ក្រុមយុវជនចលនាមាតាធម្មជាតិ នាំគ្នាចុះចែកខិត្តប័ណ្ណដល់និស្សិតនៅខាងមុខសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីភាពអយុត្តិធម៌ ចំពោះការកាត់ទោសសកម្មជនមាតាធម្មជាតិ និងចូលរួមគាំទ្រញត្តិទាមទារឲ្យមានការដោះលែងសកម្មជនទាំង ៥នាក់ ដែលកំពុងជាប់ពន្ធនាគារ។ ប៉ុន្តែ ការចែកខិត្តប័ណ្ណនេះ បានរងការរឹតត្បិតពីថ្នាក់ដឹកនាំសាលា និងការតាមឃ្លាំមើលពីអាជ្ញាធរ។ មន្ត្រីសិទ្ធិមនុស្សចាត់ទុកទង្វើរបស់ថ្នាក់ដឹកនាំសាលា និងអាជ្ញាធរថា កំពុងរំលោភលើសកម្មភាពស្របច្បាប់របស់យុវជនចលនាមាតាធម្មជាតិ។
ក្រុមយុវជនចលនាមាតាធម្មជាតិ កំពុងតស៊ូមតិ និងអន្ទោកអន្ទោលឲ្យយុវជន និងក្រុមនិស្សិត ចូលរួមទាមទារឲ្យមានការដោះលែងមិត្តភក្ដិរបស់ពួកគាត់ ៥នាក់ ដែលកំពុងជាប់ឃុំ ដោយសារចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ។ ក្រុមយុវជនចលនាមាតាធម្មជាតិចំនួន ៦នាក់ នាំគ្នាចុះចែកខិត្តប័ណ្ណចំនួន ១ពាន់ ៤រយ (១.៤០០)សន្លឹកដល់និស្សិត នៅខាងមុខសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឬហៅកាត់ថា រូល (RULE) ស្ថិតក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា។ ខិត្តប័ណ្ណដែលពួកគាត់ចែកចាយនោះ មានរូបភាពយុវជនបរិស្ថានទាំង ៥រូប គឺលោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ព្រមទាំងរំលេចនូវអក្សរថា យុត្តិធម៌ស្លាប់ហើយ និងសូមឲ្យដោះលែងអ្នកទាំង ៥នាក់ជាបន្ទាន់ និងឥតលក្ខខណ្ឌ។
សមាជិកយុវជនចលនាតាមធម្មជាតិ និងជានិស្សិតកំពុងបន្តការសិក្សានៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កញ្ញា មាន លីសា ឲ្យដឹងថា ការចែកខិត្តប័ណ្ណនេះ គឺក្នុងគោលបំណងឲ្យក្រុមនិស្សិតសាលាច្បាប់មួយនេះ បានយល់ដឹងអំពីភាពអយុត្តិធម៌ ដែលបានកើតឡើង ចំពោះសកម្មជនមាតាធម្មជាតិ និងចូលរួមគាំទ្រញត្តិទាមទារឲ្យមានការដោះលែងសកម្មជនទាំង ៥នាក់ ដែលកំពុងជាប់ក្នុងពន្ធនាគារតាមខេត្តផ្សេងៗ គ្នារយៈពេល ២៤ថ្ងៃមកហើយ។
កញ្ញា មាន លីសា៖«យើងចង់ឲ្យនិស្សិតច្បាប់ចាប់ផ្តើមភ្ញាក់រលឹកឡើងហើយចាប់ផ្តើម ចូលរួមកិច្ចការងារសង្គម ទាមទារយុត្តិធម៌សម្រាប់មនុស្សដែលកំពុងរង ភាពអយុត្តិធម៌។ ការចូលរួមរបស់យុវជន ការចូលរួមរបស់និស្សិតបញ្ញវន្តនេះមានសារសំខាន់ណាស់ សម្រាប់ប្រទេសជាតិមែនទែន។ បើសិនជាប្រទេសជាតិកំពុងមានបញ្ហា ប្រទេសជាតិកំពុងត្រូវការពួកគាត់ ដែលកំពុងពេញវ័យ កំពុងពេញមានចំណេះដឹង កំពុងពេញមានកម្លាំង ហើយពួកគាត់បែរជានៅស្ងៀម ក៏អត់មានដំណោះស្រាយល្អ សម្រាប់សង្គមដែរ។ ដូច្នេះ ពួកគាត់គួរតែចូលរួម គួរតែជាចំណែក នៃដំណោះស្រាយនៅក្នុងបញ្ហាសង្គម និងការរំលោភសិទ្ធិមនុស្សទាំងអស់»។
