ក្រុមហ៊ុន​ណាហ្គាវើលដ៍​បង្ខំ​បុគ្គលិក​ជា​សហជីព​ចំនួន​១២​នាក់​ឲ្យ​បញ្ចប់​កិច្ចសន្យា

0:00 / 0:00

ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍ (NagaWorld) បង្ខំ​បុគ្គលិក ដែល​ជា​សហជីព​ចំនួន ១២​នាក់​ឲ្យ​បញ្ចប់​កិច្ចសន្យា​ការងារ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​។ អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ មិន​អាច​ទទួល​យក​ការ​បញ្ចប់​កិច្ចសន្យា​ដោយ​ដោយ​គ្មាន​កំហុស និង​មិន​បញ្ជាក់​ពី​មូលហេតុ​បាន​នោះ​ទេ។ មន្ត្រី​សហជីព​ថា ការ​បង្ខាំង​បុគ្គលិក​ដើម្បី​បង្ខំ​ឲ្យ​ពួកគេ​លាឈប់​ពី​កន្លែង​ការងារ ជា​ការ​រំលោភ​លើ​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ។

រដ្ឋបាល​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើល​ដ៏ កាលពី​ថ្ងៃទី​១៤ វិច្ឆិកា បាន​ហៅ​បុគ្គលិក ចំនួន​១២​នាក់ ដែល​កំពុងធ្វើការ និង​ជា​សហជីព​នៅក្នុង​កាស៊ីណូ​ណាហ្គាវើលដ៍ ទៅ​ជួប​នៅ​អគារ​មួយ​ដែល​នៅក្នុង​ក្រុមហ៊ុន តែ​បុគ្គលិក​ទាំង​១២​នាក់ បាន​បដិសេធ និង​បាន​សុំ​ជួប​នៅ​អគារ​បណ្ដុះបណ្ដាល​បុគ្គលិក​ជំនួស​វិញ។

រដ្ឋបាល​ក្រុមហ៊ុន​បាន​ហៅ បុគ្គលិក​ទាំង​១២​នាក់ ម្នាក់​ម្ដងៗ ដើម្បី​ឲ្យ​ពួកគេ​ផ្ដិតមេដៃ ឬ​ចុះហត្ថលេខា​លើ​ក្រដាស​ពីរ​សន្លឹក ដែល​រៀបចំ​ដោយ​រដ្ឋបាល​ក្រុមហ៊ុន ទី​១ គឺ​លិខិត​បញ្ចប់​កិច្ចសន្យា​ដោយ​ព្រមព្រៀង និង​ទី​២ គឺ​សេចក្ដីជូនដំណឹង​ការ​រំលាយ​កិច្ចសន្យាការងារ។

បន្ទាប់ពី​បុគ្គលិក​មួយចំនួន​មិន​ព្រម​ផ្ដិតមេដៃ ឬ​ចុះហត្ថលេខា ខាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​បិទ​ទ្វារ​របង​តាំងពី​ម៉ោង​៥​រសៀល មិន​ឲ្យ​ពួកគាត់​ចេញទៅ​ផ្ទះ​នោះ​ទេ រហូត​ដល់​ម៉ោង​៧ កន្លះ​យប់ ក៏​ឃើញ​មាន​សមត្ថកិច្ច​ជាច្រើន​មកដល់​ទីតាំង​នោះ ទើប​បុគ្គលិក​ទាំងនោះ​អាច​ចាក​ចេញពី​ក្រុមហ៊ុន​បាន ។ ទោះជា​យ៉ាងណា ភ្លាមៗ​នោះ សមត្ថកិច្ច​មិនបាន​សាកសួរ​ពី​ការ​បង្ខាំង​បុគ្គលិក​ជាក់ស្ដែង​នោះ​ទេ បែរជា​ឲ្យ​បុគ្គលិក ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បង្ខាំង​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទៅវិញ​។ ក្នុងចំណោម​បុគ្គលិក​ចំនួន​១២​នាក់​នោះ មានតែ​បុគ្គលិក​ម្នាក់​គឺ​កញ្ញា សៀក កញ្ញា ដែល​មិន​ទទួល​យក​សំណើ​នោះ ហើយ​បុគ្គលិក​១១​នាក់​ផ្សេងទៀត​សុទ្ធតែ​ទទួលយក​សំណើ​បញ្ចប់​កិច្ចសន្យា​ដោយ​ព្រមព្រៀង។

អតីត​បុគ្គលិក​ណាហ្គាវើលដ៍​ម្នាក់​គឺ កញ្ញា សៀក កញ្ញា ដែល​មិន​ទទួល​យក​សំណើ​ទាំង​២​ខាងលើ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៥ វិច្ឆិកា​ថា កញ្ញា​មិនអាច​ទទួលយក​ការ​បញ្ចប់​កិច្ចសន្យា​នេះ​បាន​នោះ​ទេ។ កញ្ញា​បន្ត​ថា ក្រោយពី​មិន​ទទួល​យក​សំណើ​ទាំងពីរ​នេះ រដ្ឋបាល​ក្រុមហ៊ុន​បាន​សុំ​គាត់ ថតរូប​ភ្ជាប់​ជាមួយនឹង​លិខិត​ជូនដំណឹង​ការ​រំលាយ​កិច្ចសន្យាការងារ តែ​គាត់​បាន​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ថត បែរ​ជា​រដ្ឋបាល​បាន​ថត​ជា​វីដេអូ។

