កញ្ញា ឡុង គន្ធា មិន​អាច​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ច្បាប់​ដូច​បំណង ដោយសារ​​ការពារ​បរិស្ថាន

0:00 / 0:00

កញ្ញា ឡុង គន្ធា គឺជា​សកម្មជន​ចលនា​មាតា​ធម្មជាតិ​វ័យក្មេង​មួយ​រូប​ក្នុងចំណោម​ស្ត្រី​វ័យក្មេង​ជាច្រើន​នាក់​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​។ ថ្វី​ត្បិត​គន្ធា ជា​សកម្មជន​បរិស្ថាន​ក្ដី ក៏​នាង​មាន​ក្ដី​ស្រមៃ​មួយ​គឺ​ចង់​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​របស់​នាង ប៉ុន្តែ​បំណង​នេះ​នាង​នៅ​មិន​ទាន់​បានសម្រេច​នៅឡើយ​ទេ គឺ​ដោយសារតែ​អាជ្ញាធរ​បាន​ចាប់ខ្លួន​នាង​ដាក់​ពន្ធនាគារ​ជា​លើក​ទី​ពីរ កាល​ថ្ងៃទី​០២ ខែ​កក្កដា ពី​បទ​«​រួមគំនិត​ក្បត់»។

កញ្ញា ឡុង គន្ធា ជា​ស្ត្រី​មួយ​រូប​អង់អាច​ក្លាហាន មុត​មោះ និង​មាន​ឆន្ទៈ​ការពារ​បរិស្ថាន​ដើម្បី​សុខុមាលភាព​របស់​ពល​រដ្ឋ ។ ក្រៅ​តែ​ជា​សកម្មជន​បរិស្ថាន​ចូលរួម​ទាមទារ​យុត្តិធម៌​សង្គម​គន្ធា ក៏​ជា​និស្សិត​សិក្សា​ផ្នែក​ច្បាប់​ឆ្នាំ​ទី​៣​ម្នាក់​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ផង​ដែរ​។​

កាលពី​ថ្ងៃទី​០២ ខែ​កក្កដា ក្នុង​ថ្ងៃ​តុលាការ​ប្រកាស​សាលក្រម កញ្ញា​ថ្លែង​ទាំង​ឈឺចាប់​ថា ទោះបីជា​តុលាការ​សម្រេច​ឃុំខ្លួន​កញ្ញា​ដោយ​អយុត្តិធម៌​ក្ដី ក៏ប៉ុន្តែ​តុលាការ​មិនអាច​ឃុំ​មនសិការ​របស់​កញ្ញា​បាន​ឡើយ។ ប៉ុន្តែ​អ្វី​ដែល​កញ្ញា សោកស្ដាយ​បំផុត​នោះ គឺ​បាត់បង់​ឱកាស​បញ្ចប់​ការសិក្សា​ផ្នែក​ច្បាប់​ឆ្នាំ​ទី​៣​ម្ដងទៀត ដូច​កាលពី​ជាប់ពន្ធនាគារ​លើក​ទី​១​កាលពី​ឆ្នាំ​២០២០ កញ្ញា​ក៏​ចង់​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​ដូច​កូនៗ​របស់​អស់លោក​មន្ត្រី​ដែរ។

