ក្រុមកូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មទាមទារឱ្យភាគីពាក់ព័ន្ធដោះស្រាយជម្លោះការងារ ដែលអូសបន្លាយអស់រយៈពេលជាង ២ឆ្នាំមកហើយ ឱ្យបានឆាប់ៗ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការធ្វើកូដកម្មទាមទារដំណោះស្រាយរបស់បុគ្គលិកណាហ្គាវើលដ៍ (Naga World) មិនត្រឹមតែជាការស្វែងរកយុត្តិធម៌ផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ តែជានិមិត្តរូបលើកកម្ពស់ការគោរពច្បាប់ការងារផងដែរ។
ក្រុមកូដករសហជីពណាហ្គាវើលដ៍ អិល.អរ.អេស.យូ (LRSU) ប្រមាណ៣០នាក់ បន្តការធ្វើកូដកម្មនៅខាងមុខអគារកាស៊ីណូណាហ្គាវើលដ៍ ដើម្បីទាមទារឱ្យថៅកែកាស៊ីណូ និងភាគីពាក់ព័ន្ធផ្ដល់ដំណោះស្រាយការងារ។
ក្រុមកូដករណាហ្គាវើលដ៍ចាប់ផ្ដើមធ្វើកូដកម្មចាប់ពីម៉ោង ២រសៀល ដោយការលើកបដា វាយស្គរ ផ្លុំត្រែ និងស្រែកទាមទារឱ្យថៅកែកាស៊ីណូណាហ្គាវើលដ៍ និងក្រសួងការងារផ្ដល់ដំណោះស្រាយការងារ។
«ដោះលែងប្រធានសហជីពរបស់ពួកយើង បងស្រី ឈឹម ស៊ីថរ ឱ្យមានសេរីភាពឡើងវិញ។ ការធ្វើកូដកម្មមានចែងនៅក្នុងច្បាប់ ហើយការធ្វើកូដកម្ម ក៏មិនមែនជាបទឧក្រិដ្ឋដែលត្រូវគេផ្ដន្ទាទោសដោយអយុត្តិធម៌នោះដែរ»។
សមាជិកសហជីពទ្រទ្រង់បុគ្គលិកខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) លោក ណាំ ទីវ័ន្ត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ ខែកុម្ភៈ ថា អះអាងថា ការធ្វើកូដកម្មកន្លងមកនេះ គឺជាការទាមទារឱ្យថៅកែណាហ្គាវើលដ៍គោរពសិទ្ធិការងារសុទ្ធសាធ និងមិនមានពាក់ព័ន្ធសកម្មភាពប្រឆាំងរដ្ឋាភិបាល ដូចការចោទប្រកាន់របស់មន្ត្រីរដ្ឋាភិបាលមួយចំនួននោះឡើយ។
លោក ណាំ ទីវ័ន្ត៖ «បើសិនជាទុកឱ្យវិវាទការងារនេះបន្តទៅមុខទៀត គឺប្រៀបបាននឹងឱ្យថៅកែណាហ្គាវើលដ៍ជាន់ឈ្លី និងមើលងាយទៅដល់ប្រទេសខ្មែរ និងមើលងាយទៅដល់ច្បាប់ខ្មែរ ហើយមិនត្រឹមតែមើលងាយទៅដល់ប្រទេស និងច្បាប់ទេ គឺអាចនឹងមើលងាយទៅដល់ប្រមុខរដ្ឋាភិបាល ដែលសម្ដេចដែលទើបតែឡើងថ្មីនេះទៀតផង»។
ក្រៅតែពីប្រឈមនឹងអំពើហិង្សា និងការលាបពណ៌ ក្រុមកូដករណាហ្គាវើលដ៍ ដែលចេញតវ៉ាទាមទារការបញ្ឈប់បុគ្គលិក និងសមាជិកសហជីពណាហ្គាវើលដ៍ហើយនោះ ក្រុមកូដករណាហ្គាវើលដ៍ជិត ១០នាក់ ក៏កំពុងជាប់បណ្ដឹងនៅតុលាការផងដែរ។ បន្ថែមពីនេះ ប្រធានសហជីពរបស់ពួកគេ គឺ កញ្ញា ឈឹម ស៊ីថរ ក៏ត្រូវបានតុលាការ កាត់ក្ដីឱ្យជាប់ពន្ធនាគារ ២ឆ្នាំក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយសារការការពារសិទ្ធិកម្មករ។
ទាក់ទិនបញ្ហានេះ ប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា ការធ្វើកូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៍មិនត្រឹមតែជាការស្វែងរកយុត្តិធម៌ផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ តែក៏ជាការលើកកម្ពស់ការគោរពច្បាប់ការងារនៅកន្លែងដទៃទៀត។ អ្នកស្រីបន្តថា ភាគីពាក់ព័ន្ធគួរដោះស្រាយវិវាទការងាររបស់សហជីពណាហ្គាវើលដ៍ឱ្យបានឆាប់ៗ ដើម្បីលើកកម្ពស់មុខមាត់រដ្ឋាភិបាលនៅលើឆាកអន្តរជាតិ ជាជាងបន្តទុកឱ្យអង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ និងបណ្ដាប្រទេសនាំមុខលទ្ធិប្រជាធិបតេយ្យ វាយតម្លៃស្ថានភាពគោរពសិទ្ធិពលកម្មនៅកម្ពុជា កាន់តែអាក្រក់ពីមួយឆ្នាំទៅមួយឆ្នាំ។
អ្នកស្រី អ៊ូ ទេពផល្លីន៖ «អ៊ីចឹងបើសិនជាមានសាច់រឿងនេះកើតឡើង ខ្ញុំគិតថាវាដូចជាយើងបានកែប្រែមុខមាត់ជាតិយើងឡើងវិញ ហើយនិងឆន្ទៈក្នុងការដោះស្រាយរបស់អ្នកដឹកនាំ អាណត្តិថ្មី ដើម្បីប្រជាជនខ្លួនឯង ហើយនិងដើម្បីប្រទេសជាតិរបស់យើង ព្រោះរដ្ឋាភិបាលជាអ្នកគ្រប់គ្រងប្រជាជនខ្លួនឯង មិនគួរឱ្យប្រជាជនខ្លួនឯង ជាអ្នករងគ្រោះនៅក្នុងប្រព័ន្ធមួយដែល គាត់រងគ្រោះពីការបញ្ឈប់ហើយ មករងគ្រោះទៅលើរឿងភាពអយុត្តិធម៌នេះទៀតនោះទេ»។
ក្រុមកូដករលើកឡើងថា បើទោះបីជាប្រឈមនឹងជីវភាពខ្វះខាត ត្រូវធ្វើការក្រៅម៉ោងនៅកន្លែងផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពក្ដី ពួកគេនៅតែបន្តធ្វើកូដកម្មរហូតទទួលបានដំណោះស្រាយពីថៅកែកាស៊ីណូណាហ្គាវើលដ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។