ក្រុមអង្គការ សមាគម និងសហជីពចំនួន ២៣ស្ថាប័ន នៅតែរក្សាជំហរជួបជុំគ្នានៅទីលានប្រជាធិបតេយ្យថ្មីក្នុងខណ្ឌឫស្សីកែវ ដើម្បីរំលឹកខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ខាងមុខ ដោយគ្រោងមានអ្នកចូលរួមប្រមាណ ១ពាន់នាក់។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) និងជាអ្នកនាំពាក្យគណៈកម្មការរៀបចំប្រារព្ធខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស៊ឹង សែនករុណា លើកឡើង ថា ក្រុមអង្គការសង្គមស៊ីវិល សោកស្ដាយនិងមិនអាចទទួលយកបានទេ ចំពោះការឆ្លើយតបរបស់សាលាក្រុងភ្នំពេញ ដែលកំហិតឲ្យអ្នកចូលរួមត្រឹមតែ ១២០នាក់ និងមិនអនុញ្ញាតឲ្យដង្ហែក្បួនដាក់ញត្តិ ក្រោមហេតុផល ទឹកជំនន់ និងជំងឺកូវីដ-១៩។ លោកបញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិល នៅតែរក្សាជំហរប្រារព្ធខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសតាមរៀបវារៈ និងសេចក្តីជូនដំណឹងរបស់ខ្លួននៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី២៣ ខែតុលា ដដែល ទោះបីអាជ្ញាធរក្រុងភ្នំពេញ មិនអនុញ្ញាតក៏ដោយ។ លោក បន្តថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមានសារសំខាន់និងនៅតែមានសុពលភាពសម្រាប់កម្ពុជា ក្នុងការបញ្ចប់ជម្លោះនយោបាយរវាងខ្មែរនិងខ្មែរ នាំមកនូវសន្តិភាព ការអភិវឌ្ឍន៍ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សដល់កម្ពុជា និងការពារបូរណភាពទឹកដីកម្ពុជា។ មន្ត្រីការពារសិទ្ធិមនុស្សរូបនេះ អំពាវនាវដល់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកនយោបាយខ្មែរ ត្រូវតែចងចាំ និងគោរពនិងអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងជាអន្តរជាតិ និងជាលក្ខណៈប្រវត្តិសាស្ត្រមួយនេះ៖ «កម្មវិធីផ្សេងៗដែលខាងថ្នាក់ដឹកនាំរដ្ឋាភិបាល មានការជួបជុំប្រជាពលរដ្ឋ ឬក៏មន្ត្រីក្រោមឱវាទរបស់ខ្លួន ក៏មានចំនួនច្រើនដែរ ហើយប្រារព្ធធ្វើទៅបាន ចំណែកខាងអង្គការសង្គមស៊ីវិលយើង បែរជាមានការកំណត់ទៅវិញ។ យើងសុំឲ្យមានការពិនិត្យមើលឡើងវិញ ព្រោះសូម្បីតែការជួបជុំនៅតាមទីវត្តអារាម ធ្វើបុណ្យកឋិនអីជាច្រើន យើងឃើញថា មិនមានការគោរពទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលផង ហើយយើងក្រុមអង្គការសង្គមស៊ីវិលនេះ ទោះបីជាមានគ្នាច្រើនមែន តែយើងមានការពិនិត្យនូវកម្ដៅ និងគោរពតាមគោលការណ៍ក្រសួងដូចជាពាក់ម៉ាស់ រក្សាគម្លាតសង្គមជាដើម។ ចំពោះបញ្ហាទឹកលិចនោះ យើងក៏មានការសោកស្ដាយដែរ ដោយសារតែគ្រោះធម្មជាតិបានកើតឡើង។ តែអ្វី ដែលពួកយើងធ្វើនេះគឺជាផលប្រយោជន៍រួមពាក់ព័ន្ធនឹងបញ្ហាសេរីភាពរបស់ប្រជាពលរដ្ឋ ការគោរពតាមគោលការណ៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាកិច្ចព្រមព្រៀងមួយ ដោះស្រាយ ជម្លោះកម្ពុជា ដោយប្រទេសកម្ពុជា ងាកមកគោរពតាមលទ្ធិប្រជាធិបតេយ្យ មានការអភិវឌ្ឍន៍ផ្សេងៗ មកដល់ពេលបច្ចុប្បន្ននេះ ដូច្នេះគឺជាថ្ងៃដែលសំខាន់ដែលយើងមិនអាចបំភ្លេច បានដែរ»។
ក្នុងកំណត់ហេតុប្រជុំរវាងតំណាងសង្គមស៊ីវិល និងអាជ្ញាធរក្រុងភ្នំពេញ កាលពីសប្ដាហ៍មុន អភិបាលរងសាលារាជធានីភ្នំពេញ លោក កើត ឆែ មិនអនុញ្ញាតឲ្យអ្នកចូលរួមប្រារព្ធខួបកិច្ចកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចំនួនជាង ១ពាន់នាក់ តាមការស្នើសុំនោះទេ។ លោក កើត ឆែ បានកំហិតឲ្យអ្នកចូលរួមមានចំនួនត្រឹមតែ ១២០នាក់ នៅទីលានប្រជាធិបតេយ្យ និងណែនាំឲ្យរៀបចំនៅតាមទីតាំងឯកជន ឬទីស្នាក់ការរៀងៗខ្លួន ព្រមទាំងហាមហែក្បួនដាក់ញត្តិ ដោយសារកម្ពុជា កំពុងមានទឹកជំនន់ និងការពារជំងឺកូវីដ-១៩។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបបន្ថែមទៀតពីអ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក មេត មាសភក្តី បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល នៅថ្ងៃទី២០ ខែតុលា។
តាមកម្មវិធីនៃការប្រារព្ធខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ គឺអ្នកវិភាគ និងអ្នកសិក្សាស្រាវជ្រាវឯករាជ្យ ព្រមទាំងមន្ត្រីសង្គមស៊ីវិល នឹងថ្លែងសាររម្លឹកឡើងវិញអំពីប្រវត្តិ និងខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រមទាំងការអនុវត្តរបស់រដ្ឋាភិបាល នាពេលកន្លងមក ការបង្ហាញចំណាប់អារម្មណ៍របស់តំណាងកម្មករ កសិករ និងយុវជនម្នាក់ម្តងៗ។ បន្ទាប់មក នឹងមានការធ្វើសន្និសីទកាសែត រួចដង្ហែញត្តិដាក់ជូនរដ្ឋាភិបាល។
កន្លងមក រដ្ឋាភិបាលក្រុងភ្នំពេញ ហាក់មិនសូវផ្ដល់តម្លៃខ្លាំង ដល់ថ្ងៃរំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា នោះទេ ។ របបលោក ហ៊ុន សែន តែងតែពង្រាយកងកម្លាំងចម្រុះដើម្បីរារាំង និងឃ្លាំមើលការប្រារព្ធទិវានេះពីសំណាក់ប្រជាពលរដ្ឋ និងក្រុមអង្គការសង្គមស៊ីវិល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។