សេចក្ដីសុខ ឬសុភមង្គលក្នុងគ្រួសារ តែងប្រែប្រួលទៅតាមគ្រួសារនីមួយៗ និងទៅតាមស្ថានភាពដែលគេជួបប្រទះ។ ទោះជាយ៉ាងណាស្ត្រីខ្មែរមួយចំនួនយល់ថាគ្រួសារអាចមានសុភមង្គលពាក់ព័ន្ធនឹងបញ្ហានយោបាយ គឺនៅពេលប្រទេសមានប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សពិតប្រាកដ។ របាយការណ៍ស្ដីពីសុភមង្គលពិភពលោកឆ្នាំ២០២២ រកឃើញថា កម្ពុជាជាប់ចំណាត់ថ្នាក់១១៤ក្នុងចំណោម១៤៦ប្រទេស។
មូលហេតុ ដែលនាំឱ្យមានសេចក្ដីសុខ ឬសុភមង្គលគ្រួសារអាចស្ថិតនៅក្នុងរង្វង់ស្ថានភាពរឿងរ៉ាវតូចតាច គឺត្រឹមតែមានការហូបចុកគ្រប់គ្រាន់ កូនៗបានទៅសាលារៀន ឬអាចធំដំរហូតដល់ទាក់ទងនឹងយុត្តិធម៌សង្គម និងអ្នកដឹកនាំប្រទេសផងដែរ។
ស្ត្រីនៅក្នុងគ្រួសារអ្នករើសសំរាមនៅគំនរសំរាមជើងឯកក្នុងរាជធានីភ្នំពេញលោកស្រី ម៉ិល រី រៀបរាប់ថា រាល់ថ្ងៃនេះគ្រួសារលោកស្រី រកមួយថ្ងៃសម្រាប់មួយថ្ងៃ ហើយថ្ងៃខ្លះក៏រកស្ទើរមិនបានហូប។ លោកស្រី ប្រាថ្នាជីវភាពល្អគ្រាន់បើជាងសព្វថ្ងៃនេះ ពិសេសគឺមិនឱ្យកូនៗមានវាសនាដូច ឱពុក ម្ដាយ៖ « ចំពោះថាមានសុភមង្គលហ្នឹង រឿងអ្វីៗគឺខ្ញុំអត់ធ្មត់បានច្រើន ក្នុងក្រុមគ្រួសារមិនជាបញ្ហាទេគឺយើងចេះអត់ឱនគ្នាខ្លះ ប៉ុន្តែបញ្ហាគឺរឿងជីវភាពគ្រួសារទី១ ទី២ គឺតស៊ូចង់ឱ្យកូនបានរៀន មិនចង់ឱ្យកូនរើសអេតចាយតទៅទៀត ចឹងខំប្រឹងឱ្យកូនរៀនក៏ខ្វះមុខខ្វះក្រោយ ដល់ចឹងធម្មតាតែដល់ថ្ងៃណារកបានចេះតែសប្បាយចិត្តទៅ ថ្ងៃរកមិនបានក៏ទៅជាតប់ប្រមល់»។
មិនខុសគ្នានេះដែរ ស្ត្រីជាកសិករម្នាក់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោកស្រី ឃន ខន ដែលបាត់បង់ដីធ្លី ដោយសារជម្លោះដីធ្លីជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ប្រាប់វិទ្យុអាស៊ីសេរីថាលោកស្រីប្រាថ្នាឱ្យមានដីធ្លី និងផលកសិកម្មមានទីផ្សារត្រឹមត្រូវ៖ « ដីធ្លីនេះខ្ញុំចង់បានតែដីម៉ោវិញ ដើម្បីបង្កើនផលបានវារីករាយក្នុងគ្រួសារ។ រាល់ថ្ងៃនេះខ្ញុំបាត់បង់ដីធ្លីហ្នឹងហើយបានវាមិនជួបជុំគ្រួសារ ចឹងចង់បានដី ចង់បានសំណងមកវិញ។ ខ្ញុំទៀតថាប៉ុណ្ណេះ គិតថាបើយើងដាំដំណាំទៅបានផលមានដីតិចតួចហ្នឹងទៅ បានហើយវាអត់មានទីផ្សារលក់ត្រឹមត្រូវវាបានតែដើរលក់បានតិចតួច ហើយដំណាំសល់ដដែលៗ»។
