អង្គការសិទ្ធិមនុស្សអន្តរជាតិចំនួន៦ សំដែងការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជា។ អង្គការទាំងនេះ បានចាត់ទុកថា កម្ពុជាកំពុងធ្លាក់ចូលទៅរបបផ្ដាច់ការ ក្រោយពីរៀបចំការបោះឆ្នោតសកលឆ្នាំ២០២៣។
អង្គការទាំងនេះ រួមមានអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Hunman Rights Watch) បណ្ដាញ ប្រជាធិបតេយ្យអាស៊ី (ADN) វេទិកាអាស៊ានសម្រាប់សិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (Forum-Asian) សមាជិកសភាអាស៊ាន និង អង្គការអាន់ហ្វ្រែល (ANFREL) ជាដើម។
អង្គការទាំងនេះ បានធ្វើ លិខិតចំហរួមគ្នា ដាក់ទៅសភាអឺរ៉ុប និងប្រទេសប្រជាធិបតេយ្យមួយចំនួនទៀត ដូចជា ជប៉ុន (Japan) អាមេរិក ( United Stated) កាណាដា (CANADA) អូស្ត្រាលី (Australia)និងប្រទេសមួយចំនួនទៀត។
ក្រុមអង្គការអន្តរជាតិទាំង៦ បានអំពាវនាវឲ្យប្រទេសទាំងនេះ ចាត់វិធានការជាបន្ទាន់ នៅមុនពេលរដ្ឋាភិបាល របស់លោក ហ៊ុន ម៉ាណែត រៀបចំការបោះឆ្នោតនៅដើមឆ្នាំ២០២៤ ហើយនៅតែផាត់ ចោលគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងនៅកម្ពុជានោះ។
លិខិតចំហបញ្ជាក់ទៀតថា កម្ពុជាបានធ្លាក់ទៅក្នុងរបបផ្ដាច់ការ រាប់ចាប់តាំងការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់តុលាការ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧។ អាជ្ញាធររដ្ឋាភិបាលគំរាមកំហែងសកម្មជនគណបក្សសង្គ្រោះជាតិនៅទូទាំងប្រទេស និងមានករណីលួចវាយសកម្មជនបក្សប្រឆាំងតាមផ្លូវឥតត្រាប្រណីជាច្រើនករណី តែអាជ្ញាធររដ្ឋាភិបាលមិនបានរកយុត្តិធម៌ ជូនជនរងគ្រោះទាំងនោះឡើយ។
នៅពេលកូនប្រុស លោក ហ៊ុន សែន គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឡើងកាន់អំណាចបន្តនោះ លោកគ្មានអ្វីផ្លាស់ប្ដូររបៀបនៃការដឹកនាំឡើយ។ រដ្ឋបាលដឹកនាំ របស់លោក ហ៊ុន ម៉ាណែត នៅតែគំរាមកំហែងសកម្មជនបក្សប្រឆាំង សកម្មជនបរិស្ថាន ចាប់ខ្លួនអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា និងនៅតែមានករណីប្រើអំពើហិង្សា លួចវាយសកម្មជនតាមផ្លូវគ្មានត្រាប្រណី មិនខុសពីរដ្ឋបាលដឹកនាំ របស់ឪពុកនោះឡើយ។
ក្រុមអង្គការអន្តរជាតិទាំងនេះ ទទួលឲ្យរដ្ឋបាលរបស់លោក ហ៊ុន ម៉ាណែត បញ្ឈប់ការធ្វើទុក្ខបុកម្នេញគ្រប់ទំរង់ជាបន្ទាន់ និងអំពាវនាវឲ្យដោះលែងសកម្មជននយោបាយ ដោយឥតលក្ខខណ្ឌ។ ពួកគេក៏អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបើកឲ្យរៀបចំការបោះឆ្នោតព្រឹទ្ធសភានៅឆ្នាំ២០២៤ ដោយ សេរី និងត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។