ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ បញ្ចប់​និទ្ទណ្ឌភាព នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នក​សារព័ត៌មាន

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល ចំនួន ២១ស្ថាប័ន ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​និទ្ទណ្ឌភាព​​​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​លើ​អ្នក​សារព័ត៌មាន។ ការ​ស្នើ​សុំ​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​រួម ចេញ​នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា​ក្នុង​ទិវា​អន្តរជាតិ​ ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នក​សារព័ត៌មាន។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ រួម​មាន​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CamboJA) មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) និង មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR) ជា​ដើម បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ធានា​នូវ​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព ឯករាជ្យ និង​តម្លាភាព ចំពោះ​ឧក្រិដ្ឋកម្ម​លើ​អ្នក​សារ​ព័ត៌មាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស។

យ៉ាង​ហោច​ណាស់​អ្នក​សារព័ត៌មាន​ចំនួន ១៥នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ១៩៩៤ មក ហើយ​ពួក​គេ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។ ក្នុង​នោះ អ្នក​សារព័ត៌មាន​ចំនួន ១២នាក់​បាន​រាយការណ៍​អំពី​បញ្ហា​រសើប​មុន​ពេល​ពួក​គេ​ត្រូវ​បាន​សម្លាប់។ ការ​យាយី និង​ការ​គំរាម​កំហែង​លើ​អ្នក​សារព័ត៌មាន​នៅ​តែ​ជា​ក្ដី​បារម្ភ​នៅ​ឆ្នាំ២០២៤ នេះ។

សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា) កត់ត្រា​ថា អ្នក​សារព័ត៌មាន ចំនួន ៤៦នាក់ បាន​រង​ការ​យាយី​ក្នុង​រយៈ​ពេល ៩ខែ ក្នុង​ឆ្នាំ២០២៤ ចាប់​ពី​ខែមករា ដល់​ខែ​កញ្ញា​ឆ្នាំ២០២៤។ អ្នក​សារព័ត៌មាន​ទាំង ៤៦នាក់​នេះ មាន​អ្នក​សារព័ត៌មាន ៣៤នាក់ ប្រឈម​នឹង​ការ​យាយី​តាម​ផ្លូវ​តុលាការ ដែល​រួម​បញ្ចូល​ការ​កោះហៅ​មក​សាក​សួរ ការ​កោះហៅ​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ និង​ការ​ឃាត់​ខ្លួន។

បន្ថែម​ពី​នោះ អ្នក​សារព័ត៌មាន​ចំនួន ៧នាក់ រង​នូវ​ការ​បៀតបៀន​លើ​រាងកាយ និង​អ្នក​សារព័ត៌មាន​ ចំនួន ៥នាក់​ទៀត ប្រឈម​នឹង​ការ​រឹតត្បិត​ក្នុង​ការ​បំពេញ ការងារ​របស់​ខ្លួន។ ក្នុង​នោះ អាជ្ញាប័ណ្ណ​សារព័ត៌មាន​ចំនួន៣ ត្រូវ​បាន​ដក​ហូត។

ក្រុម​អង្គការ​ស៊ីវិល​រក​ឃើញ​ថា និទ្ទណ្ឌភាព​បែប​នេះ​មិន​មែន​កើត​មាន ចំពោះ​តែ​អ្នក​សារ​ព័ត៌មាន​ប៉ុណ្ណោះ​ទេ។ ជាក់ស្ដែង កង្វះខាត​នូវ​ការ​ស៊ើបអង្កេត និង​នីតិវិធី​ព្រហ្មទណ្ឌ​ត្រឹម​ត្រូវ ក្នុង​ករណី​ឃាតកម្ម​លើ​សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី សកម្មជន​សហជីព លោក ជា វិជ្ជា និង​លោក រស់ សុវណ្ណារ៉េត អ្នក​វិភាគ​នយោបាយ​បណ្ឌិត កែម ឡី ជា​ដើម។ ករណី​នេះ កាន់​តែ​បង្ហាញ​ពី​ការ​រីក​រាលដាល នៃ​វប្បធម៌​និទ្ទណ្ឌភាព ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ករណី​ជា​ច្រើន​ទៀត ដែល​បាន​កើត​ឡើង ប៉ុន្តែ មិន​ត្រូវ​បាន​ អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​នោះ​ទេ។

នៅ​ថ្ងៃ​ទី១ ខែវិច្ឆិកា ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​អង្គការ យូរណេស្កូ (UNESCO) ប្រចាំ​នៅ​ប្រទេស​កម្ពុជា ក៏​បាន​រៀបចំ​សន្និសីទ​មួយ​ផង​ដែរ ក្នុង​ឱកាស​ទិវា​អន្តរជាតិ ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នក​សារព័ត៌មាន។ សន្និសីទ​នេះ​មាន​អ្នក​ចូល​ប្រមាណ១៥០ ហើយ​មាន​ទាំង​តំណាង​អង្គការ​ស៊ីវិល និង​ តំណាង​រដ្ឋាភិបាល​ចូល​រួម​ផង​ដែរ។

