តុលាការ​​ក្រុង​​ភ្នំពេញ​​​គ្រោង​​​​ប្រកាស​​​​សាល​​ក្រម​លើ​​សកម្ម​ជនសង្គម និង​​​​​​បក្ស​​​ប្រឆាំង​​នៅ​​​ចុង​​ខែ​កញ្ញា​

0:00 / 0:00

តុលា​ការ​​​ក្រុង​​ភ្នំពេញ​​​​នឹង​​​ប្រកាស​​​សាល​​​ក្រម​​​លើ​​​សំណុំ​​​រឿង​​​របស់​​​សកម្មជន​​​សង្គម​និង​សកម្ម​ជន​គណបក្ស​​​សង្គ្រោះ​​ជាតិ​១៥នាក់ នៅ​​​ថ្ងៃ​​​ទី​២៨ ខែកញ្ញា ខាង​​មុខ​ ក្រោយ​​​​ពេល​​បញ្ចប់​​​សវនាការ​​​នៅ​​ថ្ងៃ​ទី៣១ ខែ​សីហា​។ មន្រ្តី​​សង្គម​​​​​ស៊ី​វិល​​​​ចាត់​​​ទុក​​​ការ​​ចាប់​ឬ​ឃុំ​​ខ្លួន​​អ្នក​អនុវត្ត​​សិទ្ធិ​​បញ្ចេញ​​មតិ​ និង​​​ជួប​​ជុំ​ប្រមូល​​ផ្តុំ​​ដោយ​សន្តិ​​វិធី​កន្លង​​មក​​​ថា ជា​ការ​​រំលោភ​​បំពាន​​លើ​​សេរី​​ភាព​​​ជា​​មូល​​ដ្ឋាន​និង​​ស្នើ​​ឱ្យ​​តុលា​​ការ​​ទំលាក់​​ចោល​​ការ​​ចោទ​​ប្រកាន់​ ហើយ​ដោះ​​លែង​ពួក​គេ​​ឱ្យ​​មាន​​សេរី​​ភាព​ឡើង​​វិញ។

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញនៅ​ព្រឹក​ថ្ងៃ​ទី៣១ ខែសីហា បាន​បើក​សវនា​ការជំនុំ​ជម្រះ​លើ​សំណុំ​រឿង​​សកម្ម​ជន​សង្គម និង​​​ប្រឆាំង​សរុប​១៥​នាក់ ប៉ុន្តែ​មានវត្ត​មាន​ជន​​ជាប់​​ចោទ​តែ ១០​នាក់ ​នៅ​ក្នុង​បន្ទប់​សវនា​ការ។ ក្នុង​នោះ​មាន​សកម្មជន​បក្ស​ប្រឆាំង​ ៣នាក់ ​គឺលោក ឈួ ផេង លោក ជុំ ពុទ្ធី លោក គង់ សំអាន និង​សកម្ម​ជន​​សង្គម៧​នាក់ ​គឺលោក ហ៊ុន វណ្ណៈ លោកស្រី ឈឿន ដារ៉ាវី ព្រះតេជគុណ កើត សារ៉ាយ លោក មាន ព្រហ្មមុនី រួម​ទាំង​សកម្ម​ជន​មួយ​ចំនួនទៀត។ ចំណែក​ជន​ជាប់​ចោទ​ ៥នាក់ទៀត​ មិន​បាន​ចូល​រួម​សវនា​ការ​ឡើយ ដោយ​សារ​ពួក​គេ​​នៅ​​ក្រៅ​ប្រទេស។

