អ្នក​ជំនាញ​ថា​ ស្ថាប័ន​អ្នកសារព័ត៌មាន​ដែល​ទទួល​ប្រាក់ពី​​រដ្ឋាភិបាល​គួរ​តែ​ផ្សាយ​ព័ត៌មាន​ប្រកប​ដោយ​ក្រមសីលធម៌​និង​វិជ្ជា​ជីវៈ​

អ្នកឃ្លាំ​មើល​បារម្ភ​ថា លោក​នាយរដ្ឋ​មន្រ្តី ​ហ៊ុន សែន ​ប្រឹងប្រែង​យក​ចិត្ត​ទុក​ដាក់​ និង​ផ្តល់​លុយ​កាក់​រាប់​ម៉ឺន​ដុល្លារ​ទៅ​កាន់​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ ដើម្បី​ឱ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​ប្រជាភិថុតិ ​ឬ​ព័ត៌មាន​ដែល​គាំទ្រ​រដ្ឋាភិបាល​តែ​មួយ​ចំហៀង។ ការ​លើក​ឡើង​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ​ហ៊ុន សែន​ កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ផ្តល់​ថវិកា​ចំនួន​ ៤៨ម៉ឺន​ដុល្លា​រក្នុង​រយៈ​ពេល៤ឆ្នាំ​ ទៅ​ឱ្យ​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ដោយ​អះអាង​ថា​ ដើម្បី​បន្ត​បេសកកម្ម​ផ្សព្វផ្សាយ​ព័ត៌មាន​បម្រើ​ប្រយោជន៍​សង្គម។

អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​លើកឡើង​ថា​ ស្ថាប័ន​ ឬ​សមាគម​ដែល​ទទួល​បាន​ថវិកា​ពី​រដ្ឋាភិបាល​ក្នុង​ការ​បើក​វគ្គ​បណ្តុះបណ្ដាល​លើ​វិស័យសារ​ព័ត៌មាន​ គឺ​ពួកគាត់​អាច​បាត់បង់​ភាព​ឯករាជ្យ​លើ​ខ្លួន​ឯង​ និង​រង​សម្ភាធ​ពី​រដ្ឋាភិបាល​ ខណៈ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ដែល​មិន​ចំណុះ​ជា​មួយ​រដ្ឋាភិបាល​ជាច្រើន​បាន​ទទួល​រងការ​បង្ក្រាប​ជា​បន្ត​បន្ទាប់។

