កូដករ​ណាហ្គាវើលដ៍​ធ្លាក់ខ្លួន​ឈឺ​និង​អស់​កម្លាំង​ដោយសារ​អាជ្ញាធរ​បង្ក្រាប​ឥត​ឈប់ឈរ

0:00 / 0:00

ក្រុម​កូដ​ករ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (NagaWorld) ជាច្រើន​នាក់​កំពុង​ប្រឈម​បញ្ហា​សុខភាព​ដោយសារ​រង​ការប្រើ​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ក្រុងភ្នំពេញ​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​កន្លង​មក​នេះ​។ ពួកគាត់​ខកចិត្ត​ចំពោះ​អាជ្ញាធរ​ដែល​មិនបាន​ដើរ​តួនាទី​បម្រើ​រាស្ត្រ​ក្នុង​ការ​រក​ដំណោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​បញ្ចប់​វិវាទ​ការងារ​រ៉ាំរ៉ៃ​មួយ​នេះ។

ក្រុម​កូដករ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (NagaWorld) ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី​៣ ខែ​មេសា ថា ពួកគាត់​ឈឺចាប់​ពេញ​រាងកាយ និង​មាន​ស្លាកស្នាម​ជាំ​លើ​ដងខ្លួន ក្រោយពី​អាជ្ញាធរ​បាន​ដាក់​កម្លាំង​ឡោម​ព័ន្ធ​ប្រើ​ហិង្សា​លើ​ពួកគាត់​ទាំង​កម្រោល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

កូដករ និង​ជា​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ កញ្ញា ប៉ែន រាសី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កញ្ញា​និង​កូដករ​ផ្សេងទៀត​ដែល​ភាគច្រើន​ជា​ស្ត្រី​មាន​សុខភាព​ទ្រុឌទ្រោម​ខ្លាំង និង​អ្នក​ខ្លះទៀត​គ្មាន​លទ្ធភាព​គ្រប់គ្រាន់ បាន​ត្រឹម​តែ​ទិញ​ថ្នាំ​សម្រាក​ព្យាបាល​នៅផ្ទះ​។ កញ្ញា​បញ្ជាក់​ថា កូដករ​ភាគច្រើន​សុទ្ធ​តែ​មាន​ស្នាម​ជាំ​លើ​រាងកាយ​ដូចៗ​គ្នា និង​ខ្សោះ​អស់កម្លាំង​ដោយសារតែ​អាជ្ញាធរ​ព្យាយាម​រារាំង​ក្រុម​កូដករ​ដោយ​ប្រើ​អំពើ​ហិង្សា មិន​ឱ្យ​កូដករ​ឈរ​តវ៉ា​ដោយ​សន្តិវិធី​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន៖ «ខ្ញុំ​សោកស្ដាយ​ទង្វើ​ក្រុម​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ជាពិសេស​ក្រសួង​ការងារ​អត់​បាន ដោះស្រាយ​បញ្ចប់​វិវាទ​នេះ បែរជា​លម្អៀង​ទៅ​ខាង​ក្រុមហ៊ុន​។ ប្រសិន​ជា​ក្រសួង​ការងារ​ជា ចំណុច​កណ្ដាល​ដោះស្រាយ​បញ្ចប់​វិវាទ​នេះ គឺ​ស្រួល​ណាស់ មិនមែន​អូស​បន្លាយ​ពេល​ដល់ពេល​នេះ​ទេ»។

កូដករ​ម្នាក់ទៀត កញ្ញា ណុប រ៉ាំរ៉ាវ និយាយ​ថា ការ​បង្ក្រាប​របស់​អាជ្ញាធរ​មិនមែន​ជា​ដំណោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ​ឡើយ​។ កញ្ញា​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ជំរុញ​ឱ្យ​ភាគី​ក្រុមហ៊ុន​គោរព​តាម​លក្ខខណ្ឌ​ចរចា​ទាំង​៩​ចំណុច និង​ត្រូវ​បញ្ឈប់​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​លើ​កូដករ​ដែល​ប្រើ​សិទ្ធិ​ស្របច្បាប់​ទាមទារ​សិទ្ធិ​សេរីភាព​ក្នុង​កន្លែង​ធ្វើការ៖ «កាលពី​ម្សិលមិញ​ពិបាក​ខ្លាំង ព្រោះ​មេឃ​ភ្លៀង​តែ​អាជ្ញាធរ​បាន​ត្រៀម​អាវ​ភ្លៀង ហើយ​កូដ​ករ​ខ្លះ​ក៏​មាន​ខ្លះ​ក៏​អត់​។ អាជ្ញាធរ​ក៏បាន​រុញ​កូដ​ករ​កៀប​ជើង​ដែរ​។ ពេល​មកវិញ អាជ្ញាធរ​ទម្លាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដដែល ប៉ុន្តែ​អ្វី​ដែល​ពិបាក​គឺ​មេឃ​ភ្លៀង​ខ្លាំង គ្នា​ពួក​ខ្ញុំ​ជួយ​ចូរ​លុយ​គ្នា​ហៅ​ម៉ូតូ​កង់​បី​ដើម្បី​ដល់ទី​តាំង​ទៅដល់​កន្លែង​ផ្ញើ​ម៉ូតូ»។

