ក្រុមអង្គការសង្គមស៊ីវិលប្ដេជ្ញារិះរកមធ្យោបាយ ដើម្បីអាចបំពេញការងារបន្តទៀតបើទោះជាស្ថិតក្រោមការរារាំង គាបសង្កត់ពីអាជ្ញាធររដ្ឋាភិបាល លោក ហ៊ុន សែន ក៏ដោយ។ ពួកគេនៅតែរំពឹងថានឹងមានការបន្ធូរបន្ថយស្ថានភាពនយោបាយបញ្ចប់ជម្លោះរវាងគណបក្សកាន់អំណាច និងបក្សប្រឆាំង ហើយងាកទៅរួមរួមគ្នា បើកលំហសេរីភាពពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដើម្បីឱ្យពួកគេអាចបំពេញការងារ បម្រើពលរដ្ឋទៅតាមកាតព្វកិច្ចរៀងៗខ្លួនក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដ។
ក្រុមអង្គការសង្គមស៊ីវិល ដែលរងការរារាំង ការកៀបសង្កត់ពីអាជ្ញាធររដ្ឋាភិបាល ទទួលស្គាល់ថាពួកគេជួបការលំបាកខ្លាំងក្នុងការបំពេញការងារស្ទើរគ្រប់ផ្នែក ទាំងផ្នែកការងារតស៊ូមតិ រិះគន់ស្ថាបនាស្ថាប័នរដ្ឋាភិបាល ឬមន្ត្រីអ្នកអនុវត្តច្បាប់ និងការងារផ្នែកអប់រំពលរដ្ឋពីច្បាប់ ពីចំណេះជំនាញផ្សេងៗ។
ប្រធានសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក ធន សារាយ មានប្រសាសន៍ថា ការធ្វើទុក្ខបុកម្នេញកើតមានស្ទើរគ្រប់ពេលដែលអង្គការរបស់លោកបំពេញការងារនៅតាមសហគមន៍។ លោកសង្កេតឃើញថា ស្ថានភាពរារាំង គាបសង្កត់នេះកើតមានកាន់តែច្រើននៅក្រោយមានការរម្លាយគណបក្សសង្គ្រោះជាតិ។ តែទោះជាយ៉ាងណា លោក ធន សារាយ ថា សមាគមអាដហុកនៅតែបត់បែនរិះរកមធ្យោបាយអាចធ្វើការងារបាន ដោយបន្តចុះអប់រំពលរដ្ឋពីច្បាប់ ពីសិទ្ធិមនុស្ស វិធានការការពារខ្លួនពីការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងអំពើជួញដូរមនុស្សជាដើម៖ «យើងបានបើកវគ្គនៅកន្លែងដែល ចុងកាត់មាត់ញក ឆ្ងាយៗ និយាយជាមួយពលរដ្ឋ ខ្ញុំខ្លួនឯងផ្ទាល់និយាយជាមួយសហគមន៍ ហើយយើងនិយាយភាសាដដែលអត់មានដូរដោយខ្លាច មកនិយាយភាសាទន់ជ្រាយអីទេគឺនៅរក្សាដដែល អ្វីដែលជាមេរៀនខ្លឹមសារអីគឺ យើងធ្វើដូចមុនគ្រាន់តែយើងមិនបានធ្វើផ្ទាល់។ បុគ្គលិកខ្ញុំនៅតែទៅធ្វើផ្ទាល់ក៏មានដែរ គាត់អត់ខ្លាចទេគាត់នៅតែនិយាយដដែល។ ដូច្នេះយើងឃើញថា អ្វីៗដែលយើងធ្វើនេះមិនមែនយើងដោយសារខ្លាចយើងនាំគ្នាឈប់ធ្វើទេ គឺមិនមែនអ៊ីចឹងទេ។ ខ្ញុំគិតថា អ្នកដឹកនាំនយោបាយក៏យើងនៅតែអប់រំគាត់ដែរ មិនមែនយើងមិនអប់រំទេ គឺពីចម្ងាយក្ដីនៅជិតក្ដី គឺយើងនៅតែផ្ដល់ជាសារឱ្យគាត់ដូចជាថា យើងមិនមែនជាសត្រូវទេ កុំដាក់យើងជាអមិត្ត យើងធ្វើកិច្ចការនេះជួយសង្គមទេ កសាងសង្គមយើងឱ្យបានល្អ»។
ក្រុមអង្គការសង្គមស៊ីវិលអះអាងថា រដ្ឋាភិបាលប្រើប្រាស់មធ្យោបាយផ្សេងៗ ក្នុងចេតនាចង់បំបិទសំឡេងអង្គការសមាគមណា ដែលធ្វើការងារផ្នែកតស៊ូមតិ ដើម្បីការពារ និងលើកស្ទួយសិទ្ធិពលរដ្ឋ។ អាជ្ញាធរបានចាប់ខ្លួនតំណាងអង្គការសង្គមស៊ីវិល និងសកម្មជនបរិស្ថានមួយចំនួនដាក់ពន្ធនាគារ និងគំរាមកំហែងថានឹងបន្តចាប់ខ្លួនបន្ថែមទៀត ដោយមិនលើកលែង។
