អាជ្ញាធរសាលារាជធានីភ្នំពេញ សម្រេចផ្អាកកិច្ចប្រជុំពិភាក្សាស្តីពីការស្នើសុំប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ជាមួយតំណាងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ដោយសារផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ ប៉ុន្តែសន្យាថា នឹងចេញសេចក្ដីជូនដំណឹងដល់ក្រុមអង្គការសង្គមស៊ីវិលក្នុងពេលឆាប់ៗ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ថ្លែងថា សាលាក្រុងភ្នំពេញ ទំនងមិនអនុញ្ញាតឲ្យក្រុមអង្គការ សមាគម និងសហជីព ប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ នៅទីលានប្រជាធិបតេយ្យ ដូចករណីមុនៗ ដែរ ក្រោមហេតុផលទប់ស្កាត់ជំងឺកូវីដ និងហេតុផលផ្សេងៗ ទៀត។ ទោះយ៉ាងណា លោកឲ្យដឹងថា ក្រុមអង្គការសង្គមស៊ីវិលនឹងពិភាក្សាគ្នា ដើម្បីបញ្ជាក់ជំហរចុងក្រោយថា តើនឹងនៅតែបន្តប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិតាមការគ្រោងទុក នៅថ្ងៃទី៦ ខែធ្នូ ឬពន្យារពេលរហូតដល់ស្ថានភាពជំងឺកូវីដធូរស្រាល។
កាលពីពេលថ្មីៗ នេះ ក្រុមអង្គការ សមាគមនិងសហជីព ចំនួន ៥២ស្ថាប័ន បានដាក់លិខិតជូនដំណឹងទៅសាលាក្រុងភ្នំពេញ ដើម្បីរៀបចំប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅទីលានប្រជាធិបតេយ្យ និងដង្ហែក្បូនទៅកាន់រដ្ឋសភា ដើម្បីធ្វើសេចក្ដីថ្លែងការណ៍នៅទីនោះ។
កម្មវិធីនេះគ្រោងធ្វើនៅថ្ងៃទី៦ ខែធ្នូ ដោយមានអ្នកចូលរួមប្រមាណ ១.៥០០នាក់។ កម្មវិធីនេះ ក៏មានការអញ្ជើញតំណាងព្រះមហាក្សត្រ តំណាងរាជរដ្ឋាភិបាល តំណាងការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាងអង្គទូតនានា រួមទាំងតំណាងដៃគូអភិវឌ្ឍន៍ចូលរួមផងដែរ។
មូលហេតុដែលក្រុមសង្គមស៊ីវិលគ្រោងប្រារព្ធទិវាសិទ្ធិមនុស្ស ១០ធ្នូ នេះ គឺដើម្បីក្រើនរំឭករដ្ឋាភិបាលបច្ចុប្បន្នឱ្យមានឆន្ទៈគោរពសិទ្ធិមនុស្សតាមកាតព្វកិច្ចរបស់ខ្លួនឡើងវិញ ខណៈស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មិនទាន់មានភាពប្រសើរឡើងនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។