កញ្ញា សៀក បញ្ញា៖ «ខ្ញុំ​អត់​ព្រម​ទេ ខ្ញុំ​អត់​ព្រម​ទទួលយក​ការ​រំលាយ​កិច្ចសន្យាការងារ ខ្ញុំ​អត់​ព្រម​ទទួល​យក​បញ្ចប់​កិច្ច​សន្យា​ការងារ​ទេ ព្រោះ​អី​ខ្ញុំ​ត្រូវការ​ការងារ​ធ្វើ ខ្ញុំ​អត់​មាន​ខុស​អី​ទេ ព្រោះ​អី​បើសិនជា​ក្រុមហ៊ុន​ចង់​បញ្ចប់​កិច្ចសន្យាការងារ​ខ្ញុំ ក៏​គួរតែ​ឲ្យ​ខ្ញុំ​ដឹង​ហេតុផល​ដែរ ។ បើ​ប្រើ​តែ​ភាសា​ថា គ្រាន់តែ​ចង់​បញ្ចប់​កិច្ច​សន្យា​ការងារ​ខ្ញុំ​ប៉ុណ្ណឹង ខ្ញុំ​ទទួលយក​អត់​បានទេ ព្រោះ​ខ្ញុំ​អត់​ខុស​អី»។

កញ្ញា​បន្ថែម​ថា ក្រុមហ៊ុន​បញ្ឈប់​បុគ្គលិក​បែប​នេះ ជា​ការ​រំលោភ​លើ​សិទ្ធិ​ការងារ និង​ស្នើ​ដល់​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ។

កញ្ញា សៀក បញ្ញា៖ «ខ្ញុំ​មានតែ​លើក​ម្រាមដៃ​ដប់ ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់ ដែល​ទាមទារ​សិទ្ធិ​ការងារ ដែល​ត្រឹមត្រូវ ហើយ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ទាំង​អយុត្តិធម៌​អ៊ីចឹង គឺ​ខ្ញុំ​ពិតជា​ទទួល​យក​មិនបាន​មែន ខ្ញុំ​ស្នើសុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ មិន​ថា តែ​រដ្ឋាភិបាល ឬ​ខាង​អង្គការ​សិទ្ធិមនុស្ស​ទេ សូម​ឲ្យ​គាត់​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ»។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ផ្នែក​ធនធានមនុស្ស នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​១៥ វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​ចុច​បិទ។ ចំណែកឯ​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក កត្តា អ៊ន ក៏​មិនអាច​ទាក់ទង​បាន​ដែរ ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ទាក់ទង​បញ្ហា​នេះ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ប្រាប់​អាស៊ីសេរី​ថា ការ​បង្ខាំង​បុគ្គលិក ដើម្បី​បង្ខំ​ឲ្យ​ពួកគាត់​ផ្ដិត​មេដៃ ឬ​ចុះ​ហត្ថលេខា​បញ្ចប់​កិច្ច​សន្យា​ការងារ ជា​ទង្វើ​ឃោរឃៅ​និង​រំលោភសិទ្ធិ​ការងារ​ធ្ងន់ធ្ងរ។ អ្នកស្រី​ស្នើ​ដល់​រដ្ឋាភិបាល និង​តុលាការ​ចាត់​វិធាន​ច្បាប់​ចំពោះ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​រំលោភ​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ​ជា​គំរូ​ដល់​ថៅកែ​ក្រុមហ៊ុន​ដទៃ​ទៀត។

អ្នកស្រី អ៊ូ ទេពផល្លីន៖ «យើង​ចង់​ឲ្យ​រាជរដ្ឋាភិបាល​ស្រុក​ខ្មែរ​យើង​ហ្នឹង​គួរតែ​បញ្ជា​ហើយ​ដាក់ទណ្ឌកម្ម​យ៉ាង​ធ្ងន់ ដល់​និយោជិត កុំ​គ្រាន់តែ​ថា កម្មករនិយោជិត​ទាមទារ​ប្រើប្រាស់​សិទ្ធិ​ខ្លួនឯង​មក​ដាក់​ទោសទណ្ឌ​មក​លើ​កម្មករនិយោជិត ហើយ​ចោទប្រកាន់​មក​លើ​កម្មករនិយោជិត​ទៀត តែ​និយោជក​រួចខ្លួន ហើយ​គេ​ប្រើប្រាស់​លុយ​បញ្ឈប់ បណ្ដេញ​ចេញ​អីចឹង បង្ខំ​ដាក់​រូបភាព​សម្លុត អី​ផ្សេងៗ​អ៊ីចឹង កន្លែង​ហ្នឹងហើយ​ដែល​យើង​ឃើញ​ថា យុគសម័យ​ហ្នឹងហើយ​មិន​គួរ​រាជរដ្ឋាភិបាល​នៅ​ស្ងៀម​ទេ ស្ថានភាព​បែបនេះ​នោះ»។

អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​លេខ​៨៧ និង​ច្បាប់​ស្ដីពី​សហជីព​នៃ​កម្ពុជា បាន​ផ្ដល់​សិទ្ធិ​សេរីភាព​យ៉ាង​ពេញលេញ​ទៅដល់​កម្មករនិយោជិត និង​និយោជក​ក្នុង​ការ​បង្កើត និង​អនុវត្ត​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​ដោយ​សេរី គ្មាន​ការ​បង្ខិតបង្ខំ និង​គំរាមកំហែង។ ក៏ប៉ុន្តែ​នៅពេល​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ធ្វើ​កូដកម្ម​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ការងារ ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ពួកគាត់​ពី​កន្លែង​ការងារ រដ្ឋាភិបាល​មិន​យកចិត្តទុកដាក់​ដោះស្រាយ​នោះ​ទេ ផ្ទុយ​ទៅវិញ​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចោទប្រកាន់​លើ​តំណាង​សហជីព​ឲ្យ​ជាប់​ពន្ធនាគារ​ទៅ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។