សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅ បុគ្គលិកណាហ្គាវើលដ៍ (NagaWorld) ម្នាក់ទៀត ឱ្យបង្ហាញខ្លួនបំភ្លឺ ក្នុងសវនាការនៅថ្ងៃទី១៦ វិច្ឆិកា ផ្អែកតាមបណ្ដឹងរបស់ក្រុមហ៊ុន ដែលបានប្ដឹងពួកគាត់ ពីបទ រំលោភលំនៅឋាន ធ្វើឱ្យខូចដោយចេតនា មានស្ថានទម្ងន់ទោស និងបង្ខាំងដោយខុសច្បាប់។
តុលាការបានអនុញ្ញាតឱ្យ កញ្ញា សាំង សុផល ត្រឡប់មកផ្ទះវិញ នៅល្ងាចថ្ងៃដដែលនេះ ក្រោយពីសាកសួរអស់ជាច្រើនម៉ោង។
កូដករណាហ្គាវើលដ៍ (NagaWorld) កញ្ញា សាំង សុផល ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា តំណាងអយ្យការក្រុងភ្នំពេញ លោក ឆាយ ហុង បានសួរកញ្ញា ក្នុងសវនាការថា តើកញ្ញា និងក្រុមកូដករនៅបន្តធ្វើកូដកម្មទៀត ឬយ៉ាងណា? កញ្ញាឆ្លើយថា ពួកកញ្ញានឹងបន្តធ្វើកូដកម្ម ដោយសន្តិវិធីរហូតទាល់តែមានដំណោះស្រាយ ដោយទាមទារឱ្យក្រុមហ៊ុន ទទួលយក បុគ្គលិកជាង ១០០នាក់ រួមទាំងថ្នាក់ដឹកនាំសហជីព និងសមាជិកសហជីព ឱ្យចូលធ្វើការវិញ។ កញ្ញាស្នើដល់តុលាការឱ្យទម្លាក់បទចោទ លើថ្នាក់ដឹកនាំសហជីព និងសមាជិកសហជីពទាំងអស់៖
«បើសិនជាមានទោស ឬការចាប់ឃុំខ្លួនពួកខ្ញុំ ជារឿងអយុត្តិធម៌ណាស់ ព្រោះវាជាវិវាទការងារ ហើយក្រសួងការងារ គឺជាអ្នកទទួលខុសត្រូវដោះស្រាយ។ ពួកខ្ញុំធ្វើកូដកម្ម គឺចង់បានតែដំណោះស្រាយ ពួកខ្ញុំអត់មានចង់ឈ្នះចាញ់ជាមួយលោកថៅកែទេ»។
មកទល់ពេលនេះ មានក្រុមកូដករចំនួន ៨នាក់ហើយ ដែលទទួលបានដីកាកោះហៅពីតុលាការតាមបណ្តឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដោយសារ ពួកគាត់លើគ្នាតវ៉ាដោយអហិង្សា ដើម្បីស្វែងរកដំណោះស្រាយវិវាទការងារ ដែលអូសបន្លាយពេលជិតមួយឆ្នាំ។
ក្រុមកូដករណាហ្គាវើលដ៍អះអាងថា ក្រុមហ៊ុនបានរំលោភសិទ្ធិ និងបញ្ឈប់ពួកគាត់ពីការងារទាំងបំពាន ក្នុងបំណងចង់រំលាយសហជីព។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីតំណាងអយ្យការក្រុងភ្នំពេញ លោក ឆាយ ហុង និង តំណាងក្រុមហ៊ុន ណាហ្គាវើលដ៍បាននៅឡើយទេ នៅថ្ងៃទី១៦ វិច្ឆិកា។
កាលពីចុងខែតុលា សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយចាត់ទុក ការប្រើប្រាស់ប្រព័ន្ធតុលាការមិនមែនជាដំណោះស្រាយដោយយុត្តិធម៌នៅកន្លែងការងារនោះឡើយ តែផ្ទុយទៅវិញ កាន់តែបង្ហាញពីការរំលោភសិទ្ធិការងារធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។