អង្គការសង្គមស៊ីវិលផ្នែកសារព័ត៌មាន និងផ្នែកសិទ្ធិមនុស្សអំពាវនាវទៅអាជ្ញាធរ ឬរដ្ឋាភិបាល បង្កើតការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព លើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន និងស្នើឱ្យដោះលែងអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សដោយឥតលក្ខខណ្ឌដែលពួកគេត្រូវចាប់ខ្លួន ឬកាត់ទោសដោយការប្រើប្រាស់សិទ្ធិ និងការបញ្ចេញមតិរបស់ខ្លួន។ សំណើនេះលើកឡើងក្នុងទិវាអន្តរជាតិ ដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន។ ទោះយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាលថា ការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលបែបនេះ មានចរិតនយោបាយ និងជាការការពារអ្នកកាសែត ដែលបានប្រព្រឹត្តល្មើស ឱ្យនៅលើច្បាប់។
អង្គការផ្នែកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ឱ្យដឹងថា នៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤ មក មានអ្នកសារព័ត៌មាន ១៥នាក់ហើយ ត្រូវបានគេសម្លាប់។ អ្នកទាំងនោះ ភាគច្រើន ស្លាប់ដោយសារការធ្វើទុក្ខបុកម្នេញ ក្នុងពេលបំពេញការងារ និងការរាយការណ៍អំពីកំហុសឆ្គងរបស់បុគ្គលមានអំណាច អ្នកនយោបាយ មន្ត្រីជាន់ខ្ពស់យោធា និងអំពើពុករលួយជាដើម។ ក្រុមអ្នកឃ្លាំមើលទាំងនោះថា មកដល់សព្វថ្ងៃនេះ ទោះករណីសម្លាប់អ្នកកាសែត បានថមថយ ប៉ុន្តែ ការធ្វើទុក្ខបុកម្នេញផ្សេងទៀតមកលើពួកគាត់ មិនស្បើយនោះទេ ព្រោះអ្នកកាសែតមួយចំនួន នៅតែត្រូវតុលាការចោទប្រកាន់ ដោយសារការបំពេញការងាររបស់ពួកគាត់។
អង្គការផ្នែកសារព័ត៌មានចំនួនបួនស្ថាប័ន លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នា ចុះថ្ងៃទី២ ខែវិច្ឆិកា ដោយបង្ហាញការព្រួយបារម្ភ ចំពោះនិទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៃអ្នកប្រព្រឹត្តខុស ដែលនៅតែបន្តកើតឡើងនេះ។ ក្រុមអ្នកធ្វើការក្នុងវិស័យព័ត៌មានដដែល លើកឡើងទៀតថា ក្នុងចំណោមអ្នកសារព័ត៌មាន ១៥នាក់ ដែលត្រូវបានសម្លាប់នោះ មាន ១២ករណី គ្មានជនល្មើសណាម្នាក់ត្រូវបានយកមកកាត់ទោសពីបទឃាតកម្មលើពួកគាត់នោះទេ។
សម្ពន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA) រកឃើញថា រយៈពេល ១០ខែចុងក្រោយ ក្នុងឆ្នាំ២០២០នេះ មានអ្នកសារព័ត៌មានចំនួន៥៩នាក់ រងការធ្វើទុក្ខបុកម្នេញ ដោយការប្រើហិង្សា ការចាប់ខ្លួន ការបាត់បង់ជីវិត និងជាប់បណ្ដឹងនៅតុលាការ។ ក្នុងនោះអ្នកសារព័ត៌មាន ២៧នាក់ ត្រូវចាប់ខ្លួន ៧នាក់ជាជនរងគ្រោះ ដោយអំពើហិង្សា និងម្នាក់បានស្លាប់។
នាយកប្រតិបត្តិសម្ពន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី ឱ្យអាស៊ីសេរីដឹងថា ការដែលឃាតក ដែលសម្លាប់អ្នកសារព័ត៌មាន នៅមានសេរីភាព និងមិនទាន់ត្រូវផ្ដន្ទាទោស គឺជាការបន្តការគំរាមកំហែងដល់សេរីភាពសារព័ត៌មាន។ លោក ណុប វី ស្នើទៅសមត្ថកិច្ច និងស្ថាប័នតុលាការពង្រឹងការងាររបស់ខ្លួន ដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន៖ «ការប្រព្រឹត្តិឃាតកម្មលើអ្នកសារព័ត៌មាន គឺត្រូវបានបញ្ឈប់ហើយ ជាពិសេស គឺសមត្ថកិច្ច ឬរាជរដ្ឋាភិបាលក៏ដូចជាស្ថាប័នតុលាការត្រូវតែពង្រឹងការស៊ើបសង្កេត ហើយឈានទៅចាប់ជនល្មើសយកមកផ្ដន្ទាទោស ដើម្បីបញ្ចប់អំពើនិទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា » ។

