ក្រុមសកម្មជនសង្គម និងសកម្មជនបរិស្ថាន ដែលទើបចេញពីពន្ធនាគារ រួមទាំងលោក រ៉ុង ឈុន បានធ្វើសន្និសីទកាសែត រក្សាជំហរបន្តកិច្ចការងារសង្គមជាតិ ដែលច្បាប់ផ្តល់សិទ្ធិឱ្យ។ ក្រុមសកម្មជនទាំងនោះ ប្រាថ្នាចង់ឃើញពលរដ្ឋគ្រប់ៗ រូប ត្រូវក្លាហាន ធ្វើការងារសង្គមជាតិទាំងអស់គ្នា ដោយមិនត្រូវភ័យខ្លាច ដោយសារតែអាជ្ញាធរចាប់ខ្លួន និងឃុំខ្លួន ពួកគាត់នោះទេ។
ក្រុមសកម្មជនសង្គម សកម្មជនបរិស្ថាន និងប្រធានសហភាពសហជីពកម្ពុជា (CCU) លោក រ៉ុង ឈុន តាំងជំហរបន្តកិច្ចការងារសង្គម និងបរិស្ថាន ដើម្បីស្វែងរកសេរីភាព ការគោរពសិទ្ធិមនុស្ស និងការអនុវត្តប្រជាធិបតេយ្យពេញលេញ។ ពួកគេថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ វិច្ឆិកា ក្នុងសន្និសីទកាសែតស្ដីពី ''ជំហររបស់សកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស'' ដែលរៀបចំឡើងដោយ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្វើឡើងនៅលើផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ។
មេដឹកនាំសហជីពលោក រ៉ុង ឈុន បានថ្លែងក្នុងសន្និសីទកាសែតនោះថា លោកមិនព្រួយបារម្ភនោះទេ ក្នុងការបន្តកិច្ចការងារសង្គម បើទោះបីជាត្រូវជាប់ពន្ធនាគារបន្តទៀតក្តី។ លោកស្នើឱ្យពលរដ្ឋ និងយុវជនទាំងអស់ ត្រូវរួមគ្នាធ្វើការងារសង្គមជាតិ ប្រសិនបើឃើញ ថ្នាក់ដឹកនាំរដ្ឋមានចន្លោះប្រហោងច្រើន ត្រូវបំពេញបន្ថែម៖ «ខ្ញុំមិនមានការព្រួយបារម្ភអ្វីទេ ពីព្រោះយើងធ្វើអ្វីៗ ស្របតាមច្បាប់។ ក្នុងនាមយើងពលរដ្ឋម្នាក់ យើងត្រូវតែចូលរួមឈឺឆ្អាលរឿងសង្គម។ ក្នុងរបបលទ្ធិប្រជាធិបតេយ្យ យើងត្រូវចូលរួមយ៉ាងសកម្ម ក្នុងនាមយើងពលរដ្ឋ។
ចំណែកយុវជនសង្គម អ្នកនាង ឈឿន ដារ៉ាវី ចង់ឃើញពលរដ្ឋ និងយុវជនគ្រប់រូប ត្រូវក្លាហាន និងឈឺឆ្អាល រឿងសង្គមជាតិទាំងអស់គ្នាដោយបំពេញភារកិច្ចក្នុងនាមជាពលរដ្ឋ បម្រើប្រយោជន៍ជាតិ ដោយមិនត្រូវភ័យខ្លាច ក្នុងការសម្ដែងមតិរឿងសង្គមជាតិនោះទេ។ អ្នកនាងបន្ថែមថា ប្រសិនបើសកម្មភាពការងារសង្គមរបស់នាង នៅថ្ងៃខាងមុខ ទើសចិត្តអាជ្ញាធរ ក៏នាងមិនរាថយដែរ៖ «ខ្ញុំបារម្ភពីទឹកចិត្តរបស់បងប្អូនយុវជនយើង ចេញមុខទៅគេសម្លាប់ចេញមុខទៅគេចាប់។ ខ្ញុំបារម្ភពីស្មារតី បើសិនជាពួកគាត់មានគំនិតបែបហ្នឹង ខ្ញុំមើលឃើញថា គាត់កំសាក ហើយជារឿងមួយ ដែលមិនគួរទេ ខ្ញុំចង់ឱ្យពួកគាត់ដឹងពីភារកិច្ចរបស់ខ្លួន មិនថាតែយុវជន ពលរដ្ឋ គួរតែឈឺឆ្អាលរឿងសង្គមជាតិទាំងអស់គ្នា។ មិនមែនមានតែពួកខ្ញុំប៉ុណ្ណឹងទេ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា យុវជនទាំងនោះ មានការប្ដេជ្ញាចិត្តបែបណាក្ដី សូមកុំឱ្យតែប្រព្រឹត្តល្មើសច្បាប់បន្តទៀត ព្រោះការចាប់ខ្លួន និងឃុំខ្លួនកន្លងទៅ មកពីពួកគាត់ទាំងនោះ ធ្វើសកម្មភាពខុសច្បាប់។ តែយ៉ាងណា លោកថា ប្រសិនបើយុវជនទាំងនោះចេញពីពន្ធនាគារ បន្តធ្វើការងារសង្គម ស្របតាមរដ្ឋធម្មនុញ្ញ នឹងមិនខុសច្បាប់ទេ៖ «បើគាត់ចេញមកគេដាក់គាត់ក្រោមការត្រួតពិនិត្យរបស់តុលាការហើយ គាត់នៅតែប្រព្រឹត្តល្មើសច្បាប់ទៀត។ អាហ្នឹងគាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ បើត្រូវតាមរដ្ឋធម្មនុញ្ញអត់មានបញ្ហាទេ បើខ្លាចត្រូវតែខ្លួនគាត់ ច្បាប់មិនត្រូវ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា យល់ថា សកម្មភាពរបស់ក្រុមសកម្មជនទាំងនោះកន្លងទៅ ជាការបម្រើប្រយោជន៍ជាតិ ស្របតាមច្បាប់ ពុំមានអ្វីខុសឆ្គងនោះទេ។ ប៉ុន្តែលោកបារម្ភថា ពួកគាត់នឹងពិបាកធ្វើការងារសង្គមឱ្យបានពេញលេញដោយសារជាប់លក្ខខណ្ឌរបស់តុលាការ៖ «តុលាការគួរតែទម្លាក់ចោល បទចោទប្រកាន់ទៅលើពួកគាត់ទាំងអស់។ អ្វីដែលសកម្មភាពពួកគាត់ហ្នឹង ធ្វើឡើងស្របតាមសិទ្ធិសេរីភាពជាមូលដ្ឋាន នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ។ អ្វីដែលបំពេញទាំងអស់នេះ ជាប្រយោជន៍របស់សង្គមជាតិយើង។ គួរតែបញ្ចប់ដាក់លក្ខខណ្ឌទាំងឡាយនេះ ដើម្បីឱ្យពួកគាត់អនុវត្តសិទ្ធិសេរីភាពឱ្យបានពេញលេញ»។
បើទោះបីជា មានការរារាំងពីសំណាក់អាជ្ញាធរក្រុងភ្នំពេញ មិនអនុញ្ញាតឱ្យសកម្មជនទាំងនោះ ធ្វើសន្និសីទកាសែត ក្នុងហាងកាហ្វេខាល់ឆ័រ (Coffee Culture) ដែលស្ថិតនៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ក៏ពួកគាត់បន្តរៀបចំនៅលើផ្លូវសាធារណៈ បានដោយជោគជ័យ។ ក្នុងសន្និសីទនោះ មានអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធចូលរួមផ្ដិតយករូបភាព និងយកព័ត៌មាន។
តុលាការក្រុងភ្នំពេញ បានដោះលែងលោក រ៉ុង ឈុន យុវជនខ្មែរថាវរៈ យុវជនមាតាធម្មជាតិ សកម្មជននយោបាយ និងសមាជិកសង្គមស៊ីវិលសរុប ២៧នាក់ពីពន្ធនាគារក្នុងរយៈពេល ២សប្ដាហ៍ចុងក្រោយនេះ។ ប៉ុន្តែពួកគាត់ភាគច្រើន នៅជាប់លក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការចន្លោះពី ២ឆ្នាំ ទៅ ៣ឆ្នាំបន្ថែមទៀត ដែលធ្វើឱ្យពួកគេបាត់បង់សេរីភាពជាមូលដ្ឋានជាច្រើនរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។