ដោយអស់សង្ឃឹមក្នុងការទទួលបានដំណោះស្រាយពីរដ្ឋាភិបាលរយៈពេលជាង២ឆ្នាំ ក្រុមកូដករណាហ្គាវើលដ៍នាំគ្នាដេករង់ចាំយុត្តិធម៌នៅខាងមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (Naga World) វិញម្ដង។
ក្រុមកម្មករណាហ្គាវើលដ៍ប្រមាណ ៣០នាក់ នៅថ្ងៃទី១៦ កញ្ញា ដោយអស់ជំនឿលើប្រព័ន្ធយុត្តិធម៌នោះពួកគាត់បានងាកមកនាំគ្នាដេកស្វែងរកដំណោះស្រាយវិញ។
ពួកគាត់នាំគ្នាដេកដោយយកសំបកកេះគ្រប់លើខ្លួនដោយមានខ្លឹមសារថា សូមដោះស្រាយបញ្ចប់បញ្ហា និងអ្នកខ្លះទៀតអង្គុយលើកបដាឱ្យទម្លាក់ចោលបទចោទលើក្រុមកូដករទាំងអស់។
កូដករណាហ្គាវើលដ៍ លោកស្រី ម៉ម សុវឌិ្ឍន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ កញ្ញា ថា ការណ៍ដែលក្រុមកូដករនាំគ្នាដេកននៀលបែបនេះគឺដោយសាររង់ចាំក្រសួងការងារ និងក្រសួងពាក់ព័ន្ធជួយដោះស្រាយវិវាទការងាររយៈពេលជាង២ឆ្នាំហើយនៅតែគ្មានលទ្ធផល។ លោកស្រីបន្តថា បច្ចុប្បន្នក្រសួងការងារឈប់ហៅ តំណាងកម្មករ និងថៅកែក្រុមហ៊ុនទៅចរចាដើម្បីរកដំណោះស្រាយដោយទុកឱ្យកម្មករ និងថៅកែណាហ្គាវើលដ៍រកដំណោះស្រាយដោយខ្លួនឯង។
លោកស្រី ម៉ម សុវឌិ្ឍន៖ «ចង់និយាយថាកម្មករអត់សុខចិត្តនៅពេលដែលមានការរំលោភបំពានដាច់ខាតត្រូវតែរកយុត្តិធម៌ ដាច់ខាតត្រូវតែផ្ដល់ដំណោះស្រាយអានេះប្រៀបដូចជាក្មេងដែលយំននៀល ហើយយើងអត់លួងហើយទុកឱ្យគ្នានៅយំនៅននៀលពេញហ្នឹង វាជារូបភាពមួយដែលវាអាក្រក់មើលដល់ថ្នាក់គ្នាដេកននៀលហើយអត់ខ្វល់ពីគ្នាទៀតអ៊ីចឹងហា»។
បើទោះបីជាក្រុមកូដករណាហ្គាវើលដ៍តវ៉ាដោយសន្តិវិធី និងបន្លឺសំឡេងស្គរ កងរំពងនៅជាប់នឹងរបងរដ្ឋសភា ក្បែរភូមិគ្រឹះរបស់លោកហ៊ុន សែន យ៉ាងក្ដីក៏ គ្មានមន្ត្រី និងតំណាងរាស្ត្របក្សកាន់អំណាចណាម្នាក់ចេញមកជួយរកដំណោះស្រាយជូនពួកគាត់ដែរ។
ទាក់ទងបញ្ហានេះមន្ត្រីសិទ្ធិការងារនៃអង្គការសង់ត្រាល់ (Central) លោក ឃុន ថារ៉ូ កត់សំគាល់ថា វិវាទការងារនេះមានភាពមិនប្រក្រតី ដោយសារតែថៅកែណាហ្គាវើលដ៍ រំលោភសិទ្ធិការងារកម្មករបែរជាទទួលបានតំណែងជាទីប្រឹក្សារដ្ឋាភិបាល។ លោកបន្តថា បញ្ហានេះនឹងឱ្យបណ្ដាថៅកែរោងចក្រផ្សេងទៀតយកគំរូតាម អាចបង្កឱ្យមានការរំលោភសិទ្ធិការងារ និងអំពើនិទ្ទណ្ឌភាពនៅក្នុងសង្គមកាន់តែច្រើន។
លោក ឃុន ថារ៉ូ៖«សម្រាប់កម្មករដែលគាត់ទន់ខ្សោយ ហើយគាត់ស្វែងរកនៅយុត្តិធម៌ហើយដំណើរការនៃការស្វែងរកយុត្តិធម៌របស់គាត់ដែលក្នុងនាមគាត់ជាជនរងគ្រោះហ្នឹងត្រូវរងការគំរាមកំហែងការធ្វើទុក្ខបុកម្នេញ អំពើហិង្សា ការចោទប្រកាន់ជាបទព្រហ្មទណ្ឌអីជាដើមនេះ ខ្ញុំគិតថាវាជាអំពើអយុត្តិធម៌ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយបើមិនមានការបិទបញ្ចប់ទេខ្ញុំយល់ឃើញថាវានឹងក្លាយជាកំណត់ហេតុនៅក្នុងយុទ្ធការអន្តរជាតិដែលបង្ហាញពីការរំលោភបំពានសិទ្ធិការងារ»។
វិវាទការងារដែលអូសបន្លាយជាង ២ឆ្នាំមកនេះធ្វើឱ្យកម្មករមួយចំនួនធ្លាក់ខ្លួនក្រីក្រជំពាក់បំណុលធនាគារវ័ណ្ឌក និងអ្នកខ្លះទៀតបង្ខំចិត្តលក់ដីដែលជាទ្រព្យសម្បត្តិចុងក្រោយដោយសារពួកគេបាត់បង់ការងារ និងគ្មានប្រាក់ចំណូល។ ក្រៅពីគ្មានដំណោះស្រាយកម្មករណាហ្គាវើលដ៍មួយចំនួនបែរជាជាប់បណ្ដឹងនៅតុលាការ ដោយសារការទាមទារឱ្យថៅកែណាហ្គាវើលដ៍គោរពសិទ្ធិការងារ ហើយប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ក៏កំពុងជាប់ឃុំនៅក្នុងពន្ធនាគារផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។