អ្នកធ្វើការងារទាក់ទងប្រព័ន្ធផ្សព្វផ្សាយជំរុញទៅក្រសួងព័ត៌មានឲ្យពន្លឿនធ្វើច្បាប់ស្ដីទីសិទ្ធិទទួលបានព័ត៌មាន។ សំណើនេះធ្វើឡើងក្នុងពេលប្រទេសកម្ពុជា និងបណ្ដាប្រទេសនានាទៀតប្រារព្ធទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកលថ្ងៃទី២៨ ខែកញ្ញានេះ។ ឆ្លើយតបការលើកឡើងនេះអ្នកនាំពាក្យក្រសួងព័ត៌មានអះអាង ក្រុមការងារបច្ចេកទេសនៃក្រសួងយុត្តិធម៌ និងក្រសួងព័ត៌មានបានប្រជុំចប់សព្វគ្រប់រួចហើយ ជុំវិញដំណើរការនៃការធ្វើច្បាប់ស្ដីទីសិទ្ធិទទួលបានព័ត៌មាន។
អង្គការយូណេស្កូ (UNESCO) សហការជាមួយក្រសួងព័ត៌មាន ស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលប្រារព្ធទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកល ក្រោមប្រធានបទសិទ្ធិដឹង។ ការប្រារព្ធខណៈវិបត្តិជំងឺកូវីដ-១៩ បន្តរាតត្បាត អ្នកពាក់ព័ន្ធត្រឹមចេញសេចក្ដីថ្លែងការណ៍តាមបណ្ដាញទំនាក់ទំនងសង្គម និងជជែកតាមប្រព័ន្ធផ្សព្វផ្សាយ។
ការប្រារព្ធទិវានេះក្រោមប្រធានបទសិទ្ធិដឹង គឺជាការកសាងឲ្យប្រសើរឡើងវិញជាមួយនឹងសិទ្ធិទទួលបានព័ត៌មាន និងគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រីកច្បាប់សិទ្ធិព័ត៌មាន និងការអនុវត្តច្បាប់នេះនៅទូទាំងពិភពលោក ដើម្បីកសាងស្ថាប័នដ៏រឹងមាំសម្រាប់អភិវឌ្ឍ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តសិទ្ធិទទួលបានព័ត៌មាន។
អង្គការយូណេស្កូ ដែលទទួលបន្ទុកលើកកម្ពស់ការផ្សព្វផ្សាយពីលំហូរនៃគំនិតសេរី បានបង្កើតយុទ្ធនាការតាមប្រព័ន្ធអនឡាញ (Online) ដើម្បីបង្ហាញពីសារៈសំខាន់នៃសិទ្ធិក្នុងការទទួលបានព័ត៌មានសម្រាប់មនុស្សគ្រប់គ្នា ដើម្បីធានាថា គ្មាននរណាម្នាក់មិនទទួលបានសិទ្ធិនេះ។ អង្គការយូណេស្កូបានពាំនាំនូវសំឡេងចម្រុះរបស់ពលរដ្ឋ ដើម្បីបង្ហាញបញ្ហាប្រឈមក្នុងការស្វែងរក និងការទទួលបានព័ត៌មានចាំបាច់ ដើម្បីឲ្យការសម្រេចចិត្តត្រឹមត្រូវនិងធ្វើឲ្យការរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរឡើង។
រីឯសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJA) បានឡើងដែរថា មនុស្សគ្រប់រូបមានសិទ្ធិ និងសេរីភាពក្នុងការទទួលបានព័ត៌មាន។ ប្រភពដដែលបន្តថា ការទទួលបានព័ត៌មាន មានសារសំខាន់សម្រាប់សង្គមប្រជាធិបតេយ្យ។ ខេមបូចា លើកឡើងទៀតថា ការទទួលបានព័ត៌មានផ្ដល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋក្នុងការទទួលបានដំណឹងពីស្ថាប័នសាធារណៈ និងអាចឲ្យតំណាងរបស់ពួកគេមានវត្តមានក្នុងជជែកដេញដោលជាសាធារណៈផងដែរ។ សិទ្ធិទទួលបានព័ត៌មានត្រូវបានទទួលស្គាល់និងប្រកាស កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ដោយកំណត់យកថ្ងៃទី២៨ ខែកញ្ញា ជាទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកល។
