មនុស្ស​ជាង ១០០នាក់ ជួបជុំ​គ្នា​នៅ​ប្រាសាទ​អង្គរវត្ត ដើម្បី​បួងសួង​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស

0:00 / 0:00

ព្រះសង្ឃ និង​ក្រុម​យុវជន​ជាង ១០០អង្គ/នាក់ នៅ​ព្រឹក​ថ្ងៃ​ទី៥ ធ្នូ បាន​ជួបជុំ​គ្នា​ក្នុង​បរិវេណ​ប្រាសាទ​អង្គរ​វត្ត ដើម្បី​ធ្វើ​ពិធី​រំលឹក​គុណ​បុព្វបុរស និង​ថ្លែង​សារ​អបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ថ្ងៃ​ទី១០ ធ្នូ ក្នុង​បំណង​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញ​លេញ។

ក្រៅពី​ជួបជុំ​ប្រារព្ធ​ពិធី​បួងសួង​នៅ​បរិវេណ​ប្រាសាទ​អង្គរ​វត្ត​នៅ​ថ្ងៃ​ទី៥ ធ្នូ ព្រះសង្ឃ និង​ពលរដ្ឋ ក៏​គ្រោង​ធ្វើ​ធម្មយាត្រា​ហែ​ក្បូន​ពី​ក្រុង​សៀមរាប​ទៅ​កាន់​រាជធានី​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ៦ នៅ​ថ្ងៃ​ទី៦ ខែធ្នូ ដើម្បី​ផ្សាយ​មេត្តាធម៌​ផង និង​ផ្សា​ភ្ជាប់​ការ​ទាមទារ​ការ​គោរព​សិទ្ធិ​មនុស្ស និង​យុត្តិធម៌​សង្គម​ផង។

យុទ្ធនាការ​នេះ មាន​ការ​ចូលរួម​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ចំនួន ៤ ស្ថាប័ន រួមមាន សហភាព​ការងារ​កម្ពុជា (CLC) អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ ហៅ​កាត់​ថា​ច្រាក់ (CHRAC) អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា YRDP និង​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​ខ្មែរ។

មន្ត្រី​តស៊ូ​មតិ​ផ្នែក​សិល្បៈ នៃ​អង្គការ​កម្ម​វិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា YRDP អ្នកស្រី សាក់ កន្និការ បាន​ថ្លែង​ក្នុង​វិធី​នេះ​ថា យុវជន និង​ពលរដ្ឋ​ត្រូវ​យល់​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន ក្នុង​ការ​ចូលរួម​ជួយ​កិច្ចការ​សង្គម និង​នយោបាយ។

អ្នកស្រី​ស្នើ​រដ្ឋាភិបាល គួរតែ​ផ្តល់​ឱកាស​ឱ្យ​យុវជន​ចូលរួម​ ពង្រឹង​សមត្ថភាព​ក្នុង​វិស័យ​នយោបាយ ដោយ​គ្មាន​ការ​រឹតត្បិត និង​គំរាម​កំហែង ដើម្បី​ជា​ធនធាន​អភិឌ្ឍន៍​ប្រទេស​ជាតិ។

អ្នកស្រី សាក់ កន្និការ៖ «សិទ្ធិ​គឺ​ជា​របស់​យើង​គ្រប់គ្នា​ យើង​ទាំង​អស់​គ្នា ត្រូវ​ចូលរួម​ការពារ និង​ទាមទារ មិន​ឱ្យ​មាន​អ្នក​រំលោភ​សិទ្ធិ​របស់​ពួក​យើង ដែល​យើង​មាន​ចែង​ក្នុង​ច្បាប់ នៅ​កម្ពុជា​ដែរ»។

ក្រុម​យុវជន​បាន​ធុជ​ធូប ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត នៅ​ខាង​មុខ​រូប​ចម្លាក់​អ្នក​តារាជ ដើម្បី​រំលឹក​គុណ​បុព្វបុរស ដែល​ពលី​ជីវិត ការពារ​ជាតិ​មាតុភូមិ។ រីឯ​អាជ្ញាធរ​អប្សរា​បាន​តាម​ឃ្លាំមើល និង​សួរ​នាំ រក​លិខិត​អនុញ្ញាត ក៏ប៉ុន្តែ​ពួកគេ​មិន​បាន​រារាំង​ពិធី​ជួបជុំ​នេះ​នោះ​ទេ ដោយសារ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​អនុញ្ញាត​ឱ្យ​ប្រារព្ធ​ពិធី​នេះ។

ចំណែក ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា យុទ្ធនាការ​នេះ បំណង​ផ្ញើ​សារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ធានា​សេចក្ដី​ថ្លៃថ្នូរ សេរីភាព និង​យុត្តិធម៌ ដល់​ពលរដ្ឋ​គ្រប់​រូប។

