ក្រុមកូដករណាហ្គាវើលដ៍( Nagaworld) ប្រមាណ៣០នាក់នៅថ្ងៃទី២៤ វិច្ឆិកា នាំគ្នាយកក្រដាសមករុំខ្លួនដើម្បីទាមទារឱ្យរដ្ឋាភិបាលគោរពច្បាប់ និងដាក់ទោសទៅលើថៅកែបនល្បែងណាហ្គាវើលដ៍ ដែលរំលោភសិទ្ធិកម្មករ។ ពួកគាត់ទទូចឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ដោយមានតម្លាភាពកុំលំអៀងទៅរកអ្នកមានលុយមានអំណាច។
ក្រុមកូដករណាហ្គាវើលដ៍បន្តការតវ៉ាដើម្បីរកដោះស្រាយការងារ បើទោះជាពួកគាត់កំពុងប្រឈមនឹងជីវភាពខ្វះខាតយ៉ាងក្ដី។
ក្រុមកូដករនាំគ្នាតុបតែងខ្លួនដោយក្រដាសមករុំខ្លួន និងបិតមាត់ដោយពួកគេចង់បង្ហាញថា រដ្ឋាភិបាលយកច្បាប់មករឹតត្បិតសិទ្ធិសេរីភាពកម្មករ និងចាប់ពួកគាត់ដាក់ពន្ធនាគារទាំងអយុត្តិធម៌។
កូដករណាហ្គាវើលដ៍ លោកស្រី សុខ រតនា សង្ឃឹមថា ក្រុមកូដករ នឹងទទួលយុត្តិធម៌ ហើយតុលាការដោះលែង កញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពឡើងវិញ ពីព្រោះកម្ពុជាមិនមែនជាប្រទេសកុម្មុយនិស្តដូច្នេះរដ្ឋាភិបាលត្រូវតែគោរពច្បាប់។
លោកស្រី សុខ រតនា៖ «បងគិតថា បើប្រទេសនេះជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្សមែនអត់ត្រូវមើលថៅកែដែលមានលុយទេ អត់ត្រូវលំអៀងទៅថៅកែដែលមានលុយទេ ទោះលោក តាន់ ស្រ៊ី ជាអ្វីក៏ដោយមានមុខតំណែងក្នុងជួររដ្ឋក៏ដោយ ធំយ៉ាងណាក៏ដោយក៏ត្រូវយកច្បាប់មកអនុវត្តលើគាត់ដែលពីព្រោះគាត់កំពុងធ្វើខុសច្បាប់ គាត់កំពុងប្រព្រឹត្តអំពើខុសច្បាប់ អ៊ីចឹងក្នុងនាមយើងជាកម្មករយើងនៅតែស្រែករកយុត្តិធម៌រហូតទទួលបានយុត្តិធម៌»។
កាលពីថ្ងៃទី២៣ វិច្ឆិកា ក្រុមកូដករណាហ្គាវើលដ៍បានយកញត្តិទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងារ ដែលបានអូសបន្លាយរយៈពេលជិត៣ឆ្នាំមកនេះ។ ប៉ុន្តែ តំណាងខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានបដិសេធដោយ លើកហេតុផលថា ដោយសារតែញត្តិនោះ ខ្វះឯកសារយោងមួយចំនួន។ ការដាក់ញត្តិនោះស្របពេលដែលថៅកែបនល្បែងណាហ្គាវើលដ៍នៅតែបន្តធ្វើទុក្ខបុកម្នេញលើសមាជិកសហជីពដោយបង្ខាំង និងបង្ខំសមាជិកសហជីពដែលមានឈ្មោះធ្វើការនៅក្នុងក្រុមហ៊ុនចំនួន ៧៣នាក់ផ្ដិតមេដៃបញ្ឈប់កិច្ចសន្យាការងារ។ នៅក្នុងចំណោមកម្មករ ៧៣នាក់នោះ មានស្ត្រី៥នាក់កំពុងមានផ្ទៃពោះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៤ វិច្ឆិកា។
ជុំវិញបញ្ហានេះប្រធានគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា បើរដ្ឋាភិបាលនៅតែមិនដោះស្រាយវិវាទការងារជូនកម្មករទេនោះ កម្ពុជានឹងរងការរិះគន់ និងរងទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតពីបណ្ដាប្រទេសលោកសេរី។
លោក ឃុន ថារ៉ូ៖ «អ៊ីចឹងជារួមបញ្ហាទាំងនោះបើរដ្ឋាភិបាលដោះស្រាយហើយវិធានការជាក់លាក់ណាមួយដែលអាចជឿទុកចិត្តបាននោះ វាទាមទារឱ្យមានកិច្ចសន្ទនាសង្គមណាមួយដើម្បីឈានទៅដល់ការធ្វើវិសោធនកម្មច្បាប់ស្ដីពីសហជីពធ្វើយ៉ាងឱ្យច្បាប់នេះធានាទៅដល់ការលើកកម្ពស់សិទ្ធិសេរីភាពសហជីពដើម្បីអាចមានលទ្ធភាពក្នុងការប្រើប្រាស់សិទ្ធិជាមូលដ្ឋានដើម្បីលើកកម្ពស់នូវសិទ្ធិការងារក្នុងប្រទេសកម្ពុជា»។
ក្រុមកូដករណាហ្គាវើលដ៍អះអាងថា រដ្ឋាភិបាលអសមត្ថភាពដោះស្រាយវិវាទការងារជូនកម្មករ និងថែមទាំងចោទប្រកាន់លាបពណ៌ក្រុមកូដករគ្រប់សព្វបែបយ៉ាងក្នុងរយៈពេល៣ឆ្នាំនេះ។ ក្រៅពីរដ្ឋាភិបាលមិនជួយដោះស្រាយវិវាទការងារឱ្យកម្មករហើយនោះរដ្ឋាភិបាលក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត ថែមទាំង តែងតាំង ថៅកែបនល្បែងណាហ្គាវើលដ៍ លោក តាន់ ស្រ៊ី ឫលោក ចេន លីបគង់ (Chen Lip Keong) ឱ្យធ្វើជាទីប្រឹក្សារបស់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។