បងស្រីរបស់សកម្មជនមាតាធម្មជាតិកញ្ញា ភួន កែវរស្មី ដែលជាប់ពន្ធនាគារ ខេត្តពោធិ៍សាត់ បង្ហាញពីការឈឺចាប់ក្ដុកក្ដួលពេលបានទៅឃើញស្ថានភាព ប្អូនស្រីនិងធ្វើសំណូមពរយ៉ាងទទូចឱ្យរដ្ឋាភិបាលបញ្ជូនប្អូនស្រីទៅឃុំនៅពន្ធនាគារ ម២ ភ្នំពេញវិញ។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីកញ្ញា ភួន កែវរស្មី និងសកម្មជនបរិស្ថាន ៤នាក់ត្រូវបានតុលាការនិងបញ្ជូនទៅឃុំនៅពន្ធនាគារនៅផ្សេងៗគ្នា។
បងស្រីរបស់កញ្ញា ភួន កែវរស្មី ប្រាប់វិទ្យុអាស៊ីសេរីសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាពថា ក្នុងមួយថ្ងៃកញ្ញា ភួន កែវរស្មី អាចចេញក្រៅបន្ទប់ឃុំឃាំង ដើម្បីស្រូបយកខ្យល់អាកាសខាងក្រៅ និងហាត់ប្រាណបានប្រមាណតែ ៣០នាទី ប៉ុណ្ណោះ គឺពេលព្រឹក ១៥ នាទីនិងរសៀល ១៥នាទី ហើយឃើញកញ្ញា ភួន កែវរស្មី អាឡែស៊ីស្បែក (allergy) ឬមានប្រតិកម្មនឹងស្បែកកើតរមាស់លើដងខ្លួនច្រើនកន្លែង ដែលកញ្ញាប្រាប់បងស្រីថា បណ្ដាលមកពីទឹកគ្មានអនាម័យ។
កញ្ញា ភួន កែវរស្មី ប្រាប់បងស្រីដែរថា ពន្ធនាគារខេត្តពោធិ៍សាត់ តឹងតែងខ្លាំងជាងពន្ធនាគារ ម២ នៅភ្នំពេញ ពីព្រោះរបស់ប្រើប្រាស់ប្រចាំថ្ងៃ ដែលពន្ធនាគារ ម២ ភ្នំពេញអនុញ្ញាតឱ្យយកចូលបានដូចជា ប៊ិច ខ្មៅដៃ សៀវភៅសរសេរ និង របស់ចាក់ក្រងជាកន្សែងបង់កជាដើម ក៏ពន្ធនាគារខេត្តពោធិ៍សាត់ មិនឱ្យយកចូលដែរ។
បងស្រីរបស់កញ្ញា ភួន កែវរស្មី និយាយទាំងអួលដើមកថា កញ្ញា ភួន កែវរស្មី រស់ក្នុងសភាពលំបាកនិងខ្វះខាត ព្រោះរបស់របរនៅក្នុងពន្ធនាគារថ្លៃខ្ពស់ ហើយគ្រួសាររបស់គាត់ មិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ប្អូនស្រី ដែលជាប់ពន្ធនាគារនៅឆ្ងាយពេក។
បងស្រីរបស់កញ្ញា ភួន កែវរស្មី ៖ «ខ្ញុំនៅឆ្ងាយដោយសារខ្ញុំនៅខេត្តផ្សេងអ៊ីចឹង ការធ្វើដំណើរខ្ញុំ ៧ ទៅ ៨ម៉ោង ទម្រាំទៅដល់កន្លែងគាត់ចំណាយពេល២ ទៅ៣ថ្ងៃ សម្រាប់ទៅសួរសុខទុក្ខគាត់។ អ៊ីចឹងខ្ញុំមិនអាចទៅសួរសុខទុក្ខគាត់ ញឹកញាប់ ដូចអង្កាល់ដែលគាត់នៅ ម២ អ៊ីចឹងប្រហែលជាខ្ញុំដាក់កំណត់ខ្លួនឯងថា ១ខែ ឬក៏២ខែ ទើបខ្ញុំអាចទៅសួរសុខទុក្ខគាត់បានទៀត។ ការសួរសុខទុក្ខគាត់ ទាល់តែខ្ញុំទាក់ទងអង្គការគេជួយដូចថាអង្គការលីកាដូ ទៅសួរសុខទុក្ខគាត់អ៊ីចឹង ឬតាមរយៈថ្នាំពេទ្យ ថ្នាំអ៊ីចឹង គាត់ផ្ដាំឱ្យយកថ្នាំពេទ្យ ថ្នាំអ៊ី ដែលគាត់ខ្វះគាត់នៅក្រៅហ្នឹង គាត់មានជំងឺស្រាប់ហើយ គាត់ឈឺចង្កេះ គាត់ត្រូវការថ្នាំប្រើប្រាស់ ហើយឥឡូវគាត់មិនទាន់បានទេ»។
