អ្នកការពារសិទ្ធិមនុស្សមើលឃើញថា ការធានាបាននូវសង្គមប្រជាធិបតេយ្យពិតប្រាកដ នឹងជំរុញការបង្កើតច្បាប់ និងវិធានការទាំងឡាយដែលគិតគូរពិតប្រាកដដល់អត្ថប្រយោជន៍សម្រាប់ស្រ្តី។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា ការដើរចាកពីគន្លងប្រជាធិបតេយ្យដូចស្ថានភាពបច្ចុប្បន្ននេះធ្វើឱ្យសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋត្រូវរិតត្បិត និងសិទ្ធិចម្បងៗ ផ្សេងទៀតត្រូវរំលោភបំពាន ដូចជាសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ហើយសកម្មជនធ្វើការការពារយុត្តិធម៌សង្គម ប្រព័ន្ធផ្សព្វផ្សាយ និងសកម្មជននយោបាយ ត្រូវរងការធ្វើទុក្ខបុកម្នេញ។ អ្នកស្រីថា ទាំងនេះមានឥទ្ធិពលធ្វើអោយសំឡេងស្រ្តី ដែលមានតិចតួចនោះត្រូវកាត់បន្ថយថែមទៀត៖ «ការបង្កើតវប្បធម៌ការចាប់ពិរុទ្ធខ្លួនឯង គឺនៅក្នុងចំណោមសាធារណៈជន ប្រសិនបើស្ថានភាពនេះនៅតែវិវឌ្ឍន៍ បានន័យថា បញ្ហាជាច្រើនដែលស្រ្តីបានប្រឈមនឹងមិនត្រូវបានដឹងឮ ព្រោះថា សង្គម យើងលំហសេរីភាពហ្នឹងចាប់ផ្ដើមរួមតូចទៅៗ»។
អ្នកស្រីថា កង្វះខាតសំឡេងតំណាងឱ្យស្រ្តីបានជំរុញឱ្យមានការបង្កើតច្បាប់ និងវិធានការដែលធ្វើឱ្យការរើសអើងស្រ្តីនៅតែបន្ត៖ «ស្រ្តីដែលគាត់ជាជនរងគ្រោះហ្នឹងគឺគាត់ងាយនៅក្នុងការទំនាក់ទំនង ហើយប្រហែលជាពួកគាត់នឹងងាយយល់បញ្ហា ហើយដឹងវិធីដោះស្រាយជាងចៅក្រមជាបុរស ជាងមេធាវីជាបុរស ឬប៉ូលីសជាបុរស ដែលជាញឹកញយគាត់បែរជាថែមបន្ទុកទ្វេដងទៅលើជនរងគ្រោះ ដែលធ្វើឱ្យជនរងគ្រោះបាក់ស្បាត ឬខ្លាចបន្ថែមទៀត។ ការប្រឈមមួយទៀតគឺទិដ្ឋភាពច្បាប់ ដែលរដ្ឋាភិបាលបានដាក់ចេញនូវទិដ្ឋភាពច្បាប់មួយចំនួនដែលរិតត្បិតដល់សិទ្ធិស្រ្តីដែរ ហើយការរើសអើងទៅលើស្រ្តីដោយការទម្លាក់នូវតម្លៃដល់ស្រ្តីធ្វើឱ្យការលើកតម្កើងវប្បធម៌ប្រពៃណី ឬក៏សេចក្ដីថ្លៃថ្នូររបស់សង្គមហ្នឹងទៅជាគំនាបមកលើស្រ្តីទៅវិញ»។
ជាមួយគ្នានេះ គណៈកម្មាធិការនៃអង្គការមិនរដ្ឋាភិបាលដើម្បី អនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រី្ត (NGO-CEDAW) និងអង្គការសង្គមស៊ីវិលជាដៃគូចំនួន ២១ បានចេញសេចក្តីថ្លែងការណ៍រួមលើកឡើងនូវបញ្ហាចំនួន ៥ចំនុច ដែលចាំបាច់ឲ្យរដ្ឋាភិបាលដោះស្រាយ ក្នុងនោះមានដូចជា សូមឲ្យទម្លាក់ចោលនូវសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ និងអនុក្រឹត្យថ្មី ស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណែតជាតិ ការបែងចែកផ្តល់ថវិកាជាតិឲ្យបានគ្រប់គ្រាន់ សម្រាប់ការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រី្ត និងបញ្ហាផ្សេងៗមួយចំនួនទៀត។