ស្រដៀងគ្នានេះដែរ ខាងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ CCHR បានចេញសេចក្ដីប្រកាសព័ត៌មាន អំពាវនាវទៅរដ្ឋាភិបាល ឱ្យចាត់វិធានការជាក់លាក់ជាបន្ទាន់ ដើម្បីធានាឱ្យមានការស៊ើបអង្កេតហ្មត់ចត់ ឯករាជ្យ និងតម្លាភាព ចំពោះករណីឧក្រិដ្ឋកម្ម លើអ្នកសារព័ត៌មាន និងការពារសិទ្ធិមនុស្ស។
អង្គការសិទ្ធិមនុស្សដដែល លើកឡើងទៀតថា នៅរយៈពេលចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានបង្ខំចិត្តបិទការិយាល័យរបស់ខ្លួន។ លើសពីនេះទៅទៀត អ្នកសារព័ត៌មានតែងត្រូវបានដៅទុកជាមុខសញ្ញា ដើម្បីធ្វើទុក្ខបុកម្នេញពួកគាត់ តាមរយៈការប្រើប្រាស់អំពើហិង្សា ឬការយាយីតាមប្រព័ន្ធតុលាការជាដើម។
ជុំវិញការលើកឡើងបែបនេះ អាស៊ីសេរីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភណ្ឌ បាននៅឡើយទេ ដោយទូរស័ព្ទហៅចូលគ្មានអ្នកទទួល នៅថ្ងៃទី២ ខែវិច្ឆិកា។
ចំណែក អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាល បានធ្វើការងារគ្រប់បែបយ៉ាង ដើម្បីការពារអ្នកសារព័ត៌មានណាដែលគោរពច្បាប់ និងអ្នកសារព័ត៌មានអាជីព។ ចំពោះការទាមទារឱ្យដោះលែងអ្នកសារព័ត៌មាននោះ លោកថា ជាសំណើចង់ឱ្យអ្នកសារព័ត៌មានដែលប្រព្រឹត្តល្មើស ស្ថិតនៅពីលើច្បាប់ ហើយលោកថា រដ្ឋាភិបាលជាមិនអាចទទួលយកបានឡើយ៖ «ផ្សាយព័ត៌មានមិនពិតញុះញង់មិនស្របនឹងអ្នកធ្វើការព័ត៌មាន អាស្រ័យដូច្នេះ អ្នកហ្នឹងប្រឈមនឹងច្បាប់តែប៉ុណ្ណឹងឯង គ្មានអ្នកណាមួយនៅពីលើច្បាប់ទេ។ មិនមែនបានសេចក្ដីថា គ្រាន់តែជាអ្នកសារព័ត៌មានម្នាក់ដើរជំរិតយកលុយគេបាននិយាយបង្ខូចកេរ្តិ៍ខ្មាសគេ គឺមិនអ៊ីចឹងទេ » ។
ប៉ុន្តែ លោក ណុប វី យល់ថា ការបន្តប្រើតុលាការប្រឆាំងអ្នកសារព័ត៌មាន គឺជារូបភាពនៃការរឹតត្បិតសេរីភាពសារព័ត៌មាន និងជាការបន្តការគំរាមកំហែងសេរីភាពសារព័ត៌មាន នៅកម្ពុជា។
ទោះជាយ៉ាងនេះក្ដី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថាខ្លួននឹងធ្វើយុទ្ធនាការតាមប្រព័ន្ធអ៊ីនធើណិត ដើម្បីលើកកម្ពស់ការដល់ដឹងអំពីនិទណ្ឌភាពនេះ។ យុទ្ធនាការនេះ រួមមានការបង្ហាញទីតាំងអ្នកសារព័ត៌មានដែលត្រូវគេសម្លាប់ និងកម្មវិធីជជែកពិភាក្សាគ្នាតាមវិទ្យុ ទាក់ទងនឹងប្រធានបទ នៃទិវាអន្តរជាតិ ដើម្បីបញ្ចប់និទណ្ឌភាព នៃឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន និងការចាក់វីដេអូបង្ហាញពីតួនាទីអ្នកសារព័ត៌មានជាដើម។
របាយការណ៍អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) នៅក្នុងឆ្នាំ២០២០ នេះ រកឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជា បន្តស្ថិតក្រោមការរឹតត្បិត ដោយការគំរាមកំហែង ការចាប់ខ្លួនអ្នកសារព័ត៌មានដាក់ពន្ធនាគារ ពីបទព្រហ្មទណ្ឌ និងការបង្កើតច្បាប់ថ្មី ស្ដីពីការដាក់ប្រទេសក្នុងភាពអាសន្នជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។