អាជ្ញាធរ​ថៃ​សម្រេច​ឃុំខ្លួន​ពលករ​ខ្មែរ​ជាង​២​រយ​នាក់​ដោយសារ​គ្មាន​ឯកសារ​ធ្វើការ​ស្របច្បាប់

0:00 / 0:00

អាជ្ញាធរ​ថៃ​សម្រេច​ឃុំខ្លួន​ពលករ​ខ្មែរ​ដែល​គ្មាន​ឯកសារ​ធ្វើ​ការងារ​ស្របច្បាប់​ជាង​២​រយ​នាក់​នៅ​ខេត្ត​អយុធ្យា។ ដោយឡែក​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ជាង​៣០​នាក់​ផ្សេងទៀត ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​នៅ​ស្រុក​អារញ្ញប្រាថេត (Aranyaprathet) នៅ​ជាប់​ព្រំដែន​កម្ពុជា កាលពី​ថ្ងៃទី​១៩ តុលា ។ មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ប្រញាប់​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ថៃ ឲ្យ​ដោះលែង​ពួកគេ​ឱ្យ​បាន​ឆាប់ ព្រមទាំង​សម្រួល​ធ្វើ​ឯកសារ​ស្របច្បាប់ ដើម្បី​អាច​ធ្វើ​ការងារ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព។

មន្ត្រី​សង្គម​ស៊ីវិល​មើលឃើញ​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​ដែល​សន្យា​ជួយ​ដោះស្រាយ​រឿង​ប៉ូលិស​ថៃ​ចាប់​ពលករ​ខ្មែរ​កាល​ពី​ពេល​ថ្មីៗ​នេះ ហាក់​គ្មាន​លទ្ធផល​វិជ្ជមាន​ណាមួយ​នៅ​ឡើយ​មក​ដល់​ពេល​នេះ ពីព្រោះ​កម្មករ​ជាង ២​រយ​នាក់​កំពុង​ជាប់គុក​នៅ​ខេត្ត​អយុធ្យា កំពុង​ប្រឈម​នឹង​ប៉ូលិស​ថៃ​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ។

មន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​របស់​អង្គការ​សង់ត្រាល់ (CENTRAL) លោក លឹង សុផុន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តាមច្បាប់​ការងារ​របស់​ថៃ​ពលករ​ដែល​គ្មាន​សំបុត្រ​ស្នាម​ធ្វើ​ការងារ​ស្របច្បាប់​ប្រឈម​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​នេះ​រយៈពេល​៤៥​ថ្ងៃ មុន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ លោក​បារម្ភ​ថា អំឡុង​ពេល​ជាប់ឃុំ​នេះ​ធ្វើ​ឱ្យ​ពលករ​ខ្មែរ​ជួប​ទុក្ខ​លំបាក​ក្នុង​ការ​ទំនាក់ទំនង​អំពី​សុខទុក្ខ​ជាមួយ​សាច់ញាតិ ការ​ហូបចុក និង​ការ​បាត់បង់​សិទ្ធិ​ជាដើម​ដែល​រដ្ឋាភិបាល ឬ​មន្ត្រី​ស្ថានទូត​ខ្មែរ​គួរតែ​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ថៃ ជាពិសេស​ជំរុញ​ទៅ​ថៅកែ​ពួកគេ​ចេញមុខ​ដោះស្រាយ​ដោយ​ធានា​ធ្វើ​ឯកសារ​ស្របច្បាប់​ឱ្យ​បាន​ឆាប់។

លោក លឹង សុផុន៖ «ពួកគាត់​នៅតែ​រង់ចាំ​ថៅកែ ប៉ុន្តែ​ថ្មីៗ​នេះ​គាត់​មិនទាន់​ឃើញ​ថៅកែ​ចេញ​មក​ធានា​រ៉ាប់រង​ប្រហែល​ធ្វើ​ឱ្យ​គាត់​អស់សង្ឃឹម​ថា​គេ(អាជ្ញាធរ​ថៃ)នឹង​បញ្ជូន​គាត់​ទៅ​ព្រំដែន ឬ​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​អ៊ីចឹង។ កន្លង​មក​ខ្ញុំ​ឃើញ​ច្រើនណាស់​ពេល​ពួកគាត់​នៅ​ក្នុង​ពន្ធនាគារ​នោះ​យើង​ដឹង​ស្រាប់​ហើយ​ថា ពួកគាត់​មិនអាច​ទំនាក់ទំនង​ទៅ​សាច់​ញាតិ​បាន​ទេ មិន​មាន​សិទ្ធិ​សេរីភាព មិនអាច​ធ្វើ​អ្វី​តាមចិត្ត​របស់​គាត់​បាន មានការ​ហាមឃាត់​ការ​ចេញចូល​កន្លែង​ហ្នឹង​ដែល​នាំ​ការ​ទំនាក់​ទំនាក់​ទៅ​ពួកគាត់​ក៏​ជួប​ការ​លំបាក​ដែរ»។