នាយក​ប្រតិបត្តិ​នៃស​ម្ព័ន្ធ​អ្នកសារ​ព័ត៌មាន​កម្ពុជា​ ហៅ​កាត់​ ខេមបូចា​ (CamboJA) លោក ណុប វី ​យល់​ថា​ ស្ថាប័ន​ ឬ​សមាគម​អ្នកសារព័ត៌មាន​ ដែល​ទទួល​បាន​ធនធាន​ពី​រដ្ឋាភិបាល​គួរ​ណា​តែ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​ផ្នែក​ក្រមសីលធម៌ ​វិជ្ជាជីវៈ​ អ្នក​សារព័ត៌មាន​ ឬ​ដាក់​ចេញ​គោល​នយោបាយ​បើក​វគ្គ​បណ្តុះបណ្ដាល​មូលដ្ឋាន​គ្រឹះ​ដល់​អ្នកសារ​ព័ត៌មាន។ លោក​លើកឡើង​ថា​ ការ​បំពេញ​តួនាទី​របស់​អ្នកសារព័ត៌មាន​​ដោយ​​ឈរ​លើ​ភាព​ឯករាជ្យ​ទៅ​តាម​វិជ្ជាជីវៈ​ មាន​សារៈសំខាន់​សម្រាប់​បម្រើ​ផលប្រយោជន៍​ជាតិ​ឱ្យ​មហាជន​ទទួល​បាន​ព័ត៌មាន​ពិត។ ប៉ុន្តែ​ លោក​ថា ​បើ​អ្នក​សារព័ត៌មាន​ដែល​មិន​បាន​គោរព​តាម​វិជ្ជាជីវៈ​របស់​ខ្លួន​ សរសេរ​ព័ត៌មាន​បម្រើ​ឱ្យ​គណបក្ស​នយោបាយ ​ឬ​ប្រជាភិថុតិ​បុគ្គល​ណា​ម្នាក់​ នោះ​នឹង​ធ្វើ​ប៉ះពាល់​ដល់​សង្គម​ជាតិ ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ័ន្ត​ច្រឡំ​បង្ក​ឱ្យ​មាន​ការ​រើសអើង​ និង​ស្អប់ខ្ពើម​គ្នា​ក្នុង​សង្គម៖ « យ៉ាង​ណា​មិញ ​ប្រសិន​ជា​យើង​ទទួល​នូវ​ធនធាន​របស់​ជាតិ​ ហើយ​យើង​មិន​បាន​បំពេញ​តួនាទី​ត្រឹមត្រូវ​ ហើយ​យើង​មិន​បាន​ដើរ​តួនាទី​ក្នុងការ​ការពារ​នូវ​ផល​ប្រយោជន៍​ក្រុម​ណា​មួយ ​ផ្នែក​ណា ​គណបក្ស​​នយោបាយ​ណា​មួយ​ ដោយ​មិន​ដាក់​តម្កល់​នូវ​ផល​ប្រយោជន៍​ជាតិ​ជា​សំខាន់ ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​សំខាន់​ នោះ​គឺ​ជា​ការ​អនុវត្ត​មួយ​ដែល​ប្រាសចាក​ ពី​ក្រម​សីលធម៌​ពី​វិជ្ជាជីវៈ​សារព័ត៌មាន​ ហើយ​មួយ​ផ្នែក​ទៀត​ ​វា​ជា​ការ​ចូល​រួម​ចំណែក​ ក្នុង​ការ​បំផ្លិច​បំផ្លាញ​នូវ​ការ​ជឿទុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​ របស់​សាធារណៈ​ជន​ទូទៅ ​ទៅ​ដល់​វិជ្ជាជីវៈ​អ្នកសារព័ត៌​មាន​ហ្នឹង​ឯង »

ការ​លើកឡើង​នេះ ​បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន ​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ប្រកាស​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​ ៤៨ម៉ឺនដុ​ល្លា ​(៤៨០,០០០) ដែល​មាន​រយៈពេល​៤ឆ្នាំ​ ដើម្បី​គាំទ្រ​បេសកកម្ម​ការងារ​របស់​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា។

ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌​មាន​កម្ពុជា​លោក ហ៊ុយ វណ្ណៈ​ លើក​ឡើង​តាម​រយៈ​កាសែត​ក្នុង​ស្រុក​(Fresh New)​ថា​ ថវិកា​របស់​លោក ហ៊ុន សែន​ នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​ និង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារ​ព័ត៌មាន​កម្ពុជា​លោក ហ៊ុយ វណ្ណៈ ​និង​អ្នក​នាំ​ពាក្យ​ក្រសួងព័ត៌មាន​លោក មាស សុភ័ណ្ឌ​ ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី២៤ ​កក្កដា​។

ប៉ុន្តែ​ លោក មាស សុភ័ណ្ឌ​ តែងតែ​លើកឡើង​ថា​ រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​លើ​សេរីភាព​សារព័ត៌មាន​ និង​មិន​​បាន​រឹតត្បិត​ ឬ​បំពាន​លើ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នោះ​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា ​នាយក​ប្រតិបត្តិ​នៃស​ម្ព័ន្ធ​អ្នកសារ​ព័ត៌មាន​កម្ពុជា​​ (CamboJA) ​​លោក ណុប វី​ មាន​ប្រសាសន៍​ថា ​សេរីភាព​សារ​ព័ត៌មាន​ ជាពិសេស​អ្នកសារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា​មិន​ទាន់​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​នោះ​ទេ​។ លើស​ពី​នេះ ​លោក​ថា​ រូបភាព​ដែល​នៅ​តែ​បន្ត​លេចធ្លោ​សម្រាប់​អ្នក​សារព័ត៌មាន​ឯករាជ្យ​ គឺ​ពួកគេ​តែងតែ​រងការ​គំរាមកំហែង​បំភិតបំភ័យ​ពី​សំណាក់​អាជ្ញាធរ។ ក្រៅ​ពី​នេះ​ទៀត​ អ្នក​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ទៀត​រដ្ឋាភិបាល​លោក ហ៊ុន សែន​ ចាប់​ដាក់​ពន្ធនាគារ​ដោយ​សារ​តែ​សកម្មភាព​បំពេញ​ការងារ​តាម​វិជ្ជាជីវៈ​របស់​ពួកគេ​។

សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ​(CamboJA) រកឃើញ​ថា ក្នុង​រយៈពេល ១០​ខែ​នៃ​ឆ្នាំ ២០២១ អ្នកសារព័ត៌មាន ៨១ នាក់ បាន​ក្លាយជា​គោលដៅ​នៃ​ការ​យាយី ក្នុងនោះ ២០ ករណី​ជា​អំពើ​ហិង្សា ១៦​ករណី​ជា​ការ​គំរាមកំហែង ហើយ ១៤​ករណី​ជា​ការ​ឃាត់ខ្លួន​សួរនាំ និង​ប្រឈម​វិធានការ​តុលាការ​។ ដោយ​ឡែក​ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ​អ្នកសារព័ត៌មាន​ឯករាជ្យ​ក៏​ទទួល​រង​ការ​រឹតត្បិត​ និង​តាម​យាយី​ពី​សំណាក់​អាជ្ញាធរ​ ដោយ​សារ​តែ​ពួកគេ​ចុះយក​ព័ត៌មាន​ស្តីពី​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ទៅ​លើ​ក្រុម​កូដករ​ណាហ្គាវើលដ៍។សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌​មាន​កម្ពុជា​រក​ឃើញ​ថា ​ក្នុង​ត្រី​មាស​ទី១​ និង​ត្រី​មាស​ទី២​ ក្នុង​ឆ្នាំ២០២២​ ផល​ប៉ះពាល់​សម្រាប់​អ្នកសារព័ត៌មាន​ចំនួន​ ២៤ករណី ​ក្នុង​នោះ​មាន​អ្នក​សារព័ត៌មាន​ ចំនួន៤០នាក់​ ភាគ​ច្រើន​បាន​រង​ការ​រឹតត្បិត​ និង​រង​អំពើហិង្សា​ពី​សំណាក់​អាជ្ញាធរ ​និង​មាន​អ្នកសារព័ត៌មាន​ចំនួន​ ៨នាក់​ផ្សេង​ទៀត​ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។

ថ្វីត្បិត​ស្ថាប័ន​សារព័ត៌មាន​នៅ​កម្ពុជា​ហាក់​បាន​រីកដុះដាល​យ៉ាង​ឆាប់​រហ័ស​ក្ដី​ ប៉ុន្តែ​ ស្ថាប័ន​សារព័ត៌មាន​ទាំង​នោះ​ភាគ​ច្រើន​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​ប្រជាភិថុតិ​បម្រើ​ឱ្យ​គណបក្ស​ប្រជាជនកម្ពុជា ​និង​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ចំណែក​លើ​ប្រព័ន្ធ​អ៊ិន​ធើណិត​វិញ រដ្ឋាភិបាល​បាន​បង្កើត​អនុក្រឹត្យ​ថ្មី ​ដែល​យក​លំនាំ​តាម​ប្រទេស​ចិន​កុម្មុយនិស្ត​ ដើម្បី​ត្រួតពិនិត្យ​រាល់​ការ​ទំនាក់ទំនង និង​រាំង​ខ្ទប់​គេហទំព័រ​មួយចំនួន តាមរយៈ​ការបង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ។

កម្ពុជា​ជាប់លេខ ១៤២ ក្នុង​ចំណោម ១៨០ នៅក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​សម្រាប់ឆ្នាំ២០២២ របស់​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន (Reporters Without Borders)។ ចំណែក​ឯ ​ចំណាត់​ថ្នាក់​ស្តី​ពី​សេរីភាព​សារព័ត៌​មាន​វិញ​ កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​អាក្រក់​អស់​រយៈពេល ​៥ឆ្នាំ​មក​ហើយ ​ដោយសារ​តែ​រដ្ឋាភិបាល​ លោក ហ៊ុន សែន​ បើក​យុទ្ធនាការណ៍​បង្ក្រាប​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ធំៗ​ជាច្រើន​ស្ថាប័ន​ក្រោយ​ពី​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ២០១៧​ និង​បន្ត​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ​ដាក់​គុក​ដោយ​គ្មាន​មូល​ដ្ឋាន​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។