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJA) លោក ណុប វី ឲ្យវិទ្យុអាស៊ីសេរីដឹងថ្ងៃទី២៨ ខែកញ្ញាថា អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ បានអបអរសិទ្ធិទទួលព័ត៌មាន និងធ្វើសន្និសីទថ្នាក់ជាតិរួចហើយកាលពីប៉ុន្មានថ្ងៃមុន។ លោកបន្តថា ចំពោះថ្ងៃនៃការប្រារព្ធពិធីនេះ អង្គការយូណេស្កូ (UNESCO) ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល បានធ្វើយុទ្ធនាការតាមប្រព័ន្ធអនឡាញ (Online) ដើម្បីបង្ហាញពីសារៈសំខាន់នៃសិទ្ធិក្នុងការទទួលបានព័ត៌មាន។ អ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយរូបនេះ ក៏ជំរុញទៅរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធពន្លឿនការអនុវត្តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន៖ «ជំរុញការអនុម័តស្ដីពីសិទ្ធិទទួលបានព័ត៌មានឲ្យបានឆាប់រហ័ស ដើម្បីធានាឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយអំពើពុករលួយ ជំរុញតម្លាភាពនៅក្នុងសង្គមរបស់យើង ហើយជាពិសេស ទៅទៀតនោះ ដើម្បីអនុញ្ញាតឲ្យមន្ត្រីនៅតាមស្ថាប័នរដ្ឋនានា អាចនឹងចូលរួមបានកាន់តែច្រើនក្នុងការផ្ដល់ព័ត៌មានជូនទៅដល់ប្រជាពលរដ្ឋ»។
ស្រដៀងគ្នានេះដែរ អ្នកសារព័ត៌មានឯករាជ្យលោក ម៉ៃ ទិត្យថារ៉ា និយាយថា អ្នកសារព័ត៌មានជួបការលំបាកក្នុងការប្រមូលព័ត៌មានយកមកផ្សព្វផ្សាយ នៅពេលមិនទាន់មានច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន៖ «សព្វថ្ងៃនេះឃើញថា មានការលំបាកខ្លាំងដោយសារអ្នកសារព័ត៌មានគាត់ពិបាកទទួលបានព័ត៌មានពីខាងមន្ត្រីមួយចំនួន ដោយសារគាត់បាននិយាយថា ការងារមួយចំនួនទាក់ទងដល់សន្តិសុខសង្គមអីអញ្ចឹងទៅគាត់មិនអាចផ្ដល់ព័ត៌មានបាន»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ និយាយថា រដ្ឋាភិបាលយកចិត្តទុកដាក់ពន្លឿនធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន។ លោកថា កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ក្រុមការងារបច្ចេកទេសនៃក្រសួងយុត្តិធម៌ និងក្រសួងព័ត៌មាន បានប្រជុំចប់សព្វគ្រប់រួចហើយ និងកំពុងរៀបចំរបាយការណ៍ដាក់ជូនរដ្ឋមន្ត្រីក្រសួងទាំងពីរ ធ្វើការពិនិត្យមុននឹងបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី៖ « អ៊ីចឹងហើយយើងនឹងបន្តខិតខំបន្ថែមទៀត ក្នុងការជំរុញរៀបចំឯកសារ ពាក់ព័ន្ធផ្សេងៗ ស្ដីពីសេចក្ដីព្រាងច្បាប់នេះ ដើម្បីដាក់ស្នើសុំទៅគណៈរដ្ឋមន្ត្រី ក៏ដូចជា ស្ថាប័ននីតិប្បញ្ញត្តិតាមនីតិច្បាប់កាន់តែឆាប់តាមតែធ្វើទៅបាន»។
សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន បានតាក់តែងនិងពិភាក្សាជាច្រើនលើកមកហើយ ក្នុងរយៈពេលជាង ១ទសវត្ស ប៉ុន្តែមិនទាន់ចេញជាច្បាប់បាននៅឡើយទេ។
នាយិកាអង្គការយូណេស្កូអ្នកស្រី អូដ្រេ អាស៊ូឡេ (Audrey Azulay) លើកឡើងក្នុងទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកលថា ការទទួលបានព័ត៌មានដែលអាចជឿទុកចិត្តអាចជួយសង្គ្រោះជីវិត ប៉ុន្តែអ្នកស្រីថា ព័ត៌មានមិនពិត និងចចាមអារ៉ាមអាចបង្កគ្រោះថ្នាក់ដល់សង្គមជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។