សកម្មជនចលនាមាតាធម្មជាតិកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ទទួលបានពានរង្វាន់ពីអង្គការអន្តរជាតិ Frontline Defenders ចំពោះភាពក្លាហាន និងការហ៊ានប្រថុយប្រថានគ្រោះថ្នាក់ ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។ ពួកគាត់ ថាពានរង្វាន់នេះ លើកទឹកចិត្តពួកគាត់និងយុវជនដទៃ ឲ្យបន្តសកម្មភាពឈឺឆ្អាលរឿងបរិស្ថាន និងធនធានធម្មជាតិ កាន់តែខ្លាំងក្លាថែមទៀត។
ក្រុមយុវជនចលនាមាតាធម្មជាតិ បង្ហាញអារម្មណ៍ចម្រុះ ក្រោយទទួលបានពានរង្វាន់អន្តរជាតិនោះ។ ពួកគាត់ត្រេកអរ លាយឡំនឹងការសោកស្តាយ។ ពួកគាត់រំភើបចិត្តខ្លាំង ព្រោះពួកគាត់មិនរំពឹងទុកថា ទទួលបានរង្វាន់ជាលក្ខណៈអន្តរជាតិបែបនេះនោះឡើយ។

សមាជិកនៃក្រុមយុវជនចលនាមាតាធម្មជាតិ យុវតី ស៊ុន រដ្ឋា ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៤ ខែវិច្ឆកា ថាអ្វីដែលក្រុមយុវជនពួកគាត់បានធ្វើ ផ្នែកការពារបរិស្ថាន និងធនធានធម្មជាតិនោះ មានការទទួលស្គាល់ជាអន្តរជាតិ។ ប៉ុន្តែកញ្ញាខកចិត្តដែលសកម្មភាពឈឺឆ្អាលកិច្ចការសង្គម ដើម្បីប្រយោជន៍រួមបែបនេះ បែរជាត្រូវអាជ្ញាធរនៃរដ្ឋាភិបាលកម្ពុជាខ្លួនឯង មិនត្រឹមតែមើលរំលងនោះទេ ប៉ុន្តែតាមធ្វើទុក្ខបុកម្នេញក្រុមការងាររបស់កញ្ញាឥតស្រាកស្រាន្តទៅវិញ៖ «ស្របពេលហ្នឹងយើងក៏មានអារម្មណ៍ ស្រងាកចិត្ត និងសោកស្ដាយខ្លាំងមែនទែន នៅពេលដែលយើងខំធ្វើការងារទាំងអស់ហ្នឹង យើងបែរត្រូវទទួលការចាប់ដាក់ពន្ធនាគារ ជារង្វាន់របស់សកម្មជនបរិស្ថាន នៅក្នុងពន្ធនាគាររយៈពេលដូចគ្នាខ្ញុំខ្លះ ឡើងមួយឆ្នាំជាង ហើយពួកខ្ញុំនៅប្រាំខែ។ ទោះបីទទួលបានការនៅក្រៅឃុំបណ្តោះអាសន្ន មិនមែនមានន័យថា ពួកខ្ញុំមានសេរីភាពឡើងវិញទេ។ ពួកខ្ញុំស្ថិតក្រោមការតាមដានយ៉ាងតឹងរ៉ឹង»។
យុវជនចលនាមាតាធម្មជាតិនៃប្រទេសកម្ពុជាស្ថិតក្នុងចំណោមក្រុមសកម្មជនបរិស្ថាននិងសិទ្ធិមនុស្សពីប្រទេសចំនួន ៦ រួមមាន កម្ពុជា ប៉ាឡេស្ទីន(Palestine) សេរ៉ាឡេអូន (Sierra Leone) បេឡារូស (Belarus) ព័រទុយហ្កាល់ (Portugal) និងប្រេស៊ីល (Brazil) ដែលជាអ្នកទទួលបានពានរង្វាន់សកម្មជនជួរមុខ ពីអង្គការអន្តរជាតិការពារសកម្មជន ហ្រ្វាន់ឡាញ ឌីហ្វិនឌើរ (Frontline Defenders) ដែលមានមូលដ្ឋាននៅទីក្រុង ឌុប្ល៊ីន(Dublin) ប្រទេសអៀរឡង់ (Ireland)។ ពិធីប្រគល់រង្វាន់នេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ។
ពានរង្វាន់សម្មជនជួរមុខនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដើម្បីទទួលស្គាល់កិច្ចការរបស់សកម្មជនបរិស្ថាន សង្គម និងសិទ្ធិមនុស្ស ដែលក្លាហាន ហ៊ានចូលរួមសកម្មភាពលើកកម្ពស់ និងការពារបរិស្ថាន ធនធានធម្មជាតិ និងសិទ្ធិមនុស្ស ទោះបីដឹងថា កិច្ចការនេះធ្វើឲ្យមានគ្រោះថ្នាក់ខ្លាំងដល់ខ្លួនយ៉ាងណាក៏ដោយ។