លោក​ថ្លែង​ថា ពិធី​នេះ​ក៏​មាន​ការ​ផ្សព្វផ្សាយ​មេត្តា​ចិត្ត និង​សិទ្ធិ​មនុស្ស ដល់​ពលរដ្ឋ​ ដែល​រស់នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ៦។

លោក កើត សារ៉ាយ៖ «ដើម្បី​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ស្រេក​ឃ្លាន​ ចង់​បាន​សិទ្ធិ ពលរដ្ឋ​ខ្មែរ​មាន​ច្រើន មន្ត្រី​អាជ្ញាធរ​គួរតែ​ចូលរួម​ជាមួយ​យើង ជា​ជាង​រឹតត្បិត ព្រោះ​គោលដៅ​របស់​យើង ធានា​ថា ពលរដ្ឋ​រស់​នៅ​ដោយ​ភាព​ថ្លៃថ្នូរ នៅ​ចំពោះ​មុខ​ច្បាប់​ទាំង​អស់​គ្នា»។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ក្នុង​ពិធី​នោះ​ថា បច្ចុប្បន្ន​សិទ្ធិ​កម្មករ​ធ្លាក់​ចុះ ហើយ​សិទ្ធិ​ជួប​ប្រជុំ​ជា​សាធារណៈ ក៏​បាត់បង់​ទៀត។ លោក​ស្នើ​រដ្ឋាភិបាល​ឱ្យ​ពិចារណា​ឡើង​វិញ ក្នុង​ការ​កែប្រែ​ច្បាប់​ស្ដីពី​សហជីព ដែល​ជា​ច្បាប់​កាត់​បន្ថយ​សិទ្ធិ​កម្មករ។

លោក អាត់ ធន់៖ «យើង​ចង់​ឃើញ កម្ពុជា​ដើរ​តាម​រដ្ឋ​ធម្មនុញ្ញ អនុវត្ត​ឱ្យ​បាន​ពី​សិទ្ធិ​មនុស្ស​មាន​ចែង មាត្រា ៣១ បញ្ជាក់ កម្ពុជា​ទទួល​ស្គាល់​កតិកាសញ្ញា និង​អនុសញ្ញា​ទាំង​ឡាយ របស់​អង្គការ​សហ​ប្រជាជាតិ​ ជាពិសេស​សិទ្ធិ​ផ្សេងៗ​ទៀត ដែល​មាន​ចែង​ក្នុង​ច្បាប់»។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ស្រ៊ាង ចិន្តា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៥ ធ្នូ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ តែ​គ្មាន​អ្នក​លើក។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា ពលរដ្ឋ​ទាំងអស់​ត្រូវ​រួមគ្នា​លើក​កម្ពស់​សិទ្ធិ​មនុស្ស ហើយ​មនុស្ស​គ្រប់​រូប មិន​ថា រាស្ត្រ ឬ អ្នក​នយោបាយ​ឡើយ​ត្រូវ​មាន​ភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់។

លោក​បន្ថែម​ថា រដ្ឋ​ធម្មនុញ្ញ​កម្ពុជា បាន​ទទួល​ស្គាល់​ការ​គោរព​សិទ្ធិមនុស្ស​ ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏​ជាប់​កាតព្វកិច្ច​គោរព​សិទ្ធិ​មនុស្ស​ដែរ។

លោក រស់ សុដ្ឋា៖ «កម្ពុជា​ជាប់​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស ហើយ​រដ្ឋ​មាន​មាន​កាតព្វកិច្ច​បី សំខាន់​គឺ គោរព ការពារ និង​បំពេញ បំពេញ​បន្ថែម​ចំណុច​ខ្វះខាត ដើម្បី​ធានា​ថា សិទ្ធិ​ត្រូវ​បាន​លើក​តម្កើង មិនមែន​ធ្វើ​ច្បាប់ ឱ្យ​សិទ្ធិ​កាន់​តែ​រួម​តួច ឬ​ចង្អៀត​ទេ»។

នៅ​ថ្ងៃ​ទី៦ ធ្នូ ក្រុម​យុវជន និង​ព្រះ​សង្ឃ នឹង​ធ្វើ​ធម្មយាត្រា​ដើរ​ថ្មើរជើង​តាម​ផ្លូវ​ជាតិ​លេខ៦ ចាប់​ពី​ចំណុច​ទី​រួម​ខេត្ត ឆ្ពោះ​ទៅ​ផ្សារ​ដំដែក ក្នុង​ស្រុក​សូទ្រ​និគម ហើយ​នឹង​បន្ត​ជួបជុំ​គ្នា​ម្ដង​ទៀត ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃ​ទី១០ ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ។

ពួកគេ​អំពាវនាវ​ដល់​ពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ ឱ្យ​ចូលរួម​ហែ​ក្បូន ដើម្បី​បង្ហាញ​ពី​ចិត្ត​មនុស្សធម៌ និង ការ​ផ្តល់​តម្លៃ​លើ​ការអនុវត្ត​សិទ្ធិ​មនុស្ស​ជា​សកល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។