មេធាវី​​ការ​​ពារ​​ក្តី​​​ឱ្យ​​​សកម្ម​​ជន​​​បក្ស​ប្រឆាំង​និង​សង្គម​ គឺ​លោក សំ សុគង់ ថ្លែង​​ក្រោយ​បញ្ចប់​សវនាការ​ថា​ តុលាការ​បាន​សួរ​ដេញ​ដោល​កូន​ក្តី​លោក​ពាក់​ព័ន្ធ​នឹង​​​ការ​​​តវ៉ា​នៅ​​មុខ​​តុលាការ​ក្រុង​ភ្នំពេញ​ដើម្បី​​​​​​ទាម​ទារ​​​ឲ្យ​​ដោះ​​លែង​​មេ​ដឹក​នាំ​សហជីព​និង​ជា​​​អ្នក​​ឃ្លាំ​​មើល​​ព្រំ​​ដែន​លោក រ៉ុង ឈុន និង​​​សកម្ម​ភាព​នៅ​ក្នុង​​វត្ត​​នួន​​មណី​​​រាម​ហៅ​​វត្ត​​ថាន់ ក្នុង​​ពេល​​​​​ពួក​​លោក​ទៅ​​ឃ្លាំ​​មើល​​​ករណី​​​មន្ត្រី​​សង្ឃ​​បង្ខំ​​ឲ្យ​​​​ព្រះ​​សង្ឃ​ ៨​អង្គ កាល​​ពី​​ខែ​​សីហា ឆ្នាំ​២០២០។ លោក​បន្ត​ថា ​រឿង​នេះតុលាការ​បាន​ប្រើ​ប្រាស់​ភស្តុតាង​ ដូច​ជា ​រូប​ថត​ពេល​តវ៉ា ចម្លើយ​ជន​ជាប់​ចោទ និង​វត្ថុ​ចាប់​យក​នៅ​ផ្ទះ​របស់​លោក​ស្រី ឈឿន ដារ៉ាវី ដើម្បី​ដាក់​បន្ទុក​លើ​ជនជាប់​ចោទ។ ក្រុម​មេធាវី​យល់​ថា សកម្ម​​ភាព​​​តវ៉ា​របស់​ពួក​គាត់​ធ្វើ​ឡើង​ដោយសន្តិ​វិធី ដូច្នេះ​លោក​​ស្នើ​​ឱ្យ​​តុលា​ការ​​ទម្លាក់​​ចោល​​ការ​​ចោទ​​ប្រកាន់ និង​​ដោះ​លែង​​កូន​​ក្តី​​របស់​​លោក​​ឱ្យ​​មាន​​សេរី​​ភាព​ឡើង​​វិញ នៅ​​​ថ្ងៃ​​​ប្រកាស​​​សាល​​​ក្រម​​ខាង​​​មុខ​​​នេះ ព្រោះ​​ពួក​​គាត់​​មិន​​បាន​ប្រព្រឹត្ត​​កំហុស​​ដូច​​ការ​​ចោទ​​ប្រកាន់​​របស់​តុលា​ការ​​នោះ​​ទេ៖ «ក្រុម​មេធាវី​យល់​ឃើញ​ថា​សកម្ម​ភាព​ពួក​គាត់​នៅ​ក្នុង​សំណុំរឿង​ហ្នឹង​គោល​បំណង​ដែល​ធំ​បំផុត​ គឺ​តវ៉ា​ឱ្យ​មាន​ការ​ដោះ​លែង​លោក​គ្រូ រ៉ុង ឈុន ​ហើយ​ទាក់​ទង​នឹង​ពួក​គាត់​មក​តវ៉ា​ គឺ​ការ​ប្រើ​ប្រាស់​​សិទ្ធិ​ក្នុង​នាម​ពួក​គាត់ជា​ប្រជាពល​រដ្ឋ​ខ្មែរ​រិះគន់​ដោយ​សន្តិ​វិធី​និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​មិន​ឃើញប៉ះពាល់​ដល់​ជន​ណា​មួយ​ដែរ»។