រយៈពេល​ចុង​ក្រោយ​នេះ អាជ្ញាធរ​បង្ក្រាប​ឥត​ឈប់ឈរ​លើ​ក្រុម​កូដករ ដែល​ហ៊ាន​ចេញ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី។ អាជ្ញាធរ​បាន​រុញ​ច្រាន អូស​សែង​ក្រុម​កូដករ​ឱ្យ​ឡើង​រថយន្ត ដើម្បី​ដឹក​យក​ទៅ​ទុកចោល​នៅ​តំបន់​ជាយក្រុង​។ ជាពិសេស កាលពី​ថ្ងៃទី​០២ មេសា អាជ្ញាធរ និង​ជន​ស្លៀកពាក់​ស៊ីវិល​ជាច្រើន​នាក់ បាន​ឡោមព័ទ្ធ​រុញច្រាន​កូដករ​ណាហ្គាវើលដ៍​ជាង ១​រយ (១៣៥) នាក់​ទាំង​កណ្ដាល​ភ្លៀង ព្រមទាំង​ជេរប្រមាថ​បង្ខំ​កូដករ​ឱ្យ​ឡើង​រថយន្តក្រុង​ពេល​ពួកគាត់​ជួបជុំ​តវ៉ា​ក្បែរ​អគារ​ក្រុមហ៊ុន​។ ក្រុម​កូដករ ចាត់ទុក​ទង្វើ​អាជ្ញាធរ​បែបនេះ​ថា ជា​ការ​រំលោភបំពាន​សិទ្ធិ​ជា​មូលដ្ឋាន​ស្របច្បាប់​របស់​ក្រុម​កូដករ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា និង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ដើម្បី​បំភ្លឺ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​០៣ មេសា។

ប៉ុន្តែ​សាលាក្រុង​ភ្នំពេញ​បាន​សេចក្ដីប្រកាស​ជា​ហូរហែ​ដោយ​ចោទប្រកាន់​ថា ក្រុម​កូដករ​ជា​ក្រុម​ធ្វើ​បាតុកម្ម​ខុសច្បាប់។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មើល​ឃើញ​ថា ក្រសួង​ការងារ​និង​ភាគី​ក្រុមហ៊ុន​ហាក់​មិនបាន​ប្រឹងប្រែង​ដោះស្រាយ​វិវាទ​ការងារ​នេះ​ឱ្យ​បាន​ត្រូវ​ត្រឹម​តាមច្បាប់​នោះ​ឡើយ​។ ផ្ទុយទៅវិញ កូដករ​បែរជា​រង​សម្ពាធ និង​ហិង្សា​កាន់តែ​ខ្លាំង​ពី​ការ​បង្ក្រាប​របស់​អាជ្ញាធរ។ លោក​បន្ត​ថា បើ​អាជ្ញាធរ បន្ត​ប្រើ​អំពើ​ហិង្សា​លើ​កូដករ​បែប​នេះ នោះ​នឹង​កាន់​តែ​ជះឥទ្ធិពល​អវិជ្ជមាន​បន្ថែម​ទៀត​ដល់​រដ្ឋាភិបាល៖ «ប្រសិនជា​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមគ្នា ពន្លឿន​នីតិវិធី​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​អតីត​បុគ្គលិក ឬ​បុគ្គលិក​កំពុង​ធ្វើ​កូដកម្ម​នេះ​វា​ជា​រឿង​ល្អ​។ មួយវិញទៀត​វា​មិន​ជះឥទ្ធិពល​ទាក់ទង​នឹង​ការរំលោភ​សិទ្ធិ​ការងារ រំលោភ​សិទ្ធិ​មនុស្ស ឬក៏​ទម្រង់​ហិង្សា​ផ្សេងៗ​ប៉ះពាល់​ដល់​បុគ្គលិក ឬ​អតីត​បុគ្គលិក​ដែល​ជា​ស្ត្រី​នោះ»។

កាលពី​ថ្ងៃទី​២៩ មីនា ភាគី​ក្រុមហ៊ុន​បាន​បញ្ជាក់​ពី​ជំហរ​ដដែល​ដោយ​បដិសេធ​មិន​ទទួលយក​កម្មករ​ជាង​២០០​នាក់ និង​ថ្នាក់ដឹកនាំ​សហជីព​ឱ្យ​ចូល​ធ្វើការ​វិញ​ឡើយ​។ ក្រុម​កូដ​ករ​ថា ការ​បដិសេធ​របស់​ភ​គី​ក្រុមហ៊ុន​ច្រើន​លើក​ច្រើន​សា​មកនេះ​បង្ហាញថា ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ពិត​ជា​មាន​ចេតនា​ចង់​រំលាយ​សហជីព​ឯករាជ្យ​ទាំងស្រុង។

ក្រសួង​ការងារ​ក៏បាន​ប្រកាស​ឱ្យ​ភាគី​ទាំងពីរ​ពិចារណា​ឡើងវិញ​ក្នុង​ការ​ចរចា​រក​ដំណោះស្រាយ​វិវាទ​ការងារ​នេះ​ម្ដងទៀត​នៅ​ថ្ងៃទី​០៦ មេសា ខាងមុខ។

ទោះជា​យ៉ាងណា ក្រុម​កូដករ​អះអាង​ថា ពួកគាត់​នឹង​បន្ត​ចេញ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​រហូតដល់​មាន​ដំណោះស្រាយ​ពី​ថៅកែ បើ​ទោះ​បីជា​រង​ការ​ធ្វើទុក្ខបុកម្នេញ​យ៉ាងណាក្ដី​។ ពួកគាត់​ទទូច​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​ថ្នាក់ដឹកនាំ​សហជីព​ដើម្បី​បើកផ្លូវ​ឱ្យ​មាន​ការចរចា​ប្រកបដោយ​តម្លាភាព​និង​យុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។