អាជ្ញាធររាជធានីភ្នំពេញ បានអនុញ្ញាតឲ្យក្រុមអង្គការ សង្គមស៊ីវិលជាងសាមសិប (៣១) ស្ថាប័នប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ខែធ្នូ នៅទីលានប្រជាធិបតេយ្យសម្រាប់ឆ្នាំនេះ។ ប៉ុន្តែអាជ្ញាធរបានកំណត់ឲ្យមានមនុស្សចូលរួមត្រឹមពីររយ (២០០) នាក់ប៉ុណ្ណោះ។ ក្រុមមន្ត្រីសង្គមស៊ីវិលលើកឡើងថា ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនេះ គឺជាព្រឹត្តិការណ៍សំខាន់បំផុត ដើម្បីទាមទារឲ្យរដ្ឋាភិបាលលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ក្រុមសង្គមស៊ីវិលឲ្យដឹងថា ពួកគាត់សុខចិត្តទទួលយកលក្ខខណ្ឌរបស់អាជ្ញាធរដែលកម្រិតអ្នកចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី១០ ខែធ្នូ ខាងមុខ ចំនួនពីររយ (២០០) នាក់ ព្រោះមិនចង់មានបញ្ហាវែងឆ្ងាយជាមួយអាជ្ញាធរ។
អ្នកនាំពាក្យសមាគមអាដហុកលោក ស៊ឹង សែនករុណា ឲ្យដឹងថា តំណាងសាលាក្រុងភ្នំពេញបានកោះហៅក្រុមអង្គការសង្គមស៊ីវិលទៅពិភាក្សាគ្នារួចហើយ កាលពីថ្ងៃសុក្រចុងសប្ដាហ៍។ លោកថា ខាងសង្គមស៊ីវិលបានដាក់សំណើឲ្យមានអ្នកចូលរួមទិវាសិទ្ធិមនុស្សចំនួនប្រាំរយ (៥០០) នាក់ ប៉ុន្តែតំណាងសាលាក្រុងបដិសេធ ដោយលើកហេតុផលថា ការជួបជុំគ្នាលើសពីពីររយ(២០០)នាក់ឡើង ត្រូវស្នើសុំទៅក្រសួងមហាផ្ទៃតាមច្បាប់ស្ដីពីបាតុកម្ម។
ម្យ៉ាងទៀតអាជ្ញាធរមិនចង់ឲ្យមានការជួបជុំគ្នាច្រើនពេកទេ ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩ ស្របពេលផ្នែកខ្លះនៃទីតាំងទីលានប្រជាធិបតេយ្យថ្មី នៅម្ដុំមាត់ទន្លេសាបនោះ ត្រូវបានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រើប្រាស់ដាក់សម្ភារៈមួយចំនួនដើម្បីស្ថាបនាផ្លូវជាតិលេខ៥។
លោក ស៊ឹង សែនករុណា បន្តថា នៅឆ្នាំនេះ ក្រុមអង្គការ សមាគម សហជីព ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ ក្រោមប្រធានបទការទាមទារឲ្យរដ្ឋាភិបាលលើកកម្ពស់សិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យឡើងវិញ។ លោកបញ្ជាក់ថា ការជ្រើសយកប្រធានបទនេះ ដោយសារក្រុមអង្គការសង្គមស៊ីវិលសង្កេតឃើញថា ស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែធ្លាក់ដុនដាបចាប់តាំងពីក្រោយការរំលាយគណបក្សប្រឆាំង កាលពីចុងឆ្នាំ២០១៧មក៖ «អ៊ីចឹងហើយយើងក៏បានមូលមតិគ្នាទទូចឲ្យរដ្ឋាភិបាលក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់រួមគ្នាដើម្បីស្ដារនូវការគោរពសិទ្ធិមនុស្សនេះឡើងវិញ ហើយនាំគ្នាធ្វើយ៉ាងណាឲ្យមានការបើកនូវលំហសេរីភាពប្រជាធិបតេយ្យសេរីហ្នឹងឲ្យបានត្រឹមត្រូវឡើងវិញ»។