មន្រ្តី​និង​សកម្ម​ជន​​បក្ស​​ប្រឆាំង សកម្ម​ជន​​សង្គម​ទាំង​១៥​​នាក់​ បាន​​រង​​បទ​ចោទ​ផ្ដើម​​គំនិត​និង​​​​ញុះ​ញង់​​បង្ក​​ឲ្យ​​មាន​​ភាព​​វឹក​វរ​​ធ្ងន់​ធ្ងរ​​ដល់​​សង្គម គឺ​ពាក់​ព័ន្ធ​នឹង​​​ការ​​​តវ៉ា​នៅ​​មុខ​​តុលា​ការ និង​​​គម្រោង​តវ៉ា​​ដោយ​​សន្តិ​វិធី​​នៅ​​ទីលាន​​​ប្រជាធិបតេយ្យ​​ថ្មី​ កាល​​ពី​​ខែ​​សីហា ឆ្នាំ​​២០២០ ដើម្បី​​​​​​ទាម​ទារ​​​ឲ្យ​​ដោះ​​លែង​​មេ​ដឹក​នាំ​សហជីព​និង​ជា​​​អ្នក​​ឃ្លាំ​​មើល​​ព្រំ​​ដែន​លោក រ៉ុង ឈុន។ សំណុំ​​រឿង​​​​នេះ​​មាន​ជន​​ត្រូវ​​ចោទ​ដែល​ជា​មន្ត្រី​និង​​សកម្ម​ជន​​បក្ស​​ប្រឆាំង​​​​៥​នាក់​កំពុង​​ស្ថិត​​នៅ​​ក្រៅ​ប្រទេស​រួម​មាន​លោក​ហូរ វ៉ាន់ លោក ​គង់ សភា លោក អ៊ូ ចាន់រិទ្ធ លោក​ សេង ម៉េងប៊ុនរ៉ុង ​និង​ម្នាក់​ទៀត​​ជា​​អ្នក​​នយោ​បាយ​​ខ្មែរ​នៅ​​អូស្ត្រាលីលោក ហុង ​លឹម​។ ពួក​គេ​រង​​ការ​​ចោទ​​ថា​ ​ផ្ដើម​​គំនិត​​ញុះ​ញង់​។ រី​ឯ​​​អ្នក​កំពុង​ជាប់​ឃុំ​ឃាំង​ទាំង​១០នាក់​នោះ ​​រួម​មាន​ សកម្ម​​ជន​​បក្ស​​ប្រឆាំង ​៣នាក់ សមាជិក​​សមា​គម​​និស្សិត​បញ្ញ​វន្ត​ខ្មែរ ២នាក់​ និង​សមា​ជិក​​ក្រុម​​យុវជន​​ខ្មែរ​​ថា​វរៈ​ចំនួន​ ៥នាក់​។

នៅ​ក្នុង​សវនា​ការ​នេះ តុលាការ​បាន​អនុញ្ញាត​ឱ្យ​​ចូល​រួម​​ស្ដាប់ និង​​ឃ្លាំ​មើល​ប្រហែល​​ជាង​២០​នាក់ រួម​​មាន ​សាច់​ញាតិ មន្ត្រី​​អង្គការ​​សង្គម​​ស៊ីវិល​​ក្នុង​​ស្រុក តំណាង​​ការិយា​ល័យ​​ឧត្តម​​ស្នង​ការ​​សិទ្ធិ​​មនុស្ស​​អង្គការ​​សហ​ប្រជា​ជាតិ និង​តំណាង​​ស្ថាន​​ទូត​​ប្រទេស​​ប្រជា​ធិបតេយ្យ​​មួយ​​ចំនួន។ រីឯ​សមត្ថ​កិច្ច​មិនអនុញ្ញាត​ឱ្យ​សាច់​ញាតិ​ជួប​ជា​មួយ​សកម្ម​ទាំង​នោះ​ទេ ក្រោម​ហេតុ​ផល​បង្ការជំងឺ​កូវីដ១៩។ អង្គ​ជំនុំ​ជម្រះ​បាន​អនុញ្ញាត​ឱ្យ​ជន​ជាប់​ឃុំលោកស្រី ឈឿន ដារ៉ាវី លើក​ឡើង​ថា៖ «ខ្ញុំ​មិន​រំពឹង​យុត្តិ​ធម៌​ពី​សង្គម​អយុត្តិធម៌​នោះ​ទេ»។ លោក​ស្រីបាន​ស្នើ​​ឲ្យ​តុលាការ​ផ្តោត​លើ​អំពើ​ពុក​រលួយ​ក្នុង​សង្គម ជាពិសេស​លើ​បញ្ហាគ្រឿង​ញៀន​នៅ​ក្នុង​សង្គម ហើយ​តុលាការ​ត្រូវ​ពង្រឹង​នូវ​ការ​អនុវត្ត​ច្បាប់ដោយ​ឯក​រាជ្យ​ភាព។ កញ្ញា​ថា​ អ្នក​ជាប់​ឃុំ​​មាន​លុយ​ដេក​គុក​ស្រួល ចំណែកអ្នក​ទោស​មនសិការ​វិញ​រង​ទុក្ខ​លំបាក​វេទនា។ ចំណែក​កញ្ញា សូ មេត្តា ប្រាប់ទៅ​​កាន់​​អង្គ​សវនា​ការ​ថា​ សកម្ម​ជន​សង្គម​រង​ការ​រើស​អើង គំរាម​កំហែង ខណៈ​ស្ថាន​ភាព​ពន្ធនា​គារ​ចង្អៀត​ណែន ខ្វះ​ទឹក​ប្រើ​ប្រាស់ ជា​ពិសេស​ម្ហូបអាហារ​ហូប​មិន​គ្រប់​គ្រាន់​និង​គ្មាន​អនាម័យ​ជា​ដើម។