បើទោះជាយ៉ាងណាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាលយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តីរហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។ លោកសរសេរលើហ្វេសប៊ុកកាលពីខួបលើកទី១១០ នៃទិវាសិទ្ធិនារីអន្តរជាតិនេះថា សិទ្ធិទាំងឡាយរួមទាំងសិទ្ធិនារី ដែលទទួលបានឡើងវិញពេលនេះគឺដោយសារគុណបុណ្យថ្ងៃរំដោះ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
បើទោះជាយ៉ាងណាចំពោះក្រុមសហជីព និងក្រុមអង្គការ សមាគមផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបាននាំគ្នាជួបប្រជុំប្រារព្ធទិវានារីអន្តរជាតិនេះក្នុងចំនួនមនុស្សចូលរួមតិចដោយសារការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ បានទាមទារឱ្យរដ្ឋាបាលយកចិត្តទុកដាក់ដល់ពួកគេ ដោយស្ដាប់តម្រូវការ និងដោះស្រាយបញ្ហារបស់ពួកគេជាពលរដ្ឋទៅតាមលំអាននៃប្រទេសប្រជាធិបតេយ្យដែរ ទើបបញ្ជាក់ថា រដ្ឋាភិបាលយកចិត្តទុកដាក់ដល់សិទ្ធិស្រ្តីពិតប្រាកដ និងមានយុត្តិធម៌។
ប្រធានសម្ព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា សង្គមប្រជាធិបតេយ្យពិតប្រាកដពលរដ្ឋអាចអនុវត្តសិទ្ធិបានតាមច្បាប់ធានាដែលផ្ទុយគ្នាពីស្ថានភាពបច្ចុប្បន្ននេះ៖ «ក្នុងច្បាប់បានចែងថាគាំទ្រយើងអោយយើងមានសិទ្ធិសេរីភាពគ្រប់គ្រាន់នៅក្នុងការតស៊ូមតិដើម្បីទាមទារសិទ្ធិ ប៉ុន្តែពេលដែលយើងទៅទាមទារមានគេសំពងយើង មានគេចាប់យើងដាក់គុក ចឹងស្នើអោយរដ្ឋាភិបាលមើលអំពីចំណុចហ្នឹងឡើងវិញ»។
មិនខុសគ្នានេះដែរ ប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជាលោក សុខ គីន មានប្រសាសន៍ថា ស្រ្តីក្នុងវិស័យសំណង់កំពុង់បាត់បង់សិទ្ធិទទួលបានប្រាក់ឈ្នួលស្មើគ្នាក្នុងការងារដូចគ្នាជាមួយបុរស។ លោកថាសំឡេងរបស់ស្រ្តីក្នុងផ្នែកនេះត្រូវគេមើលរំលង៖ «វិស័យសំណង់ជាឧស្សាហកម្មធ្ងន់ធ្ងន់បំផុតមួយ ប៉ុន្តែប្រាក់ឈ្នួលខុសគ្នាពីបុរស និងស្រ្តីប្រហែលជា ៥០ភាគរយ បុរសបាន ១០ដុល្លារ ស្រ្តីបានតែ ៥ដុល្លារទេ ហើយការងារដូចគ្នាចងដែកដូចគ្នា យួរកំបោរដូចគ្នា។ សួរថាហេតុអី? គាត់ទទួលបានយុត្តិធម៌ចំពោះមុខច្បាប់ទេ? គឺអត់សូម្បីតែសម្ភារៈសុខភាព សម្ភារៈសុវត្ថិភាពក៏គាត់អត់ទទួលបានទេ»។