កញ្ញា ឡុង គន្ធា៖ «តុលាការ​ចាប់ខ្លួន​ខ្ញុំ​ដាក់​ពន្ធនាគារ​ម្ដងទៀត​ខ្ញុំ​នឹង​បាត់បង់​ឱកាស​ខ្ញុំ​ក៏​ចង់​រៀនសូត្រ​ខ្ពស់​ដូច​កូន​អ្នក​ទាំងអស់គ្នា​ដែរ ដូច​កូន​អ្នកធំ ដូច​កូន​នាយករដ្ឋមន្ត្រី ដូច​កូន​មន្ត្រី​ធំៗ ដូច​កូន​លោកស្រី​ចៅក្រម កូន​របស់​ព្រះរាជអាជ្ញា ប្រសិនបើ​ព្រះរាជអាជ្ញា​មានកូន កូន​របស់​លោក​អាជ្ញាធរ​ដូចគ្នា​។ ខ្ញុំ​ក៏​ត្រូវ​ការសិក្សា ខ្ញុំ​ក៏​ត្រូវ​ការរៀនសូត្រ ខ្ញុំ​ត្រូវ​ការ​យក​ចំណេះដឹង​ដែល​ខ្ញុំ​មាន​ដើម្បី​មក​ជួយ​ប្រទេសជាតិ​ខ្ញុំ​។ ខ្ញុំ​ចង់​រៀនសូត្រ​ដូច​គេ​វ័យ​របស់ខ្ញុំ​គឺជា​វ័យ​ដែល​ទទួល​បាន​សិក្សា»។

កញ្ញា ឡុង គន្ធា មាន​អាយុ​២៦​ឆ្នាំ កើត​នៅ​ភូម​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ កញ្ញា​គឺជា​កូនច្បង​នៅក្នុង​ចំណោម​បងប្អូន​បង្កើត​៥​នាក់​ដែលមាន​ឪពុកម្ដាយ​ជា​កសិករ​។ ដោយសារ​កើត​ក្នុង​គ្រួសារ​ក្រីក្រ និង​មាន​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​ត្រូវ​រ៉ាប់រង​បន្ទុកគ្រួសារ​តែម្នាក់ឯង​ផង​នោះ​គ​ន្ធា​បាន​ខិតខំ​រៀនសូត្រ រហូត​ប្រឡង​ជាប់​ជា​គ្រូបង្រៀន​កាលពី​ឆ្នាំ​២០១៧​។​

​ប៉ុន្តែ​គន្ធា​បាន​បោះបង់​អាជីព​ជា​គ្រូបង្រៀន​មក​ធ្វើជា​សកម្មជន​ចលនា​មាតា​ធម្មជាតិ​វិញ​កាលពី​ឆ្នាំ​២០១៨ ដែល​កាលណោះ​កញ្ញា មើលឃើញ​ពី​បញ្ហា​អំពើពុករលួយ ការរំលោភ​យក​ដីធ្លី និង​កាប់​បំផ្លាញ​ធនធានធម្មជាតិ​។ ទីបំផុត​គន្ធា​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​២០​ខែ​ពី​បទ​ចោទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» កាលពី​ឆ្នាំ​២០២០ នៅពេល​កញ្ញា​ប្រកាស​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ចេញពី​វត្តភ្នំ​ឆ្ពោះទៅ​ភូមិគ្រឹះ​អតីត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​ជួប​ផ្ទាល់​ជាមួយ​លោក ហ៊ុន សែន ក្នុង​គោលបំណង​ជំរុញ​ឱ្យ​លោក ហ៊ុន សែន បញ្ឈប់​ការ​លុប​បឹង​តា​មោក​ដែល​ប៉ះពាល់​ជីវភាព​ពលរដ្ឋ និង​ជីវចម្រុះ​ក្នុង​បឹង​ជាដើម​។ តុលាការ​បាន​ដោះលែង​កញ្ញា​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១ បន្ទាប់ពី​ជាប់ពន្ធនាគារ​រយៈពេល​១៤​ខែ ប៉ុន្តែ​តុលាការ​បាន​បន្ថែម​បទ​ចោទ​«​រួមគំនិត​ក្បត់​»​មួយ​ករណី​ទៀត​ពេល​កញ្ញា​កំពុង​ជាប់ពន្ធនាគារ។