គិតចាប់ពីខែមករា មកដល់ដើមខែធ្នូឆ្នាំ២០២០នេះ អាជ្ញាធររបបលោក ហ៊ុន សែន បានចាប់ខ្លួនសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស អ្នកសារព័ត៌មាន ព្រះសង្ឃ និងយុវជនដាក់ពន្ធនាគារ ប្រមាណជាង ៤០នាក់ហើយ ដោយសារការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេទាក់ទង និងការសំដែងមតិ និងទាមទារយុត្តិធម៌សង្គម។
បើតាមក្រុមអង្គការសង្គមស៊ីវិល ទាំងនេះបង្ហាញថា លោក ហ៊ុន សែន ប្រើប្រាស់តុលាការក្រោមរូបភាពអនុវត្តច្បាប់ ដើម្បីដាក់ទោសទណ្ឌទៅលើតំណាងអង្គការសង្គមស៊ីវិលណាមួយ ដែលរដ្ឋាភិបាលមិនពេញចិត្តនឹងសកម្មភាពការងាររបស់ពួកគេ ហើយចោទប្រកាន់ថា ធ្វើសកម្មភាពគាំទ្រគណបក្សប្រឆាំង ឬចោទពីបទញុះញង់ បង្កអសន្តិសុខសង្គមជាដើម។
ចំណែក ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហានឌ្រូ ហ្កាន់សាឡេស ដេវីតសិន ( Alejandro Gonzalez Davidson) ឬ អាឡិច ដែលពេលនេះត្រូវអាជ្ញាធររារាំងមិនឱ្យចូលកម្ពុជា និងមានសកម្មជន ៣នាក់ត្រូវចាប់ដាក់ពន្ធនាគារផងនោះបញ្ជាក់ថា ជារឿងសំខាន់ដែលអង្គការសង្គមស៊ីវិលមានយុទ្ធសាស្ត្រថ្មី វែងឆ្ងាយ មិនបាក់ស្បាត និងប្រើប្រាស់មធ្យោបាយថ្មីក្នុងសម័យបច្ចេកវិទ្យា ដើម្បីបំពេញការងារតទៅទៀត។ លោក អាឡិច ស្នើឱ្យបណ្ដាអង្គការទាំងឡាយរួបរួមគ្នាធ្វើការដោយផ្ដោតលើមនសិការរួមគ្នា៖ «ជាអនុសាសន៍របស់ខ្ញុំក្នុងនាមជាសកម្មជនទៅលើអង្គការសង្គមស៊ីវិល ដែលនៅសេសសល់ហ្នឹងគឺត្រូវបាត់បែនតាមកាលៈទេសៈ ហើយគួរតែអនុវត្តយុទ្ធសាស្ត្រឱ្យវាសមស្របតាមកាលៈទេសៈ។ របប ហ៊ុន សែន មិនមែនជារបបប្រជាធិបតេយ្យទេ ជារបបជើងកាងនិយមជារបបម៉ាហ្វីយ៉ា ដែលធ្វើដើម្បីតែលុយ មិនមែនធ្វើដើម្បីប្រទេសជាតិទេ។ ប្រសិនបើយើងនៅតែអនុវត្តយុទ្ធសាស្ត្រដដែលវាគង់នឹងស្លាប់ខ្លួនឯងហើយក៏គង់ហ្នឹងប្រទេសជាតិរងគ្រោះធ្ងន់ធ្ងរ»។
ក្រៅពីការបង្ក្រាប ឬការរឹតត្បិតការអនុវត្តសកម្មភាពជាក់ស្ដែងរដ្ឋាភិបាលក៏ប្រើប្រាស់ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរឹតត្បិតសកម្មភាពការងាររបស់អង្គការសង្គមស៊ីវិលដែរ។ ក្រុមសង្គមស៊ីវិលស្នើទៅរដ្ឋាភិបាលឱ្យកែប្រែ ចំណុចសំខាន់ៗចំនួន១៤ នៃច្បាប់នេះ ដើម្បីធានាថា មិនមានការគំរាមកំហែង និងមិនមានការគាបសង្កត់ដល់ការងារពួកគេតទៅទៀត។ ចំណុចទាំង១៤ នេះ ទាក់ទងនឹងការការស្នើចុះបញ្ជី ការដាក់របាយការណ៍ដល់ស្ថាប័នពាក់ព័ន្ធ ការជូនដំណឹងអំពីការផ្លាស់ប្ដូររចនាសម្ព័ន្ធផ្ទៃក្នុង ដែលធ្វើឱ្យប៉ះពាល់ដល់ស្វ័យភាពរបស់អង្គការមិនមែនរដ្ឋាភិបាលជាដើម។
នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការ ដើម្បីកម្ពុជា លោក សឿង សារឿន លើកឡើងថា ដើម្បីអាចបំពេញការងារនៅក្រោមសម្ពាធទាំងនេះក្រុមអង្គការសង្គមស៊ីវិលត្រូវធ្វើការរួមគ្នា ផ្លាស់ប្ដូរឥរិយាបថ មានយុទ្ធសាស្ត្ររយៈពេលវែង ហើយដែលអាចបត់បែនបាន។ លោក សារឿន នៅតែមានសង្ឃឹមថាក្រុមអង្គការសង្គមស៊ីវិលអាចនឹងមានលទ្ធភាពជជែកជាមួយក្រុមអ្នកដឹកនាំ រដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាទាំងនេះ៖ «ខ្ញុំគិតថា មួយជំនាន់ទៅមួយជំនាន់ ប្រសិនបើយើងរៀបចំយុទ្ធសាស្ត្រឱ្យបានរឹងមាំ ហើយកុំរៀបចំយុទ្ធសាស្ត្រសម្រាប់ដោះស្រាយ តែបញ្ហាបច្ចុប្បន្ន គឺយើងរៀបចំយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាយូរអង្វែង ខ្ញុំគិតថា មិនយូរទេរយៈពេល៥ឆ្នាំ រយៈពេល១០ឆ្នាំខាងមុខគឺអាចមានការកែប្រែ គឺសង្គមកម្ពុជាអាចមានភាពប្រសើរឡើង»។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) កាលពីខែវិច្ឆិកា សម្ដែងកង្វល់ចំពោះការរឹតត្បិតសង្គមស៊ីវិល និងអំពាវនាវដល់អាជ្ញាធរបញ្ឈប់ជាបន្ទាន់នូវការឃុំខ្លួនជាប្រព័ន្ធ និងការផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស ព្រមទាំងការប្រើប្រាស់កម្លាំងច្រើនហួសហេតុប្រឆាំងនឹងពួកគេ។
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន វិញ បកស្រាយលើហ្វេសប៊ក (Facebook) ថា អាជ្ញាធរមិនបានធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សទេ តែជាការអនុវត្តច្បាប់លើអ្នកប្រព្រឹត្តល្មើស។ លោកចោទប្រកាន់ដោយមិនបង្ហាញភស្តុតាងថា អ្នកដែលត្រូវបានចាប់ខ្លួនមួយចំនួន ជាអ្នកស៊ីឈ្នួលតវ៉ា និងអនុវត្តតាមផែនការរបស់អង្គការចាត់តាំងក្រៅច្បាប់ ដើម្បីបង្កភាពចលាចល ប៉ះពាល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។ មន្ត្រីរូបនេះ អះអាងទៀតថា រដ្ឋាភិបាលនឹងបង្ក្រាបក្រុមអ្នកទាំងឡាយណាដែលមានផែនការ និងចេតនាមិនល្អ ជ្រកក្រោមរូបភាព និងលេសសិទ្ធិមនុស្សបន្តទៅទៀត។
ចំពោះ លោក ធន សារាយ លោក អំពាវនាវដល់មេដឹកនាំបក្សកាន់អំណាចបញ្ឈប់ការធ្វើទុក្ខបុកម្នេញដល់អ្នករិះគន់ ហើយងាកមកបញ្ចប់ទំនាស់ ដើម្បីឱ្យគ្រប់ភាគីទាំងគណបក្សនយោបាយ សង្គមស៊ីវិល និងពលរដ្ឋអាចបំពេញកិច្ចការរៀងៗខ្លួនជួយអភិវឌ្ឍន៍សង្គមជាតិ៖ «ឥឡូវនេះយើងដឹងថា កសាងសង្គមមួយមិនអាចលឿនបានទេ យើងត្រូវថាមានយុទ្ធសាស្ត្រវែងឆ្ងាយដែរ។ ខ្ញុំគិតថា តទៅមុខទៀតរដ្ឋាភិបាលកុំឱ្យលោកគិតដូចមុនអ៊ីចឹង យើងនាំគ្នាកសាងស្ថាប័នប្រជាធិបតេយ្យរបស់យើងហ្នឹងឱ្យបានល្អមក ពីព្រោះប្រទេសយើងមិនអាចពឹងផ្អែកទៅលើតែបុគ្គលម្នាក់ មនុស្សមួយក្រុមបានទេ គឺត្រូវពឹងផ្អែកលើស្ថាប័នប្រជាធិបតេយ្យរឹងមាំ»។
ទាំងលោក ធន សារាយ និងតំណាងអង្គការសង្គមស៊ីវិលផ្សេងទៀតនៅតែរំពឹងថា ការជជែកគ្នារវាងខ្មែរ នឹងខ្មែរ ដើម្បីដោះស្រាយបញ្ហានៅទេដំណោះស្រាយដ៏ល្អ ដើម្បីធានាឱ្យសង្គមខ្មែរមានយុត្តិធម៌ ធានាការគោរពសិទ្ធិសេរីភាពពលរដ្ឋ បើកចំហលម្ហសង្គមស៊ីវិល និងជំរុញដំណើរការប្រជាធិបតេយ្យពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។