អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនៅតែព្រួយបារម្ភអំពីបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ដោយសារស្ថាប័នពាក់ព័ន្ធពុំទាន់ចាត់វិធានការដោះស្រាយ កំណើនអ្នកជាប់ឃុំឱ្យមានប្រសិទ្ធភាពនៅឡើយ។ ការលើកឡើងនេះ គឺបន្ទាប់ពីអាជ្ញាធរពន្ធគារអះអាងថា ការដោះស្រាយបញ្ហាចង្អៀតណែននៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនៅទូទាំងប្រទេសសម្រាប់អ្នកជាប់ឃុំមានភាពល្អប្រសើរ។
សង្គមស៊ីវិលមើលឃើញថាវិធានការរបស់អគ្គនាយកដ្ឋានពន្ធនាគារមិនទាន់ឆ្លើយតបទៅនឹងស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារឱ្យល្អប្រសើរនៅឡើយទេ។ ពួកគេស្នើយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធឱ្យដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារឱ្យបានឆាប់ និងប្រកបដោយប្រសិទ្ធភាព ព្រោះបញ្ហានេះកំពុងឈានទៅរកស្ថានភាពកាន់តែអាក្រក់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថាបញ្ហាចង្អៀតណែនក្នុងពន្ធនាគារនៅតែបន្តកើតឡើងគួរឱ្យព្រួយបារម្ភ ដោយសារមានចំនួនអ្នកជាប់ឃុំច្រើនលើសលុបដែលជាមូលហេតុធ្វើឱ្យប៉ះពាល់ដល់បញ្ហាសុខភាព អនាម័យ និងបរិយាកាសជាដើម។ លោកថាកន្លងទៅក្រសួងយុត្តិធម៌បានណែនាំទាក់ទងទៅនឹងការដោះលែងអ្នកទោសដោយភ្ជាប់លក្ខខណ្ឌ តែពុំទាន់អនុវត្តដើម្បីកាត់បន្ថយភាពចង្អៀតណែនធ្វើឱ្យប្រសើរនៅឡើយ ស្របពេលអ្នកជាប់ឃុំករណីគ្រឿងញៀនកំពុងកើនឡើងដែលជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យនិងដោះស្រាយបញ្ហានេះ ឱ្យមានប្រសិទ្ធភាព៖ «មិនឆ្លើយតបជាមួយនឹងកំណើននៃការជាប់ឃុំ ស្ថានភាពពន្ធនាគារមិនអាចឈានទៅដល់ចំណុចល្អប្រសើរ ចឹងបានអង្គការសង្គមស៊ីវិលទាមទារឱ្យក្រសួងពាក់ព័ន្ធរកយន្តការធ្វើមិចដើម្បីកាត់បន្ថយភាពចង្អៀតណែនហ្នឹង ដើម្បីឱ្យអគ្គនាយកដ្ឋានពន្ធនាគារ ក៏ដូចជាក្រសួងមហាផ្ទៃមានលទ្ធភាពក្នុងការកែលម្អទៅលើពន្ធនាគារបាទ»។
ប្រតិកម្មរបស់មន្ត្រីអង្គការសង្គមស៊ីវិលនេះ កើតមានឡើងក្រោយពីអគ្គយកពន្ធនាគារនៃក្រសួងមហាផ្ទៃលោក ឆែម សាវុធ បានថ្លែងក្នុងពិធីបិទសន្និបាតផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ កាលពីថ្ងៃទី២៥ ខែមីនាថា រដ្ឋាភិបាល និងក្រសួងមហាផ្ទៃយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានាដូចជាសុខភាព និងសុវត្ថិភាពរបស់អ្នកជាប់ឃុំទាំងអស់។ លោកបន្តថា បច្ចុប្បន្នមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនៅទូទាំងប្រទេសមានអគារឃុំឃាំងចំនួន១៧៣ ស្មើនឹង១.០១៤បន្ទប់ និងផ្ទៃក្រឡាជាង៥ម៉ឺន (៥៤.០៨១) ម៉ែត្រការ៉េដែលធ្វើឱ្យផ្ទៃក្រឡាសម្រាប់អ្នកជាប់ឃុំល្អប្រសើរជាមុន។
លោក ឆែម សាវុធ អះអាងថា ការគ្រប់គ្រងអ្នកជាប់ឃុំក្នុងឆ្នាំ២០២១ ក៏មានភាពប្រសើរឡើងផងដែរ ដោយបានរៀបចំអគារឃុំឃាំង និងដោះស្រាយភាពភាពចង្អៀតណែន ការផ្ទេរសម្រួលការងារឃុំឃាំង ព្រមទាំងបញ្ជូនទណ្ឌិតទៅកាន់បណ្ឌិលអប់រំកែប្រែ។