ក្រោយពី​ចេញពី​ពន្ធនាគារ​គ​ធា បាន​ស្វះស្វែង​ដាក់ពាក្យ​រៀន​ផ្នែក​ច្បាប់​បន្ត​ទៀត​បន្ទាប់ពី​ខកខាន​រៀន​ជាង​មួយឆ្នាំ ប៉ុន្តែ​ដោយសារ​នាង​មិន​ដាក់ពាក្យ​ព្យួរ​ការសិក្សា​អំឡុង​ពេល​ជាប់​ពន្ធនាគារ ដូច្នេះ​នាង​ត្រូវ​ចាប់ផ្ដើម​រៀន​ពី​ឆ្នាំ​ទី​១​សា​ឡើងវិញ​បើ​ទោះជា​នាង​រៀន​ដល់​ឆ្នាំ​៣​រួចហើយ​ក្ដី។

ប្អូនស្រី កញ្ញា ឡុង គ​ន្ធា គឺ​កញ្ញា ឡុង សុខ​លីន ថ្លែង​ថា គោលបំណង​បងស្រី​កញ្ញា​បន្ត​រៀន​ផ្នែក​ច្បាប់​នេះ​មិនមែន​ដើម្បី​ក្លាយជា​មេធាវី ឬ​ចៅក្រម​នោះ​ទេ ប៉ុន្តែ​បងស្រី​របស់​កញ្ញា​ចង់​រៀន​ដើម្បី​ស្វែងយល់​បន្ថែម​ពី​ច្បាប់​ដោយសារ​បង​កញ្ញា​រង​ភាព​អយុត្តិធម៌​ពី​តុលាការ​ដែល​ឈរ​នៅ​លើ​ច្បាប់​។ កញ្ញា​បន្ត​ថា បងស្រី​កញ្ញា គឺជា​មនុស្ស​អត់ធ្មត់ និង​តស៊ូ​រៀនសូត្រ​ហើយ​ដើម្បី​មាន​លុយ​បង់​សាលារៀន​បងស្រី​កញ្ញា​មិន​ហ៊ាន​ចាយវាយ​ផ្ដេសផ្ដាស​នោះ​ទេ។

កញ្ញា ឡុង សុខលីន៖ «ដោយសារ​ខ្ញុំ​ឃើញ​បង​ខ្ញុំ​គាត់​ចង់​បញ្ចប់​វា​មែនទែន​ខ្ញុំ​ក៏​អាណិត​បង​គ្រាន់តែ​គាត់​ជាប់​ភ្លាម​ខ្ញុំ​ក៏​ស្វះស្វែង​ប្រញាប់​ទៅ​ដាក់​ព្យួរ​ឱ្យ​គាត់​តែ​គ្រាន់តែ​ការ​ព្យួរ​ហ្នឹង​គឺ​គេ​កំណត់​ឱ្យ​បានតែ​មួយឆ្នាំ​។ អ៊ីចឹង​អត់​ដឹង​បង​គាត់​ចេញ​មក​វិញ​ទាន់​គេ​អាច​ឬក៏​គាត់​ចេញ​មក​វិញ​អត់​ទាន់​យើង​ពិតជា​គ្រួសារ​ជា​ប្អូន​ពិតជា​អាណិត​បងស្រី​ណាស់​ដែល​បងស្រី​គាត់​ចង់​បញ្ឈប់​តែ​វា​អត់​អាច​ចប់​ទៀត»។

បើទោះបីជា គ​ន្ធា ជា​កូនច្បង​ដែល​ជា​ទូទៅ​ត្រូវ​រ៉ាប់រង​ជួយ​ទំនុកបម្រុង​គ្រួសារ និង​ប្អូនៗ​ឱ្យ​បាន​រៀនសូត្រ​ក្ដី គ​ន្ធា នៅតែ​តស៊ូ​ការពារ​ធនធានធម្មជាតិ និង​ចូលរួម​ផ្សព្វផ្សាយ​ពី​កោះកុង​ក្រៅ​ផង​ដែរ។

