កូដករ​ណាហ្គាវើលដ៍​យក​សំរាម​មក​តុបតែង​ខ្លួន​ដើម្បី​ឱ្យ​ថៅកែ​ឈប់​ចាត់ទុក​ពួកគេ​ជា​សំរាម

ក្រុម​កូដករ​ណាហ្គាវើលដ៍ (Nagaworld) ប្រមាណ ៣០​នាក់ នៅ​ថ្ងៃទី​៥ វិច្ឆិកា នាំគ្នា​ស្លៀកពាក់​ដោយ​យក​សំរាម​មក​តុបតែង​ខ្លួន​ដើម្បី​ជា​សារ​ដាស់តឿន​ដល់​ថៅកែ​បន​ល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍​ថា សូម្បីតែ​សំរាម​ក៏​មាន​តម្លៃ​អាច​យក​មក​កែច្នៃ ដូច្នេះ​ឈប់​ចាត់ទុក​ពួកគេ​ជា​សំរាម​បន្ត​ទៀត ហើយ​ងាក​ដោះស្រាយ​វិវាទ​ការងារ​ឱ្យ​កម្មករ។

ក្រុម​កូដករ​ណាហ្គាវើលដ៍​នាំគ្នា​កាន់​បដា​ធ្វើឡើង​ពី​ប្លាស្ទិក ដប ទឹក និង​ទុយោ​បឺត ដាក់​តម្រៀប​គ្នា​ដោយ​មាន​ខ្លឹមសារ​ថា អយុត្តិធម៌ និង​អ្នក​ខ្លះទៀត​តុបតែង​ខ្លួន​ដោយ​យក​សំបក​កេះ​មក​ធ្វើជា​មួក​ពាក់ និង​សរសេរ​លើ​សំបក​កេះ​ថា ទទួល​យក​តំណាង​សមាជិក​សហជីព​ចូល​ធ្វើ​វិញ​ជាដើម។

កូដករ​ណាហ្គាវើលដ៍ កញ្ញា ប៊ូ ស្រីនាង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៥ វិច្ឆិកា ថា សំរាម​ដែល​ទុក​យូរ​គឺ​មាន​ក្លិនស្អុយ ដូច្នេះ​បើ​ថៅកែ​ណាហ្គាវើលដ៍​មិន​ព្រម​ដោះស្រាយ​វិវាទ​ការងារ​ឱ្យ​កម្មករ​ទេ គឺ​ប្រៀប​ដូចជា​ថៅកែ​ណាហ្គាវើលដ៍​ទុក​ឱ្យ​កេរ្តិ៍ឈ្មោះ​ថៅកែ​ស្អុយរលួយ​ដូចជា​សំរាម​ដូច្នេះ​ដែរ។

កញ្ញា ប៊ូ ស្រីនាង៖ «ក្នុង​ការណ៍​ដែល​ពួកគាត់​ទុក​ខ្ញុំ​ចោល​អត់​ព្រម​ដោះស្រាយ​នេះ​ទុកចោល​ពួក​ខ្ញុំ​ដូចជា​សំរាម​នេះ​វា​ធ្វើ​ឱ្យ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​មួយ​នេះ​ត្រូវ​បាន​គេ​រិះគន់ គេ​ថ្កោលទោស បណ្ដា​ប្រទេស​ផ្សេងៗ​គេ​ថ្កោលទោស​សុំ​ឱ្យ​គាត់​ហ្នឹង​ជួយ​មើលឃើញ​ពួក​ខ្ញុំ​ផង​កុំ​ចាត់ទុក​ពួក​ខ្ញុំ​ដូចជា​សំរាម​ឱ្យ​ពួកគាត់​ជួយ​ដោះស្រាយ​សម្អាត​ពួក​ខ្ញុំ ឱ្យ​ដូច​សម្អាត​សំរាម​មកពី​ព្រោះ​សំរាម​កាល​ទុក​យូរ​គឺ​វា​ស្អុយរលួយ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី៥ វិច្ឆិកា ។

បើ​ទោះ​ជា​ក្រុម​កូដករ​ណាហ្គាវើលដ៍ ប្រឈម​នឹង​បញ្ហា​ជីវភាព សុខភាព និង​រង​ការ​ចោទប្រកាន់​ធ្ងន់ៗ​ពី​សំណាក់​អាជ្ញាធរ និង​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថា ជា​ក្រុមប្រឆាំង​ស៊ីឈ្នួល​បម្រើ​បរទេស និង​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​យ៉ាងណា​ក្ដី ក៏​ពួកគាត់​នៅតែ​ប្រកាន់​គោលជំហរ​តវ៉ា​ទាមទារ​រហូតដល់​ថៅកែ​ណាហ្គាវើលដ៍ ព្រម​ដោះស្រាយ​វិវាទ​ការងារ​ជូន​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។