សមាជិកនៃក្រុមយុវជនចលនាមាតាធម្មជាតិមួយរូបទៀត ចាត់ទុកពានរង្វាន់នេះ ជាសក្ខីភាព បញ្ជាក់ថា ការងារដែលពួកគាត់ធ្វើកន្លងមក គឺត្រឹមត្រូវ និងមិនខុសច្បាប់។ យុវជន លី ចាន់ដារ៉ាវុធ ដែលទើបចេញពីពន្ធនាគារ ប្រាប់វិទ្យុអាស៊ីសេរីថា សាកលលោកទទួលស្គាល់ និងឲ្យតម្លៃការងាររបស់ក្រុមរបស់លោក។ លោកថា ពានរង្វាន់នេះ គឺក្រុមលោកទទួលក្នុងនាមជាប្រជាពលរដ្ឋខ្មែរជាច្រើននាក់ផ្សេងទៀត ដែលតស៊ូផ្នែកបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។ រង្វាន់នេះ លោកថាជាការលើកទឹកចិត្តដល់សកម្មជនទាំងអស់។
មិនខុសពីសមាជិកក្រុមចលនាមាតាធម្មជាតិកញ្ញា ស៊ុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ ខកចិត្តនឹងអាជ្ញាធរកម្ពុជា ដែលជាម៉ែជាឳ តែបែរជាមិនលើកទឹកចិត្តក្រុមយុវជន ឲ្យនាំគ្នាចូលរួមឈឺឆ្អាលកិច្ចការនេះ តែបែរជាតាមយាយីធ្វើបាបពួកគាត់ទៅវិញ៖ «មើលពានរង្វាន់នេះចេញពីប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ។ ជាប្រទេសមួយផ្តល់តម្លៃដល់ប្រជាពលរដ្ឋ ផ្តល់តម្លៃសាកលដល់មនុស្ស ដែលមនុស្សគ្រប់គ្នាមានសិទ្ធិស្មើគ្នា។ គេទទួលស្គាល់ការលះបង់របស់មនុស្ស មិនថាត្រឹមតែប្រទេសរបស់ខ្លួនទេ តែទូទាំងសាកលលោក។ តែប្រៀបធៀបទៅប្រទេសយើងវិញ ប្រជាធិបតេយ្យរបស់យើងហាក់ដូចជាដើរថយក្រោយ។ យើងកំពុងស្ថិតក្នុងរបបមួយដែលផ្តាច់ការ សិទ្ធិសេរីភាពរបស់យើងត្រូវបានគេរឹតត្បិត។ ប៉ុន្តែខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរ នឹងផ្តល់តម្លៃ ពេលពួកគាត់ដឹងថា យើងបានទទួលបានពានរង្វាន់ហ្នឹង»។
ក្រោយដំណឹងនៃការផ្តល់ពានរង្វាន់នេះចេញភ្លាម ប្រជាពលរដ្ឋខ្មែរជាច្រើន បានផ្ញើសារអបអរសាទរ ចែករម្លែកព័ត៌មានតាមបណ្តាញសង្គមយ៉ាងផុលផុស។ ជាមួយគ្នានេះមន្រ្តីអង្គការសហប្រជាជាតិ ក៏បានផ្ញើសារអបអរសាទរក្រុមយុវជននៃចលនាមាតាធម្មជាតិទាំងនេះភ្លាមដែរ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាលោក វិទិត មុនតាប៊ន(Vitit Muntarbhorn) សរសេរសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដោយលោកសូមអបអរសាទរ ដល់ចលនាមាតាធម្មជាតិកម្ពុជា ចំពោះការទទួលស្គាល់ជាសាកលដ៏សំខាន់នេះ។
លោកបន្តថា ការការពារបរិស្ថាន គឺជាតម្រូវការដ៏ចាំបាច់បំផុតមួយ នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ដូចដែលត្រូវបានទទួលស្គាល់ កាលពីខែមុន តាមរយៈសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សលេខ ៤៨/១៣។
លោកថា ការការពារបរិស្ថាន មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធទៅនឹងការអំពាវនាវឱ្យមានសន្តិភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព។
Congratulations to Cambodian environmental defenders in winning global #HumanRightsDefenders #Award! [English below]...
