អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ជាង ១៥០ ថ្កោលទោស និង​ចាត់ទុក​ការ​ផ្ដន្ទាទោស​សកម្មជន​បរិស្ថាន​ជា​រឿង​អាម៉ាស់

ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​ប្រជា​សហគមន៍​ជាង ១៥០​ស្ថាប័ន​នៅ​ថ្ងៃទី​០៤ កក្កដា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ពីរ​ផ្សេងគ្នា ថ្កោលទោស ចំពោះ​ការ​ផ្ដន្ទាទោស​លើ​សកម្មជន​បរិស្ថាន ១០​រូប និង​ឃុំខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៥​រូប​ក្នុង​ពន្ធនាគារ ថា​ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​សម្រាប់​ប្រជាជាតិ​ខ្មែរ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

ពួកគេ​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ និង​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងនេះ​ជាបន្ទាន់។

ក្រុម​អង្គការ​ស៊ីវិល សហជីព និង​អ្នកការពារ​ព្រៃឈើ​ជាង ១៥០​ស្ថាប័ន បង្ហាញ​ក្តី​កង្វល់​រួម​មួយ ក្នុង​សេចក្តី​ថ្លែងការណ៍ ពី​ការ​បំបិទ​សំឡេង​សកម្មជន​ការពារ​បរិស្ថាន ដែល​តស៊ូ​មតិ​ការពារ​ធនធាន​ធម្មជាតិ។

សេចក្តី​ថ្លែងការណ៍​នេះ ធ្វើ​ឡើង​ក្រោយ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​សកម្មជន​បរិស្ថាន ១០​នាក់ ដាក់​ពន្ធនាគារ​ពី ៦ ដល់ ៨​ឆ្នាំ​ពី​បទ​''​រួមគំនិត​ក្បត់​''​និង​''​ប្រមាថ​ព្រះមហាក្សត្រ​'' និង​បាន​ចាប់​ខ្លួន​យុវជន​ចលនា​មាតា​ធម្មជាតិ ៥ នាក់ រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និង​លោក យីម លាងហ៊ី ដាក់​ពន្ធនាគារ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ចេញ​សេចក្តី​ថ្លែងការណ៍​ទាំងនោះ​រួមមាន សមាគម​អាដហុក (Adhoc) អង្គការ​លីកាដូ (Licadho) សមាគម​បណ្ដាញ​យុវជន​កម្ពុជា និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សមាគម​ធាងត្នោត សហគមន៍​ការពារ​ព្រៃឈើ និង​សហគមន៍​ដីធ្លី​ជាដើម។

សេចក្តី​ថ្លែងការណ៍​ស្នើ​ឱ្យ​អាជ្ញាធរ​គួរតែ​ស្តាប់ និង​ចូលរួម​ធ្វើការ​ជាមួយ​យុវជន ដោយ​បញ្ឈប់​ការ​ចំណាយ​ធនធាន​របស់​រដ្ឋ ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​គំរាមកំហែង និង​ដាក់ទោស​ទៅលើ​យុវជន​វ័យក្មេង​ដែល​ក្លាហាន​ការពារ​ធនធានធម្មជាតិ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា យល់ថា សកម្មជន​ចលនា​មាតា​ធម្មជាតិ បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ដែល​ច្បាប់​ការពារ​ធ្វើ​កិច្ច​ការងារ​ការពារ​បរិស្ថាន ដោយ​មិន​គួរ​ត្រូវ​រង​ការ​ដាក់​ទោសទណ្ឌ​តាម​ប្រព័ន្ធ​តុលាការ​នោះ​ទេ។ ផ្ទុយទៅវិញ​ពួកគាត់ គួរតែ​ទទួល​បាន​ការ​លើកទឹកចិត្ត និង​ការ​ផ្តល់​ពាន​រង្វាន់​ពី​រដ្ឋាភិបាល។ «»

សេចក្តី​ថ្លែងការណ៍​បាន​ផ្តល់​អនុសាសន៍​ថា អាជ្ញាធរ​រដ្ឋាភិបាល​គួរតែ​ឱ្យ​តម្លៃ​ដល់​សកម្មជន​ការពារ​បរិស្ថាន​ទាំងនោះ មិនមែន​ចាប់ខ្លួន​ដាក់គុក​នោះ​ទេ។ រីឯ​ការចោទប្រកាន់​មិន​ត្រឹមត្រូវ​លើ​សកម្មភាព​ចលនា​មាតា​ធម្មជាតិ ឆ្លុះបញ្ចាំង​ពី​ការ​មិន​យល់​របស់​អាជ្ញាធរ ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រយោជន៍​ជាតិ។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​សេចក្តី​ថ្លែងការណ៍​នេះ ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក នៅ​ថ្ងៃទី​៤ កក្កដា។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​សមាគម​បណ្ដាញ​យុវជន​កម្ពុជា CYN លោក អូត ឡាទីន យល់ថា សេចក្តី​ថ្លែងការណ៍​នេះ ជា​ការ​បង្ហាញ​ក្តី​កង្វល់ ជុំវិញ​ភាព​មិន​ប្រក្រតី​របស់​តុលាការ ដែល​សម្រេច​ក្តី​យ៉ាង​អយុត្តិធម៌​លើ​សកម្មជន​ការពារ​បរិស្ថាន ដែល​ពួកគេ​បាន​លះបង់ ដើម្បី​ប្រយោជន៍​រួម។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល និង​តុលាការ បើកចំហ​សេរីភាព​ដល់​ពលរដ្ឋ​ដូច​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្ដរជាតិ ដើម្បី​ឱ្យ​ពួកគេ​អាច​ចូលរួម​សកម្មភាព​ក្នុង​បុព្វហេតុ​សង្គមជាតិ​ដោយ​សេរី និង​គ្មាន​ការភ័យខ្លាច ហើយ​ត្រូវ​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ទាំងអស់ ដើម្បី​ឱ្យ​ពួកគេ​បន្ត​បេសកកម្ម​សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ជាតិ។

កន្លងទៅ សកម្មជន​ចលនា​មាតា​ធម្មជាតិ បាន​ធ្វើ​កិច្ចការ​ជាច្រើន ដើម្បី​ការពារ​បរិស្ថាន រួមមាន បញ្ហា​ដីធ្លី និង​ព្រៃឈើ ក្នុង​ឧទ្យាន​ជាតិ​គិរី​រម្យ ការ​បំពុល​ទឹកស្ទឹង​សង្កែ ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ស្ទឹង​សៀមរាប ,​ការ​បំពុល​បរិស្ថាន​សមុទ្រ ការ​បូម​ខ្សាច់​ខុសច្បាប់ អាជីវកម្ម​រ៉ែ​មាស ការបំផ្លាញ​ព្រៃឈើ និង ភាព​មិន​ប្រក្រតី​ជាច្រើន​ទៀត ដែល​បំផ្លាញ​ធនធានធម្មជាតិ ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន និង​សង្គម ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។