អង្គការសហប្រជាជាតិបានរើសយកថ្ងៃទី២០ ខែមីនា ជាទិវាអន្តរជាតិសេចក្ដីសុខ ឬសុភមង្គល ដោយចាប់ផ្ដើមលើកដំបូងនៅក្នុងឆ្នាំ២០១២។ អង្គការនេះមានគោលបំណងឱ្យពលរដ្ឋនៅលើពិភពលោកបានដឹងពីសារៈសំខាន់នៃសុភមង្គលក្នុងជីវិតរបស់ពួកគេ។
សកម្មជនធ្លាប់ជាប់ពន្ធនាគារ ដោយសារសកម្មភាពស្រឡាញ់បរិស្ថានកញ្ញា ភួន កែវ រស្មី វិញ បញ្ជាក់ថា សុភមង្គលរបស់កញ្ញា និងក្រុមយុវជនស្រលាញ់បរិស្ថានគឺនៅពេលអ្នកដឹកនាំល្អម្នាក់៖ « យើងទាំងអស់គ្នា ដែលជាសកម្មជនបរិស្ថានក៏ដោយជាអ្នកការពារសិទ្ធិមនុស្សក៏ដោយខ្ញុំជឿថា បើប្រទេសយើងមានប្រជាធិបតេយ្យហើយ យើងមានមេដឹកនាំល្អម្នាក់ហើយ អាចថាបើសិនជាមានថ្ងៃហ្នឹងមែន មិនដឹងថាសកម្មជនទាំងអស់នៅក្នុងស្រុកខ្មែរហ្នឹងគាត់សប្បាយចិត្តប៉ុណ្ណាទេ ហើយប្រហែលជាគាត់អាចមានពេលតៅលម្ហែកាយ មានពេលនៅជាមួយគ្រួសារ មិនបាច់មានការកៀបសង្កត់ រហូតដល់បែកបាក់គ្រួសារ អ្នកខ្លះឃ្លាតឆ្ងាយ។ ដូចខ្ញុំនៅក្មេងអីចឹងពេលខ្លះខ្ញុំចង់ពេលខ្លះចង់ទៅកម្សាន្ត ទៅសម្រាក ចង់ចំណាយពេលទៅលើការសិក្សាឱ្យបានច្រើន ធ្វើការងារផ្សេងៗទៀតបានច្រើន ប៉ុន្តែដោយសារស្ថានផាពរបស់ប្រទេសយើងឥឡូវខ្ញុំគិតថាជាស្ថានភាព ដែលត្រូវការអ្នកហ៊ានចូលរួម អ្នកអត់ធ្មត់ អ្នកហ៊ានប្រឈមនូវហេតុការណ៍ដែលអាចកើតឡើង។ សេចក្ដីសុខរបស់ខ្ញុំគឺដូចខ្ញុំរៀបរាប់ទាក់ទងនឹងអ្នកដឹកនាំប្រទេស និងស្ថានភាពរបស់ប្រទេសល្អប្រសើរឡើងជាងសព្វថ្ងៃហ្នឹង»។