ប៉ុន្តែបើទោះបីជាក្រុមយុវជនទាំងនេះ ចែកខិត្តប័ណ្ណដោយមានរបៀបរៀបរយយ៉ាងណាក្តី ក៏ខាងថ្នាក់ដឹកនាំសកលវិទ្យាល័យ បានឲ្យក្រុមសន្តិសុខបណ្តេញយុវជនទាំងនោះចេញ ព្រមទាំងព្យាយាមរារាំងជាច្រើនលើក រួមទាំងបង្ខំឲ្យក្រុមនិស្សិតចេញតាមច្រកទ្វារផ្សេងជាដើម។ ចំណែកក្រុមអាជ្ញាធរស្លៀកពាក់ស៊ីវិលវិញ ពួកគេ ក៏ព្យាយាមតាមឃ្លាំមើល និងតាមថតរូបយុវជនមាតាធម្មជាតិដែរ។ ប៉ុន្តែក្រុមយុវជន នៅតែបន្តចែកចាយខិត្តប័ណ្ណនោះ។
កញ្ញា មាន លីសា សោកស្តាយ ដែលសាលារៀនក្លាយទៅជាកន្លែងបំបិទសិទ្ធិយុវជន មិនឲ្យនិយាយការពិតអំពីរឿងអយុត្តិធម៌សង្គម។ សកម្មជនបរិស្ថាន និងជានិស្សិតនេះយល់ថា សាលារៀន គួរតែជាទីកន្លែងនិយាយការពិត និងគួរតែជាកន្លែង ដែលអនុញ្ញាតឲ្យយុវជនអាចអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ព្រមទាំងគួរតែជាទីកន្លែង ដែលឲ្យនិស្សិតគ្រប់គ្នាចូលរួមជាចំណែកដោះស្រាយបញ្ហាសង្គមជាតិ។
កញ្ញា មាន លីសា៖«សាលាច្បាប់នេះ ជាសាលា ដែលយើងបានរៀន។ យើងមានមនោសញ្ចេតនានៅទីនេះ តែអ្វីដែលខ្ញុំស្រណោះប្រទេសខ្លួនឯងមែនទែននោះ គឺគ្រប់គ្នាស្ងាត់ស្ងៀម គ្រប់គ្នាអត់និយាយអី គ្រប់គ្នាឈរមើលភាពអយុត្តិធម៌ ដែលបានកើតឡើង។ គ្រប់គ្នាអត់ហ៊ាននិយាយការពិត គ្រប់គ្នារងការរឹតត្បិត ហើយគ្រប់គ្នាសម្ងំមើលមនុស្ស ដែលកំពុងរងអយុត្តិធម៌។ ខ្ញុំរៀននៅទីនេះ ខ្ញុំស្រឡាញ់សាលា គោរពគ្រូ និងគោរពមិត្តិភក្តិទាំងអស់គ្នា ប៉ុន្តែ អ្វីដែលយើងបានឃើញ គឺភាពអយុត្តិធម៌ ដែលបានកើតឡើង ចំពោះប្រជាជនយើង គឺយើងអត់អាចនៅស្ងៀមបានទេ ហើយយើងជាអ្នករៀនច្បាប់ យើងចេះច្បាប់ ហេតុអីយើងអត់និយាយ? ហេតុអ្វីយើងនៅស្ងៀម? យើងនៅឲ្យគេជិះជាន់យើងដល់ណាទៀត?»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងសកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក លុយ ចណ្ណា ដើម្បីសុំការឆ្លើយតបបាននៅឡើយទេ។
ទោះជាយ៉ាងណាក្ដី សមាជិកយុវជនមាតាធម្មជាតិម្នាក់ទៀត កញ្ញា លាង សុវណ្ណា សង្ឃឹមថា និស្សិត ដែលជាអ្នករៀនសូត្រចេះដឹង នឹងមិននៅស្ងៀម ហើយចូលរួមទាមទារយុត្តិធម៌ និងការពារអ្នក ដែលស្រឡាញ់ និងលះបង់ដើម្បីសង្គមជាតិ។