សវនា​ការ​នេះ ធ្វើ​ឡើង​តែ​មួយ​ព្រឹក ហើយ​​ចៅ​ក្រម​​ជំនុំ​​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញលោក ទិត​សុទ្ធី បូរ៉ាឆាត ថា​សំណុំ​រឿង​នេះ​និង​ប្រកាស​សាល​ក្រម នៅ​ថ្ងៃ​ទី២៨ ខែកញ្ញា ខាង​មុខ​នេះ។

ប្អូន​ស្រី​កញ្ញា សូ មេត្តា គឺ​​កញ្ញា អេង វ៉ាន់ឌី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា បង​ស្រី​កញ្ញា​គ្មាន​​កំហុស​ទេ ព្រោះ​​សកម្ម​ភាព​បង​ស្រី​កន្លង​មក​ធ្វើ​ដើម្បី​សង្គមតែ​ប៉ុណ្ណោះ។ កញ្ញា​ឱ្យ​ដឹង​ថា ​បង​ស្រី​កំពុង​រង​ការ​រើស​អើង និង​​​សុខ​​ភាព​​​ចុះ​ទ្រុឌ​ទ្រោម​​​ខ្លាំង​នៅ​ក្នុង​ពន្ធនា​គារ។ កញ្ញា​​​ស្នើ​​​សុំ​​​ឱ្យ​​​តុលា​​ការ​​​​ទំលាក់​​​ចោល​​​ការ​​ចោទ​​ប្រកាន់ និង​​​ដោះ​​​លែង​​​សកម្ម​ជន​​ទាំង​​នោះ​​​ឱ្យ​​​មាន​​​សេរី​​​ភាព​​​ឡើង​​​វិញ ដើម្បី​​ជួប​​ជុំ​​គ្រួសារ​វិញ៖ «ពួក​គាត់​គ្មាន​ធ្វើ​អី​ខុស​ច្បាប់​នោះ​ទេ ពួក​គាត់​ធ្វើ​នេះ​ជា​ឆន្ទៈ​របស់​ខ្លួន​ឯង​ និង​អ្វី​ដែល​គាត់​ស្រឡាញ់ នេះ​អរគុណ​គាត់​វិញ​ទៅ​ដែល​គាត់លះ​បង់​ដើម្បី​ជាតិ តុលាការ​នៅ​​​ឃុំ​ខ្លួន​គាត់​ចឹង​វា​អយុត្តិធម៌​សម្រាប់​កូន​ចៅ​ខ្មែរ»។