ផ្ទុយពីការអះអាងបែបនេះ តំណាងអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅតែបន្តសម្ដែងក្ដីព្រួយបារម្ភចំពោះវិបត្តិចង្អៀតណែនក្នុងពន្ធនាគារនេះម្ដងហើយម្ដងទៀត។
ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី១៤ ខែមីនា ដោយរំលឹកឡើងវិញអំពីរបាយការណ៍ឆ្នាំចាស់ដែលបង្ហាញថា ពន្ធនាគារកម្ពុជាកាលពីឆ្នាំ២០២១ មានចំនួនអ្នកជាប់ឃុំច្រើនជាង ៣ដងនៃសមត្ថភាពដែលពន្ធនាគារអាចដាក់ជនជាប់ឃុំ។ របាយការណ៍ដដែលលើកឡើងថា កន្លែងគេងរបស់អ្នកជាប់ឃុំមានសភាពចង្អៀតណែន ខ្វះខាតទឹកស្អាតប្រើប្រាស់ និងអនាម័យ ការទទួលខ្យល់អាកាសបរិសុទ្ធមិនបានគ្រប់គ្រាន់ និងការថែរក្សាសុខភាព ហើយស្ថានភាពនៅក្នុងពន្ធនាគារ ជាហានិភ័យដែលអាចបង្កឱ្យមានការប្រព្រឹត្តអមនុស្សធម៌ឃោរឃៅ និងការបន្ទាបបន្ថោកជាដើម។ របាយការណ៍ដដែលក៏បានរាយការណ៍ពីករណីសង្ស័យនៃការស្លាប់ក្នុងពេលឃុំឃាំងមួយចំនួន ដែលតែងកើតមានជារៀងរាល់ឆ្នាំ ប៉ុន្តែកម្រមាននីតិវិធីតុលាការដើម្បីរកយុត្តិធម៌ជូនដល់ជនរងគ្រោះ និងគ្រួសាររបស់ពួកគេណាស់។
សកម្មជនគណបក្សសង្គ្រោះជាតិដែលទើបចេញពីពន្ធនាគារលោក លាស់ ឆេងឡាយ ថ្លែងថា បន្ទប់ឃុំឃាំងនីមួយៗ ចង្អៀតណែន គ្មានទឹកស្អាតប្រើប្រាស់ បាយម្អូបគ្មានអនាម័យ គ្មានថ្នាំព្យាបាលជាដើម។ លោកបន្តថា អ្នកជាប់ឃុំមួយចំនួនបានធ្លាក់ខ្លួនឈឺធ្ងន់ ខណៈឆ្មាំពន្ធនាគារមិនបានឱ្យតម្លៃអាយុជិវិតរបស់ពួកគេឡើយ។ លោកថា មើលឃើញថា ពន្ធនាគារបច្ចុប្បន្ននេះមិនមានលក្ខណៈជាមណ្ឌលកែប្រែឡើយ ប៉ុន្តែជាកន្លែងបង្កើនសមត្ថភាពទុច្ចរិតរបស់អ្នកជាប់ឃុំមួយចំនួន និងហាក់ជាកន្លែងធ្វើទារុណកម្មទៅវិញទេ៖ «យើងគួរឱ្យតម្លៃមនុស្សជាតិដូចគ្នាទៅ យើងដាក់ទោសទណ្ឌតាមច្បាប់ចឹងទៅ ប៉ុន្តែរឿងហូបចុក រឿងដេកពន្ធនាគារគួរផ្តល់ត្រង់កន្លែងហ្នឹងឱ្យបានសុខស្រួលដល់ពួកគាត់ទៅ ឃើញកន្លែងហ្នឹងមិនទទួលយកបានទេចំពោះមនុស្សជាតិដូចគ្នា»។
អគ្គនាយកដ្ឋានពន្ធនាគារឱ្យដឹងថា បច្ចុប្បន្នពន្ធនាគារនៅកម្ពុជាមានជនជាប់ឃុំជាង៣ម៉ឺន៧ពាន់នាក់(៣៧.០០០) ពោលគឺថយចុះជិត២ពាន់នាក់(២.០០០)បើធៀបនឹងឆ្នាំ២០២១ ដែលមានអ្នកជាប់ឃុំ៣ម៉ឺន៩ពាន់នាក់(៣៩.០០០)។
ទោះជាយ៉ាងណា នេះជាចំនួនដ៏ច្រើនលើសលប់ ពីព្រោះពន្ធនាគារនៅកម្ពុជាត្រូវបានគេប៉ាន់ប្រមាណថា អាចផ្ទុកមនុស្សបានត្រឹមចំនួនជាង ២ម៉ឺន ៦ពាន់ (២៦. ៥៩៣)នាក់ប៉ុណ្ណោះ។ អង្គការជាតិ និងអន្តរជាតិពិនិត្យឃើញថា ការកើនឡើងចំនួនជនជាប់ឃុំនេះ គឺបន្ទាប់ពីមានយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងដោយសារការកើនឡើងច្រើនហួសហេតុនៃការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការជម្រះក្តី។ ការផ្ទុកមនុស្សលើសចំណុះក្នុងពន្ធនាគារនេះ បានធ្វើឱ្យអ្នកជាប់ឃុំរស់នៅទាំងលំបាកលំបិន ខ្វះអនាម័យ ប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត និងសេចក្ដីថ្លៃថ្នូរក្នុងនាមជាមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។