អាជ្ញាធរ​ភ្នំពេញ​ថា ជនបរទេស​ម្នាក់​ចូលរួម​ជាមួយ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ

ទិដ្ឋភាព​អាជ្ញាធរ​ខណ្ឌដូនពេញ ឃាត់ខ្លួន​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ១៣​នាក់ រួមទាំងជនជាតិបរទេស (ស្ដាំ) ដឹក​ទៅ​សាកសួរ នៅ​សាលា​ខណ្ឌ​ដូនពេញ កាលពីថ្ងៃទី៧ ខែ​មករា ឆ្នាំ​២០២៤។
ទិដ្ឋភាព​អាជ្ញាធរ​ខណ្ឌដូនពេញ ឃាត់ខ្លួន​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ១៣​នាក់ រួមទាំងជនជាតិបរទេស (ស្ដាំ) ដឹក​ទៅ​សាកសួរ នៅ​សាលា​ខណ្ឌ​ដូនពេញ កាលពីថ្ងៃទី៧ ខែ​មករា ឆ្នាំ​២០២៤។ (រូប៖ ហ្វេសប៊ុកកញ្ញ ភួន កែវរស្មី)

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​៧ មករា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន ដោយ​ចោទ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ បាន​ធ្វើ​សកម្មភាព​ខុសច្បាប់​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ​។ ស្នងការដ្ឋាន​នគរបាល​រាជធានី​បន្ត​អះអាង​ថា ជនបរទេស​ម្នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​សាកសួរ​ជាមួយ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​នោះ បាន​ស្ម័គ្រចិត្ត​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ។

ប្រភព​ដដែល​បន្ត​អះអាង​ថា មន្ត្រី​នគរបាល​អន្តោប្រវេសន៍ បាន​សាកសួរ​តាម​នីតិវិធី ហើយ​ជនបរទេស​រូប​នោះ បាន​ធ្វើ​លិខិត​ទទួល​ស្គាល់​កំហុស និង​បញ្ចប់​ទំនាក់ទំនង​ជាមួយ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច។

ប៉ុន្តែ​ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ជនបរទេស​ម្នាក់ ដែល​នគរបាល​អះអាង​នោះ គឺ​មក​ពី​ប្រទេស​អាល្លឺម៉ង់ ឈ្មោះ ចាននិក ហ្គួល (Jannik Gaul) លោក​បាន​ផ្ញើ​សារ​ទៅកាន់​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ថា អាជ្ញាធរ​បាន​ចាប់​យក​ទូរស័ព្ទ​របស់​លោក​ទៅ​ឆែកឆេរ​អស់​ជាច្រើន​ម៉ោង ហើយ​លោក​មិនដឹង​ថា អាជ្ញាធរ​បាន​ឃើញ​អ្វីខ្លះ​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​ចង់​បញ្ជូន​លោក​ត្រឡប់​ទៅ​ប្រទេស​អាល្លឺម៉ង់​វិញ។ លោក ចាននិក ហ្គួល បន្ថែម​ថា អាជ្ញាធរ​បាន​ឲ្យ​គាត់​ថត​វីដេអូ​ជាច្រើន ដែល​បង្គាប់​ឲ្យ​លោក​ថា យុវជន​ចលនា​មាតា​ធម្មជាតិ​បាន​កុហក​លោក ដើម្បី​ឲ្យ​លោក​ចូលរួម​ធ្វើ​សកម្មភាព​ខុសច្បាប់​នៅ​ថ្ងៃ​ម្សិលមិញ​នោះ។

ក្រោយពី​ទទួល​បាន​ដំណឹង​នេះ យុវជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី បាន​បង្ហោះ​វីដេអូ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ថា អាជ្ញាធរ​បាន​សាកសួរ​មិត្តភក្ដិ ដែល​ជា​ជនបរទេស ហើយ​ឲ្យ​និយាយ​ទម្លាក់កំហុស​មក​លើ​គាត់​។ កញ្ញា​អះអាង​ថា សកម្មភាព​នៅ​ថ្ងៃ​នេះ គឺ​គ្រាន់តែ​ជា​ការ​ហាត់ប្រាណ ដើម្បី​ផ្សព្វផ្សាយ​ពី​កោះកុង​ក្រៅ​តែប៉ុណ្ណោះ។

