ប្រពន្ធលោក នី ណាក់ ស្នើឱ្យអាជ្ញាធរឃុំប្ដីលោកស្រីនៅពន្ធនាគារភ្នំពេញវិញ ខណៈសុខភាពប្ដីរបស់លោកស្រីដែលធ្លាប់រងអំពើហិង្សា នៅតែបន្តឈឺចាប់ និងត្រូវការលេបថ្នាំជាប្រចាំ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការនាំខ្លួនលោក នី ណាក់ ទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ គឺជាការបង្កការលំបាកដល់នីតិវិធីនៅតុលាការក្រុងភ្នំពេញ។
ប្រពន្ធអ្នកជំនាញផ្នែកកសិកម្មលោក នី ណាក់ គឺលោកស្រី សុខ ស៊ីណែត លើកឡើងថា លោកស្រីត្រូវចំណាយថវិកាកាន់តែច្រើនពេលទៅសួរសុខទុក្ខប្ដីនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ខណៈប្ដីរបស់លោកស្រីនៅតែឈឺចាប់ត្រង់មុខរបួសដែលរងអំពើហិង្សាកាលពីពេលកន្លងទៅ។
លោកស្រី សុខ ស៊ីណែត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១១ ខែកុម្ភៈ ថា ដោយសារនៅក្នុងពន្ធនាគារមិនមានថ្នាំសង្កូវ និងម្ហូបអាហារគ្រប់គ្រាន់ ប្ដីរបស់លោកស្រីឈឺចាប់របួសត្រង់ក្បាល និងចង្កេះដែលបន្សល់ពីអំពើហិង្សា កាលពីខែកញ្ញា ឆ្នាំ២០២៣ ឡើងវិញកាន់តែញឹកញាប់។ លោកស្រីបន្តថា ក្រៅពីត្រូវការចំណាយថវិកាច្រើន នៅពេលទៅសួរសុខទុក្ខប្ដីដែលនៅឆ្ងាយហើយនោះ ប្ដីលោកស្រីក៏ត្រូវការថ្នាំពេទ្យជាប្រចាំផងដែរ។
លោកស្រី សុខ ស៊ីណែត៖ «ការដែលបញ្ជូនគាត់ទៅខេត្តត្បូងឃ្មុំវាហាក់ដូចថាដាក់សម្ពាធមកលើគាត់ហើយ មកលើបង មកលើគ្រួសារខ្លាំង ធ្ងន់តែម្ដង បើនៅត្រឹមព្រៃសយើងអត់សូវអីទេ យើងអត់សូវត្រូវចំណាយលុយ ចំណាយអីទេ អ៊ីចឹងបងមានតែសំណូមពរថា ឱ្យសមត្ថកិច្ចហ្នឹងបានបញ្ជូនគាត់មក ម១ មកព្រៃសវិញ»។
លោកស្រី សុខ ស៊ីណែត លើកឡើងថា លោកស្រីបារម្ភពីសុខភាពប្ដីកាន់តែខ្លាំង ព្រោះចាប់តាំងពីប្ដីរបស់លោកស្រីត្រូវបាននាំយកទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំរួចមក សមត្ថកិច្ចនៅក្នុងពន្ធនាគារនេះ មិនអនុញ្ញាតឱ្យប្ដីលោកស្រីហៅទូរស័ព្ទចេញពីពន្ធនាគារដើម្បីសួរសុខទុក្ខក្រុមគ្រួសារនោះឡើយ។
អ្នកជំនាញកសិកម្ម លោក នី ណាក់ ត្រូវបានតុលាការក្រុងភ្នំពេញកាត់ឱ្យជាប់ពន្ធនាគារ ១៨ខែ ម្ដងរួចមកហើយ ពីបទញុះញង់ឱ្យមានការរើសអើង និងការប្រមាថជាសាធារណៈ ចំពោះការបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) បែបចំអករបស់លោកទាក់ទងនឹងការទិញម៉ាស់ពាក់ឱ្យមាន់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។
