ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ផ្សព្វផ្សាយ​បញ្ហា​សិទ្ធិ​សេរីភាព​ ១០ថ្ងៃ ដើម្បី​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ថ្ងៃ​ទី១០ ធ្នូ

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល​រួមគ្នា​ផ្សព្វផ្សាយ​បញ្ហា​សិទ្ធិ​សេរីភាព​រយៈពេល១០ថ្ងៃ​ដើម្បី​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ថ្ងៃទី១០ ធ្នូ ខាងមុខនេះ។ ពួកគេ​ស្នើ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​សេរីភាព​ពលរដ្ឋ ក៏ដូចជា​ផ្ដល់​ឱកាស​ដល់​យុវជន​ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​សង្គម​ជាតិ​ទៅ​តាម​គោលការណ៍​ប្រជាធិបតេយ្យ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ យុវជន និង​អ្នក​វិភាគ​រួមគ្នា​ផ្សព្វផ្សាយ​បញ្ហា​សិទ្ធិ​សេរីភាព​រយៈ​ពេល ១០ថ្ងៃ​ទៅកាន់​ពលរដ្ឋ។ មក​ទល់​នឹង​ថ្ងៃ​ទី៦ ធ្នូ​នេះ យុទ្ធនាការ​ផ្សព្វផ្សាយ គឺ​មាន​រយៈ​ពេល ៦ថ្ងៃ​មក​ហើយ ដែល​គ្រោង​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី១០ធ្នូ ដែល​ជា​ខួប​លើក​ទី៧៣ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ។

អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក សឹង សែនករុណា លើក​ឡើង​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មិនទាន់​មាន​លក្ខណៈ​ប្រសើរ​នៅ​ឡើយ​ទេ ថ្វីបើ​មាន​គណបក្ស​នយោបាយ​ច្រើន​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​ទៅតាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​មាន​ការ​ដោះ​លែង​ក្រុម​យុវជន​សង្គម​មួយ​ចំនួន​កាលពី​អំឡុង​ខែវិច្ឆិកា​កន្លង​ទៅ។ លោក​ថា កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ និង​មាន​ការ​ផ្ដល់​នូវ​សច្ចាប័ន​ដែល​ជា​លិខិតុបករណ៍​ស្ដីពី​សិទ្ធិមនុស្ស ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​ជាប់​កាតព្វកិច្ច​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស « យើង​អត់​ចង់​ឃើញ​ប្រទេស​យើង​ក្នុង​ស្ថានភាព​បែបនេះ​ទេ គឺ​យើង​ចង់ឱ្យ​មាន​ការអនុវត្ត​ប្រជាធិបតេយ្យ​ដោយ​ភាព​សេរី ត្រឹមត្រូវ​ និង​យុត្តិធម៌ សម្រាប់​ការប្រកួត​ប្រជែង​ការបោះឆ្នោត​ក្នុង​រយៈកាល​នឹង​ជិត​មក​ដល់​ឆ្នាំ២០២២ ខាងមុខនេះ។ បើក​ចំហ​ទៅលើ​សេរីភាព​សារព័ត៌មាន សេរីភាព​ខាង​អង្គការ​សង្គម​ស៊ីវិល ហើយ​ជំរុញ​ឱ្យ​មាន​ឯករាជភាព​ខាង​កងកម្លាំង​ប្រដាប់​អាវុធ ក៏ដូចជា​ស្ថាប័ន​ឯករាជ្យ​បី ដែល​ត្រូវតែ​ឯករាជ្យ​ដាច់​ចេញ​ពី​គ្នា ដើម្បី​ធ្វើការ​ឆ្លុះបញ្ចាំង​អំពី​អំណាច​ទាំង​អស់​ហ្នឹង​ឱ្យ​មាន​តុល្យភាព​គ្នា »

