្ខបុកម្នេញក្នុងការព្យាយាមគំរាមកំហែងពួកគេឱ្យបញ្ឈប់ការធ្វើកូដកម្ម។
អង្គការលីកាដូ កំពុងចេញផ្សាយវីឌីអូមួយ ដែលបង្ហាញពីភាពក្លាហានរបស់ស្ត្រីមួយចំនួន ក្នុងការប្រារព្ធទិវានារីអន្តរជាតិនេះដែរ។
ស្រដៀងគ្នានេះ សមាគមការពារសិទ្ធិមនុស្ស អាដហុក ក៏បានបញ្ចេញរបាយការណ៍ ឆ្នាំ២០២០ - ២០២១ ចំពេលនេះដែរ។ សមាគមអាដហុកបានរកឃើញថា ជារើយៗស្រ្តីនៅតែទទួលរងគ្រោះពីការរំលោភសិទ្ធិតាមរូបភាពផ្សេងៗ ដូចជា អំពើរំលោភសេពសន្ថវៈ អំពើហិង្សាក្នុងគ្រួសារ និងការជួញដូរមនុស្ស (ការជួញដូរភេទ និងកម្លាំងពលកម្ម) ជាដើម។
រយៈពេល២ឆ្នាំចុងក្រោយនេះ សមាគមអាដហុក ទទួលបានពាក្យបណ្តឹងចំនួន ២៤៣ករណី ដែលនៅក្នុងចំណោមករណីទាំងនេះភាគច្រើនគឺកើតនៅក្នុងខេត្តបាត់ដំបង កំពត កំពង់ធំ និងខេត្តបន្ទាយមានជ័យ។ ការដែលគួរឲ្យព្រួយបារម្ភនោះគឺជនប្រព្រឹត្តគឺជាសាច់ញាតិរស់នៅក្នុងផ្ទះជាមួយជនរងគ្រោះ ដែលមាន ៩%ជាឪពុកបង្កើត ៤%ជាជីតាបង្កើត និង ១២%ជាឪពុកចុង។ ក្រៅពីនោះគឺជាអ្នកជិតខាង សាច់ញាតិ និងមិត្តភ័ក្ដិ។
ដូចគ្នានេះដែរ ចំពោះករណីហិង្សាក្នុងគ្រួសារវិញ សមាគមអាដហុក ទទួលបានពាក្យបណ្ដឹងសុំអន្តរាគមន៍ ចំនួន ១៧៣ករណី ហើយដែលក្នុងនោះបានរកឃើញថា ៥៨% ជនប្រព្រឹត្តគឺបុរសជាប្តី។ មូលហេតុចំបងដែលបណ្ដាលឲ្យមានអំពើហិង្សាគឺដោយសារបុរសជាប្ដីមិនយល់ មិនឲ្យតម្លៃ និងមិនបានគិតថាស្ត្រីជាភេទទន់ខ្សោយ បូករួមទាំងកត្តាជីវភាពក្រីក្រជាដើម។
ក្រៅពីនេះស្ត្រីក៏កំពុងរងគ្រោះក្នុងការជួញដូរដែរ។ សមាគមអាដហុក ទទួលបានពាក្យបណ្ដឹងសរុប ១១៥ករណី ដែលក្នុងនោះការជួញដូរភេទមាន ៨០ករណី និងការជួញដូរកម្លាំងពលកម្មមាន ៣៥ករណី។ មូលហេតុចំបងៗនោះគឺបណ្ដាលមកពី បញ្ហាអត់ការងារធ្វើ ខ្វះខាតជីវភាព មិនមានដីធ្លីគ្រប់គ្រាន់ ផលិតផលកសិកម្មលក់មិនសូវបានថ្លៃ គ្មានទីផ្សារ ជំពាក់បំណុល ហិង្សាក្នុងគ្រួសារ ទស្សនៈសង្គម ភាពជឿនលឿននៃបច្ចេកវិទ្យា កត្តាមេខ្យល់មានល្បិចកលខ្ពស់មានបណ្ដាញ ជាពិសេសភាពធូរលុងនៅតាមតំបន់ព្រំដែនជាដើម។
សមាគម អាដហុក ជំរុញទៅភាគីពាក់ព័ន្ធជាពិសេសអាជ្ញាធរត្រូវពង្រឹងបន្ថែម ចំពោះកិច្ចគាំពារដល់ស្ត្រី និងកុមារ ឆ្លើយតបតម្រូវការរបស់ស្ត្រី ពង្រឹងការអនុវត្តច្បាប់ ជាពិសេសការស្ដែងចេញជាសកម្មភាព និងផែនការជាក់ស្ដែង។ ក្រៅពីនោះក៏នឹងត្រូវផ្ដល់ឱកាសឲ្យស្ត្រី បានចូលរួមអនុវត្តនូវសិទ្ធិរបស់ខ្លួនឲ្យបានពេញលេញផងដែរ។ ទន្ទឹមនឹងនេះ ស្ត្រីត្រូវពង្រឹងសមត្ថភាព ចំណេះជំនាញ និងជំនឿចិត្តលើខ្លួនឯង ហើយចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការងារនានាគ្រប់កម្រិត ត្រូវតែហ៊ានលើកឡើងពីបញ្ហា និងតម្រូវការជាក់លាក់របស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។