ស្រដៀង​គ្នា​នេះ​ដែរ​ប្រពន្ធ​លោក ឈួ ផេង គឺ​​​លោក​​ស្រី ដុស គឹមទៀង ថ្លែងក្រោយ​ចូល​ស្តាប់​សវនា​ការថា តុលាការ​ពុំ​មាន​ភស្តុ​តាង​បង្ហាញ​​ថា​ ប្តី​លោក​ស្រីជាប់​ព័ន្ធ​ជុំវិញ​រឿង​នេះ​ទេ។ លោក​ស្រី​យល់​ថា​ ការ​អូស​បន្លាយ​ឃុំ​ខ្លួន​ប្តី​​លោកស្រី​ជា​រឿង​អយុត្តិធម៌​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវ​ភាព​គ្រួសារ​រង​ទុក្ខ​លំបាកដោយ​សារ​ប្តី​លោក​ស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់តុលា​ការ​ឡើយ៖ «កាល​ដែល​គាត់​បន្លាយ​ពេល​ចេះ​តែ​ឃុំ​ខ្លួន​ប្តី​ខ្ញុំ​វា​អយុត្តិ​ធម៌ចំពោះ​មនុស្ស​ម្នាក់​ដែល​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ធ្វើ​ឱ្យ​គាត់​ជាប់​ទោស មិន​ធ្វើបាប​គាត់​ម្នាក់​ឯង​ទេ ធ្វើ​បាប​ទាំង​ក្រុម​គ្រួសារ​ទាំង​មូល សូម្បី​កូន​ត្រូវ​ការ​រៀនសូត្រ​ក៏​គាត់​អត់​បាន​រៀន​ព្រោះ​អត់​ថវិកា»។

ជុំវិញ​​​​​រឿង​​​​​នេះ នាយក​​រង​​​ទទួល​​​បន្ទុក​​​ផ្នែក​​​ឃ្លាំ​​​មើល​​សិទ្ធិ​​​មនុស្ស​​​នៃ​​​អង្គការ​​​លីកាដូ (LICADHO) លោក អំ សំអាត មាន​​​​​ប្រសាសន៍​​​ថា ​កន្លង​មក​ការ​ចាប់​និង​ឃុំខ្លួន​សកម្ម​ជន​ទាំង​នោះ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់ ហើយ​ជជែក​ដេញ​ដោល​ពុំមាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់​គ្រាន់​ទៀត។ លោក​បញ្ជាក់​ថា​ សកម្មភាព​ជួប​ជុំ សម្តែង​មតិ​ដោយ​សន្តិវិធី​ដោយ​ស្នើ​ ឬការ​ទាម​ទារ​ គឺ​ជា​សេរី​ភាព​ជា​មូល​ដ្ឋានរបស់​ពល​រដ្ឋ​ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​និង​បទ​ដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ។ សង្គម​ស៊ីវិល​រូប​នេះ​ថា ​រឿង​នេះ​រដ្ឋា​ភិបាល​នឹង​រង​ការ​រិះគន់​បន្ថែម​ទៀត​ពីសំណាក់​សហគមន៍​ជាតិ​និង​អន្តរ​ជាតិ​ទាក់​ទង​រឿង​រំលោភ​បំពាន​​​សិទ្ធិ​​ពល​រដ្ឋ ហើយ​លោក​សង្ឃឹម​ថា​តុលាការ​​ទម្លាក់​ចោល​​ការ​ចោទ​ប្រកាន់​ពេល​ខាង​មុននេះ៖ «យើង​ឃើញ​ហើយ​ករណី​ទាំង​អស់​នេះ​ គឺ​មាន​ការ​រិះគន់ច្រើន​ពី​សហគមន៍​ជាតិ​និង​អន្តរ​ជាតិ អង្គ​ទូត ក៏​ដូច​ជា​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្សអង្គ​ការ​សហ​ប្រជា​ជាតិ ហើយ​គេ​សម្តែង​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​ចាប់​និង​ការឃុំ​ខ្លួន​គឺ​ប៉ះ​ពាល់​ទៅ​ដល់​សិទ្ធិ​មនុស្ស​ជា​ពិសេស​សេរី​ភាព​ជា​មូល​ដ្ឋាន​​ក្នុង​ការ​ជួប​ជុំ​ការ​ប្រមូល​ផ្តុំ ការ​បញ្ចេញ​មតិ​ដោយ​សន្តិវិធី»។