កញ្ញា លាង សុវណ្ណា៖«ខ្ញុំចង់ឲ្យក្នុងនាមយើងជាអ្នករៀនច្បាប់ អ្នករៀនមុខជំនាញផ្សេងៗ ពួកយើងគួរតែខ្វល់ខ្វាយរឿងបរិស្ថាន និងបញ្ហាសិទ្ធិមនុស្ស ព្រោះថា បើយើងអត់ខ្វល់ខ្វាយទេ បានន័យថា យើងអត់បានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អដូចក្នុងរដ្ឋធម្មនុញ្ញទេ»។
ក្រុមកូដករណាហ្គាវើលដ៍ (Naga World) ក៏បានចូលរួមជួយចែកខិត្តប័ណ្ណនេះដែរ។
កូដករណាហ្គាវើលដ៍ អ្នកនាង ម៉ម សុវឌ្ឍិន លើកឡើងថា ការកាត់ទោសយុវជនមាតាធម្មជាតិឲ្យជាប់ពន្ធនាគារពី ៦ឆ្នាំទៅ ៨ឆ្នាំ ដោយសារការការពារបរិស្ថាន គឺជារឿងអយុត្តិធម៌។ ដូច្នេះហើយ ក្រុមនិស្សិត និងពលរដ្ឋ គួរតែចូលរួមទាមទារសេរីភាពជូនពួកគាត់វិញ។
អ្នកនាង ម៉ម សុវឌ្ឍិន៖«ខ្ញុំពិតជាសរសើក្មេងៗ ដែលមានភាពក្លាហានចែករំលែកព័ត៌មាន និងទាមទារឲ្យមានការដោះលែងសកម្មជនទាំង ៥នាក់ ដែលកំពុងជាប់គុកទាំងអយុត្តិធម៌។ យើងមើលឃើញថា នេះគឺជាការលះបង់របស់យុវជន ហើយបើសិនយុវជននៅក្នុងស្រុកខ្មែរដូចពួកគាត់ ខ្ញុំជឿថា អ្វីៗ នឹងល្អប្រសើរឡើង ដូចជាស ម្បត្តិធម្មជាតិ និងអ្វីៗ ដែលមាននៅក្នុងប្រទេស ឲ្យវានៅគង់វង្ស»។
ទាក់ទងនឹងរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា ការចែកខិត្តប័ណ្ណរបស់ក្រុមយុវជននោះ គឺជាសិទ្ធិស្របច្បាប់។ ដូច្នេះ ថ្នាក់ដឹកនាំសាលា និងអាជ្ញាធរ មិនគួររារាំង និងបង្កការភ័យខ្លាចដល់ពួកគាត់នោះទេ។
លោក យិន ម៉េងលី៖«បើសិនជាសាលាមិនហ៊ានចេញមុខក្នុងការលើកទឹកចិត្តបើកចំហទេ គ្រាន់តែសាលាកុំធ្វើសកម្មភាពរារាំងគាត់។ ពេលខ្លះ ខាងសាលាលោកមានការលំបាក»។
កាលពីថ្ងៃទី២ ខែកក្កដា តុលាការក្រុងភ្នំពេញ បានកាត់ទោសស្ថាបនិក និងយុវជនចលនាមាតាធម្មជាតិ ចំនួន ១០នាក់ ឲ្យជាប់ពន្ធនាគារពី ៦ឆ្នាំទៅ ៨ឆ្នាំ អំពីបទ «ប្រមាថព្រះមហាក្សត្រ» និង «រួមគំនិតក្បត់» ដោយសារសកម្មភាពទាមទារឲ្យរដ្ឋាភិបាលការពារបរិស្ថាន និងសុខុមាលភាពសាធារណៈ។ ក្នុងចំណោម ១០នាក់នេះ មានយុវជនចលនាមាតាធម្មជាតិ ៥នាក់ ត្រូវបានកងកម្លាំងរដ្ឋាភិបាល ចាប់ខ្លួនទាំងកម្រោល និងបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារតាមខេត្តផ្សេងៗ គ្នា។ យុវជនបរិស្ថាន ដែលកំពុងជាប់ឃុំទាំងនេះ ខ្លះក៏ធ្លាប់ជានិស្សិតនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។