ក្រសួងព័ត៌មានឲ្យម្ចាស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអង្គការ សមាគម ត្រូវជូនដំណឹងទៅក្រសួង មុនរៀបចំសិក្ខាសាលា ឬបើកវគ្គបណ្ដុះបណ្ដាលពីវិស័យសារព័ត៌មាន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ អះអាងក្នុងលិខិតចុះពីថ្ងៃទី២៥ កុម្ភៈ ថា ការណែនាំនេះ ដើម្បីឲ្យការបណ្ដុះបណ្ដាលនេះកាន់តែមានប្រសិទ្ធភាព និងគុណភាព និងមានការទទួលខុសត្រូវ ជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ ព្រមទាំងលើកស្ទួយសិទ្ធិ សេរីភាពខាងសារព័ត៌មានស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីរបបសារព័ត៌មាន។
លិខិតក្រសួងបន្តថា ក្រសួងសង្កេតឃើញថា អង្គភាពសារព័ត៌មាន និងអង្គការ សមាគមមួយចំនួន បានរៀបចំសិក្ខាសាលា និងបើកវគ្គបណ្ដុះបណ្ដាលជំនាញផ្នែកសារព័ត៌មានពុំមានកិច្ចសហការជាមួយក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីអប់រំបណ្ដុះបណ្ដាលឲ្យបានត្រឹមត្រូវ តាមក្រឹត្យក្រមក្បួនខ្នាតក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានឡើយ។
ទោះបីជាយ៉ាងណា កន្លងមក សង្គមស៊ីវិលរិះគន់ថា ការតម្រូវឲ្យអង្គការសារព័ត៌មានជូនដំណឹងនេះ ជាលេសនៃការធ្វើទុក្ខបុកម្នេញ រឹតត្បិតសិទ្ធិសេរីភាពដល់អ្នកធ្វើការឯករាជ្យ ដែលមិនអាចឲ្យពួកគេបំពេញវិជ្ជាជីវៈបានដោយរលូន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។