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ប្រកាស​​សាល​​ក្រម​​កាល​ពី​ថ្ងៃ​​ទី១៨ ខែសីហា ដោយ​​សម្រេច​​ផ្ដន្ទា​ទោស​​លោក រ៉ុង ឈុន ឱ្យ​​ជាប់​​ពន្ធនាគារ ២ឆ្នាំ ពី​បទ «ញុះញង់​​ឱ្យ​​ប្រព្រឹត្ត​​អំពើ​​បង្ក​​ឱ្យ​​មាន​​ភាព​​វឹកវរ​​ធ្ងន់​ធ្ងរ​​ដល់​​សន្តិសុខ​​សង្គម»។ ចំណែក​​សកម្ម​ជន​​ពីរ​​នាក់​​ទៀត គឺ​កញ្ញា ស កណិការ និង​លោក តុន និមល តុលាការ​​បាន​​ផ្ដន្ទាទោស​​​ពួក​​គេ​​​ដាក់​​ពន្ធនាគារ​​ម្នាក់ ២០ខែ ក្នុង​​បទ​​ចោទ​​ដូច​​គ្នា​។ លើស​ពី​នេះ​តុលាការ​​បាន​​ពិន័យ​​អ្នក​​ទាំង​​បី​​ជា​​ប្រាក់ម្នាក់ ២ លាន​​រៀល និង​បង្គាប់​​ឱ្យ​​បង់​​សំណង​​រួម​​គ្នា​​ដល់​​ដើម​​បណ្ដឹង​​រដ្ឋ​ប្បវេណី គឺ​​គណៈកម្មាធិ​ការ​ចម្រុះ​​កិច្ច​​ការ​​ព្រំដែន ជា​​ទឹក​​ប្រាក់​​ចំនួន ៤០០​លាន​​រៀល ឬ​​ប្រហែល ១០ម៉ឺន​ដុល្លារ​​អាមេរិក។ ក្រោយ​​ចៅ​ក្រម​​ប្រកាស​​សាល​​ក្រម​​នេះ​​រួច​​ភ្លាម លោក រ៉ុង ឈុន សកម្មន​ជន​ពីរ​ទៀត​បាន​​ស្រែក​​ព្រម​​គ្នា​​នៅ​​ក្នុង​​​បន្ទប់​​សវនាការ​​ថា «អយុត្តិ​ធម៌​ណាស់»«តុលាការ​​មិន​​ឯក​រាជ្យ»និង​​ថា«តុលាការ​​កាត់​​ក្តី​​ក្រោម​​សម្ពាធ​របស់​​អ្នក​​នយោ​បាយ»។

មក​​​ទល់​​​ពេល​​​នេះ ​​​របប​​​ក្រុង​​ភ្នំពេញ ​បាន​​​ចាប់​​​ខ្លួន​​​សកម្ម​​ជន​​​នយោ​​បាយ ​​សង្គម ​​សិទ្ធិ​​​មនុស្ស ​និង​​​​អ្នក​​ការ​ពារ​​​បរិស្ថាន​​​ជាង​​​៨០​​នាក់​​​​ហើយ​ ដាក់​​​​​ពន្ធនា​​គារ ដោយ​សារ​​​ការ​​អនុវត្ត​​​សិទ្ធិ​​​ជា​​​មូល​​ដ្ឋាន​​​​របស់​​​ខ្លួន​។ ​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​​ជាតិ ​អន្តរ​​ជាតិ និង​​​​​ក្រុម​​​អ្នក​​​ជំនាញ​​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គ​ការ​​សហ​​ប្រជា​​​ជាតិ​​​ផង​ ហៅ​​​​​​ការ​ចាប់​​​ខ្លួន​​​ទាំង​​​នោះថា ​​​​ជា​​​សកម្ម​​ភាព​​​បង្ក្រាប​​លើ​​​សំឡេង​​​រិះគន់។ ពួក​​គេ​​​​ទាម​​ទារ​​​ឲ្យ​​​រដ្ឋា​​ភិបាល​​​ដោះ​​លែង​​​​សកម្ម​​ជន​​​ទាំង​​​អស់​​​ឲ្យ​​​គ្មាន​​​លក្ខ​​ខណ្ឌ និង​​​​​​​​បញ្ឈប់​​​អំពើ​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​​នៅ​​​កម្ពុជា​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។