អាជ្ញាធរ​ក្រុងភ្នំពេញ​គំរាម​ព្រះសង្ឃ​មួយ​អង្គ​ឱ្យ​ឈប់​ធ្វើ​ការងារ​សង្គម​ជា​លើក​ទី២

0:00 / 0:00

មន្ត្រី​សង្ឃ និង​អាជ្ញាធរ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​ចាប់​បង្ខំ​ឱ្យ​ព្រះសង្ឃ​មួយ​អង្គ ដែល​សកម្ម​នឹង​កិច្ចការ​សង្គម ផ្ដិត​មេដៃ​ធ្វើ​កិច្ចសន្យា​ជា​លើក​ទី២ ឱ្យ​ឈប់​ឈឺឆ្អាល​សកម្មភាព​សង្គម ក្រោម​ហេតុផល​ថា ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម។

ព្រះតេជព្រះគុណ ធូ វ៉ាឃីម នៅតែ​ប្រកាស​ជំហរ ចូលរួម​បញ្ចេញ​មតិ​អំពី​បញ្ហា​សង្គម​ជាតិ ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ បើ​ទោះ​បី​ជា​អាជ្ញាធរ​ក្រុងភ្នំពេញ បាន​ចាប់​បង្ខំ​ឱ្យ​ព្រះអង្គ​ធ្វើ​កិច្ចសន្យា​ជា​លើក​ទី២ ឱ្យ​ឈប់​ឈឺឆ្អាល​រឿង​សង្គម​ជាតិ​ក្ដី។

ព្រះអង្គ​ទទូច​ដល់​រដ្ឋាភិបាល​ថា គួរតែ​បើក​ចិត្ត​ទូលាយ​ផ្តល់​សិទ្ធិ​សេរីភាព​ឱ្យ​ព្រះសង្ឃ ចូលរួម​កិច្ចការ​សង្គម​ឱ្យ​បាន​ពេញលេញ ព្រោះ​ព្រះសង្ឃ​មាន​តួនាទី​សំខាន់ ក្នុង​ការ​ជួយ​កិច្ចការ​សង្គម និង​បង្ហាញ​ផ្លូវ​ប្រាប់​បរិស័ទ​ឱ្យ​ចេះ​ឈឺឆ្អាល​រឿង​អយុត្តិធម៌ និង​នយោបាយ​ជា​ដើម។

ព្រះតេជព្រះគុណ ធូ វ៉ាឃីម បន្ថែម​ថា ព្រះអង្គ​នឹង​បន្ត​សកម្មភាព​បញ្ចេញ​មតិ​អំពី​បញ្ហា​សង្គម និង​បរិស្ថាន បើ​ទោះ​ជា​រង​សម្ពាធ និង​គំរាមកំហែង ពីអាជ្ញាធរយ៉ាង​ណា​ក្តី។

ព្រះតេជព្រះគុណ ធូ វ៉ាឃីម៖«លោក​ថ្នាក់​ដឹក​នាំ គេ​និយាយ​ថា បើ​ចង់​ធ្វើ​សកម្មភាព​អី​ទៀត សូម​សឹក​ទៅ។ អា​នេះ​គេ​សង្កត់​ធ្ងន់​មួយ​ដែរ។ តាម​ការ​សង្កេត​មើល​ការ​ធ្វើ​សកម្មភាព​របស់​អាត្មា ដូច​ជា​អត់​មាន​អី​ប៉ះពាល់​ដល់​សង្គម សណ្ដាប់ធ្នាប់​អី​ទេ។ ចូលរួម​បញ្ចេញ​មតិ ដោយ​អហិង្សា ចូលរួម​ធម្មយាត្រា ដាក់​ញត្តិ ទៅ​ព្រៃ ល្បាត​ព្រៃ​ល្បាត​អី សុទ្ធតែ​ជា​ការ​រៀន​សូត្រ​ទាំង​អស់។ អត់​មាន​ការ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សង្គម​អី​ទេ»។

