អង្គការសង្គមស៊ីវិលសរុប ២១ ស្ថាប័ន រួមគ្នាធ្វើវេទិកាប្រជាពលរដ្ឋ ស្ដីពី ការការពារលំហសេរីភាពពលរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីសមធម៌ និងយុត្តិធម៌នៅកម្ពុជា ដែលមានរយៈពេលពីរថ្ងៃនៅរាជធានីភ្នំពេញ។ វេទិកានេះ ធ្វើឡើងក្នុងគោលបំណងកំណត់បញ្ហា និងអនុសាសន៍អាទិភាព ពីគ្រប់ភាគីពាក់ព័ន្ធ សម្រាប់ដាក់ជូនអ្នកបង្កើតគោលនយោបាយថ្នាក់ជាតិ និងតំបន់ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) នៅប្រទេសកម្ពុជា ដែលគ្រោងនឹងធ្វើនាខែវិច្ឆិកាខាងមុខ។
អង្គការសីលការ SILKA អង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន YRDP អង្គការសង់ត្រាល់ CENTRAL និងអង្គការខុមហ្វ្រេល COMFREL រួមជាមួយអង្គការសង្គមស៊ីវិលផ្សេងៗទៀត សរុបចំនួន២១ស្ថាប័ន បានរួមគ្នាធ្វើពិធីវេទិកាប្រជាពលរដ្ឋកម្ពុជា នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា។ វេទិកានេះ មានអ្នកចូលរួមសរុបជាង៤០០រយនាក់ (៤២១នាក់) ដោយពួកគេទាំងនោះ ភាគច្រើនជាប្រជាសហគមន៍មកពីតាមបណ្ដាខេត្តនានា ក្នុងនោះក៏រួមមានសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និស្សិត និងបុគ្គលិកអង្គការម្ចាស់ជំនួយចូលរួមផងដែរ។ កម្មវិធីថ្ងៃទី១ នៃវេទិកាប្រជាពលរដ្ឋកម្ពុជានេះ មានកិច្ចពិភាក្សាពេញអង្គ១ និងសិក្ខាសាលាសរុបចំនួន៨ផ្សេងៗគ្នាទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស បញ្ហាបរិស្ថាន សុវត្ថិភាពឌីជីថល និងការពង្រឹងសិទ្ធិអំណាចដល់ក្រុមងាយរងគ្រោះជាដើម។
ប្រធានអង្គការសីលការកញ្ញា សេង រាសី មានប្រសាសន៍ថា វេទិការប្រជាពលរដ្ឋនេះ គឺជាការផ្ដល់ឱកាសដល់ប្រជាពលរដ្ឋតាមសហគមន៍ និងអង្គការសង្គមស៊ីវិល ឱ្យលើកឡើងពីបញ្ហាដែលកំពុងកើតមាន ដើម្បីលើកកម្ពស់លំហប្រជាពលរដ្ឋ សមធម៌ និងយុត្តិធម៌សង្គម។ កញ្ញាបន្តថា លទ្ធផលដែលទទួលបានពីកិច្ចពិភាក្សាវេទិកានេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងសេចក្ដីថ្លែងការណ៍ របស់សង្គមស៊ីវិលអាស៊ាន និង វេទិកាប្រជាពលរដ្ឋអាស៊ាន ដើម្បីដាក់ជូនរដ្ឋាភិបាលកម្ពុជា និងក្រុមមេដឹកនាំអាស៊ានដើម្បីរៀបចំគោលនយោបាយ ដោះស្រាយបញ្ហាទាំងនោះ៖ « វេទីកាប្រជាពលរដ្ឋកម្ពុជា យើងចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០១៥ តែយើងខកខានអត់បានធ្វើវេទិកាប្រជាពលរដ្ឋកម្ពុជានេះ នៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារតែកូវីដ១៩។ ហើយយើងមើលឃើញថាឱកាសនៅឆ្នាំ២០២២នេះ គឺជាពេលវេលាសំខាន់មួយ ដែលយើងអាចមានឱកាស មានលទ្ធភាពក្នុងការមកជុំគ្នាបាន នៅក្នុងវេទិការបៀបនេះ ដើម្បីធានាក្នុងការមើលអំពីបរិបទនឹងឡើងវិញ ថាតើបញ្ហាប្រឈមដែលប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជាអង្គការសង្គមស៊ីវិល បានធ្វើការកន្លងមកហ្នឹងមានបញ្ហាប្រឈមហ្នឹង នៅក្នុងបរិបទកូវីដ១៩ តើមានបញ្ហាប្រឈមអីថ្មីទៀត»។