ដោយឡែក​សកម្មជន​បរិស្ថាន​លោក លី ចាន់ដារ៉ាវុធ បាន​បង្ហាញ​ពី​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ការរំលោភ​សិទ្ធិ​សេរីភាព​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ដែល​អាច​ធ្វើ​ឱ្យ​យុវជន និង​ពលរដ្ឋ​មាន​ការភ័យខ្លាច​ក្នុង​ការ​ចូលរួម​កិច្ចការ​សង្គម។ លើស​ពី​នេះ លោក​ថា រដ្ឋាភិបាល​បាន​ប្រើ​លេស​កូវីដ១៩ ដើម្បី​ទប់ស្កាត់​សំឡេង​រិះគន់​របស់​ពលរដ្ឋ៖ «ចុង​ក្រោយ​នេះ ដែល​យើង​ឃើញ​ច្បាស់ៗ ហ្នឹង គឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង ក៏​មាន​ការរំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដែរ។ យើង​សង្កេត​ឃើញ​ថា មាន​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្សប្រឆាំង​ហ្នឹង ទៅ​ឃុំ​ខ្លួន​ដោយ​មិន​មាន​ការ​សួរ​នាំ ឬ​ក៏​មិន​មាន​ការ​ស៊ើប​អង្កេត​រឿង​គាត់​ឱ្យ​បាន​ច្បាស់លាស់​ទេ ហើយ​សកម្មជន​សង្គម​ដូចជា​ខ្មែរថាវរៈ សកម្មជន​បរិស្ថាន​អី​ហ្នឹង​បែរ​ជា​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ បទ​ញុះញង់ »

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ឃើញ​ថា កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​នូវ​ស្ថានភាព​សិទ្ធិ​សេរីភាព ពិសេស​នៅ​ក្រោយ​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ។ កញ្ញា​បន្ត​ថា ការរំលោភ​បំពាន​សិទ្ធិ​សេរីភាព​នេះ​មាន​ទំហំ​កាន់​តែ​ធំ ដោយ​ឆ្លង​ទៅដល់​ប្រទេសជិតខាង​ផង​ដែរ ជាក់ស្ដែង​កម្ពុជា​បាន​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ចាប់​បញ្ជូន​នូវ​សកម្មជន​នយោបាយ​ត្រឡប់​មក​កម្ពុជា​ជាដើម៖ «ទិដ្ឋភាព​នេះ​ខ្ញុំ​មើល​ឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​របស់​ប្រទេស​កម្ពុជា​ចាប់ពី​ការ​រំលាយ​បក្ស​ប្រឆាំង​មក​រហូត​ហ្នឹង មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ទៅលើ​ដំណើរការ​ប្រជាធិបតេយ្យ​ទេ ប៉ុន្តែ​វា​ថែមទាំង​មាន​ភាព​ធ្លាក់​ចុះ​ទៅលើ​ស្ថានភាព​សេដ្ឋកិច្ច​ទៀត។ មានន័យថា ទំនាក់ទំនង​ទៅលើ​ស្ថានភាព​សេដ្ឋកិច្ច​ជាមួយ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ហ្នឹង គឺ​យើង​ហាក់​ដូច​ជា​បាត់បង់​សក្ដានុពល​នៅ​ក្នុង​ការ​ទទួល​បាន​នូវ​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច »

ជា​ការ​ឆ្លើយ​តប​នឹង​ការ​រិះគន់​ខាង​លើ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​អះអាង​ថា រដ្ឋាភិបាល​មិន​បាន​រំលោភបំពាន​សិទ្ធិមនុស្ស​ដូច​ការ​ចោទ​ប្រកាន់​របស់​មតិ​មហាជន និង​អង្គការ​សង្គម​ស៊ីវិល​ឡើយ។ ទន្ទឹម​នឹង​នោះ ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ដែល​ធ្វើ​ឡើង​មួយ​ចំនួន​ក្នុង​ពេល​កន្លងមក ដូចជា​ការ​ហាមឃាត់​ការ​ជួបជុំ​គ្នា​ច្រើន​ជាដើម គឺ​ក្នុង​បំណង​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ប៉ុណ្ណោះ៖ « អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្លាយ​ទៅ​ជា​នគរបាល​ហើយ។ នគរបាល​សម្រាប់​តាមដាន សម្រាប់​វាយប្រហារ​លើ​រដ្ឋាភិបាល។ រដ្ឋាភិបាល​មិន​ដែល​ទៅ​ប៉ះ​ពារ​អ្វី​នោះ​ទេ។ គាត់​ចង់​ថា​ម៉េច ថា​ទៅ។ ប៉ុន្តែ​ចរិត​គណបក្ស​ប្រឆាំង​ជា​ចរិត​ដែល​មួយ​ចំនួន​ហ្នឹង​គឺ ខ្ញុំ​មិន​និយាយ​ទាំង​អស់​ទេ ជា​ចរិត​ឧទ្ទាម។ សូម្បី​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​យោបល់​នៅ​សហរដ្ឋ​អាមេរិក ក៏​គេ​បិទ​ដែរ។ ដូច្នេះ​កម្ពុជា​ក៏​អនុវត្ត​ដូច​គ្នា​ទេ »