ជាមួយនេះអ្នកការពារសិទ្ធិស្រ្តីអ្នកធ្វើការងារក្រៅប្រព័ន្ធផ្សេងទៀតមានអ្នករើសសំរាម អ្នកលក់ដូរតាមដងផ្លូវ និងអ្នកធ្វើការផ្នែកសេវាកម្មទូទៅ ព្រមទាំងអ្នកផ្នែកសេវាកម្សាន្តទាមទារឱ្យរដ្ឋាភិបាលផ្ដល់សេវាគាំពារសង្គមដល់ពួកគេ។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាអ្នកស្រី អ៊ូ ទេពផល្លីន ថ្លែងថា អ្នកធ្វើការផ្នែកសេវាកម្ម ដែលភាគច្រើនជាស្រ្តី ក៏ជាពលរដ្ឋដែរគឺគួរតែទទួលបានការគាំពារសង្គម ឬការធានារ៉ាប់រងសុខភាពពេលមានជំងឺ មានប្រាក់ឧបត្ថម្ភពេលពិការដោយសារការងារ និងប្រាក់ផ្សេងទៀតពេលជួបគ្រោះថ្នាក់ដល់ជីវិតជាដើមឱ្យដូចគ្នានឹងកម្មករនៅក្នុងវិស័យផ្សេងៗ ដូចជា វិស័យកាត់ដេរជាដើម៖ «ត្រូវទៅធ្វើការស្រាប់តែមានគ្រោះថ្នាក់ចៃដន្យណាមួយពិការភាព បើស្លាប់តែម្ដងរៀងធូរបន្តិច តែបើពិការត្រូវការការគាំពារពីរដ្ឋ មិនមែនពិការហើយបោះយើងចោលទេ គឺត្រូវជួយគាំពារដល់ពួកយើងហ្នឹង។ មិនមែនឱ្យយើងគិតអាក្រក់ទេ ប៉ុន្តែក្នុងនាមជាមនុស្ស វាមិនអាចគេចផុតតេអារឿងអស់ហ្នឹង។ ដល់ពេលពិការហើយស្រាប់តែទៅធ្វើការចៃដន្យអីអត់ការងារធ្វើដោយសារមានវិបត្តសេដ្ឋកិច្ចពិភពលោកកើតឡើង រដ្ឋត្រូវតែជួយកុំឱ្យពលរដ្ឋវេទនាអត់មានអីហូប ព្រោះយើងអត់ប្រាថ្នាពាក់នាឡិការតម្លៃរាប់លាន អត់ប្រាថ្នាពាក់ខ្សែក្រវ៉ាត់តម្លៃរាប់ពាន់ទេ គឺយើងសុំតែអាហារ ៣ពេល ពេលណាយើងឈឺបានទៅព្យាបាល។ នេះជាក្ដីសុបិន្តរបស់ពលរដ្ឋ»។

ក្រសួងកិច្ចការនារីក្នុងឆ្នាំនេះបានរើសយកប្រធានបទស្រ្តី និងការអភិវឌ្ឍ ក្នុងបរិកាណ៍កូវីដ-១៩ ដោយបញ្ជាក់ថា ក្នុងស្ថានភាពនៃការរាលដាលជំងឺកូវីដ-១៩នេះស្រ្តី និងក្មេងស្រីរងផលប៉ះពាល់ខ្លាំងជាងបុរស និងក្មេងប្រុស ទាំងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច អំពើហិង្សា សេវាថែទាំសុខភាព។ ក្រសួងកិច្ចការនារីអះអាងថា រដ្ឋាភិបាលបានដាក់ចេញវិធានការភ្លាមៗឆ្លើយតបជួយសម្រួលដល់ស្រ្តី និងក្រុមជនងាយរងគ្រោះ ជាពិសេស តាមគោលនយោបាយគាំពារសង្គមផ្ដល់ប្រាក់ឧបត្ថម្ភទៅដល់អ្នកធ្វើការផ្នែកកាត់ដេរ សេវាកម្ម និងទេសចរណ៍ ព្រមទាំងជួយទៅដល់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម ជាដើម។
តែទោះជាយ៉ាងណាចំពោះអ្នការពារសិទ្ធិមនុស្សមើលឃើញថាគោលនយោបាយនោះមិនបានរាប់បញ្ចូលក្រុមអ្នកធ្វើការងារក្រៅប្រព័ន្ធឡើយ។
ពួកគេបន្តទទូចអោយរដ្ឋាភិបាលងាកមកអនុវត្តប្រជាធិបតេយ្យពិតប្រាកដ និងធានាសិទ្ធិសេរីភាពពលរដ្ឋទៅតាមបទដ្ឋានច្បាប់អន្តរជាតិជាគោល ដើម្បីផ្ដល់អត្ថប្រយោជន៍ទៅអោយពលរដ្ឋគ្រប់រូបនៅក្នុងសង្គមទាំងបុរសទាំងស្រ្តី ដោយសមភាពគឺធានាថានឹងគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។