Posted by Special Rapporteur Cambodia on Wednesday, November 24, 2021
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការយល់ឃើញពីអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ជុំវិញរឿងនេះបាននៅឡើយទេ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។
ទោះជាយ៉ាងនេះក្ដី សមាជិកក្រុមយុវជនចលនាមាតាធម្មជាតិទាំងនេះ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា និងមន្រ្តីស្ថាប័នពាក់ព័ន្ធទាំងអស់ ផ្លាស់ប្តូរឥរិយាបទ និងងាកមកចេះគិតគូរ យកចិត្តទុកដាក់ ឲ្យតម្លៃ និងលើកទឹកចិត្ត ដល់សកម្មជនសង្គមទាំងអស់ ដើម្បីរួមសហការជាមួយគ្នា ការពារបរិស្ថាន និងធនធានធម្មជាតិឲ្យគង់វង្ស។ ជាមួយគ្នានេះពួកគាត់លើកទឹកចិត្តឲ្យពលរដ្ឋខ្មែរច្រើនថែមទៀត ចេះនិងហ៊ានប្រើសិទ្ធិស្របច្បាប់ ដើម្បីបុព្វហេតុការពារបរិស្ថាន និងធនធានធម្មជាតិនេះ៖ «បើសិនជាប្រជាជនចាប់ផ្តើមនាំគ្នាប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការការពារបរិស្ថាន ខ្ញុំគិតថា ការធ្វើទុក្ខបុកម្នេញលើសកម្មជនបរិស្ថាននឹងថយចុះ ដោយសារតែយើងរួមគ្នាការពារទៅវិញទៅមក។ ប៉ុន្តែបើសិនជាមានយុវជនតែពីរបីនាក់បែបនេះ ខ្ញុំគិតថា គេងាយស្រួលបង្ក្រាប។ ដូច្នេះខ្ញុំគិតថាយុវជននៅតែអាចចូលរួមធ្វើសកម្មភាពការពារបរិស្ថានរបស់ខ្លួនបាន ដោយភាពក្លាហាន និងភាពវ័យឆ្លាតរបស់ខ្លួន។ ស៊ុន រដ្ឋា៖ ជាសំណូមពរ ឬសារពីខ្ញុំទៅ ចង់ឲ្យអ្នកទាំងអស់គ្នា មើលឃើញពីផលប្រយោជន៍រួម ហើយងាកមកការពារផលប្រយោជន៍រួមហ្នឹងទាំងអស់គ្នា ដើម្បីកូនចៅជំនាន់ក្រោយ»។
ជាមួយគ្នានេះ ពួកគាត់អំពាវនាវដល់យុវជនខ្មែរទាំងអស់ រួមគ្នាយកចំណេះដឹង និងជំនាញដែលបានរៀនសូត្រពីសាលា មកចូលរួមកិច្ចការទាំងនេះ ព្រោះយុវជនជាម្ចាស់វាសនា ម្ចាស់ប្រទេស ដែលមានសិទ្ធិឈឺឆ្អាលកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិនេះ។ ពួកគាត់បន្តប្តេជ្ញាថានឹងបន្តធ្វើសកម្មភាពសង្គមនេះ តទៅទៀតដោយមិនរាថយឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។