បុគ្គលិក​ណាហ្គា​វើលដ៍​ផ្អាក​កូដកម្ម​នៅ​ថ្ងៃ៧ ឧសភា

កូដករ​នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍ (Nagaworld) សម្រេច​ផ្អាក​ធ្វើ​កូដកម្ម​នៅ​ថ្ងៃទី៧ ឧសភា​នេះ ដោយសារ​បញ្ហា​សុខភាព និង​ជីវភាព។

កូដករ​ដ៏​សកម្ម​មួយ​រូប គឺ​លោកស្រី អាទីន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មូលហេតុ​នៃ​ការ​ផ្អាក​កូដកម្ម​នេះ គឺ​ដោយសារ​ពួកគាត់​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ផ្នែក​ជីវភាព និង​ខ្លះទៀត​មាន​បញ្ហា​សុខភាព​ព្រោះ​រង​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ៖ « អ្នកខ្លះ​ក៏​ធ្លាក់ខ្លួន​ឈឺ​កំពុង​គេង​នៅ​ពេទ្យ​ក៏​មាន ហើយ​អ្នក​ខ្លះទៀត​សូម្បី​តែ​លុយ​ធ្វើ​ដំណើរ​ដើម្បី​ទៅ​កូដកម្ម​សឹងតែ​គ្មាន​ផង ហើយ​ដូច​រូប​ខ្ញុំ​ផ្ទាល់ ឥលូវ​ចាប់ផ្ដើម​ធ្លាក់ខ្លួន​ឈឺ​បណ្ដើរៗ​ហើយ​។ អ៊ីចឹង​បើ​យើង​ធ្វើ​រាល់ថ្ងៃ វា​អត់​អាច​ទៅមុខ​។ អ៊ីចឹង​ក៏​សម្រេច​គ្នា​បោះឆ្នោត​ថា សម្រាក​មួយថ្ងៃ​សិន​។ មួយ​រយៈ​នេះ យើង​ក៏បាន​ផ្សាយ​សុំ​ជំនួយ​ពី​សប្បុរសជន​តាមរយៈ​ប្រព័ន្ធ ដូចជា​ហ្វេសប៊​ក ឬក៏​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​។ យើង​សុំ​ (​ ជំនួយ​ )​ ជា​សាធារណៈ កាត់​កេរ្តិ៍ កាត់​ខ្មាស​ហើយ​ដល់​វគ្គ​នេះ​ហើយ រយៈពេល ៥​ខែ​មក​ហើយ»។

លោកស្រី អាទីន បន្ត​ថា ក្រុម​កូដករ​មិនទាន់​សម្រេច​ថា នឹង​ត្រូវ​ធ្វើ​កូដកម្ម​វិញ​នៅ​ថ្ងៃ​ណា​នោះ​ទេ ដោយ​ត្រូវ​រង់ចាំ​ការប្រជុំ​សម្រេច​ជាមួយគ្នា​ជាមុន​សិន​។ ប៉ុន្តែ​លោកស្រី​បញ្ជាក់​ថា កូដករ​ទាំងអស់គ្នា​នឹង​បន្ត​ការ​តវ៉ា​ទៅមុខ​ទៀត ដើម្បី​ទទួល​បាន​យុត្តិធម៌ និង​ដំណោះស្រាយ​ក្នុង​​វិវាទ​ការងារ​មួយ​នេះ។

ក្រុម​បុគ្គលិក​កាស៊ីណូ​ណាហ្គាវើលដ៍​បាន​ចាប់ផ្ដើម​ធ្វើ​កូដកម្ម​តាំងពី​ខែ​ធ្នូ ឆ្នាំ​២០២១ ដើម្បី​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ភាគី​ក្រុមហ៊ុន ដែល​ពួកគាត់​ចោទ​ថា បាន​រំលោភ​សិទ្ធិ និង​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ទាក់ទង​នឹង​ការបញ្ឈប់​ពួកគាត់​ពី​ការងារ​។ ក្នុង​ការ​តវ៉ា​ប្រមាណ ៥​ខែ​មកនេះ ពួកគាត់​មិន​ត្រឹមតែ​មិន​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​នោះ​ទេ ប៉ុន្តែ​បែរជា​ទទួលរង​អំពើ​ហិង្សា និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ថែម​ទៀត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល តំណាង​ប្រទេស​ប្រជាធិបតេយ្យ ព្រមទាំង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ជា​បន្តបន្ទាប់​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​លើ​ក្រុម​កូដករ និង​ងាក​មក​ជួយ​រក​ដំណោះស្រាយ​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ​វិញ៕