មន្ត្រីសម្របសម្រួលគម្រោងនៃបណ្ដាញយុវជនកម្ពុជា ហៅកាត់ថា CYN លោក អូត ឡាទីន យល់ឃើញថា វេទិកានេះ បានផ្ដល់នូវឱកាសឱ្យសង្គមស៊ីវិល សកម្មជន និងប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះពីការអភិវឌ្ឍកន្លងមកបានជួបគ្នា និងបង្កើនសាមគ្គីភាពជាមួយគ្នាទៅវិញទៅមក។
លោក អូត ឡាទីន បន្ថែមថា សិក្ខាសាលាដែលផ្ដោតលើប្រធានបទស្ដីពី សិទ្ធិ និងសេរីភាពជាមូលដ្ឋាន នៅក្នុងការចូលរួមការពារធនធានធម្មជាតិនៅកម្ពុជា ដែលលោកបានចូលរួម បានរកឃើញនូវអនុសាសន៍ចំនួន៣ រួមមាន ទី១ រដ្ឋាភិបាលត្រូវធានាភាពឯករាជ្យនៃប្រព័ន្ធតុលាការ និងបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការគំរាមកំហែងទៅលើសកម្មជនបរិស្ថាន និងលុបចោលរាល់បទចោទទៅលើសកម្មជនបរិស្ថានជាដើម។ អនុសាសន៍ទី២ រដ្ឋាភិបាលគួរបង្កើតនូវច្បាប់ស្ដីពីការគ្រប់គ្រងឆ្នេរសមុទ្រ ដើម្បីអភិរក្សប្រព័ន្ធជីវចម្រុះតាមឆ្នេរសមុទ្រ និងបញ្ចៀសការកាន់កាប់ដីឆ្នេរសមុទ្រដោយខុសច្បាប់ និងអនុសាសន៍ចុងក្រោយ រដ្ឋាភិបាលត្រូវពន្លឿននីតិវិធីនៅក្នុងការចុះបញ្ជីសហគមន៍នានា នៅទូទាំងប្រទេស ដើម្បីលើកកម្ពស់សិទ្ធិប្រជាសហគមន៍ទាំងនោះ នៅក្នុងការចូលរួមការពារធនធានធម្មជាតិ៖ « សារជារួមដែលបងប្អូនប្រជាពលរដ្ឋ គាត់លើកឡើង ខ្ញុំគិតថា គឺជាចំណុចមួយដែលរាជរដ្ឋាភិបាលគួរតែយកទៅធ្វើការពិចារណា ហើយនឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ទី១ ដើម្បីផលប្រយោជន៍ជាសាធារណៈប្រជាពលរដ្ឋផង ទី២ រដ្ឋាភិបាលខ្លួនឯងក៏មានប្រជាប្រិយភាពផង អញ្ចឹងបើសិនជា គ្រប់បញ្ហា គ្រប់អនុសាសន៍ដែលយើងដាក់ស្នើទៅ អត់មានដំណោះស្រាយ ហើយមានតែយកទៅទុកចោល ឬក៏មិនអើពើ អាហ្នឹងខ្ញុំគិតថា វាប៉ះពាល់ទៅលើរាជរដ្ឋាភិបាលខ្លួនឯងទេ វាពាក់ព័ន្ធជាមួយប្រជាប្រិយភាពទៅណាស់»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីបកស្រាយជុំវិញរឿងនេះបាននៅឡើយទេនៅថ្ងៃទី១៦ ខែតុលា ដោយទូរស័ព្ទហៅចូលតែមិនមានអ្នកទទួល។
វេទិកាប្រជាពលរដ្ឋកម្ពុជានៅថ្ងៃទី១៦ ខែតុលា មានវាគ្មិនល្បីៗមកពីតាមវិស័យផ្សេងគ្នាជាច្រើនរូបបានចូលរួម ក្នុងនោះក៏មានបណ្ឌិត ឡៅ ម៉ុងហៃ បណ្ឌិត មាស នី បណ្ដិត ប៉ា ចន្ទរឿន និងថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលជាច្រើនចូលរួម។ វេទិកានេះ នឹងបន្តធ្វើនៅថ្ងៃទី១៧ ខែតុលា មួយថ្ងៃទៀត ហើយនឹងមានកិច្ចពិភាក្សាពេញអង្គ១ និងសិក្ខាសាលាផ្សេងគ្នាសរុបចំនួន៤ទៀត ដោយផ្ដោតទៅលើប្រធានបទ ចលនានៅកម្ពុជាឆ្ពោះទៅសហគមន៍គ្មានអំពើហិង្សា គ្មានអំពើពុករលួយ និងគ្មានការរើសអើង ដើម្បីសមធម៌ និងយុត្តិធម៌សង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។