បងស្រីរបស់កញ្ញា ភួន កែវរស្មី ស្នើឱ្យរដ្ឋាភិបាលយកកញ្ញា ភួន កែវរស្មី ទៅដាក់ឃុំនៅពន្ធនាគារ ម២ នៅភ្នំពេញជំនួសវិញ ដើម្បីឱ្យក្រុមគ្រួសារអាចធូរបន្ទុកខ្លះ ក្នុងការចេញចូលសួរសុខទុក្ខនិងក៏ដើម្បីបន្ធូរសម្ពាធផ្លូវចិត្តលើកញ្ញា ភួន កែវរស្មី ដែរ។
បងស្រីរបស់កញ្ញា ភួន កែវរស្មី៖ «សំណូមពរឱ្យគេដោះលែងប្អូនខ្ញុំ ព្រោះប្អូនខ្ញុំអត់ មានខុសអីផង បើឥឡូវហ្នឹង ខ្ញុំជឿថា គេមិនដោះលែងទេ គេនៅតែធ្វើបាបគាត់ អ៊ីចឹងធ្វើបាបផ្លូវចិត្តគាត់អ៊ីចឹង តាមរយៈការឃុំឃាំងគាត់ហ្នឹង បិទសេរីភាពគាត់នៅ ក្រៅហើយ ចូលដល់ក្នុងនៅតែបិទ អ៊ីចឹងខ្ញុំសំណូមពរឱ្យផ្លាស់គាត់មកនៅភ្នំពេញ វិញមក ជិតគ្រួសារបងប្អូន ងាយស្រួលទៅសួរសុខទុក្ខអាចនឹងផ្ដល់អី គាត់ត្រូវការបាន សូម្បីតែការហូបចុក នៅទីនោះក៏គាត់ហូបចុកមិនគ្រប់គ្រាន់ដែរ។ គាត់ថា នៅទីនោះ បើនិយាយរឿងអនាម័យ គាត់ថាសូន្យ អ៊ីចឹងខ្ញុំពិបាកខ្លាចគាត់កាន់តែឈឺ អ៊ីចឹងគាត់ចង់ឱ្យគាត់ផ្លាស់ទៅនៅ ម២ វិញ។ គាត់ថា កាន់តែលឿនកាន់តែល្អ»។
ទាំងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សាវនា និងទាំងអ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃលោក ទូច សុឃៈ សួរទៅភាគីកញ្ញា ភួន កែវរស្មី វិញថា បានលិខិតជាលាយលក្ខណ៍អក្សរ ឬលិខិតរដ្ឋបាលទៅក្រសួងមហាផ្ទៃហើយឬនៅ?
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សាវនា បានឆ្លើយសារជាអក្សរ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែកក្កដា ថា ទាល់តែមានចំណាររបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឱ្យខាងលោកលើកយោបល់ ហើយ រដ្ឋមន្ត្រីពិនិត្យសម្រេចយ៉ាងណាទៀត ទើបលោកអាចឆ្លើយជូនបាន។
ប៉ុន្តែអ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃលោក ទូច សុឃៈ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែកក្កដា ថា ការឃុំខ្លួននៅខេត្តនេះ ឬខេត្តនោះ គឺជាសមត្ថកិច្ចផ្ដាច់មុខរបស់តុលាការជាអ្នកសម្រេច ដែលចង្អុលនៅក្នុងដីកាបញ្ជាឱ្យឃុំខ្លួននោះ។
លោក ទូច សុឃៈ៖ «ខាងពន្ធនាគារក្រសួងមហាផ្ទៃ គ្រាន់តែអនុវត្តតាមដីកាទេ ដូចខ្ញុំបានជម្រាបជូនអ៊ីចឹង។ បើសិនចង់ច្បាស់សុំសួរទៅខាងក្រសួងយុត្តិធម៌ ឬខាងតុលាការ សមត្ថកិច្ចប៉ុន្តែខ្ញុំគ្រាន់តែលើកជាមូលដ្ឋានច្បាប់សកលទេ ថាគេទុកឱ្យសមត្ថកិច្ច តុលាការជាកំណត់ថា តើឃុំខ្លួនជនដែលពិរុទ្ធឬក៏ទណ្ឌិតនៅពន្ធនាគារណាមួយ វាអាស្រ័យទៅលើឆន្ទានុសិទ្ធិសម្រេចរបស់តុលាការ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបញ្ជាក់រឿងនេះ ពីអ្នកនាំពាក្យសាលាដំបូងភ្នំពេញលោក អ៊ី រិន បានទេ នៅថ្ងៃទី១០ ខែកក្កដា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែកក្កដា ថា រឿងនេះ មេធាវីមិនទាន់បានការស្នើសុំ ឬទទួលសំណើពីកញ្ញា ភួន កែវរស្មី នៅឡើយទេ តែក្រុមគ្រួសារអាចសុំផ្លាស់ប្តូរបាន បើក្រុមគ្រួសារមានហេតុផលក្នុងការសុំផ្លាស់ប្ដូរដោយមានជួបផលលំបាក។