កាល​ពី​ព្រឹក​ថ្ងៃ​ទី១៩ សីហា អាជ្ញាធរ​ខណ្ឌចំការមន រាជធានីភ្នំពេញ និង​សម្ដេច​សង្ឃ​ព្រះនាម ឃឹម សន ព្រមទាំង​អាជ្ញាធរ​ប្រមាណ ១០នាក់ បាន​ធ្វើ​ដំណើរ​ដល់​វត្តនួនមណីរាម ហៅ​វត្តថាន់ ជា​លើក​ទី២ ដោយ​បង្ខំ​ព្រះតេជព្រះគុណ ធូ វ៉ាឃីម ឱ្យ​ផ្ដិត​មេដៃ​ធ្វើ​កិច្ចសន្យា​ជា​ថ្មី​ទៀត ឱ្យ​ឈប់​ឈឺឆ្អាល​រឿង​សង្គម។

ក្នុង​កិច្ចសន្យា​អាជ្ញាធរ​សរសេរ​ថា ព្រះតេជព្រះគុណ ធូ វ៉ាឃីម ព្រះជន្ម ២២ព្រះវស្សា (ឆ្នាំ) គង់​នៅ​វត្តនួនមណីរាម ហៅ​វត្តថាន់ រាជធានីភ្នំពេញ បាន​សន្យា​នៅ​ចំពោះ​មុខ​ព្រះចៅ​អធិការ​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ នឹង​ឈប់​ចូលរួម​សកម្មភាព​បាតុកម្ម និង​សកម្មភាព​ផ្សេងៗ ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម បើ​មិន​ដូច្នេះ​ទេ នឹង​ទទួល​ខុសត្រូវ ចំពោះ​មុខ​ច្បាប់។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក លោក ម៉េត មាសភក្តី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៩ សីហា ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​គ្មាន​អ្នក​លើក។

រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី ក៏​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​ដែរ។

ព្រះតេជព្រះគុណ ធូ វ៉ាឃីម ជា​និស្សិត​ច្បាប់​ឆ្នាំ​ទី៣ នៃ​សកលវិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ។ កន្លង​ទៅ​ព្រះសង្ឃ​អង្គ​នេះ​បាន​ធ្វើ​សកម្មភាព​សង្គម​ជា​ច្រើន រួមមាន ការពារ​ព្រៃឈើ ឃ្លាំមើល​បញ្ហា​ដីធ្លី ទាមទារ​យុត្តិធម៌​សង្គម និង​ជំទាស់ ចំពោះ​ការ​អនុវត្ត​ច្បាប់​លើ​យុវជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥រូប ដាក់​ពន្ធនាគារ ព្រម​ទាំង​មិន​ពេញ​ចិត្ត ចំពោះ​ការ​ចាប់​ខ្លួន​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ដាក់​ពន្ធនាគារ​ជា​ដើម។

Thou_Vakhim_Wat_Thann_2.jpeg
ព្រះតេជព្រះគុណ ធូ វ៉ាឃីម ធ្លាប់​ចូលរួម​តស៊ូមតិ​ទាមទារ​អាជ្ញាធរ ឱ្យ​ដោះលែង​លោក កើត សារ៉ាយ ​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ដែល​កំពុង​ជាប់​​ពន្ធនាគារ។ រូបពីព្រះសង្ឃ

ទាក់ទង​រឿង​នេះ​ដែរ ព្រះសង្ឃ​គង់​នៅ​ប្រទេស​កាណាដា ព្រះតេជព្រះគុណ ម៉ិញ សុខមីល ដែល​តែងតែ​ចេញ​វីដេអូ​ឈឺឆ្អាល​រឿង​សង្គម និង​នយោបាយ មាន​ថេរ​ដីកា​ថា ព្រះសង្ឃ ដែល​សកម្មភាព ក្នុង​ការ​ចូលរួម​ជួយ​សង្គម មិន​ខុស​នឹង​ព្រះ​វិន័យ​របស់​ព្រះពុទ្ធ​ទេ។