ទោះជាយ៉ាងនេះក្ដី ក្រោយចេញពីពន្ធនាគារ លោក នី ណាក់ នៅតែបន្តការអធិប្បាយឥតសំចៃមាត់ អំពីភាពមិនប្រក្រតីនៅក្នុងសង្គម។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកក៏ត្រូវបានក្រុមជនមិនស្គាល់មុខ ប្រដាប់ដោយដំបងដែក ព្រួតគ្នាវាយទាំងកណ្ដាលថ្ងៃ ក្នុងទីក្រុងភ្នំពេញ បណ្ដាលឱ្យបែកក្បាល ហូរឈាមស្រោចខ្លួន សន្លប់ស្ដូកស្ដឹងនៅនឹងកន្លែង។
លោក នី ណាក់ ត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញជាថ្មីទៀត នៅថ្ងៃទី៥ មករា ក្រោមបណ្ដឹងរបស់លោក ហេង សួរ ដែលជារដ្ឋមន្ត្រីក្រសួងការងារ ពាក់ព័ន្ធនឹងការបញ្ចេញមតិរឿងកាត់ដី ៩១ហិកតារ នៅខេត្តកំពត ឱ្យឈ្មោះ ហេង សួរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី១១ ខែកុម្ភៈ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ដោយសារតែលោក នី ណាក់ មិនទាន់ទទួលការកាត់ក្ដីពីតុលាការក្រុងភ្នំពេញ ដូច្នេះការឃុំខ្លួនលោក នី ណាក់ នៅពន្ធនាគារត្រពាំងផ្លុង គឺជារឿងមិនសមហេតុផលនោះឡើយ។ លោកបន្តថា ដើម្បីបង្កភាពងាយស្រួលដល់នីតិវិធីនៅតុលាការ អាជ្ញាធរគួរបញ្ជូនខ្លួនលោក នី ណាក់ មកឃុំនៅពន្ធនាគារក្នុងរាជធានីភ្នំពេញវិញ។
លោក នី ណាក់៖ «មួយទៀតបើសិនជាមានមេធាវី មានអីក៏វាបង្កផលលំបាកធ្វើដំណើរទៅជួបកូនក្ដីផងដែរ ព្រោះដំណើរនីតិវិធីនៅសាលាដំបូងរាជធានីភ្នំពេញ ដូច្នេះខ្ញុំគ្រាន់តែយល់ថា លោក នី ណាក់ នេះគួរត្រូវបានបន្តឃុំខ្លួននៅភ្នំពេញ ដើម្បីឱ្យងាយស្រួលបន្តនីតិវិធីនៅសាលាដំបូងរាជធានីភ្នំពេញ»។
មន្ត្រីពន្ធនាគារបានបញ្ជូនលោក នី ណាក់ យកទៅឃុំនៅពន្ធនាគារ ម៣ ហៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ចម្ងាយប្រមាណ២រយគីឡូម៉ែត្រពីក្រុងភ្នំពេញ កាលពីថ្ងៃទី២៧ ខែមករា ក្រោមហេតុផលដើម្បីកាត់បន្ថយភាពចង្អៀតណែនពន្ធនាគារ។ ទោះជាយ៉ាងណា មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការឃុំលោក នី ណាក់ នៅពន្ធនាគារម៣នេះ គឺជាការធ្វើទុក្ខបុកម្នេញបន្ថែមទៀតលើលោក នី ណាក់ ខណៈកាលពីពេលកន្លងទៅ អ្នកទោសមនសិការដែលត្រូវបានបញ្ជូនយកទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ធ្លាប់រងការរឹតត្បិតសេរីភាពធ្ងន់ធ្ងរ និងថែមទាំងធ្លាប់រងអំពើហិង្សានៅក្នុងពន្ធនាគារខេត្តនេះទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។