ក្នុង​អំឡុងពេល​គន្ធា​សិក្សា​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​នាង​តែងតែ​ឆ្លៀត​ដឹកនាំ​យុវជន​ចុះទៅ​កោះកុង​ក្រៅ​ដើម្បី​សិក្សា​ស្វែងយល់​ពី​ធនធានធម្មជាតិ និង​ជីវភាព​ពលរដ្ឋ​។ ក្រៅពី​នេះ​គន្ធា តែង​ចេញមុខ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​កាត់​ឆ្វៀល​ដី​ព្រៃ​នៅក្នុង​តំបន់​អភិរក្ស​ឱ្យទៅ​អ្នកមាន​លុយ​មានអំណាច ជាពិសេស​គឺ ដីព្រៃ​តំបន់​ភ្នំ​តាម៉ៅ​ដែល​រដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ឱ្យទៅ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជាង​៥​រយ​ហិកតារ (៥០០) កាលពី​ខែសីហា ឆ្នាំ​២០២២​។ លើស​ពី​នេះ កញ្ញា ឡុង គន្ធា ក៏បាន​ចូលរួម​ធ្វើ​យុទ្ធការ​ទាមទារ​ស្វែងរក​យុត្តិធម៌​ឱ្យ​វីរជន​ដែល​បាន​លះបង់​ជីវិត​ដើម្បី​បុព្វ​ជាតិ ដូចជា លោក ឈុត វុទ្ធី លោក ជា វិជ្ជា និង​លោក​បណ្ឌិត កែម ឡី ជាដើម។

ទោះជា​យ៉ាងណា សកម្មភាព​ចូលរួម​ទាមទារ​យុត្តិធម៌​សង្គម និង​ការពារ​បរិស្ថាន​ក្រោយ​ចេញពី​ពន្ធនាគារ​របស់​កញ្ញា ឡុង គន្ធា និង​សកម្មជន​បរិស្ថាន​ផ្សេងទៀត មិនបាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នោះ​ទេ នៅ​ទីបំផុត​កញ្ញា រួម​ជាមួយ​សកម្មជន​ការពារ​បរិស្ថាន​ចំនួន​៩​នាក់​ផ្សេងទៀត​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​កាត់​ទោស​ឱ្យ​ជាប់ពន្ធនាគារ​ពី​៦​ឆ្នាំ ដល់ ៨​ឆ្នាំ ក្រោម​បទ ចោទ​«​រួមគំនិត​ក្បត់​»​និង​«​ប្រមាថ​ព្រះមហាក្សត្រ​» ប៉ុន្តែ​ក្នុង​នោះ​មាន​សកម្មជន​៥​នាក់ រួមមាន លោក ថុ​ន រដ្ឋា លោក យី​ម លាង​ហ៊ី លោក លី ចាន់​ដារ៉ាវុត កញ្ញា ភួ​ន កែវ​រស្មី និង​កញ្ញា ឡុង គ​ន្ធា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ។

យុវជន​អ្នកស្ម័គ្រចិត្ត​ក្រុម​អ្នក​បន្តដំណើរ​អ្នកស្រី យ៉ឹង នឹម ថ្លែង​ថា អ្នកស្រី​គោរព​នូវ​វីរភាព​របស់ កញ្ញា ឡុង គន្ធា ដែល​លះបង់​ការងារ​ជា​គ្រូបង្រៀន​មក​ការពារ​បរិស្ថាន​។ អ្នកស្រី​បន្ត​ថា គន្ធា ជា​មនុស្ស​មានចិត្ត​ទូលាយ ចេះ​ជួយ​អ្នកដទៃ និង​មិន​រួញរា​ក្នុង​ការ​ជួយ​កិច្ច​ការងារ​សង្គម និង​ជំរុញ​លើកទឹកចិត្ត​យុវជន​ឱ្យ​ក្លាហាន​ហ៊ាន​និយាយ​ការពិត​ដើម្បី​យុត្តិធម៌​សង្គម បើ​ទោះ​ជា​គ​ន្ធា​ធ្លាប់​ជាប់ពន្ធនាគារ​ម្ដង​រួច​មក​ហើយក្ដី។

