កូដករ​​ណាហ្គាវើលដ៍​​លោកស្រី សុខ រតនា​ បាន​​រលូត​​កូន​និង​​កំពុង​​សម្រាក​​ព្យាបាល​​នៅ​​មន្ទីរពេទ្យ បន្ទាប់​​ពី​​សមត្ថកិច្ច​បង្រ្កាប​​ដោយ​​ហិង្សា​

0:00 / 0:00

កូដករ​​បុគ្គលិក​​ក្រុមហ៊ុន​​ណាហ្គាវើលដ៍ (NagaWorld) ​ម្នាក់​គឺ​លោកស្រី សុខ រតនា​ កំពុង​ប្រឈម​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ដោយ​សារ​តែ​បាត់បង់​កូន​ក្នុង​ផ្ទៃ​ និង​បន្ត​ធ្លាក់​ឈាម​ច្រើន​។ ​បច្ចុប្បន្ន​លោកស្រី​កំពុង​​ស្ថិត​​ក្នុង​​ដំណាក់កាល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​ បន្ទាប់​ពី​សមត្ថកិច្ច​ក្រុងភ្នំពេញ​បាន​រុញច្រាន​លោកស្រី​ផ្ទប់​​នឹង​​រថយន្ត​កាល​ពី​ដើម​ខែ​ឧសភា។ គ្រូ​ពេទ្យ​ជំនាញ​បញ្ជាក់​ថា បើ​ស្ថានភាព​លោកស្រី សុខ រតនា​ នៅ​តែ​បន្ត​ធ្លាក់​ឈាម នឹង​អាច​ឈាន​ទៅ​ដល់​ការ​វះកាត់​យក​ស្បូន​ចេញ​ ដើម្បី​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ម្ដាយ។

កូដករ​ម្នាក់​ដែល​កំពុង​តស៊ូ​មតិ​ទាមទារ​សិទ្ធិសេរីភាព​ការងារ​នៅ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍​គឺលោកស្រី សុខ រតនា ​ឱ្យ​ដឹង​ថា​ កូន​លោកស្រី​បាន​ស្លាប់​នៅ​ក្នុង​ផ្ទៃ​អស់រយៈពេល​បី​ថ្ងៃ​មក​ហើយ ក្រោយ​ពី​លោកស្រី​ធ្លាក់​ឈាម​ និង​បាន​ពិគ្រោះ​ជា​មួយ​គ្រូទេព្យ​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​កាល​ពី​ថ្ងៃ​ទី២៨​ ខែឧសភា​។

លោកស្រី សុខ រតនា ​ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី២៩​ ខែឧសភា​ថា​ លោកស្រី​ស្ទើរ​តែ​បាត់បង់​អាយុ​ជីវិត ដោយសារ​តែ​មាន​ការ​ធ្លាក់​ឈាម​ឥត​ឈប់​ឈរ​ និង​ខ្សោយ​អស់​កម្លាំង​ពិសារ​អ្វី​ក៏​មិន​បាន​នោះ​ដែរ។ លោក​ស្រី​ឱ្យ​ដឹង​ទៀត​ថា​ មក​ដល់​ពេល​នេះ​គ្រូពេទ្យ​កំពុង​តាម​ដាន​សុខភាព​លោកស្រី​បន្ថែម​ ហើយ​បើ​នៅ​តែ​មាន​ការ​ធ្លាក់​ឈាម​ច្រើន​ទៀត នឹង​អាច​វះកាត់​យក​ស្បូន​ចេញ និង​បូម​សម្អាត​ឈាម​ក្នុង​ផ្ទៃ​ជា​ថ្មី​ទៀត​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​លោកស្រី៖ « លោក​គ្រូ​ពេទ្យ​ថា បើសិន​ជា​ខ្ញុំ​នៅតែ​មាន​ការ​ធ្លាក់​ឈាម​ សម្អាត​ហើយ​នៅ​តែ​មាន​ការ​ធ្លាក់​ឈាម​ខ្លាំង គាត់​ [ គ្រូ​ពេទ្យ ] នឹង​ធ្វើ​ការ​វះ​កាត់​ ដើម្បី​យក​តួ​ស្បូន​យើង​ចេញ។ ហើយ​ខ្ញុំ​ក៏​អស់​កម្លាំង ដោយសារ​តែ​ ញ៉ាំអី​អត់​បាន​ ហើយ​ប្រឈម​អស់​កម្លាំង​ផង ល្ហិតល្ហៃ​ ផង ហើយ​យើង មក​ជួប​រឿង​បែប​ហ្នឹង​ទៀត​ ខ្ញុំ​មាន​អារម្មណ៍​ថា ពិបាក​ទទួល​យក​។ នៅ​ពេល​ដែរ ​ [ គ្រូ​ពេទ្យ ] សម្អាត​ហើយ​ឈាម​ ដូច​បាក់​ទំនប់​អ៊ីចឹង​ ខ្ញុំ​ភ័យ។ ខ្ញុំ​មាន​អារម្មណ៍​ថា បើ​នៅ​ឈាម​ចឹង​ទៀត ខ្ញុំ​មិន​ត្រឹម​តែ​បាត់បង់​កូន​ វា​ប្រឈម​មុខ​នឹង​ជីវិត​ ហើយ​វា​បាត់​តួ​ស្បូន​របស់​យើង​ទៀត វា​ប្រឈម​ច្រើន​ »