ស្រដៀងគ្នានេះ ប្រពន្ធសកម្មជនបក្សសង្រ្គោះជាតិលោក កាក់ កុម្ភារ ដែលកំពុងជាប់ឃុំលោកស្រី ព្រុំ ចាន់ថា មើលឃើញថា សេចក្ដីសុខរបស់គ្រួសារលោកស្រីទាក់ទងនឹងការធានាសិទ្ធិនយោបាយពលរដ្ឋ ក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដ៖ « ទោះជាក្រុមគ្រួសារខ្ញុំរួចពីពន្ធនាគារក៏ដោយ ខ្ញុំថាឧបមាចឹងចុះ ឬក៏មានការដោះលែងឱ្យបាននៅក្រៅឃុំក៏ដោយ ក៏ខ្ញុំគិតថាអត់មានសេចក្ដីសុខ សុភមង្គលពិតប្រាកដដែរ ដោយសារតែប្រទេសទាំងមូលអត់ទាន់មានសេរីពហុបក្សពិតប្រាកដ ឬប្រជាធិបតេយ្យពិតប្រាកដ និងមិនគោរពសិទ្ធិមនុស្សពិតប្រាកដ គឺមិនអាចមានសុភមង្គលបានទេ។ បើតាមក្នុងគ្រួសារខ្ញុំផ្ទាល់ លុះណាតែប្រទេសកម្ពុជាមួយហ្នឹងមានមេដឹកនាំ ដែលល្អ គោរពប្រជាធិបតេយ្យពិតប្រាកដ មានការបោះឆ្នោតដ៏ត្រឹមត្រូវ ឬក៏គោរពសិទ្ធិមនុស្សហ្នឹងបានហៅថាសុភមង្គលនៃក្រុមគ្រួសារពិតប្រាកដនៃប្រទេសតាំងមូលបាន»។
ចំណែកឯសកម្មជនដីធ្លីក្នុងខេត្តកោះកុងលោកស្រី ផាវ ញើង លើកឡើងថា លោកស្រីមិនធ្លាប់ឮទិវានេះពីមុនមកទេ យ៉ាងណាក៏ដោយលោកស្រីថា គ្រួសារលោកស្រីមានក្ដីសុខបានលុះត្រាតែសង្គមនេះមានការគោរពសិទ្ធិមនុស្សពិតប្រាកដ៖ « បងឈឺចាប់ណាស់នៅពេលឮពាក្យថាទិវាសុភមង្គល ហើយលើកទី១ហើយដែលបងបានឮ។ បងអត់ដែលបានឮទេ ព្រោះក្ដីស្រឡាញ់ក៏ដោយ សុភមង្គលក៏ដោយ ភាពកក់ក្ដៅក៏ដោយ សុខសន្តិភាពក៏ដោយ បងឮតែគេនិយាយតែចំពោះបង បងអត់ដែលទទួលបានការកក់ក្ដៅ ទាំងអស់ហ្នឹង ចឹងចង់ផ្ដាំផ្ញើទៅរដ្ឋាភិបាលថា ដើម្បីឱ្យទិវាសុភមង្គលក៏ដោយ ទិវាក្ដីស្រលាញ់ក៏ដោយ លុះត្រាណាប្រទេសយើងមានសុខសន្តិភាពពិត ឥឡូវនេះខ្ញុំមិនបដិសេធថាអត់មានសន្តិភាពទេ ប៉ុន្តែជាសន្ដិភាពផ្លូវចិត្តផ្លូវកាយរបស់ជនដែលគេម៉ោរំលោភយកដីយកធ្លីរបស់ពួកខ្ញុំ។ ក្នុងអារម្មរណ៍យើងអត់រីករាយអត់បាន។ សុភម្គលនៅលើស្រុកទេសយើងអត់មានការរំលោភបំពានលើសេរីភាពក្នុងការដើរហើររបស់ពួកបង ហើយអត់មានការបាត់បង់ដីធ្លី មានការងារធ្វើជួបជុំគ្រួសារ»។