អ្នកស្រី យ៉ឹង នឹម ៖ «អ្វី​ដែល​គាត់​ចូលរួម​ការពារ អ្វី​ដែល​គាត់​បាន​លះបង់​សម្រាប់​សង្គម​មួយ​នេះ​ជាពិសេស​គឺ​ការចូលរួម​ការពារ​ប​រិ​ស្ថាន​។ សង្ឃឹមថា អ្វី​ដែលជា​លះបង់​អ្វី​ដែលជា​ឆន្ទៈ ការស្រឡាញ់​របស់គាត់​វា​បង្ហាញ​នៅ​គំរូ​ភាព​សម្រាប់​ខ្ញុំ​ចូលរួម​កិច្ចការពារ​បន្តទៀត ហើយក៏​ដូចជា​យុវជន​ផ្សេងទៀត​គាត់​ហ្នឹង​ដើរ​តាម​នៅ​គំរូ​ភាព​វីរភាព​របស់​ដោយ​មិន យក​នៅ​ផលប្រយោជន៍​របស់ខ្លួន​ដាក់​ដើម្បី​តែ​សេចក្ដីសុខ​ផ្ទាល់ខ្លួន​ទេ»។

សម្រាប់​កញ្ញា ឡុង គ​ន្ធា បើ​ទោះបីជា​កញ្ញា​ធ្លាប់​ជាប់ពន្ធនាគារ​ម្តង​រួច​មក​ហើយ​ក្ដី ក៏​កញ្ញា​មិន​ភ័យ​តក់ស្លុត​រឿង​ជាប់ពន្ធនាគារ​ជា​លើក​ទី​២​នេះ​ឡើយ ពោល​គឺ​កញ្ញា​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការ​ប្រឈម និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​។ កញ្ញា​ធ្លាប់​លើកឡើង​ថា កញ្ញា​មិន​រាថយ និង​បន្ត​ធ្វើ​ការងារ​ការពារ​បរិស្ថាន​បន្ត​ទៀត​ទោះជា​កញ្ញា រង​ការ​គំរាមកំហែង​គ្រប់​រូបភាព ឬ​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​ក៏ដោយ។

កញ្ញា ឡុង គន្ធា៖ «ការ​ចាប់​យើង​ដាក់​ពន្ធនាគារ ការ​គំរាមកំហែង​យើង​គ្រប់​រូបភាព​មិនមែន​ជា​ហេតុផល​មួយ​ដែល​បញ្ឈប់​យើង​មិនអាច​ឱ្យធ្វើ​ការងារ​បាន​ទេ​ឬក៏​បន្ត​បេសកកម្ម នៅក្នុង​ការពារ​ធនធាន​ធម្មជាតិ​បើ​រដ្ឋាភិបាល​ចង់ឱ្យ​ពួក​យើង​នឹង​ឈប់​។ ងាយស្រួល​មែនទែន​រដ្ឋាភិបាល​គ្រាន់តែ​ឈប់​បំផ្លាញ​ធនធានធម្មជាតិ​រដ្ឋាភិបាល​ការពារ​ធនធានធម្មជាតិ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស​នោះ​យើង​ហ្នឹង​ឈប់​ដោយ​ខ្លួនឯង»។

កញ្ញា ឡុង គន្ធា លើកទឹកចិត្ត​ឱ្យ​យុវជន​ក្លាហាន​ហ៊ាន​និយាយ​ការពិត និង​ចេះ​ឈឺឆ្អាល​បញ្ហា​សង្គម​នៅពេល​គ្មាន​វត្តមាន​របស់​កញ្ញា​។ ក្នុង​សៀវភៅ​មនុស្ស​ដែល​គេ​យក​ទៅ​កែប្រែ​គន្ធា​បាន​លើកឡើង​ថា ក្រៅពី​នាង​មាន​គោលបំណង​សិក្សា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ហើយ​នោះ នាង​ក៏​ចង់​ឃើញ​អ្នកនយោបាយ​ចេះ​រួបរួមសាមគ្គី​គ្នា​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ និង​លុបបំបាត់​អំពើ​និទ្ទណ្ឌភាព​នៅក្នុង​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។