លោកស្រី​ សុខ រតនា​ ឱ្យ​ដឹង​ថា​ ប្រសិន​បើ​ស្ថិត​ក្នុង​ដំណាក់​កាល​វះកាត់​យក​ស្បូន​ចេញ គ្រូ​ពេទ្យ​បញ្ជាក់​ថា លោកស្រី​នឹង​មិន​អាច​មាន​កូន​ទៀត​ឡើយ​ ហើយ​​ក៏​មិន​មានភាពល្អ​ប្រសើរ​ដូច​ពេល​មុន​ដែរ៖ « និយាយ​ទៅ​គាត់​ [ គ្រូ​ពេទ្យ ] បញ្ជាក់​ប្រាប់​យើង​ច្បាស់ៗ​ដែរ​ ប្រសិន​បើ​យើង​វះកាត់​តួ​ស្បូន វា​នៅ​តែ​ដៃ​ស្បូន​ទេ។ អ៊ីចឹង​ យើង​អត់​អាច​មាន​កូន​បាន​ទេ​ ១រយ​ ភាគ​រយ ( ១០០ %) គឺ​យើង​អត់​អាច​យក​កូន​បាន​ទៀត​ទេ។ អ្វី​ដែរ​នៅ​មាន​ នៅ​មាន​តែ​ដៃ​ស្បូន ស្បែក​​យើង​នៅ​ស្រស់​ថ្លា ដោយសារ​តែ​ដៃ​ស្បូន​ វា​នៅ​ដំណើរ​ការ​នៅ​ឡើយ វា​អត់​តែ​តួ​ស្បូន យើង​អត់​អាច​យក​កូន​បាន​ទៀត​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​ឈឺចាប់​ខ្លាំង​មែន​ទែន ដោយសារ​តែ​ ខ្ញុំ​ជា​កូដករ ហើយ​អាជ្ញាធរ​ជា​ខ្មែរ ការងារ​គាត់​ តួនាទី​គាត់ [ អាជ្ញាធរ ] បម្រើ​រាស្រ្ត។ តែ​គាត់ [ អាជ្ញាធរ ] អត់​បាន​បម្រើ​រាស្រ្ត​ ទេ​ គាត់​មាន​តែ​ការ​វាយ​ដំ ច្រំ​ ធាក់​រាស្រ្ត​ ហើយ ​​ការពារ​ក្រុមហ៊ុន​បរទេស »