ទាក់ទងនឹងការធានាសុខសន្តិភាពផ្លូវចិត្តពលរដ្ឋ ដែលពលរដ្ឋចាត់ទុកថា សេចក្ដីសុខមួយដែរនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា លោកនឹងមិនអាចធានាសន្តិភាពផ្លូវចិត្តដល់ពលរដ្ឋបានឡើយ៖ « ប៉ុន្តែខ្ញុំនៅតែបញ្ជាក់សារជាថ្មីថា ខ្ញុំមិនអាចរកសន្តិភាពផ្លូវចិត្តជូនអស់លោកអ្នកបានទេ ព្រោះឥឡូវហ្នឹងគេអត់និយាយអីទេ គេប្រឹងឱ្យខ្ញុំរកសន្តិភាពផ្លូវចិត្ត ព្រោះគេថាបើអត់មានសន្តិភាពផ្លូវចិត្តទេ គឺមិនអាចហៅថាសន្តិភាព។ អីចឹងសូមអ្នកឯងទៅរកនៅស្ថានព្រះឥន្ទ្រទៅ។ នៅស្ថានព្រះឥន្ទ្រក៏មិនប្រាកដថា មានសន្តិភាពផ្លូវចិត្តទេ។ អីចឹងសុំឱ្យអ្នកដែលឱ្យខ្ញុំធានាសន្តិភាពផ្លូវចិត្តឱ្យគេ សុំទៅរកខ្លួនឯងទៅអាត្មាមិនទៅរកបានទេ»។
ត្រង់ចំណុចនេះ អ្នកសិក្សាការអភិវឌ្ឍន៍លោកបណ្ឌិត មាស នី មានប្រសាសន៍តបវិញថា មេដឹកនាំប្រទេសពិតជាមិនអាចទៅផ្ដល់សេចក្ដីសុខ សុភមង្គលដល់ពលរដ្ឋឱ្យដូចៗគ្នាបានទេ ប៉ុន្តែមេដឹកនាំមានតួនាទីធានាយុត្តិធម៌សង្គម ដែលជាធាតុផ្សំសំខាន់ក្នុងការផ្ដល់សុខសុវត្ថិភាព និងសុភមង្គលដល់ពលរដ្ឋ៖ « ក្នុងសង្គមមួយដែលប្រព័ន្ធយុត្តិធម៌ហ្នឹងបានក្លាយទៅជាប្រព័ន្ធមួយ ដែលបង្កឱ្យមានអយុត្តិធម៌ ហើយពលរដ្ឋទឹកភ្នែកដោយសារតែប្រព័ន្ធយុត្តិធម៌ហ្នឹង អាហ្នឹងក៏សង្គមហ្នឹងមិនអាចមានសុខសន្តិភាព មានការសប្បាយទាំងផ្លូវកាយ និងផ្លូវចិត្តទៅបានដែរ»។
កម្ពុជាជាប់ចំណាត់ថ្នាក់១១៤ក្នុងចំណោម១៤៦ប្រទេសក្នុងពិភពលោក និងចំណាត់ថ្នាក់ទី៨ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន នៅក្នុងរបាយការណ៍ស្ដីពីសុខសុភមង្គលពិភពលោក ឆ្នាំ២០២២ ដែលចេញកាលពីថ្ងៃទី២០ ខែមីនាកន្លងទៅ។ ការដាក់ចំណាត់ថ្នាក់នេះ ផ្អែកទៅលើការវាយតម្លៃអំពីសុខសុភមង្គល ដោយសំដៅទៅលើផលិតផលក្នុងស្រុកសរុប (GDP per capita) ការគាំពារសង្គម រយៈពេលរស់នៅដោយមានសុខភាពល្អ សេរីភាពក្នុងជម្រើសជីវិតរស់នៅ ភាពសប្បុរស និងសេរីភាពរួចផុតពីអំពើពុករលួយ។ របាយការណ៍នេះរំលឹកដល់ខួប១០ឆ្នាំនៃការប្រារព្ធទិវាអន្តរជាតិសុភមង្គលរបស់អង្គការសហប្រជាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។