ព្រះអង្គ​បន្ថែម​ថា បច្ចុប្បន្ន​អាជ្ញាធរ​បាន​ដើរ​គំរាម​ព្រះសង្ឃ​តាម​វត្តអារាម ដោយ​រឹតត្បិត​ព្រះសង្ឃ​គ្រប់ៗ អង្គ មិន​ឱ្យ​ចូលរួម​សកម្មភាព​សង្គម និង​នយោបាយ ជា​អំពើ​ល្មើស​ច្បាប់​ធ្ងន់ធ្ងរ។

លោក ម៉ិញ សុខមីល៖«ទុក្ខ​របស់​បរិស័ទ គឺ​ជា​ទុក្ខ​របស់​ព្រះសង្ឃ ឆ្នាំង​បាយ​របស់​បរិស័ទ ក៏​ជា​ឆ្នាំង​បាយ​ព្រះសង្ឃ បើ​គណៈ​សង្ឃ​គ្រប់​អង្គ​ហាមឃាត់​ព្រះសង្ឃ ដែល​ធ្វើ​សកម្មភាព​ស្រឡាញ់​ជាតិ ផ្សព្វផ្សាយ​នូវ​ការ​ពិត ស្មើនឹង​គណៈ​សង្ឃ​ក្បត់​បរិស័ទ ហើយ​បម្រើ​នៅ​មនសិការ​របស់​ជន​ក្បត់។ កុំ​អូស​ទាញ​គេ​ទៅ​ចូលរួម​ក្បត់​ជាមួយ​ខ្លួន»។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ពន្យល់​ថា ព្រះសង្ឃ​មាន​តួនាទី​សំខាន់ ក្នុង​ការ​អប់រំ​ពលរដ្ឋ​ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវ​ធម៌​ឱ្យ​ដើរ​ផ្លូវ​ល្អ និង​ចូលរួម​ជួយ​សង្គម ក៏​ប៉ុន្តែ​ប្រសិនបើ​មាន​ការ​គំរាមកំហែង និង​បំភិតបំភ័យ​ព្រះសង្ឃ ជា​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ព្រះសង្ឃ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ។

លោក អំ សំអាត៖«អ៊ីចឹង ការ​គំរាម​កំហែង​បំភិតបំភ័យ​ណា​មួយ​ទៅ​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​មិន​ឱ្យ​ចូលរួម​ការងារ​សង្គម ដែល​មិនមែន​ជា​ការងារ​ខុស​ច្បាប់ នោះ​ជា​ការ​រំលោភបំពាន​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ឬ បុគ្គល ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​អន្តរជាតិ»។

ព្រះសង្ឃ​ដែល​សកម្មភាព​ក្នុង​កិច្ចការ​សង្គម​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មន្ត្រី​សង្ឃ​គ្រប់​ជាន់​ថ្នាក់ រង​សម្ពាធ​ពី​រដ្ឋាភិបាល បាន​ដាក់​គំនាប​ឱ្យ​ព្រះចៅ​អធិការ​វត្ត រឹតត្បិត​ព្រះសង្ឃ​គ្រប់​វត្តអារាម​ទាំង​អស់ មិន​ឱ្យ​ចូលរួម​បញ្ចេញ​មតិ ជំទាស់​នឹង​រដ្ឋាភិបាល តាម​បណ្ដាញ​សង្គម ជាពិសេស គឺ​រឿង​ត្រីកោណ​អភិវឌ្ឍន៍​បី​ប្រទេស គឺ​កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA) និង​ហាម​ព្រះសង្ឃ​មិន​ឱ្យ​ធ្វើ​បាតុកម្ម ឬ​ធម្មយាត្រា​ជា​ដើម។

ព្រះតេជព្រះគុណ ម៉ិញ សុខមីល អំពាវនាវ​ឱ្យ​ព្រះសង្ឃ​គ្រប់ៗ ព្រះអង្គ ត្រូវ​សាមគ្គី​គ្នា ក្រោក​ឈរ​តវ៉ា​ប្រឆាំង ចំពោះ​ទង្វើ​រឹតត្បិត​ទាំង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។