តំណាង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា អ្នក​ស្រី រួអេដា អិលហាច (Roueida El Hage) បាន​លើក​ឡើង​ក្នុង​សន្និសីទ​ថា បញ្ហា​និទ្ទណ្ឌភាព​ប្រឆាំង​លើ​អ្នក​សារព័ត៌មាន បាន​ជះឥទ្ធិពល​អាក្រក់​ដល់​សិទ្ធិ​ទទួល​បាន​នូវ​ព័ត៌មាន​ចម្រុះ និង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ នៅ​លើ​ពិភពលោក។ អ្នកស្រី​ថា អ្នកសារព័ត៌មាន គឺ​ជា​អ្នក​នាំ​សារ​ដ៏​សំខាន់ ដើម្បី​​ជំរុញ​ឱ្យ​អាជ្ញាធរ​រដ្ឋ​នីមួយៗ ទទួល​ខុស​ត្រូវ និង​ដោះស្រាយ​បញ្ហា។

ជុំ​វិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ស្រ៊ាង ចិន្តា ដែល​បាន​ចូល​រួម​ក្នុង​សន្និសីទ​ដែរ​នោះ​ បាន​លើក​ឡើង​ថា បច្ចុប្បន្ន កម្ពុជា​គ្មាន​អំពើ​និទ្ទណ្ឌភាព​មក​អ្នក​សារព័ត៌មាន​នោះ​ទេ​។​ លោក​បន្ត​ថា កម្ពុជា​បាន​ប្រឹងប្រែង​លើក​កម្ពស់​ សេរីភាព​សារព័ត៌មាន​ និង​សេរីភាព​ បញ្ចេញ​មតិ​ របស់​ពលរដ្ឋ​ស្នើភាព និង​គ្មាន​ការ​រឹតត្បិត​ដូច​បណ្ដា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​លើក​ឡើង​នោះ​ទេ។

លោក ស្រ៊ាង ចិន្តា៖«បច្ចុប្បន្ន​យើង​អាច​និយាយ​បាន​ថា​ គឺ​គ្មាន​អ្នក​សារព័ត៌មាន​ណា​ម្នាក់ ដែល​ត្រូវ​បាន​គេ​សម្លាប់​ទេ នៅ​ពេល​បច្ចុប្បន្ន មាន​តែ​ការ​អនុវត្ត​ច្បាប់។ អ៊ីចឹង​ការ​អនុវត្ត​ច្បាប់ គឺ​ជា​រឿង​ធម្មតា​ទេ​ ព្រោះ​សង្គម​មាន​ច្បាប់។ ប្រសិន​បើ​សង្គម​មាន​ច្បាប់ ហើយ​មិន​អនុវត្ត​ច្បាប់ នោះ​ទើប​ជា​មិន​ធម្មតា។ និយាយ​អំពី​សេរីភាព​សារព័ត៌មាន ខ្ញុំ​ក៏​ចង់​និយាយ​បន្តិច​ដែរ​ ប្រសិន​បើ​យើង​ចង់​បញ្ចប់​អំពើ​និទ្ទណ្ឌភាព គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នោះ​ទេ»។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Border) បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​នៅ​លេខ១៥១ ក្នុង​ចំណោម ១៨០ប្រទេស នៅ​ក្នុង​ឆ្នាំ២០២៤ ហើយ ចំណាត់​ថ្នាក់​នេះ​បង្ហាញ​ថា ស្ថានភាព​នៃ​សេរីភាព​សារព័ត៌មាន គឺ​មិន​ល្អ។ ជាក់ស្ដែង កាល​ពី​ដើម​ខែតុលា អ្នក​សារព័ត៌មាន​ឯករាជ្យ​ម្នាក់ គឺ​លោក ម៉ិច ដារ៉ា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាប់​ពន្ធនាគារ ដែល​ការ​ចាប់​ខ្លួន​នេះ​ ត្រូវ​បាន​អ្នក​សារព័ត៌មាន​អន្តរជាតិ​ថា ជា​ការ «សងសឹក» ព្រោះ​លោក ម៉ិច ដារ៉ា គឺ​ជា​អ្នក​សារព័ត៌មាន​ដ៏​ល្បី​ផ្នែក​រាយការណ៍​អំពី​ឧក្រិដ្ឋកម្ម​ជួញ​ដូរ​មនុស្ស និង​អំពើពុករលួយ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។