សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​ជំនាញ​កសិកម្ម​លោក នី ណាក់ បញ្ជូន​ទៅ​តុលាការ​ពី​បទ​ញុះញង់

0:00 / 0:00

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកជំនាញ​កសិកម្ម លោក នី ណាក់ សាជាថ្មី នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​មករា និង​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់ និង​បរិហារកេរ្តិ៍ ក្រោយ​លោក​បង្ហោះ​សារ​លើ​ហ្វេសប៊ុក រិះគន់​ព័ត៌មាន​ដែល​ក្រសួង​ការងារ​ទើប​បង្ហាញ​ចំនួន​ក្រុមហ៊ុន​ទើប​បើក​ថ្មី​នៅ​ដើមឆ្នាំ​២០២៤ ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា អាជ្ញាធរ និង​តុលាការ គួរតែ​ចែក​ឲ្យ​ដាច់​រវាង​បទល្មើស និង​សេរីភាព​បញ្ចេញមតិ ដើម្បី​ជៀសវាង​ការ​រិះគន់​ថា រដ្ឋាភិបាល​រំលោភសិទ្ធិ​ពលរដ្ឋ។

ភរិយា​លោក នី ណាក់ គឺ​លោកស្រី សុខ ស៊ីណែត បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ថា ប្ដី​របស់​លោកស្រី គឺ​លោក នី ណាក់ ត្រូវ​សមត្ថកិច្ច​នៃ​ក្រសួង​មហាផ្ទៃ​ឃាត់ខ្លួន​សាកសួរ តាំង​ពី​ព្រឹក​ម៉ោង ៨.៤០​នាទី តាម​បណ្តឹង​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ​លោក ហេង សួរ។

ការ​ឃាត់​ខ្លួន​អ្នកជំនាញ​កសិកម្ម​រូប​នេះ បន្ទាប់ពី​លោក​បង្ហោះ​សា​រលើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី៥ ខែ​មករា រិះគន់​ព័ត៌មាន ដែល​ក្រសួង​ការងារ​ទើប​បង្ហាញ​ចំនួន​ក្រុមហ៊ុន​ទើប​បើក​ថ្មី​នៅ​ដើមឆ្នាំ​២០២៤។

លោក នី ណាក់ សរសេរ​លើ​ហ្វេសប៊ុក​ថា៖ «មួយ​ម៉ឺន​ក្រុមហ៊ុន​បើក​ថ្មី​នៅ​២០២៤។ សង្ស័យ​រាប់​តាំង​ពី​ក្រុមហ៊ុន​លក់​លៀស​ហាល ក្រុមហ៊ុន​ដើរ​សុំទាន ក្រុមហ៊ុន​លក់​ថ្នាំញៀន។ល។ លោក សរសេរ​បន្តទៀត​ថា បើក​ច្រើន បិទ​វិញ​អត់​រាប់​ឡើយ​។ ប្រទេស​ខ្លា​សេដ្ឋកិច្ច​លក់​តាំងពី​ភ្នំ​មិន​សល់»។

ប្រពន្ធ​របស់​លោក នី ណាក់ បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ថា ក្រោយ​ការ​សរសេរ​នេះ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ លោក ហេង សួរ បាន​ដាក់​ពាក្យ​បណ្តឹង​ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់ ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន និង​បាន​បញ្ជូន​លោក នី ណាក់ ទៅ​តុលាការ​ហើយ នៅ​រសៀល​ថ្ងៃទី​៥ មករា បន្ទាប់​ពី​សាកសួរ​រួចរាល់។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង ភរិយា​លោក នី ណាក់ គឺ​លោកស្រី សុខ ស៊ីណែត ដើម្បី​សាកសួរ​បន្ថែម​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៥ មករា។ ចំណែកឯ អ្នកនាំពាក្យ​ក្រសួង​ការងារ​គឺ លោក កត្តា អ៊ន និង​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង តែ​ពុំ​មាន​អ្នកទទួល។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់​ថា អ្នកជំនាញ​កសិកម្ម និង​ជា​សកម្មជន​សង្គម​លោក នី ណាក់ តែង​រិះគន់​ភាព​អសកម្ម​មួយ​ចំនួន​ក្នុង​សង្គម ហើយ​លោក​ធ្លាប់​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​រហូត​រងរបួស​ធ្ងន់ធ្ងរ ប៉ុន្តែ​អាជ្ញាធរ​នៅ​ពុំ​ទាន់​ចាប់ខ្លួន​ជន​បង្ក​ទាំងនោះ មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ។ លោក​បន្ថែម​ថា អាជ្ញាធរ និង​តុលា​ការគួរ​ចែក​ឲ្យ​ដាច់​រវាង​បទល្មើស និង​សេរីភាព​បញ្ចេញមតិ។

លោក អំ សំអាត៖ «អ៊ីចឹង​យើង​ជា​អង្គការ​សង្គម​ស៊ីវិល មិន​ចង់​មានការ​រិះគន់​បន្ថែម​ទៀត​ទៅលើ​បញ្ហា​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ឬ​ការរំលោភ​ទៅលើ​សេរី​ភាពជា​មូលដ្ឋាន ហើយ​និង​បញ្ហា​សិទ្ធិមនុស្ស មិន​មាន​លក្ខណៈ​ល្អ​ប្រសើរ​នោះ​ទេ​បាទ»។

កាលពី​ខែ​កញ្ញា ឆ្នាំ​២០២៣ ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៨​នាក់ បាន​ជិះ​ម៉ូតូ​បុក​ម៉ូតូ​លោក នី ណាក់ ឱ្យ​ដួល និង​ចុះ​ព្រួត​គ្នា​វាយ​បែក​ក្បាល​របួស​ធ្ងន់ នៅ​ពេល​លោក និង​ប្រពន្ធ​របស់​លោក​កំពុង​ធ្វើ​ដំណើរ​ចេញពី​ម្ដុំ​វត្ត​ចំពុះក្អែក​សំដៅ​ទៅ​ផ្ទះ។ មក​ទល់​នឹង​ពេល​នេះ អាជ្ញាធរ​នៅ​មិន​ទាន់​ចាប់ខ្លួន​ជន​បង្ក​មក​ផ្ដន្ទាទោស​បាន​នៅឡើយ​ទេ។

លោក នី ណាក់ ក៏​ធ្លាប់​ត្រូវ​បាន​អតីតរដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វ៉េង សាខុន ប្ដឹង​ពី​បទ​ញុះញង់ ដាក់​ពន្ធនាគារ ១៨​ខែ កន្លង​ទៅ​ហើយ ករណី​លោក​សរសេរ​រិះគន់​យុទ្ធនាការ​របស់​ក្រសួងកសិកម្ម និង​ ឌឺដង​រឿង​ទិញ​ម៉ាស់​ពាក់​ឱ្យ​កូន​មាន់​ក្នុង​គ្រា​មាន​អាសន្ន ខណៈ​កម្ពុជា និង​ពិភពលោក ផ្ទុះ​ជំងឺ​កូវីដ​១៩ កាលពី​ចុង​ឆ្នាំ​២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។