យ៉ាងណាលោក អំ សំអាត លើកឡើងថា គួរតែរក្សាទុកសកម្មជនបរិស្ថានទាំង ៥រូប នៅពន្ធនាគារ ដែលនៅជិតនឹងតុលាការ គឺពន្ធនាគារនៅរាជធានីភ្នំពេញ។ លោកពន្យល់ថា រឿងរ៉ាវកើតនៅភ្នំពេញ ហើយពួកគេមិនទាន់មានសាលក្រម ជាស្ថាពរនៅឡើយ និងត្រូវបន្តនីតិវិធីទៅសាលាឧទ្ធរណ៍ ឬក៏នៅតុលាការកំពូល ទៀត ដែលសុទ្ធតែមានទីតាំងនៅភ្នំពេញ។
លោកប្រាប់វិទ្យុអាស៊ីសេរីថា ការបញ្ជូនសកម្មជនបរិស្ថានទាំង៥នាក់ ទៅដាក់ឃុំ នៅពន្ធនាគារ ៥ខេត្តផ្សេងគ្នា ហើយសុទ្ធតែឆ្ងាយ គឺជាការបង្កឱ្យមានផលលំបាកផ្សេងៗ ដូចជាទំនាក់ទំនងការងារជាមួយមេធាវីការបញ្ជូនទៅតុលាការតាមនីតិវិធី និងការទៅសួរសុខទុក្ខរបស់ក្រុមគ្រួសារជាដើម។
លោក អំ សំអាត៖«កាលណាឆ្ងាយមិនសូវបានទៅមកសួរសុខទុក្ខ អាហ្នឹង វាប៉ះពាល់ទៅដល់សិទ្ធិនៃមនោសញ្ចេតនា ហើយមេធាវីជួបគាត់ដើម្បី បន្តនីតិវិធី នៅឧទ្ធរណ៍អីជាដើមហ្នឹង គឺត្រូវធ្វើដំណើរទៅមកឆ្ងាយ។ អាហ្នឹងសុទ្ធ តែមានផលប៉ះពាល់ច្រើន ហើយមើលទៅការបញ្ជូនទៅឃុំខ្លួននៅតាមពន្ធនាគារ ខេត្តឆ្ងាយៗ វាជាទណ្ឌកម្មផ្លូវចិត្តបន្ថែមទៀតទៅទណ្ឌកម្ម ដែលតុលាការបាន ផ្ដន្ទាទោសរួចទៅហើយ»។
តាមចំណាត់ការរបស់តុលាការក្រុងភ្នំពេញ កម្លាំងអាជ្ញាធររដ្ឋាភិបាលបានចាប់សកម្មជនបរិស្ថានមាតាធម្មជាតិចំនួន៥រូប ដាក់ពន្ធនាគារជាលើកទី២ ទាំងបង្ខំនិងកំរោល ហើយបញ្ជូនទៅដាក់ពន្ធនាគារខេត្តឆ្ងាយៗ កាលពីព្រឹកថ្ងៃទី២ ខែកក្កដា លើសំណុំរឿង«រួមគំនិតក្បត់» និងប្រមាថព្រះមហាក្សត្រ។ លោក យីម លាងហ៊ី ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ ហើយលោក លី ចាន់ដារ៉ាវុត ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តកណ្តាល។
លោក ថុន រដ្ឋា ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តត្បូងឃ្មុំ ហើយកញ្ញា ភួន កែវរស្មី ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់ រីឯកញ្ញា ឡុង គន្ធា ត្រូវបានបញ្ជូនទៅឃុំខ្លួនពន្ធនាគារខេត្តព្រះវិហារ។
អ្នកឃ្លាំមើលលើកឡើងថា ការចាប់បញ្ជូនពួកគេយកទៅដាក់ឃុំខ្លួននៅពន្ធនាគារ តាមខេត្តឆ្ងាយៗបែបនេះ គឺជាចេតនារបស់រដ្ឋាភិបាលធ្វើទណ្ឌកម្មផ្លូវចិត្ត របស់ពួកគេ បន្ថែមលើការចាប់ពួកគេដាក់ពន្ធនាគារ ទាំងពួកគេគ្មានកំហុសអ្វី ក្រៅតែពីបានបង្កើតស្នាដៃរួមចំណែកការពារធនធានធម្មជាតិរបស់ប្រទេសនិងបរិស្ថាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។