លោកស្រី សុខ រតនា​ ឱ្យដឹង​ទៀត​ថា​ មុន​ពេល​មាន​គ្រោះថ្នាក់​រហូត​បាត់បង់​កូន​លោកស្រី​បែប​នេះ កាល​ពី​ថ្ងៃ​ទី១១ ​ឧសភា កម្លាំង​អាជ្ញាធរ​ចម្រុះ​ និង​ជនស៊ីវិល​ជា​ច្រើន​នាក់​ បាន​ឡោមព័ន្ធ​រុញច្រាន​លោកស្រី​ទាំង​កម្រោល​បោក​ខ្ទប់​នឹង​បង្កាន់​ដៃ​រថយន្ត បណ្ដាល​ឱ្យ​លោកស្រី​ដួល​បោក​ខ្លួន​នឹង​ថ្នល់​ ពេល​ដែល​លោក​ស្រី​ចេញ​តវ៉ា​ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​បនល្បែងណាហ្គាវើលដ៍​គោរព​ច្បាប់​ប្រទេស​កម្ពុជា។ លោកស្រី​ ចាត់​ទុក​​ការ​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​មក​លើ​កូដករ​ឥតឈប់ឈរ​បែប​នេះ ថា​ជា​ទង្វើ​អមនុស្សធម៌ និង​ស្លៀកពាក់​ឯក​សណ្ឋាន​អាជ្ញាធរ​​បង្ក្រាបពលរដ្ឋ​ស្លូតត្រង់​ ដើម្បី​ការពារ​អំណាច​ក្រុមហ៊ុន​បរទេស​ដែល​រំលោភ​សិទ្ធិ​កម្មករ​ខ្មែរ។

លោកស្រី​ សុខ រតនា ​បន្ថែម​ថា នៅ​ពេល​ដែល​ស្ថាន​សុខភាព​ប្រសើរ​ឡើង​វិញ​ លោកស្រី​នឹង​ពិភាក្សា​ជា​មួយ​មេធាវី​ ដើម្បី​ពាក្យ​ប្ដឹង​អ្នក​ដែល​ពាក់ព័ន្ធ​ជាពិសេស​កម្លាំង​អាជ្ញាធរ​ដែល​ប្រើ​អំពើហិង្សា​លើ​លោកស្រី​រហូត​បាត់បង់​កូន​ក្នុង​ផ្ទៃ​ ឱ្យ​មក​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់៖ « ខ្ញុំ​មាន​គម្រោង​ការប្ដឹង ​ដោយសារ​អី ?នេះ​គឺ​ជា​ការ​បាត់បង់​ ហើយ​ប្រឈម​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​រហូត​ដល់​តែ​ពីរ កូន​មួយ​ខ្ញុំ​មួយ​។ តែ​ខ្ញុំ​ត្រូវ​ពិភាក្សាតាម​ផ្លូវ​ច្បាប់​សិន។ ប្រសិន​បើ​គាត់ [ អាជ្ញាធរ ] វាយ​ដំ​ ច្រំ​ធាក់​ខ្ញុំ​បាន​ន័យ​ថា​ គាត់​ខុស​បាត់​ទៅ​ហើយ។ តែ​អាជ្ញាធរ​នៅ​តែ​ធ្វើ​បាប​ខ្ញុំ និង​កូន​ខ្ញុំ​ទៀត។ ទង្វើ​របស់​គាត់​ [ អាជ្ញាធរ ] គឺសា​ហាវ​ព្រៃផ្សៃ ​ខ្លាំង​មែនទែន​ ហើយ​យើង​ខ្មែរ​ដូច​គ្នា​ មក​ធ្វើ​អ៊ីចឹង​ ដើម្បី​ការពារ​ក្រុមហ៊ុន​បរទេស »

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង អ្នក​នាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា និង​អភិបាល​រាជធានី​ក្រុង​ភ្នំពេញ​លោក ឃួង ស្រេង​ ដើម្បី​បក​ស្រាយ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៩​ ខែឧសភា​។

ទោះ​ជា​យ៉ាង​ណា ជាង៥ខែ​មក​ហើយ ដែល​ក្រុម​កូដករ​ភាគ​ច្រើន​ជា​ស្រ្តី បាន​ចេញ​តវ៉ា​ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍​បញ្ឈប់​ការ​រំលោភ​សិទ្ធ​កម្មករ​ និង​ត្រូវ​គោរព​សិទ្ធ​សហជីព​នៅ​ក្នុង​កន្លែង​ការងារ។ ជា​ការ​ឆ្លើយតប​ សាលា​ក្រុង​ភ្នំពេញ និង​ស្ថាប័ន្ធ​ពាក់ព័ន្ធ​ ព្រម​ទាំង​មន្រ្តី​គ្រាក់ៗ​ រួម​ទាំង​ប្រព័ន្ធ​ឃោសនា​នៃ​របប​លោក ហ៊ុន សែន​ ផង​ តែង​ចេញ​សេចក្ដី​ប្រកាស​ដោយ​ហៅការ​តវ៉ា​របស់​ក្រុម​ស្រ្តី​ជា​កូដករ​ទាំង​នេះ ថា​ជា​ក្រុមបំ​ពុល​សង្គម​ និង​រៀប​​ចំ​ឈុតឆាក​សម្ដែង​បម្រើ​មហិច្ឆតា​នយោបាយ។ ក្រៅ​ពី​នេះ ក៏​មាន​មន្រ្តី និង​ក្រុម​បក្ស​ពួក​ដែល​សិ្នទ្ធ​នឹង​ លោក ហ៊ុន សែន​ តែង​បន្ទាប​តម្លៃ​ក្រុម​ស្រ្តី​កូដករ​ទាំង​នោះ ដោយ​ប្រៀប​ប្រដូច​នឹង​មេរោគ​ចង្រៃ​ និង​ជាក្រុម​មាន​ចេតនា​ធ្វើ​បដិវត្ត​ពណ៌ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។

ជុំវិញរឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​បន្ទាប​តម្លៃ​កិត្ដិយស​ពី​សំណាក់​អាជ្ញាធរ​ទៅ​លើ​ក្រុមកូដករ​ដែល​ភាគច្រើន​ជា​ស្រ្តី បែប​នេះ​​ហើយ គឺ​ដើមចម​ក្នុង​ការ​ចង​គំនុំ​ និង​ក្នុងការ​បើកដៃ​ឱ្យ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ឥត​ឈប់ឈរ​លើ​ក្រុម​កូដករ។ ទោះ​យ៉ាង​ណា​ លោក​ អំ សំអាត​ សង្កត់​ធ្ងន់​ថា​ ការ​បង្ក្រាប​របស់​អាជ្ញាធរ​ឈាន​ដល់​ថ្នាក់​បាត់បង់​ទារក​ក្នុង​ផ្ទៃ​បែប​នេះ គឺការ​រំលោភ​​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ទាមទារ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ បើកការ​ស៊ើបអង្កេត​រក​ជន​ដៃ​ដល់​មក​ផ្ដន្ទា​ទោស ​ឱ្យ​ខាង​តែ​បាន​៖ « ការ​បាត់បង់​កូន​នៅ​ក្នុង​ផ្ទៃ ក៏​វា​ជា​អាយុ​ជីវិត​មួយ​ដែរ។ អ៊ីចឹង​ វា​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​មួយ​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់។អំពើ​ហិង្សា​បែប​ដូច្នេះ យើង​ចាត់​ទុក​ថា​គឺជា​ការ​រំលោភ​សិទ្ធ​មនុស្ស​មួយ​យ៉ាង​ធ្ងន់​ធ្ងរ។ ជា​ពិសេស ទៅ​លើ​ទារក មិន​ទាន់​ទទួល​ការ​ដឹង​ក្ដីនៅ​ឡើយ។ បញ្ហា​ទាំង​អស់​នេះ​ យើង​ឃើញ​ថា ជា​បទពិសោធន៍​មួយ ត្រូវ​តែ​ជៀសវាង នូវ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ ទៅ​លើ​ក្រុម​កូដករ ដែល​ធ្វើ​កូដកម្ម​ដែល​អហិង្សា »

កន្លង​ទៅ​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ​ ក្រុម​សហជីព​ ព្រម​ទាំង​ស្ថាប័ន​អន្តរជាតិ​ជា​ច្រើន​ទៀត បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោល​ទោស​របប​លោក ហ៊ុន សែន​ ដោយសារ​តែ​បាន​ប្រើ​កម្លាំង​អាជ្ញាធរ​ ដើម្បី​រារាំង​ ក្នុងការ​ព្យាយាម​ដាក់​សម្ពាធ​ឱ្យ​កូដករ​បញ្ឈប់​ការ​ទាមទារ​ដំណោះស្រាយ​ការងារ​ និង​មាន​ចេតនា​ឱ្យ​សំឡេង​សហជីព​មាន​ភាព​ចុះ​ខ្សោយ។ ពួកគេ ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ លោក ហ៊ុន សែន​ ឱ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ក្រុម​កូដករ​ណាហ្គាវើលដ៍​តទៅ​ទៀត​ និង​ត្រូវ​ងាក​មក​ដំណោះស្រាយ​វិវាទ​ការងារ​ដ៏​រ៉ាំរ៉ៃ​នេះ​ស្រប​តាម​ច្បាប់​ស្ដី​ពី​ការងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។