ទោះ​យ៉ាង​ណា នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បាន​ថ្លែង​ថា រដ្ឋាភិបាល​ត្រូវ​គោរព​ទៅ​តាម​គោល​ការណ៍​នីតិរដ្ឋ​ ដោយ​មិន​ត្រូវ​រំលោភបំពាន​សិទ្ធិមនុស្ស​ហើយ បែរ​ជា​បក​ស្រាយ​តាម​អំពើ​ចិត្ត ឬ​ដៅ​មុខ​សញ្ញា​ក្នុង​ការ​បង្ក្រាប​សំឡេង​រិះគន់​នោះ​ឡើយ៖ «អ្វី​ដែល​យើង​គួរតែ​រំឭក​ទៀត​នោះ យើង​ដឹង​ហើយ​ថា សង្គម​យើង​បាន​រង​នូវ​ការ​បាក់ស្បាត​អំពី​របប​ជាច្រើន។ ជាពិសេស​របប​ប្រល័យ​ពូជសាសន៍ ឬក៏​ការគាបសង្កត់​អី​ជា​ដើម​ហ្នឹង ដែល​ធ្វើ​ឱ្យ​អ្នក​ជំនាន់​ចាស់ ភាគច្រើន​ហ្នឹង​គឺ គាត់​មាន​ការ​ខ្លាច​រអា គាត់​បាក់ស្បាត។ អ៊ីចឹង​នៅ​ពេល​ដែល​មាន​ករណី​នៃ​ការ​ចាប់​ខ្លួន ចោទប្រកាន់ ឬក៏​ផ្ដន្ទាទោស​យុវជន​ជាដើម​អី​ថែម​ទៀត​ហ្នឹង រឹត​តែ​ធ្វើ​ឱ្យ​ឪពុកម្ដាយ​ឬក៏​អាណាព្យាបាល​ហ្នឹង កាន់តែ​មាន​ការ​ខ្លាច​រអា​ថែមទៀត​ហើយ »

ជា​ដំណោះស្រាយ អ្នកស្រី​យល់​ថា មាន​តួអង្គ​សំខាន់​បី នៅ​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ។ ទីមួយ រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ​ត្រូវ​ស្វែង​រក​យុត្តិធម៌​នៅ​ពេល​មាន​ករណី​រំលោភបំពាន​សិទ្ធិ​សេរីភាព​កើតឡើង ពិសេស​គឺ​ត្រូវ​លុបបំបាត់​នូវ​និទណ្ឌភាព។ ទីពីរ ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​ត្រូវ​លើក​ទឹក​ចិត្ត និង​គាំទ្រ​ដល់​យុវជន​ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​សង្គម​ផ្សេងៗ។ ទីបី យុវជន​ត្រូវ​ចូលរួម​ក្នុង​ការ​ស្វែង​យល់​ច្បាប់ និង​សិទ្ធិ​សេរីភាព​របស់​ខ្លួន ព្រម​ទាំង​ត្រូវ​ក្ដាប់​ព័ត៌មាន​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​មាន​ឥរិយាបថ​ត្រឹមត្រូវ ដើម្បី​ឱ្យ​ការ​ចូលរួម​នោះ​ប្រកប​ដោយ​អត្ថន័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។