ក្រុមអង្គការសង្គមស៊ីវិល សមាគម បណ្ដាញសម្ព័ន្ធ សហជីព សហគមន៍មូលដ្ឋានទាំងជនជាតិដើមភាគតិច និងទាំងមិនមែនភាគតិចចំនួន ៨៥ស្ថាប័ន នៅថ្ងៃទី១៥ ខែវិច្ឆិកា រួមគ្នាចេញ សេចក្តីថ្លែងការណ៍ ទទូចស្នើសុំឱ្យទម្លាក់រាល់ការរាល់ចោទប្រកាន់ទាំងឡាយ និងដោះលែងតំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិទាំងអស់ ឱ្យមានសេរីភាពវិញដោយឥតលក្ខខ័ណ្ឌ។
អង្គការទាំងនេះដែលរួមមានសមាគមអាដហុកអង្គការលីកាដូ និងមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជាផងថា តំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ និងការពារធនធានធម្មជាតិ ជាច្រើននាក់ត្រូវបានរងការចោទប្រកាន់ និងចាប់ឃុំខ្លួន យ៉ាងអយុត្តិធម៌ ដោយពួកគាត់គ្រាន់តែប្រើប្រាស់សិទ្ធិសេរីភាពស្របច្បាប់ក្នុងការការពារដីធ្លី ព្រៃឈើ និងធនធានធម្មជាតិ ដោយសន្តិវិធី។
ក្នុងចំណោមអ្នកទាំងនោះមានលោក លោក ឆន ផល្លា ជាសកម្មជនការពារព្រៃឈើដ៏ឆ្នើមម្នាក់ប្រចាំខេត្តរតនគិរី និងលោក ផុន សុផល តំណាងសហគមន៍កសិករឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលកំពុងជាប់ពន្ធនាគារ ពីបទចោទកាប់គាស់ រុករានដីព្រៃ ឆ្កាដុត ឈូសឆាយដីព្រៃ និងសមគំនិតក្នុងអំពើញុះញង់ឲ្យប្រព្រឹត្ត អំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ លោក ឆន ផល្លា ត្រូវតុលាការកាត់ទោសឲ្យជាប់គុក ៥ឆ្នាំ។ លោក ផុន សុផល ត្រូវតុលាការកាត់ទោសឲ្យជាប់គុកមួយឆ្នាំនិងពិន័យជាប្រាក់ ២លានរៀល។
សកម្មជនបីរូបទៀត គឺលោក ចាន់ ធឿន ជាសមាជិកសកម្មរបស់បណ្ដាញសហគមន៍ព្រៃឡង់ ខេត្ដកំពង់ធំ និងលោក ខេម សុឃី និងលោក សូ ថាល់ ជាសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ខេត្ដព្រះវិហារ។ នៅពេលនេះ ពួកគាត់ស្ថិតនៅក្រៅឃុំ ប៉ុន្តែសុទ្ធតែកំពុងជាប់រឿងក្តីក្តាំនៅតុលាការ។
អង្គការទាំងនេះបន្តថា សូម្បីតែក្រុមយុវជនសកម្មក្នុងការចូលរួមការពារបរិស្ថាន ដែលត្រូវបានដោះលែងនាពេលថ្មីៗ កន្លងមក សុទ្ធតែស្ថិតក្រោមការត្រួតពិនិត្យ ដោយមិនទាន់មានការទម្លាក់ចោលរាល់ការចោទប្រកាន់នៅឡើយ និងរួមទាំងសកម្មជនសហគមន៍ដីធ្លី ព្រៃឈើ ធនធានធម្មជាតិដូចជា សមាជិក សកម្មជនបណ្ដាញសហគមន៍ព្រៃឡង់ នៅតាមបណ្តាខេត្តនានា ជាច្រើននាក់ផ្សេងទៀត ក៏ត្រូវរងការចោទប្រកាន់ និងឃុំខ្លួនជាបន្តបន្ទាប់ ក្រោយពួកគេចូលរួមយ៉ាងសកម្មក្នុងការអនុវត្តន៍សិទ្ធិរបស់ខ្លួនដោយអហិង្សា។
ពួកគាត់ស្នើសុំឱ្យរាជរដ្ឋាភិបាល ធានាសិទ្ធិសេរីភាពជាមូលដ្ឋាន ផ្អែកតាមរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងឱ្យពួកគាត់មានសេរីភាពពេញលេញ ដើម្បីឱ្យពួកគាត់បានជួបជុំក្រុមគ្រួសារ និងបានបន្ត រួមចំណែកបម្រើក្នុងការជួយកិច្ចការងារសង្គមបច្ចុប្បន្ន និងទៅអនាគត។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺជុំវិញរឿងនេះពីតុលាការនិងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បាននៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។