កញ្ញា ភួន កែវរស្មី៖ «ដោយសារតែ​មិត្តភក្ដិ​របស់ខ្ញុំ​ជា​ជនជាតិ​អាល្លឺម៉ង់​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌដូនពេញ​ដកហូត​ទូរស័ព្ទ​គាត់ ហើយ​ចង់​បញ្ជូន​គាត់​ទៅ​អាល្លឺម៉ង់​វិញ ហើយក៏​បង្ខំ​ឲ្យ​គាត់​និយាយ​ថា ខ្ញុំ​គឺជា​អ្នក​ដែល​បោក​បញ្ជោត​គាត់ អូសទាញ​គាត់​ឲ្យ​មក​ចូលរួម​សកម្មភាព​ហ្នឹង ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា វា​មាន​អ្វី​មិន​ប្រក្រតី​នៅ​ពីក្រោយ​ហ្នឹង​។ គ្នា​យើង​ទាំង​១៣​នាក់ អាជ្ញាធរ​ខណ្ឌដូនពេញ​ផ្ដោត​សួរ​តែ​ខ្ញុំ​ម្នាក់ នៅក្នុង​ចំណោម​គ្នា​យើង​ទាំង​១៣​នាក់​ហ្នឹង​។ អីចឹង​ប្រសិនជា​មានការ​ឃុំខ្លួន​ខ្ញុំ​ឡើងវិញ ឬ​បញ្ជូន​ខ្លួន​ខ្ញុំ​ឡើង​តុលាការ ឬ​បញ្ជូន​ខ្ញុំ​ទៅ​ព្រៃ​ស ខ្ញុំ​គ្រាន់តែ​ចង់​ប្រាប់​បងប្អូន​ថា កុំ​ឲ្យ​បាក់​ស្មារតី​ជាពិសេស​ទៅដល់​គ្រួសារ​ខ្ញុំ​កុំ​ឲ្យ​បារម្ភ គឺ​ខ្ញុំ​អាច​មើលថែ​ខ្លួន​ឯង​បាន ហើយ​ខ្ញុំ​អត់​អី​ទេ»។

នៅ​ថ្ងៃ​ទី​៧ មករា ដែល​ជា​ខួប​៤៥​ឆ្នាំ នៃ​ការឈ្លានពាន​របស់​កង​ទ័ព​វៀតណាម​លើ​ទឹកដី​កម្ពុជា ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​ខ្មែរក្រហម​នោះ ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​១៣​នាក់ បាន​ជួបជុំគ្នា​នៅ​មាត់​ទន្លេ ដើម្បី​ហាត់ប្រាណ និង​ជជែក​ពី​បញ្ហា​កោះកុង​ក្រៅ ព្រមទាំង​កាន់​បដា ដែល​ពួកគេ​បាន​សរសេរ​ថា ថ្ងៃ​អាទិត្យ​សម្រាប់​កោះកុង​ក្រៅ​។ ក្រោយ​ពី​ហាត់ប្រាណ​រួច អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ប្រមាណ​២០​នាក់ បាន​ឃាត់​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ទាំង​១៣​នាក់ មិន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល អាជ្ញាធរ​បាន​ដឹក​ពួកគេ​តាម​រថយន្ត ទៅកាន់​សាលា​ខណ្ឌ​ដូនពេញ ដើម្បី​សាកសួរ រហូតដល់​ម៉ោង​ជិត ៦​ល្ងាច​ថ្ងៃ​ដដែល ទើប​អាជ្ញាធរ ដោះលែង​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ក្រោយពី​សាកសួរ​អស់​ពេល​ជាច្រើន​ម៉ោង។

ជុំវិញ​បញ្ហា​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា សកម្មភាព​របស់​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ដែល​ជួបជុំគ្នា​ហាត់ប្រាណ និង​ជជែក​ពី​បញ្ហា​កោះកុង​ក្រៅ ដើម្បី​ជំរុញ​ដល់​រដ្ឋាភិបាល​ឲ្យ​ដាក់​កោះ​នេះ ជា​ឧទ្យាន​ជាតិ​សមុទ្រ ជា​រឿង​ល្អ​ប្រសើរ​សម្រាប់​ការពារ​សម្បត្តិ​ធនធានធម្មជាតិ និង​ជា​ប្រយោជន៍​សម្រាប់​ជាតិ​ទាំងមូល​។ លោក​បន្ថែម​ថា សកម្មភាព​ទាំងនេះ គួរតែ​ត្រូវ​បាន​លើកទឹកចិត្ត ព្រោះ​ជា​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​មិនមែន​ជា​បទល្មើស​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។