អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ​ជំរុញ​ឱ្យ​ដោះស្រាយ​ជម្លោះ​ដោយ​ការចរចា​ផ្អែកលើ​ច្បាប់​អន្តរជាតិ

អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ ហៅ​កាត់ CDI ប្ដេជ្ញាចិត្ត​ថា នឹង​ខិតខំ​ប្រឹងប្រែង បន្ថែម​ទៀត ដើម្បី​ស្រាយ​បញ្ជា​ប្រឈម​នៅ​សតវត្ស​ទី​២១​នេះ និង​បង្កើត​បរិយាកាស​អំណោយ​ផល​ដើម្បី​ជំរុញ​សន្តិភាព និង​ធានា​ស្ថិរភាព​សម្រាប់​ប្រជាជន រួម​ទាំង​ការចរចា​ដោយ​បើកចំហ​ផ្អែកលើ​ច្បាប់​អន្តរជាតិ​ដើម្បី​ដោះស្រាយ​ជម្លោះ ដើម្បី​ប្រយោជន៍​រួម​របស់​មនុស្សជាតិ។ សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ ចុះ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា លើកឡើង​ទៀត​ថា អង្គការ​នយោបាយ​នេះ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ជម្លោះ​ទូទាំង​តំបន់ និង​ពិភពលោក​កំពុង​ផ្ទុះឡើង ហើយ​ខ្លួន​ប្រកាស​ប្រឆាំង​អំពើ​ហិង្សា​គ្រប់​ទម្រង់។

បើទោះជា CDI ចេញ​សេចក្ដីថ្លែងការណ៍​បង្ហាញ​ដំណោះស្រាយ​បែបនេះ​ក្ដី ក៏​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​រៀបចំ​កិច្ចប្រជុំ នេះ​កំពុង​មាន​ជម្លោះ​នយោបាយ​រយៈពេល​៧​ឆ្នាំ​មក​ហើយ ដោយ​មិន​ទាន់​មាន​ដំណោះស្រាយ ក្រោយ​រដ្ឋាភិបាល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៧ និង​រារាំង​បក្ស​ប្រឆាំង​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ជា​បន្តបន្ទាប់។

អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ ហៅ​កាត់ CDI ជា​អង្គការ​អន្តរជាតិ​មិនសូវ​ល្បីឈ្មោះ​មួយ អះអាង​ថា មាន​សមាជិក​ជាង ១០៩​គណបក្ស​មកពី ៨៣​ប្រទេស ដែល​មាន​មនោគមវិជ្ជា​នយោបាយ​និយម​កណ្តាល។ អង្គការ​នេះ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប្រ៊ុចសែល (Brussels) ប្រទេស​បែលហ្សិក (Belgium)។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អង្គការ​នេះ​កាល​ពី​ឆ្នាំ​២០១៦៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។