ក្រៅពីការចូលរួមផ្ទាល់នៅទីលានប្រជាធិបតេយ្យហើយនោះ ក្រុមអង្គការសង្គមស៊ីវិលក៏នឹងរៀបចំឲ្យមានការចូលរួមតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។ ក្រុមអង្គការសង្គមស៊ីវិល ក៏បានអញ្ជើញមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា និងតំណាងស្ថានទូតលោកសេរីមួយចំនួនចូលរួមផងដែរ។ ប៉ុន្តែនៅឆ្នាំនេះ ក្រុមអង្គការសង្គមស៊ីវិលមិនបានអញ្ជើញតំណាងរបស់រដ្ឋាភិបាល និងតំណាងរដ្ឋសភា ឲ្យចូលរួមទេដោយសារកន្លងមកពួកគាត់ច្រើនតែអវត្តមាន។
ជុំវិញរឿងនេះដែរ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្ដី និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិរបស់រដ្ឋាភិបាលលោក កត្តា អ៊ន បានទេ នៅថ្ងៃទី៥ ខែធ្នូ។ តែយ៉ាងណាក្នុងកំណត់ហេតុប្រជុំកាលពីថ្ងៃទី៣ ខែធ្នូ បង្ហាញថា ភាគីអាជ្ញាធរ និងតំណាងអង្គការសង្គមស៊ីវិលបានឯកភាពគ្នាឲ្យមានការជួបជុំគ្នាសម្ដែងមតិរំលឹកខួបទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ខាងមុខ តែមិនអនុញ្ញាតឲ្យយកវេទិកានោះវាយប្រហារលើព្រះមហាក្សត្រ មន្ត្រីរដ្ឋាភិបាល ការញុះញង់ឲ្យមានអំពើហិង្សា ឬការបំបែកបំបាក់សាមគ្គីជាតិ ហាមប្រើសារនយោបាយ ហាមអ្នកដែលជាប់បម្រាមនយោបាយចូលរួមកម្មវិធី និងហាមការហែក្បួនតវ៉ាចេញពីទីលានប្រជាធិបតេយ្យជាដើម។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាលោក រស់ សុដ្ឋា ឲ្យដឹងថា ក្នុងកម្មវិធីឆ្នាំនេះក្រុមសង្គមស៊ីវិលនឹងប្រគល់ពានរង្វាន់សកម្មជនសិទ្ធិមនុស្សជូនអតីតអ្នកជាប់ឃុំដែលទើបត្រូវបានដោះលែងចំនួន២០នាក់ ក្នុងនោះក៏មានប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដើម្បីរំលឹកដល់គុណបំណាច់ និងសេចក្ដីក្លាហានរបស់ពួកគេក្នុងការចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ៖ « យើងបានធ្វើមួយជំហានសិន ដោយបានទៅទីលានប្រជាធិបតេយ្យដែលជាទីសាធារណៈ ព្រោះយើងបាត់បង់សេរីភាពជាយូរមកហើយ។ កន្លងមកយើងនៅតែក្នុងរន្ធណា ដែលវាមិនល្អទេសម្រាប់ការអនុវត្តសិទ្ធិជាមូលដ្ឋាន»។
កាលពីឆ្នាំមុន អាជ្ញាធររាជធានីភ្នំពេញធ្លាប់បានហាមឃាត់ក្រុមអង្គការ សង្គមស៊ីវិលជាងហាសិប (៥២) ស្ថាប័ន មិនឲ្យប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅទីលានប្រជាធិបតេយ្យ និងហាមឃាត់ការហែក្បួនទៅរដ្ឋសភាដោយមូលហេតុនៃការរីករាលដាលជំងឺកូវីដ-១៩ ធ្ងន់ធ្ងរពេលនោះ។ តែយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិលបានបំបែកគ្នាជាក្រុមតូចៗ និងប្រារព្ធកម្មវិធីតាមប្រព័ន្ធអនឡាញ(Online)ផ្សាយចេញពីទីស្នាក់ការរៀងខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។