កាលពី​ថ្ងៃទី​១២ ខែតុលា អាជ្ញាធរ​ថៃ​បាន​ព័ន្ធ​ចាប់ខ្លួន​ពលករ​ចំណាកស្រុក​ខុសច្បាប់​ជាង ១​ពាន់​នាក់​ដែល​ធ្វើការ​ជា​កម្មករ​សំណង់​នៅ​ខេត្ត​អយុធ្យា (Ayuthaya) ក្នុង​ប្រទេស​ថៃ (Thailand)។ ក្នុង​នោះ​រួមមាន​ពលករ​ខ្មែរ​ជាង​៤​រយ​នាក់ ព្រមទាំង​ពលករ​ភូមា និង​វៀតណាម​ផង​ដែរ។ ប៉ុន្តែ​ករណី​នេះ​អាជ្ញាធរ​ថៃ​បាន​ដោះលែង​ពលរដ្ឋ​ខ្មែរ​ខ្លះ​ឱ្យ​វិលត្រឡប់​ទៅ​កន្លែង​ការងារ​វិញ ក្រោយ​ពេល​ថៅកែ​ធានា​ដោយ​សន្យា​ធ្វើ​សំបុត្រស្នាម​ស្របច្បាប់​ជូន​ពួកគេ។

ស្រដៀង​គ្នា​នេះ​ដែរ បញ្ជាការ​កងទ័ពជើងគោក​ថៃ ប្រចាំ​តំបន់​នៅ​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ កាល​ថ្ងៃទី​១៩ ខែតុលា បាន​ចាប់​ពលករ​ខ្មែរ​ចំណាកស្រុក​ខុសច្បាប់​ជាង​៣០​នាក់​(៣៣​នាក់​)​។ ពលរដ្ឋ​ខ្មែរ​ចូល​ប្រទេស​ថៃ នោះ​គ្មាន​ឯកសារ​សម្រាប់​ធ្វើដំណើរ និង​បង់ប្រាក់​ឱ្យ​មេខ្យល់​នាំ​លួច​ឆ្លងដែន​ផ្លូវ​កាត់​ដោយ​ខុសច្បាប់។ បច្ចុប្បន្ន​កម្មករ​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​ប៉ូលិស​ខ្លងណាំសៃ​(Khlong Nam Sai Police Station) ដើម្បី​ចាត់ការ​តាមច្បាប់។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​មន្ត្រី​អនុព័ន្ធ​ការងារ​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​លោក ឈឹម វិបុល និង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក កត្តា អ៊ន ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២១ ខែ​តុលា។

ជុំវិញ​រឿង​នេះ​លោក លឹង សុផុន មើល​ឃើញ​ថា បញ្ហា​ពលរដ្ឋ​ខ្មែរ​ចំណាក​ខុសច្បាប់​ស្រុក​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​កើតឡើង​ដដែលៗ ដោយ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​មក​ដល់​ពេល​នេះ ។ លោក​បន្ត​ថា ពលករ​ដែល​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ដោយសារ​ឆ្លងដែន​ខុសច្បាប់ និង​ធ្វើ​ការងារ​ខុសច្បាប់​កន្លងមក​តែងតែ​ជាប់គុក និង​បញ្ជូន​ទៅ​កម្ពុជា​វិញ​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក​មិនសូវ​ឃើញ​រដ្ឋាភិបាល​ជួយ​សម្របសម្រួល​ជាមួយ​ភាគី​ថៃ​ចំពោះ​បញ្ហា​នេះ​ឱ្យ​មាន​លទ្ធផល​ប្រសើរ​សម្រាប់​កម្មករ​នោះ​ទេ។

លោក លឹង សុផុន៖ «សម្រាប់​ខ្ញុំ​ចង់ឱ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​ផ្សព្វផ្សាយ​ឱ្យ​បាន​ជាក់លាក់​ថា ករណី​ពួកគាត់​អាច​ដោះស្រាយ​បាន ឬ​ដោះស្រាយ​មិនបាន​ប៉ុណ្ណា​សូម​ប្រាប់​មក​ពលករ​មក ពេល​ខ្លះទៅ​ពលករ​សង្ឃឹម​ទៅលើ​អាជ្ញាធរ ស្ថានទូត​កម្ពុជា​ដែល​ជា​តំណាង​ឱ្យ​ប្រទេស​ធ្វើការ​នៅ​ប្រទេស​ថៃ​មក​ជួយ​ដោះស្រាយ តែ​មិនឃើញ​មក​ដោះស្រាយ ហើយ​មិន​មាន​លទ្ធផល​អ្វី​ក្រៅពី​ចាប់​បញ្ជូន​ទៅវិញ ហាក់ដូចជា​មិន​ដោះស្រាយ​ឱ្យ​ដែរ​ហ្នឹង»។

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​រដ្ឋាភិបាល​គួរតែ​បង្កើត​ការងារ​ក្នុងស្រុក​ឱ្យ​បាន​ច្រើន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ និង​បំណុល​ធនាគារ​ជាដើម​។ បន្ថែម​ពី​នេះ​រដ្ឋាភិបាល​ត្រូវ​កាត់បន្ថយ​ការ​ចំណាយ​របស់​កម្មករ​ឱ្យ​ទាប​ទៅលើ​តម្លៃ​ធ្វើ​លិខិត​ឆ្លងដែន និង​ការ​ធ្វើ​ប័ណ្ណ​ការងារ​នានា។ ដោយឡែក ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​មិន​ដោះស្រាយ​បញ្ហា​នេះ​ទេ នោះ​ប្រជាពលរដ្ឋ​នឹង​នៅតែ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់ និង​រងគ្រោះ​កាន់តែ​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។